អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំង ថាកម្ពុជាមិនទាន់មានឯករាជ្យភាព និងអធិបតេយ្យភាពពេញលេញនោះទេ ដោយសាររបបលោក ហ៊ុន សែន ធ្វើឲ្យកម្ពុជាស្ថិតនៅក្រោមអាណានិគមបែបថ្មីពីប្រទេសវៀតណាម និងមហាអំណាចចិនទាំងនយោបាយ និងសេដ្ឋកិច្ច។ ការលើកឡើងនេះ ខណៈកម្ពុជា រៀបចំរម្លឹកខួប ៦៤ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ វិច្ឆិកា។ មន្ត្រីរបបលោក ហ៊ុន សែន ចាត់ទុក ការលើកឡើងទាំងនោះថា ខ្វះការយល់ដឹង មាក់ងាយជាតិសាសន៍ខ្លួន និងជាក្រុមរស់នៅក្នុងភាពអតីតកាល។
អ្នកស្រាវជ្រាវ និងជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ យល់ថា ទោះបីជាកម្ពុ ជា ទទួលបានឯករាជ្យពេញលេញពីបារាំងក្ដី ប៉ុន្តែឯករាជ្យភាព និងបូរណភាពទឹកដីរវាងប្រទេសជិតខាងនៅមានបញ្ហានៅឡើយនាពេលបច្ចុប្បន្ន។ លោកបានចោទថា របបលោកហ៊ុន សែន គឺជាអ្នកបំផ្លាញឯករាជ្យជាតិ និងអធិបតេយ្យជាតិ ដោយសាររបប លោក ហ៊ុន សែន បំផ្លាញប្រជាធិបតេយ្យ ហើយចាប់យកចិន និងវៀតណាមជាខ្នងបង្អែកសម្រាប់ការពារអំណាច។ លោកបន្ថែមថា ឯករាជរាជ្យជាតិ ដែលចេញពីមាត់ក្រុមលោក ហ៊ុន សែន គ្រាន់តែពាក្យបោកប្រាស់ ដើម្បីចំណេញនយោបាយតែប៉ុណ្ណោះ។ «»
លោក គឹម សុខ បន្ថែមថា ប្រសិនបើរបបលោក ហ៊ុន សែន មិនងាកទៅរកនីតិប្រជាធិបតេយ្យជាតិ ពិតប្រាកដវិញទេនោះ កម្ពុជាក្នុងរយៈពេល២០ឆ្នាំទៀត នឹងអាចក្លាយជាប្រទេសមានត្រឹមតែឈ្មោះ ប៉ុន្តែផលប្រយោជន៍ជាតិ អត្តសញ្ញាណជាតិ និងខ្លឹមសារជាតិទាំងឡាយ នឹងបាត់បង់ឬធ្លាក់ចូល កណ្តាប់ដៃចិន និងវៀតណាម។ «»
រីឯសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ លោក សំបូរ ម៉ាណ្ណារ៉ា មានប្រសាសន៍ថា ពិធីបុណ្យខួបឯករាជ្យ ជាតិ គឺជាមោទនភាពជាតិមួយដែលព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ខិតខំប្រឹងប្រែងគ្រប់បែប យ៉ាងជាមួយពលរដ្ឋខ្មែរគ្រប់ស្រទាប់ ដើម្បីទាមទារឯករាជ្យភាពពីបារាំង ចាប់តាំងពីឆ្នាំ១៩៤៥ រហូតទទួលបានឯករាជ្យភាពពេញលេញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ លោក សំបូរ ម៉ាណ្ណារ៉ា យល់ថា នៅពេលនេះ គឺកម្ពុជា អាចធ្វើអ្វីៗគ្រប់បែបយ៉ាងដោយខ្លួនឯង ដោយគ្មានការបង្ខិតបង្ខំ និង ក្រោមបញ្ជាប្រទេសណានោះទេ ដូច្នេះបង្ហាញថា កម្ពុជា មានឯករាជ្យភាពពេញលេញ។ លោក អំពាវនាវឲ្យភាគីពាក់ពន្ធទាំងអស់ គួរតែមានស្មារតីរួបរួមគ្នា មានឆន្ទៈជាតិរួមគ្នា និងកសាងសមត្ថភាព អោយខ្លាំង ដើម្បីទប់ទល់ជាមួយក្តីបារម្ភផ្សេងៗ ក្នុងបំណងថែរក្សាការពារឯករាជ្យភាព និងអធិបតេយ្យភាពអោយកាន់តែរឹងមាំជារៀងរហូត។ «»
ថ្វីត្បិតតែអ្នកនយោបាយជំនាន់មុនបានទាមទារឯករាជ្យពីបារាំងវិញក្តី ប៉ុន្តែបារាំងក៏បានកាត់ទឹកដី កម្ពុជាក្រោម ចំនួន២១ខេត្ត ឲ្យទៅវៀតណាម គ្រប់គ្រង រហូតបច្ចុប្បន្ន ដែលរបបលោក ហ៊ុន សែន មិនដែលហាមាត់ទាមទារមកវិញនោះទេ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ទទួលស្គាល់ថា រហូតមកដល់ពេលនេះ កម្ពុជា មិនទទួលបានឯករាជ្យភាពពេញលេញនោះទេ ព្រោះរបបលោក ហ៊ុន សែន រណបប្រទេស ជិតខាង ហើយបានដាក់កម្ពុជា អោយស្ថិតក្នុងរបបអាណានិគមបែបថ្មីពីប្រទេសវៀតណាម និងចិន ទាំងផ្នែកនយោបាយ និងផ្នែកសេដ្ឋកិច្ច។ «»
លោក អ៊ុំ សំអាន យល់ថា ដើម្បីធានាអោយកម្ពុជា មានឯករាជ្យភាពឡើងវិញ លុះត្រាតែរបបលោក ហ៊ុន សែន កុំរណបជាមួយប្រទេសជិតខាង និងប្រទេសចិន ហើយត្រូវវិលទៅរកការឯកភាពជាតិ បង្រួបបង្រួមជាតិ គោរពគោលការណ៍ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងរៀបចំការបោះឆ្នោតតាមបែប ប្រជាធិបតេយ្យឡើងវិញ។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីនៃរបបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន មានប្រសាសន៍ថា អ្នកដែលមើលឃើញកម្ពុជាថាគ្មានឯករាជ្យភាពលេញនោះ គឺជាក្រុមរស់នៅក្នុង សម័យអតីតកាល ខ្វះការយល់ដឹង ហើយនិយាយមាក់ងាយប្រទេសជាតិ និងប្រជាជនខ្មែរ ខណៈ ដែលស្ថានទូតអាមេរិក ក៏ចេញលិខិតអបអរសាទរទិវាបុណ្យឯករាជ្យជាតិកម្ពុជាដែរ។ លោកអះអាង ថា កម្ពុជាក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន គឺប្រកាន់យកគោលការណ៍ពហុនិយមដែល ធ្វើ ការសហការជាមួយគ្រប់ភាគីទាំងអស់។ ម្យ៉ាងទៀត លោកបញ្ជាក់ថា បរទេសជាពិសេសវៀតណាមក្តី គ្មានឥទ្ធិពលលើកម្ពុជានោះទេ ព្រោះការគ្រប់ប្រទេសកម្ពុជាសព្វថ្ងៃនេះ អាស្រ័យលើការសម្រេចចិត្តនានារបស់រដ្ឋសភាកម្ពុជា ដែលមានការបោះឆ្នោតគាំទ្រ ពីប្រជាពលរដ្ឋខ្មែរ។ «»
នៅក្នុងសារអបអរសាទរខួប៦៤ឆ្នាំនោះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា ក៏ចែករំលែកក្តីសង្ឃឹមថា សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា នឹងឆ្ពោះទៅរកសង្គមដែលមានសេរីភាព វិបុលភាព ប្រជាធិបតេយ្យ និងយុត្តិធម៌។
បើទោះបីជារបបលោក ហ៊ុន សែន អះអាងថា កម្ពុជាមានឯករាជ្យភាព និងអធិបតេយ្យភាពយ៉ាង ណាក្តី ប៉ុន្តែកាលពីថ្ងៃទី២ ខែវិច្ឆិកា លោក ហ៊ុន សែន ខ្លួនឯងបានសារភាព និងអះអាងថា ប្រទេសចិនកុម្មុយនិស្ត បានជួយឱ្យមានឯករាជ្យភាពផ្នែកនយោបាយនៅកម្ពុជា ហើយដោយសារមានចិនជាខ្នងបង្អែកនេះហើយ ទើបកម្ពុជាអាចរឹងមាំបាន។
លោក គឹម សុខ យល់ថា ដើម្បីការពារឯករាជ្យ និងការពារផលប្រយោជន៍ជាតិខ្មែរ គឺរបបលោក ហ៊ុន សែន ត្រូវវិលទៅនីតិប្រជាធិបតេយ្យជាតិជាដំណាក់កាលៗឡើងវិញ ដូចជាចាប់ផ្ដើមផ្សះផ្សា ជាមួយគ្រប់ភាគីនយោបាយប្រឆាំង និងរៀបចំការបោះឆ្នោតមួយដែលអន្តរជាតិ ទទួលស្គាល់ឡើងវិញ។ «»
បន្ថែមពីលើនេះ អ្នកសិក្សាស្រាវជ្រាវពីសង្គមយល់ថា កម្ពុជាត្រូវកសាងធនធានមនុស្សអោយបាន រឹងមាំ មានការចូលរួមពីប្រជាពលរដ្ឋគ្រប់និន្នាការ ហើយក្រុមមេដឹកនាំ ត្រូវតែជាអ្នកស្រឡាញ់ជាតិ ពិតប្រាកដ ពោលគឺធ្វើការបម្រើជាតិ មិនបម្រើបរទេស។ ទន្ទឹមគ្នានេះ កម្ពុជាត្រូវពង្រឹងវិស័យសេដ្ឋកិច្ចអោយបានខ្លាំងក្លា ដើម្បីឈានទៅឈប់ពឹងជំនួយបរទេសជាដើម៕