មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានស្នើដល់ប្រមុខរដ្ឋាភិបាលអាស៊ានឱ្យជំរុញការធ្វើពាណិជ្ជកម្មក្នុងតំបន់បន្ថែមទៀត ដើម្បីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់អាស៊ានទាំងមូល។
លោកថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ដែលរៀបចំធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២២ និងទី២៣ មិថុនា នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងប្រាប់ក្រុមមេដឹកនាំអាស៊ានថា រយៈពេល២០ ឆ្នាំមកនេះ កម្ពុជាបានគោរពទៅតាមគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាសមាជិកអាស៊ាន។ លោកថា កម្ពុជាបានចូលរួមថែរក្សាសន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរបស់អាស៊ាន។ លោកបានជំរុញថ្នាក់ដឹកនាំអាស៊ានឱ្យខិតខំជំរុញពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០ ដោយសារតែទំហំពាណិជ្ជកម្មក្នុងតំបន់នៅមានកម្រិតទាបនៅឡើយ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នេះ មេដឹកនាំអាស៊ានបានពិភាក្សាគ្នាអំពីបញ្ហាប្រឈមទាក់ទងនឹងការគ្រប់គ្រងបម្រែបម្រួលអាកាសធាតុ និងការជំរុញយ៉ាងណាឱ្យអាស៊ានដើរតួនាទីសំខាន់ក្នុងយន្តការសាមគ្គី ការតភ្ជាប់អាស៊ាន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដើម្បីឆ្លើយតបនឹងសកម្មភាពកសាងសហគមន៍មួយនេះ។ ថ្នាក់ដឹកនាំអាស៊ានក៏បានជំរុញឱ្យអាស៊ានបន្តនូវភាពខ្លាំងរបស់ខ្លួន និងឯកភាពគ្នាទៅលើប្រធានបទដែលដាក់ចេញដោយប្រធានអាស៊ាន។
សាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា កត់សម្គាល់ថា អាស៊ានមានគោលការណ៍ល្អ ប៉ុន្តែការអនុវត្តជាក់ស្ដែងមិនសូវមានប្រសិទ្ធភាពនោះទេ។ ជាពិសេសប្រទេសសមាជិកចុងក្រោយ គឺមីយ៉ាន់ម៉ា វៀតណាម ឡាវ និងកម្ពុជា មិនអាចធ្វើតាមធម្មនុញ្ញអាស៊ានបានពេញលេញឡើយ៖ «ធម្មនុញ្ញអាស៊ាននិយាយអំពីកិច្ចសហប្រតិបត្តិការ សន្តិសុខ ឬការលើកស្ទួយលទ្ធិប្រជាធិបតេយ្យអីហ្នឹង អាស៊ាន ៦ទៀត គេដើរទៅបានល្អប្រសើរជាង។ ចំណែកអាស៊ាន៤ ដែលក្រោយនេះ គឺហាក់ដូចជាដើរយឺត ហើយគោលការណ៍ធម្មនុញ្ញអាស៊ានអីហ្នឹង គឺអត់សូវបានយកមកអនុវត្តឱ្យបានពេញលេញនោះទេ។ ថ្វីត្បិតតែមានគោលការណ៍អាស៊ានជាច្រើនបានបញ្ចូលក្នុងធម្មនុញ្ញរបស់ប្រទេសនីមួយៗក៏ដោយ ក៏ការអនុវត្តវានៅឆ្ងាយគោលនយោបាយដែលបានអនុម័ត»។
អាស៊ានមានគោលការណ៍រួមមួយ គឺការមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងប្រទេសជាសមាជិកឡើយ ហើយការសម្រេចចិត្តរបស់អាស៊ានត្រូវឈរលើគោលការណ៍កុងសង់ស៊ីស ឬការសម្រេចចិត្តជាឯកច្ឆន្ទ។
ទោះជាយ៉ាងណា វិធានបែបនេះរបស់អាស៊ានត្រូវបានគេវាយតម្លៃថា ជាការចងខ្លួនឯង និងមិនអាចធ្វើឱ្យអាស៊ានក្លាយជាអង្គការតំបន់មួយដែលមានភាពរឹងមាំនោះឡើយ ដោយសារតែអាស៊ានមិនអាចធ្វើអន្តរាគមន៍ ឬដាក់សម្ពាធដល់ប្រទេសសមាជិកឡើយ បើទោះបីជាមានការរំលោភច្បាប់នៅក្នុងប្រទេសនោះក៏ដោយ។ លើសពីនេះទៅទៀត គោលការណ៍កុងសង់ស៊ីស ឬការសម្រេចចិត្តជាឯកច្ឆន្ទរបស់អាស៊ាន ក៏ហាក់មិនសូវមានប្រសិទ្ធភាពដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែទំនាស់ផលប្រយោជន៍របស់រដ្ឋសមាជិក ឬអាចនិយាយមួយបែបទៀតថា ប្រទេសអាស៊ានខ្លះមាននិន្នាការទៅរកសហរដ្ឋអាមេរិក និងមួយចំនួនទៀតលម្អៀងទៅរកចិនកុម្មុយនិស្ត ដែលធ្វើឱ្យអាស៊ានពិបាករកសំឡេងរួមគ្នា ក្នុងការសម្រេចចិត្តទាក់ទងនឹងបញ្ហាសាកល។
ជាឧទាហរណ៍ អាស៊ានបានបរាជ័យជាលើកដំបូងក្នុងការសម្រេចចិត្តជាឯកច្ឆន្ទ ឬកុងសង់ស៊ីស ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៥ នៅទីក្រុងភ្នំពេញ កាលពីឆ្នាំ២០១២ ដោយសារបញ្ហាសមុទ្រចិនខាងត្បូង។ ៤ឆ្នាំក្រោយមក គឺនៅខែកក្កដា ឆ្នាំ២០១៦ អាស៊ានបានបរាជ័យជាលើកទី២ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដោយសាររឿងសមុទ្រចិនខាងត្បូងដដែលនេះ។
លោក ឯម សុវណ្ណារ៉ា ថ្លែងថា អាស៊ាននៅតែពិបាកឈានទៅដល់ការកសាងសហគមន៍រួមគ្នាបាន ដោយសារតែរដ្ឋសមាជិកមាននិន្នាការផ្សេងគ្នា និងមានរបៀបរបបដឹកនាំដោយឡែកពីគ្នា។ លោកបន្តថា នៅក្នុងបរិបទនៃជម្លោះសមុទ្រចិនខាងត្បូង អាស៊ានត្រូវបានបែងចែកជា ៣ក្រុមផ្សេងគ្នា គឺក្រុមប្រទេសគាំទ្រចិន ក្រុមប្រទេសប្រឆាំងចិន និងក្រុមប្រទេសកណ្ដាលនិយម ក្នុងនោះកម្ពុជាស្ថិតក្នុងក្រុមប្រទេសគាំទ្រចិន។ លោកបន្ថែមថា កម្ពុជាគួរតែព្យាយាមធ្វើខ្លួនជាប្រទេសអព្យាក្រឹត្យ ដើម្បីទាញយកផលប្រយោជន៍ពីក្របខ័ណ្ឌអាស៊ាន និងក្របខ័ណ្ឌអន្តរជាតិដទៃទៀត៕
