មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ថ្លែងសរសើរប្រទេសចិនជាថ្មីទៀតថា ជំនួយរបស់ប្រទេសមហាអំណាចមួយនេះ បានជួយអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងឯករាជ្យភាពរបស់កម្ពុជា។ អ្នកវិភាគនយោបាយយល់ថា ជំនួយរបស់ចិនមួយផ្នែកបានផ្ដល់ប្រយោជន៍ដល់កម្ពុជា ក៏ប៉ុន្តែជំនួយទាំងនោះក៏បានធ្វើឱ្យលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា មានដំណើរធាក់ថយក្រោយផងដែរ។
មេដឹកនាំរបបឯកបក្ស លោក ហ៊ុន សែន ថ្លែងប្រាប់ក្រុមនិស្សិតខ្មែរជិត ៥០០ នាក់ ដែលកំពុងសិក្សានៅប្រទេសចិនកាលពីថ្ងៃទី២០ មករាថា ជំនួយរបស់មហាអំណាចកុម្មុយនិស្តមួយនេះ បានជួយឱ្យកម្ពុជាមានការអភិវឌ្ឍ និងកាន់តែមានឯករាជភាពខាងនយោបាយ។ លោកបន្តថា ជំនួយរបស់ចិនបានជួយទប់ស្កាត់ការជ្រៀតជ្រែកពីមជ្ឈដ្ឋានខាងក្រៅ ដែលលោកអះអាងថា មានបំណងចង់ផ្តួលរំលំរបបរបស់លោកគ្រប់រូបភាពទាំងអស់។
លោក ហ៊ុន សែន ថ្លែងបែបនេះ ខណៈលោកកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ជាឱកាសមួយដែលលោកគ្រោងនឹងខ្ចីបំណុលចិនបន្ថែមទៀតសម្រាប់ការស្ថាបនាគម្រោងធំៗ មួយចំនួននៅក្នុងប្រទេស។ លោកក៏បានអះអាងទៀតថា របបរបស់លោកកំពុងខិតខំពង្រីកទីផ្សារឱ្យបានច្រើនបន្ថែមទៀត ក្រៅពីទីផ្សារអាមេរិក និងអឺរ៉ុប មានដូចជា ប្រទេសចិន អាហ្វ្រិក មជ្ឈិមបូព៌ា និងកូរ៉េ ជាដើម ដើម្បីបញ្ចេញទំនិញ និងផលិតផលកសិកម្មរបស់កម្ពុជា។
អ្នកវិភាគនយោបាយ លោក គឹម សុខ ដែលធ្លាប់បានសិក្សានៅប្រទេសចិនដែរនោះ មើលឃើញថា លោក ហ៊ុន សែន កំពុងនិយាយបន្លំសាធារណជនអំពីរឿងជំនួយចិននេះ ព្រោះលុយដែលចិនផ្ដល់ឱ្យរបបក្រុងភ្នំពេញមួយចំណែកធំ គឺកម្ចីមានការប្រាក់ មិនមែនជាជំនួយឥតសំណងនោះឡើយ។ លោកទទួលស្គាល់ថា ជំនួយខ្លះរបស់ចិនបានផ្ដល់ប្រយោជន៍ដល់កម្ពុជា ប៉ុន្តែវាក៏បានធ្វើឱ្យរបបនេះដើរកាន់តែឆ្ងាយពីគន្លងប្រជាធិបតេយ្យ និងបង្កើតឱ្យមានបរិយាកាសវិនិយោគមួយដែលគ្មានតម្លាភាព និងគណនេយ្យភាពសង្គម៖ «នៅពេលដែលក្រុមលោក ហ៊ុន សែន ប្លន់យកអំណាច តាមរយៈការបោះឆ្នោតក្លែងក្លាយឆ្នាំ២០១៨ ចិនបានប្រកាសគាំទ្រ ហើយបន្តផ្ដល់ជំនួយដែលអត់តម្លាភាព និងធ្វើទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មស្ថិតនៅក្រោមកន្ទុយក្បិនចិន។ ដូច្នេះរឿងអស់នេះវាប៉ះពាល់ខ្លាំងណាស់ទៅដល់ប្រជាធិបតេយ្យនៃប្រទេសកម្ពុជា ពីព្រោះពលរដ្ឋខ្មែរជាងកន្លះនគរចង់ឃើញការប្រកួតប្រជែងត្រឹមត្រូវ ក៏ប៉ុន្តែចិនបែរជាប្រឆាំងនឹងឆន្ទៈរបស់ពលរដ្ឋខ្មែរ ហើយគាំទ្រតែមនុស្សមួយក្រុមតូច។ នេះជាការបំផ្លាញប្រជាធិបតេយ្យទាំងស្រុង»។
ដោយសារតែទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា របបក្រុងភ្នំពេញកំពុងប្រឈមនឹងទណ្ឌកម្មពីក្រុមប្រទេសលោកខាងលិច មានជាអាទិ គម្រោងដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និងគម្រោងស្នើច្បាប់ដកហូតប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សមាជិកសភាសហរដ្ឋអាមេរិក ជាដើម។ ចំណែកទណ្ឌកម្មរឹតត្បិតទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញ និងការកាត់ផ្ដាច់ជំនួយបច្ចេកទេសមករបបនេះវិញ ត្រូវបានសហរដ្ឋអាមេរិកដាក់ចេញរួចទៅហើយ តាំងតែពីមានការរំលាយគណបក្ស សង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧ មកម្ល៉េះ។
ប្រឈមមុខនឹងវិបត្តិទណ្ឌកម្មទាំងនេះ របបក្រុងភ្នំពេញបានស្វះស្វែងរកការគាំទ្រកាន់តែខ្លាំងពីប្រទេសចិន ហើយមហាអំណាចកុម្មុយនិស្តមួយនេះក៏បានផ្ដល់ជំនួយ និងកម្ចីយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់របបលោក ហ៊ុន សែន។ ក្រុងប៉េកាំងក៏បានហាមប្រាមប្រទេសដទៃ ពិសេសប្រទេសប្រជាធិបតេយ្យលោកខាងលិច កុំឱ្យលូកដៃជ្រៀតជ្រែកកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជាទៀតផង ហើយកាលពីខែធ្នូកន្លងទៅ ប្រទេសចិនទើបតែបានផ្ដល់ជំនួយ និងកម្ចី ២រយលានដុល្លារបន្ថែមទៀត ដល់របបក្រុងភ្នំពេញ។
ប្រធានអង្គការសម្ពន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ ថ្លែងថា ការជំពាក់បំណុលចិនកាន់តែច្រើន គឺជារឿងមួយដែលគួរឱ្យព្រួយបារម្ភ ហើយនិន្នាការបែបនេះមិនអាចឱ្យកម្ពុជាមានឯករាជ្យភាពពេញលេញបានឡើយនៅលើវិស័យសេដ្ឋកិច្ច និងនយោបាយ៖ «ការអភិវឌ្ឍប្រទេសហ្នឹង គេមិនមែនត្រូវពឹងផ្អែកលើតែខាងណាមួយទេ។ កម្ចី ឬក៏ការប្រើប្រាស់ជំនួយហ្នឹងត្រូវតែមានតុល្យភាពរវាងប្រទេសមួយទៅប្រទេសមួយ រវាងលោកសេរី និងលោកកុម្មុយនិស្ត។ មានតុល្យភាពគ្នា វាអាចជួយកុំឱ្យមានបញ្ហាណាមួយដែលអាចកើតមានឡើងនៅពេលអនាគត»។
គិតត្រឹមចុងឆ្នាំ ២០១៨ កន្លងទៅ កម្ពុជាជំពាក់បំណុលចិនជាង ៤ ពាន់លានដុល្លារអាមេរិក ក្នុងចំណោមបំណុលបរទេសសរុបជាង ៩ពាន់លានដុល្លារ។ របបក្រុងភ្នំពេញបានបន្ថែមថវិកាជាតិដល់រហូតដល់ ៦ពាន់ ៧រយលានដុល្លារ កើនឡើងជាង ១១ភាគរយលើសឆ្នាំចាស់ ដើម្បីបង្គ្រប់ការចំណាយសម្រាប់ឆ្នាំ ២០១៩ ខាងមុខ ខណៈចំណូលជាតិមានត្រឹមតែជាង ៥ ពាន់លានដុល្លារប៉ុណ្ណោះ។ របបនេះគ្រោងនឹងខ្ចីបំណុលពីដៃគូអភិវឌ្ឍន៍ប្រមាណ ២ ពាន់លានដុល្លារបន្ថែមទៀតនៅឆ្នាំ ២០១៩ ហើយប្រភពកម្ចីធំជាងគេទំនងជាប្រទេសចិន ដោយសារក្រុងភ្នំពេញមានទំនាក់ទំនងជិតស្និទ្ធខ្លាំងនឹងក្រុងប៉េកាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។