អ្នកវិភាគនយោបាយលោក គឹម សុខ រិះគន់រដ្ឋាភិបាលកម្ពុជាដែលគាំទ្រនយោបាយចិន ទៅលើការបង្កើតច្បាប់គ្រប់គ្រងផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនៅហុងកុង ថា ជាបញ្ហានាំគ្រោះថ្នាក់ដល់ប្រទេសជាតិ នៅគ្រាដែលចិន កំពុងក្លាយជាសត្រូវនយោបាយ នៅជុំវិញពិភពលោក។
អ្នកវិភាគនយោបាយកំពុងរស់នៅជ្រកកោននយោបាយ នៅប្រទេសទី៣នេះ បន្តថា កម្ពុជាគួរតែពិនិត្យមើលពីនិន្នាការនយោបាយនៃបណ្តាប្រទេសសេរី ដែលកំពុងដាក់គំនាបយ៉ាងខ្លាំងទៅលើរដ្ឋាភិបាលចិន ទាំងផ្នែកការទូត និងសេដ្ឋកិច្ច ក្រោយដែលចិនរងការរិះគន់ថា បានលាក់លៀមទិន្នន័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ (Covid-19) ដែលបានផ្ទុះឡើងជាលើកដំបូង នៅក្រុងវូហាន (Wuhan) កាលពីចុងខែធ្នូ ឆ្នាំ២០១៩ កន្លងមកនេះ៖ «ការប្រកាសជំហររបស់ក្រុមលោក ហ៊ុន សែន គឺជា នយោបាយការបរទេសមិនឆ្លាតទេ ហើយអាចនាំឱ្យកម្ពុជាស្លាប់ផង។ ប្រទេស ទាំងនេះ គេកំពុងត្រៀមខ្លួនប្តឹងចិនផង រិតត្បិតនយោបាយការបរទេសជាមួយចិនផង និងសង្កត់សេដ្ឋកិច្ចចិនជាប្រព័ន្ធ ដូចនេះបញ្ហាចិនកំពុងជួបប្រទះច្រើន និងធ្ងន់ធ្ងរ។ ការនៅជាមួយចិនក្នុងទំនាក់ទំនងមិត្តភាព គួរតែមានហើយ តែការនៅស្លាប់រស់ជាមួយចិន អាចនាំឱ្យ គ្រោះថ្នាក់ ដល់ប្រទេសជាតិ»។
ប្រតិកម្មរបស់លោក គឹម សុខ នេះ ក្រោយដែលអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បានប្រាប់ អង្គភាពពត៌មានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែឧសភា ថា រដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់ខ្ជួននូវគោលនយោបាយចិនតែមួយ។ បន្ថែមពីនេះលោក កុយ គួង ថា កម្ពុជាគាំទ្រសភាប្រជាជនចិន លើការបង្កើតនិងកែលម្អប្រព័ន្ធច្បាប់ព្រមទាំងយន្តការអនុវត្តច្បាប់ ដើម្បីរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់ នៅហុងកុង។
ពាក់ព័ន្ធនឹងស្ថានការណ៍នៅហុងកុងនេះដែរ លោក គឹម សុខ អះអាងថា ទោះបីជារដ្ឋាភិបាលចិន ចាត់ទុកថា ហុង កុង និងកោះតៃវ៉ាន់ ជាផ្នែកមួយរបស់ប្រទេសចិនក៏ដោយ ក៏ថ្នាក់ដឹកនាំរបស់ហុងកុង និងតៃវ៉ាន់ គឺនៅតែបន្តដឹកនាំប្រទេសរបស់ខ្លួន តាមបែបប្រជាធិបតេយ្យ ដែលមានការគាំទ្រយ៉ាងខ្លាំង ពីបណ្តាប្រទេសសេរី នៅទូទាំងពិភពលោក ក្នុងនោះក៏មានសហរដ្ឋអាមេរិកផងដែរ៖ «អ្វីដែលចិនបារម្ភខ្លាំងបំផុត និងប្រយ័ត្ននោះ គឺការបះបោរសង្គម។ ប្រសិនបើទប់មិនបានទេ គឺចិនមិនអាច ក្លាយជា ប្រទេសមហាអំណាចធំនៅ ថ្ងៃក្រោយ បានទេ ។ យើងមើលស្ថានភាពបច្ចុប្បន្ន នៅហុងកុង មិនទាន់ ស្ងប់ទេ ចំពោះ ការប្រឆាំង ចិន ស្របពេលដែលតៃវ៉ាន់ ទើបជ្រើសរើសប្រធានាធិបតីថ្មី មួយជា ស្ត្រី ដែលប្រកាន់ខ្ជាប់នូវជំហរ សេរី និងលទ្ធិប្រជាធិបតេយ្យ មិនរណបចិននោះទេ ។ ដូចនេះ ចលនាប្រឆាំង ចិនកាន់តែ ធំឡើង ចិនពិបាកទប់ស្កាត់»។
ប្រការដែលរដ្ឋាភិបាលចិន បង្កើតច្បាប់គ្រប់គ្រងផ្នែកសន្តិសុខនិងសណ្តាប់ធ្នាប់នេះ គឺក្នុងគោលបំណងទប់ស្កាត់ការធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅហុងកុង។ កាលពីខែមិថុនា ឆ្នាំ២០១៩ កន្លងមកនេះ ពលរដ្ឋហុងកុង រាប់ម៉ឺននាក់ បាននាំគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងសេចក្តីព្រាងច្បាប់ទាក់ទងនឹងការធ្វើបត្យាប័នជនសង្ស័យ ទៅប្រទេសចិន។ ទោះបីជាថ្នាក់ដឹកនាំហុងកុង យល់ព្រមលុបចោលវិញក៏ដោយ ក៏សកម្មភាពតវ៉ានៅតែបន្តកើតឡើង រហូតដល់វិបត្តិជំងឺរាតត្បាតសកល COVID-19 បានផ្ទុះឡើង ទើបការតវ៉ានេះ បានស្ងប់ស្ងាត់ទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។