អ្នក​វិភាគ​មិន​មាន​ជំនឿ​លើ​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​អាមេរិក​ នឹងមាន​ភាព​ប្រសើរ​ឡើយ​​ដោយ​សារ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ស្រមោល​ចិន

0:00 / 0:00

អ្នក​វិភាគ​មិន​មាន​ជំនឿ​លើ​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​អាមេរិក​ ថា​មាន​ភាព​ប្រសើរ​ឡើង​ដោយ​សារ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ស្រមោល​ចិន។​ការ​លើក​ឡើង​នេះ​ ស្រប​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ សន្យា​ថា​ នឹង​រក្សា​ទំនាក់​ទំនង​ជា​មួយ​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​ របស់សហរដ្ឋអាមេរិក ឱ្យ​កាន់​តែ​រឹង​មាំ​បន្ថែម​ទៀត។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​ នឹង​កែ​ប្រែ​ប្រទេស​កម្ពុជា​វិល​ទៅ​រក​លំហ​ប្រជាធិបតេយ្យ​តាម​ការ​ចង់​បានរបស់សហគមន៍អន្តរជាតិនោះ​ទេ។​

អ្នក​វិភាគ​ចាស់​វស្សា​លោក​ បណ្ឌិត​ ឡៅ ម៉ុងហៃ​ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​ លោក​មិន​មាន​ជំនឿ​ ថា​ទំនាក់​ទំនង​ រវាង​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​ នឹង​បាន​ប្រសើរ​ឡើង​ទេ​ ដរាប​ណា​កម្ពុជា​ស្ថិត​​នៅ​ក្រោម​ស្រមោល​ចិន​ និង​មិន​ស្ដារ​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​ឡើង​វិញ​នោះ​ទេ។​

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​ចាស់​វស្សា​រូប​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​មេដឹក​នាំ​របប​ក្រុង​ភ្នំពេញ​គឺ​លោក​ ហ៊ុន សែន​ បាន​សរសេរ​លិខិត​មួយ​ច្បាប់ កាល​ពី​ថ្ងៃ​ទី ១៥​ ខែ​ធ្នូ​ ​ដើម្បី​អប​អរសារទរ​ចំពោះ​លោក​ ចូ បៃឌិន​(Joe Biden)​ ដែល​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ សហរដ្ឋ​អាមេរិក​ទី​៤៦​។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​នោះ​​ថា រាជរដ្ឋាភិបាល​របស់​លោក​ បាន​ប្ដេជ្ញា​យ៉ាង​ពេញ​ទំហឹង ក្នុង​ការ​ធ្វើ​ការ​ងារ​ជាមួយ​រដ្ឋបាល​របស់​លោក​ ចូ បៃឌិន​(Joe Biden)ដើម្បី​ជំរុញ​ទំនាក់​ទំនង​ទ្វេភាគី​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត។​​​​

ទាក់​ទិន​នឹង​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អ៊ូ ច័ន្ទឬទ្ធិ មាន​ប្រសាសន៍​ថា​ លោក​មាន​ជំនឿ​ ថា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្មី​ នឹង​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ។​ ​

លោក​សង្ឃឹម​ថា​ ប្រធានាធិបតី​ថ្មី​ នឹង​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា​ បើ​លំហ​ លទ្ធិ​ប្រជា​ធិប​តេយ្យ​​ និង​ឱ្យ​គណបក្ស​ប្រឆាំង​បាន​វិល​ត្រឡប់​ទៅ​រក​ការ​បោះ​ឆ្នោត​ឡើង​វិញ៖«​ខ្ញុំ​គិត​ថា​ មាន​ភាព​ល្អ​ប្រសើរ​ជាង​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ ចូ បៃឌិន​ ពី​ព្រោះ​គាត់​ផ្ដោត​ទៅ​លើ​ ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​ ខ្ញុំ​ជឿ​ថា​ ទំនាក់​ទំនង​ហ្នឹង​អាច​ មាន​ភាព​ប្រសើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ខាង​ផ្នែក​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ហ្នឹង​ឯង។»

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​លោក​ កុយ គួង​ ​ មិន​មាន​អត្ថាធិប្បាយ​អ្វី​បន្ថែម​ទៅ​លើ​លិខិត​របស់​លោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ទេ។​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ ឥសាន្ត​ មាន​សុទិដ្ឋិនិយម​ថា​ ទំនាក់​ទំនង​រវាង​អាមេរិក​ និង​កម្ពុជា​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ​។​ ​ លោក​ សុខ ឥសាន្ត​ថា​ នៅ​កម្ពុជា​គ្មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ទេ ដូច្នោះ​លោក​មិន​បារម្ភ​ថា អាមេរិក​នឹងដាក់ទណ្ឌកម្ម​លើកម្ពុជាឡើយ​៖«​គណបក្ស​ប្រជាជន​កម្ពុជា​ ដឹកនាំ​មិន​តម្រូវ​គណបក្ស​ដែល​ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ដែល​ជា​អតីត​បក្ស​ប្រឆាំង​ដែល​ត្រូវ​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​នោះ​ទេ​។​យើង​មាន​ការ​អី​រំលោភ​សិទ្ធិ​មនុស្ស​ បើ​រំលោភ​សិទ្ធិ​មនុស្ស​នោះ​សង្គម​កម្ពុជា​ វិល​ទៅ​រក​ការ​បះបោរ​ ហើយ​បើ​ប្រៀប​ធៀប​នៅ​អាមេរិក​ក្នុង​ពេល​បោះ​ឆ្នោត​កន្លង​ទៅ​ បើ​និយាយ​ពី​រំលោភ​សិទ្ធិ​មនុស្ស​ អាមេរិក​ចង់​ខ្លាំង​ជាង​ខ្មែរ​ទៅ​ទៀត។»

​​​​​ពាក់ព័ន្ធ​រឿង​ទំនាក់​ទំនង​ខ្មែរ​អាមេរិក​នេះ​ដែរ ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​លោក​បណ្ឌិត​ សេង សារី​ ចង់​ឃើញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ងាក​ទៅ​រក​ការ​គោរព​សិទ្ធិមនុស្ស​ និង​បើក​លំហ​លទ្ធិប្រជា​ធិបតេយ្យ​ឡើង​វិញ​តាម​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ៖​«​សម្រាប់​ខ្ញុំ​បើ​សិន​ជា​ក្នុង​ករណី​សារ​នេះ​បង្កប់​នូវ​ ការ​ងាក​ត្រឡប់​មក​ការ​គោរព​សិទ្ធិមនុស្ស​ការ​ងាក​ត្រឡប់​មក​នូវ​គោរព​គោល​ការ​គោរព​ប្រជាធិបតេយ្យ​ឡើង​វិញ​គឺ​ពិត​ជា​ពិសេស​មិន​គ្រាន់​តែ​ទទួល​បាន​ការ​អបអរសាទរ​ពី​រដ្ឋា​ភិបាល​ថ្មី​ របស់​អាមេរិក​ ដែល​ដឹក​នាំ​ដោយ​លោក​ ចូ បៃឌិន​ ​ (Joe Biden) ទេ​ គឺ​នឹង​ទទួល​បាន​ការ​សាទរ​ពី​ពលរដ្ឋ​ ដែល​បង្ហាញ​ថា​ កម្ពុជា​នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​ របស់​សហរដ្ឋ​អាមេរិក​នេះ​ និង​ពិចារណា​ដើម្បី​ងាក​ត្រឡប់​មក​គន្លង​លទ្ធិប្រជាធិបតេយ្យ​វិញ​ ធានា​បាន​នូវ​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​អាមេរិក។»

កាល​ពី​ ទី​ ១៦​ ខែ​ វិច្ចិកា​ អ្នក​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​ចំនួន​ ៨​ រូប​ ក្នុង​នោះ​មាន​ ៧​ រូប​ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ ប្រធានាធិបតី​ជាប់​ឆ្នោត​លោក​ ចូ បៃឌិន​ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​មន្ត្រី​ជាន់​ខ្ពស់​លោក​ ហ៊ុន សែន ​​និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឡើង​វិញ។

លិខិត​របស់​អ្នក​តំណាង​រាស្ត្រ​ទាំង​ ៨​ រូប​ នោះ​ គឺ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​លោក​ ហ៊ុន សែន ដោយសារ​ការ​បន្ត​គំរាម​កំហែង និង​បង្ក្រាប​សំឡេង​ប្រឆាំង​ និង​សកម្មជន​ឥត​ឈប់ឈរ​។ ពួកគាត់​ ក៏​ស្នើ​​​ឲ្យ​ពិនិត្យ​ឡើងវិញ​ ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ ឬ ​GSP​ ដោយសារ​តែ​បរិយាកាស​កាន់​តែ​អាក្រក់​ ផ្នែក​សេរីភាព​សហជីព​ និង​ការងារ​។

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ បាន​បែរ​ខ្នង​ដាក់​សហរដ្ឋ​អាមេរិក​ ហើយ​បែរ​ជា​មក​ចង​សម្ព័ន្ធ​ភាព​ចាក់​ទឹក​មិន​លិច​ជា​មួយ​ប្រទេស​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយ​សារ​តែ​រដ្ឋាភិបាល​លោក​ហ៊ុនសែន​ ចូលចិត្ត​ជំនួយ​ឥត​ចំណង​ភ្ជាក់​និង​ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ​ ។​អ្នក​វិភាគ​និយាយ​ថា​ លោក​ ហ៊ុន សែន​ មិន​មាន​បំណង​វិល​ទៅ​រក​ចាប់​ដៃ​គូ​ ជាមួយ​សហរដ្ឋ​អាមេរិក​វិញ​នោះ​ទេ​ ដោយ​សារ​តែ​លោក​ ហ៊ុន សែន​ ចាត់​ទុក​ប្រទេស​ចិន​ជា​ខ្នង​បង្អែក​ការ​ពារ​អំណាច​ត​វង្ស​ត​ត្រកូល​របស់​លោក​ទៅ​ថ្ងៃ​អនាគត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។