អ្នកវិភាគនយោបាយ និងអ្នកឃ្លាំមើលបញ្ហាសង្គមបានរិះគន់ការដំឡើងតួនាទីរបស់លោក យន្ត មីន ថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ដោយសារការបាក់រលំអគារចិន ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ ២៨នាក់ និងរងរបួសមួយចំនួនទៀត។ មន្ត្រីរបបក្រុងភ្នំពេញបានថ្លែងការពារមន្ត្រីរបស់ខ្លួនថា នេះជាការសម្រេចដ៏ត្រឹមត្រូវទៅតាមកាលៈទេសៈក្នុងស្ថានភាពបច្ចុប្បន្ន។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកឃ្លាំមើលបញ្ហាសង្គមបានស្តីបន្ទោសថា ការសម្រេចតែងតាំងលោក យន្ត មីន ឱ្យឡើងកាន់តួនាទីថ្មីគឺរឿងមិនត្រឹមត្រូវទាល់តែសោះ ដោយសារតែអ្នកដែលជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យអគារបាក់ដួលរលំនោះ ត្រូវតែមានការស៊ើបជាមុនសិនដើម្បីនាំខ្លួនយកមកកាត់ទោសតាមច្បាប់ មុននឹងសម្រេចតែងតាំងដំណែងអ្វីមួយ៖ «អាហ្នឹងអសីលធម៌សម្បើមណាស់ សពរបស់អ្នករងគ្រោះមិនទាន់បានធ្វើបុណ្យ ៧ថ្ងៃផង ហើយយើងដំឡើងបុណ្យស័ក្ដិមន្ត្រីដែលមានការចោទប្រកាន់ថា មានការទទួលខុសត្រូវចំពោះការបាក់រលំផ្ទះសង្កត់អ្នកទាំងនោះឱ្យស្លាប់ វាអត់ត្រូវទេ»។
ព្រះមហាក្សត្រនរោត្តម សីហមុនី តាមសំណើពីមេដឹកនាំរបបក្រុងភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា បានបានឡាយព្រះហត្ថលេខាតែងតាំងលោក យន្ត មីន អតីតអភិបាលក្រុងព្រះសីហនុ ជារដ្ឋលេខាធិការក្រសួងការពារជាតិដែលដំណែងនេះមានឋានៈខ្ពស់ជាងមុនបីថ្នាក់កាលពីលោកនៅជាអភិបាលខេត្ត។
នៅក្នុងព្រះរាជសារព្រះមហាក្សត្រក៏បានដំឡើងឋានន្តរសក្ដិ លោក យន្ត មីន ឧត្ដមសេនីយ៍ឯកផ្កាយបីទៅជានាយឧត្ដមសេនីយ៍ផ្កាយមាសបួនផងដែរ។
អតីតអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានសាទរចំពោះមុខដំណែងថ្មីរបស់លោកដោយលាយឡំនឹងសំឡេងសើចក្អាកក្អាយផងដែរ៖ «ខ្ញុំសូមអត់ចង់និយាយស្អីទេបាទ។ គ្រាន់តែអរគុណចំពោះការផ្ដល់កិត្តិយសរបស់សម្ដេចនាយករដ្ឋមន្ត្រី។ ខ្ញុំតែប៉ុណ្ណឹងទេ អត់អីទេបាទ»។
ការដំឡើងតួនាទីបន្ថែមលោក យន្ត មីន ពីផ្កាយបីទៅជានាយឧត្ដមសេនីយ៍ផ្កាយមាសបួននេះត្រូវបានអ្នកឃ្លាំមើលសង្គមយល់ថា របបលោក ហ៊ុន សែន មិនដែលគោរពនូវសំដីដែលលោកធ្លាប់បាននិយាយចេញជាសាធារណៈម្តងណាឡើយ។
មេដឹកនាំរបបក្រុងភ្នំពេញកាលពីចុងខែមេសាបានប្រកាសថា នៅពេលអនាគតគឺឱ្យមានតែផ្កាយបួនតែពីរនាក់ប៉ុណ្ណោះ គឺរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ និង អគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទ លោក វង្ស ពិសេន ហើយក្រៅពីនោះគឺពាក់ផ្កាយបី និងផ្កាយពីរទាំងអស់។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២៧ មិថុនាថា លោក យន្ត មីនពិតជាមានសមត្ថភាពកាន់តួនាទីនេះ មិនជាប់ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយ ក៏មិនជាប់ពាក់ព័ន្ធនឹងការបាក់ដួលរលំអគារនៅក្រុងព្រះសីហនុផងដែរ៖ «យន្ត មីន មិនបានទៅធាក់ឱ្យបាក់អគារហ្នឹងកិនមនុស្សស្លាប់ឯណា គេបានប្រឹងប្រែងធ្វើកិច្ចការហ្នឹង ហើយយន្ត មីន ក៏មានការសោកស្ដាយហើយ ក៏មានការក្ដុកក្ដួលជាខ្លាំងដែរ ក្នុងខ្លួនដែលជាអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងខេត្តព្រះសីហនុហ្នឹងបាទ»។
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ប្រកាសប្រាប់ក្រុមអ្នកសារព័តមាននៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមិថុនា នៅកន្លែងគំនរឥដ្ឋនៃការបាក់ដួលរលំអគារបាក់បែកថា លោកបានដកហូតមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលពីររូប គឺអភិបាលខេត្តក្រុងព្រះសីហនុលោក យន្ត មីន និង អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក ញឹម វណ្ណដា។
ក្រោយពីការដកហូតពីមុខដំណែងលោក ញឹម វណ្ណដា ក៏ត្រូវតែងតាំងជាទីប្រឹក្សារដ្ឋាភិបាលដែលខ្ពស់ជាតួនាទីពីមុនទៅទៀត។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បញ្ជាក់ថា អ្វីដែលលោក ហ៊ុន សែន ធ្វើនេះមិនអាចកំណែទម្រង់ប្រទេសកម្ពុជាបានទេ ពីព្រោះអ្នកដែលទទួលខុសត្រូវក្នុងការបាក់រលំអគារនោះ គ្រាន់តែបានផ្លាស់ប្ដូរតួនាទីប៉ុណ្ណោះ មិនត្រូវបាននាំយកមកកាត់ទោសតាមផ្លូវច្បាប់៖ «យើងត្រូវតែស្វែងរកការពិត ថាតើរឿងហ្នឹងវាមានអ្វីដែលនៅពីក្រោយ ហើយបើពាក់ព័ន្ធទៅនឹងអំពើពុករលួយអ្នកណាដែលជាអ្នកប្រព្រឹត្តអំពើពុករលួយហើយត្រូវតែយកអ្នកនោះមកធ្វើការផ្ដន្ទាទោសតាមច្បាប់ ជាពិសេសស្ថាប័នប្រឆាំងអំពើពុករលួយ ត្រូវដើរតួនាទីសំខាន់ក្នុងការស៊ើបអង្កេតករណីទាំងអស់នេះ»។
អាស៊ីសេរីមិនអាចទាក់ទងលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងនិងអំពើពុករលួយបានទេដោយសារតែលោកមិនលើកទូរស័ព្ទ។
តែទោះជាយ៉ាងណាអ្នកនាំពាក្យរបបក្រុងភ្នំពេញលោក សុខ ឥសាន បញ្ជាក់ថា អ្នកដែលទាមទារឱ្យស៊ើបអង្កេតគឺជាអ្នកដែលមិនយល់ពីច្បាប់នៅកម្ពុជា៖ «អាហ្នឹងវាជាឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្ត្រីមិនខុសពីបណ្ដាប្រទេសនានាទេ។ ជាពិសេសបើប្រៀបធៀបជាមួយនឹងប្រទេសសហរដ្ឋអាមេរិក ខ្ញុំយល់ថាលោក ប្រធានាធិបតី ដូណាល់ ត្រាំលោកមានសិទ្ធិពេញលេញនៅក្នុងការដកនឹងការតែងតាំងមន្ត្រីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកហ្នឹងបាទ»។
កាលពីថ្ងៃទី២២ មិថុនា កន្លងទៅនេះអគារកម្ពស់ ៧ជាន់ដែលសាងសង់ដោយជនជាតិចិនបានបាក់ដួលរលំរាបដល់ដី។ បណ្ដាលឱ្យមានកម្មករខ្មែរចំនួន ២៨នាក់ស្លាប់ និង ២៦នាក់ផ្សេងទៀតរងរបួស។
តុលាការខេត្តព្រះសីហនុបានសម្រេចឃុំខ្លួនជនជាតិចិន៧នាក់ពីបទ «សមគំនិតដោយអំពើមនុស្សឃាតដោយអចេតនា និងសមគំនិតក្នុងអំពើបង្កឱ្យមានរបួសដោយអចេតនាក្រោយពីមានមនុស្សចំនួន ៥៦នាក់ស្លាប់ និងរងរបួស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។