ក្រុម​អ្នក​វិភាគ​មិន​រំពឹង​ថា របប​​ភ្នំពេញ​នឹង​ឆ្លើយ​តប​វិជ្ជមាន​ចំពោះ​របាយការណ៍​អឺរ៉ុប ដោយ​ខ្លាច​បាត់បង់​អំណាច

គិត​មក​ត្រឹម​ថ្ងៃ​ពុធទី៤ ខែ​ធ្នូ របប​ក្រុងភ្នំពេញ​នៅសល់​ពេល​តែ ៨​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ទៅតាម​ការកំណត់​របស់​គណៈកម្មការ​អឺរ៉ុប​ដើម្បី​អាច​រក្សា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បាន។

គណៈកម្មការ​នេះ បាន​ចេញ​របាយការណ៍​បឋម​មួយ កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា រក​ឃើញ​ថា របប​លោក ហ៊ុន សែន មិន​បាន​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដើម្បី​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ EBA តទៅ​ទៀត​ឡើយ​។ សហភាព​អឺរ៉ុប ទុក​ពេល​ឱ្យ​របប​នេះ​ចំនួន ១​ខែ ដើម្បី​ឆ្លើយតប​។ ក៏ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​មិន​រំពឹង​ថា រដ្ឋាភិបាល​កម្ពុជា នឹង​មិន​ឆ្លើយតប​ជា​វិជ្ជមាន​នោះ​ឡើយ។

ក្រុម​អ្នក​វិភាគ​មិន​រំពឹង​ថា រដ្ឋាភិបាល​កម្ពុជា នឹង​គោរព​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឱ្យ​ល្អ​ប្រសើរ​វិញ​ឡើយ ដោយសារតែ​ខ្លាច​បាត់បង់​អំណាច។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា នៅ​សល់​ពេល​តែ​៨​ថ្ងៃ​ទៀត ជា​ថ្ងៃ​កំណត់ ដែល​រដ្ឋាភិបាល​ត្រូវ​ឆ្លើយតប​ទៅ​របាយការណ៍​របស់​គណៈកម្មការ​អឺរ៉ុប​វិញ គឺ​នៅ​ថ្ងៃ​ទី​១២ ធ្នូ ខាង​មុន​នេះ​។ ប៉ុន្តែ​លោក​ថា វា​មិន​សំខាន់​ទេ ចំពោះ​ពេលវេលា​ឆ្លើយតប​ក្នុង​រយៈពេល​ខ្លី ឬ​យូរ​នោះ បញ្ហា​ដែល​សំខាន់​គឺ​អាស្រ័យ​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល ថា​តើ​រដ្ឋាភិបាល​ទទួលយក​លក្ខខណ្ឌ​របស់​អឺរ៉ុប ឬ​មិន​ទទួលយក​។ លោក បណ្ឌិត មាស នី បញ្ជាក់​ថា ទោះបីជា​រដ្ឋាភិបាល​ឆ្លើយតប​បែប​ណា​ក៏​ដោយ រដ្ឋាភិបាល​ក៏​គង់​ឋិត​នៅ​ក្នុង​ស្ថានភាព​លំបាក​មួយ៖ «បញ្ហា​សំខាន់​បើសិនជា​គោរព​តាម​លក្ខខណ្ឌ​របស់​អឺរ៉ុប រដ្ឋាភិបាល​ពិបាក​នឹង​ប្រឈម នឹង​ការ​បាត់បង់​អំណាច បើ​យើង​មើល​ពី​ប្រវត្តិ​ជម្លោះ​នយោបាយ​វិញ គឺ​ដោយសារតែ​សំឡេង​គាំ​បក្ស​ប្រឆាំង​កើន​ឡើង ប្រៀប​ដូចជា​ពស់​លេប​កង្កែប​អីចឹង កាលណា​ក​កង្កែប​កាន់តែ​ធំ ពស់​ក៏​ពិបាក​លេប​ដែរ»។

នៅ​ស្រប​ពេល​ឱសានវាទ នឹង​មកដល់​នៅ​ថ្ងៃ​ទី​១២ ធ្នូ នេះ របប​លោក ហ៊ុន សែន ហាក់​បន្ធូរ​លើ​ការ​រឹត​បន្តឹង​លើ​សកម្មជន​បក្ស​ប្រឆាំង ដូចជា លោក ហ៊ុន សែន បាន​ប្រកាស​ឱ្យ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​ជា​បណ្ដោះអាសន្ន​វិញ និង​មិន​ឱ្យ​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ដែល​តុលាការ​ចេញ​ដីកា​តាម​ចាប់ខ្លួន ដែល​របប​នេះ​ចោទ​ថា រួមគំនិត​ក្បត់ជាតិ​ជាមួយ​លោក សម រង្ស៊ី​។ រីឯ​លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង​ចៅក្រម​ស៊ើបសួរ ក៏​ប្រកាស​យក​សំណុំរឿង​មេ​បក្ស​ប្រឆាំង​រូប​នេះ យក​ទៅ​ជំនុំជម្រះ និង​ការ​បើក​ឱ្យ​មាន​ការ​ជជែក​ពិភាក្សា​ជាមួយ​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​អង្គការ សមាគម ដែល​ជា​ច្បាប់​មួយ​រឹតត្បិត​អង្គការក្រៅរដ្ឋាភិបាល​ជាដើម។

អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ លោក គឹម សុខ ដែល​តែងតែ​រិះគន់​របប​លោក ហ៊ុន សែន ឥត​សំចៃ​មាត់​នោះ មាន​ប្រសាសន៍​ថា ការ​បន្ធូរបន្ថយ​បន្តិចបន្តួច​នេះ មិន​ទាន់​គ្រប់គ្រាន់​ឡើយ ដរាបណា​រដ្ឋាភិបាល​មិន​គោរព​តាម​លក្ខខណ្ឌ​សហភាព​អឺរ៉ុប​ទាំង​៥​ចំណុច​ទេ​នោះ។ លោក គឹម សុខ អះអាង​ថា របប​លោក ហ៊ុន សែន ហាក់​មិន​ចង់​គោរព​លក្ខខណ្ឌ អឺរ៉ុប​ទេ ពី​ព្រោះ​ថា បើ​សិនជា​គោរព​លក្ខខណ្ឌ​អឺរ៉ុប​នោះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អំណាច​របស់​លោក ក៏ប៉ុន្តែ​របប​ក្រុងភ្នំពេញ​នេះ ក៏​ប្រឈម នឹង​ការ​រើ​បំរាស់​ពី​ប្រជាពលរដ្ឋ​ដែរ នៅ​ពេល​ផល​ប៉ះពាល់​សេដ្ឋកិច្ច ក្រោយ​ពេល​បាត់បង់ EBA នោះ​៖ «ការ​បាត់​អ៊ីប៊ីអេ គឺ​បាត់​មុខមាត់​ការទូត នៅ​លើ​ឆាក​អន្តរជាតិ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ភ័យ​ទេ រឿង​ដែល​សំខាន់​ដែល​លោក ហ៊ុន សែន ខ្លាច​បំផុត​នោះ គឺ​ប្រជារាស្ត្រ​ដឹង​ការពិត ថា​លោក​ហ៊ុន សែន ធ្វើ​អ្វីៗ​គឺ​សម្លាប់​ជីវភាព​របស់​ពួកគាត់ ហើយ​ពលរដ្ឋ​នឹង​ងើបឡើង»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​សរសេរ​នៅ​ក្នុង​ប្រព័ន្ធ​តេឡេហ្គ្រាម ថា របប​ក្រុងភ្នំពេញ​នឹង​ប៉ះពាល់​ដោយសារតែ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​នេះ​ទេ នៅ​ក្រោយ​ថ្ងៃ​ទី​១២ធ្នូ​នោះ​។ លោក សុខ ឥសាន បញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក គឺជា​រដ្ឋាភិបាល​ស្របច្បាប់ ដែល​ពលរដ្ឋ​ជា​អ្នកបោះឆ្នោត​ជូន​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​អះអាង​ថា លោក​មិន​យក​អធិបតេយ្យ​កម្ពុជា​ទៅ​ប្ដូរ​នឹង​EBA​ទេ។

ទោះបីជា​យ៉ាង​នេះ​ក្ដី ពលរដ្ឋ​នៅ​ខែត្រ​ក្រចេះ​មួយ​រួប នៅ​ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី​កាលពី​យប់​ថ្ងៃ​ទី​៣ ធ្នូ អះអាង​ថា របប​ក្រុងភ្នំពេញ​មិន​ស្រលាញ់​ប្រជាពលរដ្ឋ​ឡើយ ហើយ​របប​នេះ ក៏​មិន​ខ្វល់ ចំពោះ​ការ​បាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ពី​សហភាព​អឺរ៉ុប​ឡើយ​៖ «ខ្ញុំ​អត់​មាន​ជំនឿ​​ថា​រដ្ឋាភិបាល​ដោះស្រាយ​រឿង​ EBA​ ទេ ដោយសារតែ​គាត់​ស្រលាញ់​អំណាច ពិសេស​យើង​មើល​រឿង​ជម្លោះដីធ្លី រឿង​បណ្ដេញ​ពលរដ្ឋ​ចេញពី​ដីធ្លី​នោះ គ្មាន​ដោះស្រាយ​បានទេ អ្វី​ដែល​រដ្ឋាភិបាល​ខ្វល់​គឺ​ដោះស្រាយ​រឿង​កាត់​ដី​ឱ្យ​យួន​ចំនួន​៤០​ហិកតារ​ឯណោះ»។

កម្ពុជា​នឹង​បាត់បង់​ប្រាក់ចំណេញ​ពី​ការ​អនុគ្រោះ​ពន្ធ​នេះ​ប្រមាណ ៧០០​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ប្រសិនបើ​បាត់បង់ EBA​។ ការ​បាត់​ការ​អនុគ្រោះ​ពន្ធ​នេះ ក៏​នឹង​ប៉ះពាល់​ដល់​ការ​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា ៥,៣ លាន​យូរ៉ូ (​ឬ​ជិត ៦​ពាន់​លាន​ដុល្លារ​) ក្នុង​មួយ​ឆ្នាំ នេះ​បើ​យោង​តាម​របាយការណ៍​នាំចេញ​ឆ្នាំ​២០១៨​។ វិស័យ​វាយនភណ្ឌ ឬ រោងចក្រ​កាត់ដេរ នឹង​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ ដោយសារតែ ៧៥% នៃ​ទំនិញ​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប គឺជា​ផលិតផល​វាយនភណ្ឌ មាន​សំលៀកបំពាក់ និង​ស្បែកជើង ដែល​មាន​ទំហំ​ទឹកប្រាក់ ៤​ពាន់​លាន​យូរ៉ូ (​ឬ​ជិត ៤,៤២ ពាន់​លាន​ដុល្លារ)។

អ្នកវិភាគ​នយោបាយ​លើកឡើង​ថា បើសិនជា​កម្ពុជា បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មែន​នោះ គឺ​រដ្ឋាភិបាល​នឹង​ប្រឈម និង​បញ្ហា​សេដ្ឋកិច្ច វិបត្តិ​នយោបាយ និង​វិបត្តិ​សង្គម​ជាដើម ដែល​វិបត្តិ​ទាំងនេះ នឹង​នាំ​ឱ្យ​ពលរដ្ឋ​កម្ពុជា នឹង​ងើប​បះបោរ ប្រឆាំង​នឹង​ការដឹកនាំ​បែប​គាបសង្កត់ មិន​ខុស​ពី​ប្រទេស​មួយ​ចំនួន​ដែល​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​មេដឹកនាំ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។