អ្នកវិភាគ​ទទូច​ឱ្យ​បក្ស​ប្រឆាំង​បង្កើត​រណសិរ្ស​អ្នក​ប្រជាធិបតេយ្យ​ដើម្បី​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា

ដោយ ហេង រស្មី
2020-04-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រតិភូ​អ្នក​ប្រជាធិបតេយ្យ​នៃ​គណបក្ស​សង្រ្គោះជាតិ នៅ​ខាងមុខ​សារមន្ទីរ​វប្បធម៌​អាស៊ី (Asia Culture Center) នៅ​ទីក្រុង​ក្វាងជូ (Qwangju) ​កូរ៉េ​ខាងត្បូង ​ក្នុង​ថ្ងៃ​មហាបាតុកម្ម​ភ្លើង​ទៀន ថ្ងស​ទី២០ ខែ​មេសា ឆ្នាំ​២០១៩។
ប្រតិភូ​អ្នក​ប្រជាធិបតេយ្យ​នៃ​គណបក្ស​សង្រ្គោះជាតិ នៅ​ខាងមុខ​សារមន្ទីរ​វប្បធម៌​អាស៊ី (Asia Culture Center) នៅ​ទីក្រុង​ក្វាងជូ (Qwangju) ​កូរ៉េ​ខាងត្បូង ​ក្នុង​ថ្ងៃ​មហាបាតុកម្ម​ភ្លើង​ទៀន ថ្ងស​ទី២០ ខែ​មេសា ឆ្នាំ​២០១៩។
RFA/Jeevita

អ្នកវិភាគ​នយោបាយ​ល្បីឈ្មោះ​ពីរ​រូប​ដែល​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស បាន​ទទូច​ឱ្យ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ បង្កើត​រណសិរ្ស​អ្នក​ប្រជាធិបតេយ្យ​មួយ ដើម្បី​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ដាំ​ក្បាល​ចុះ នៃ​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​រាតត្បាត​កូវីត​១៩ និង​សំពាធ​ពី​ប្រទេស​លោក​សេរី។

អ្នកវិភាគ​នយោបាយ និង​ជា​អតីត​ទីប្រឹក្សា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បណ្ឌិត សូ ណារ៉ូ មានប្រសាសន៍​ក្នុង​វេទិកា​អ្នក​ស្តាប់​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី​២១ មេសា ថា នេះ​ជា​ឱកាស​ប្រវត្តិសាស្ត្រ​សម្រាប់​គណបក្ស​ប្រឆាំង​ដើម្បី​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា មុនគេ​បង្អស់​ត្រូវតែ​មាន​ការ​រួបរួម​កម្លាំង​គ្នា មិនមែន​ត្រឹមតែ​គណបក្ស​សង្គ្រោះជាតិ​ទេ គឺ​រួបរួម​អ្នក​ប្រជាធិបតេយ្យ​ទាំងអស់។ លោក​និយាយ​ថា អ្នក​ប្រជាធិបតេយ្យ​ណា​ក៏​ដោយ​ឱ្យ​តែ​យល់​ថា របប​ក្រុងភ្នំពេញ​ជា​របប​ផ្ដាច់ការ​ហើយ មិន​អាច​អនុញ្ញាត​ឱ្យ​បន្ត​កាន់អំណាច​របៀប​ឃោរឃៅ​បន្ត​ទៅ​ទៀត​ទេ គឺ​ត្រូវតែ​រួបរួម​គ្នា​ជាមួយ​រណសិរ្ស​អ្នក​ប្រជាធិបតេយ្យ៖ «ការ​រួបរួម​អ្នក​ប្រជាធិបតេយ្យ​មក​ទាំងអស់ មិនមែន​ត្រឹម​តែ​មាន​អាវ​លឿង អាវ​ស​ទេ គឺ​ត្រឹមតែ​អាវ​លឿង​អាវ​ស​វា​ចង្អៀត​ណាស់ ត្រូវតែ​បើកទូលាយ​ទាំងអស់។ បើកទូលាយ​បេះដូង បើកទូលាយ​ដួងចិត្ត បើកទូលាយ​ទស្សនៈ ហើយ​ឱកាស​នយោបាយ​មកដល់​ហើយ។ ហើយ​មិនមែន​ធ្វើ​ដោយ​តាម​តួឯក​នយោបាយ​ទេ។ បើ​នៅក្នុង​ប្រព័ន្ធ​ដឹកនាំ​បែប​កុម្មុយនិស្ត​បើ​យើង​ដើរ​តួនាទី​ជា​តួឯក​បច្ចុប្បន្ន រលាយ​បក្ស​តែម្ដង​។ តួឯក​រាល់ថ្ងៃ​មានតែ សម រង្ស៊ី និង កឹម សុខា ហ្នឹង អ៊ីចឹង ហ៊ុន សែន ងាយ​នឹង​កាច់​ណាស់។ កឹម សុខា ញាត់​គុក សម រង្ស៊ី បង្អើល​ឱ្យ​​ចាក​ចេញទៅ​ក្រៅ​ស្រុក​ទៅ​ចប់ អ៊ីចឹង​ហ៊ុន សែន​ដឹក​នាំ​តទៅទៀត»

ចំណែក​អ្នកវិភាគ​នយោបាយ​លោក គឹម សុខ វិញ ថ្លែង​ថា ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវតែ​ហ៊ាន​ធ្វើ​នយោបាយ​លើកទឹកចិត្ត​ឱ្យ​មាន​ភាព​សកម្ម​ទាំង​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ប្រឆាំង​លោក ហ៊ុន សែន ទាំង​ប្រជារាស្ត្រ និង​ត្រូវ​ទាក់ទាញ​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ឱ្យ​មក​នៅ​ស្រប​ជាមួយ​នឹង​កម្លាំង​នៃ​ការ​ផ្លាស់ប្ដូរ។

លោក​បញ្ជាក់​ថា ដើម្បី​ធ្វើ​ឱ្យ​កម្លាំង​នេះ​សកម្ម​ឡើង គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ពង្រឹង​ស្មារតី​សង្គ្រោះ​ជាតិ​រួម​ឡើង​វិញ​ដើម្បី​ឱ្យ​លោក សម រង្ស៊ី និង លោក កឹម សុខា ក្លាយ​ជា​មនុស្ស​តែមួយ​ក្នុង​កម្លាំង​រួម​នោះ​បាន​អាច​ផ្លាស់ប្ដូរ​បាន៖ «ចាប់ផ្ដើម​ពី​ការ​ពង្រឹង​ស្មារតី​សម រង្ស៊ី និង លោក កឹម សុខា ហ្នឹង​ទៅ​គឺ​ស្មារតី​សង្គ្រោះ​ជាតិ​ហ្នឹង​ឱ្យ​ងើប​ឡើងវិញ​មក ពី​ព្រោះ​នេះ​ជា​បង្អែក​ធំ​នៃ​ភាព​សកម្ម​របស់​ផ្ទៃក្នុង​ជាតិ​តែម្ដង​ហើយក៏​ជា​បង្អែក​ធំ​នៃ​ការ​គាំទ្រ​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ បង្អែក​ធំ​ពីរ​ហ្នឹងហើយ​ដែល​អាច​ធ្វើ​ឱ្យ​យើង​រុញច្រាន​ផែនការ​នយោបាយ​របស់​លោក ហ៊ុន សែន ឱ្យ​ជួប​ហ្នឹង​បរាជ័យ​បាន។ ដូច្នេះ​មិនមែន​ត្រឹមតែ​លោក កឹម សុខា និង លោក សម រង្ស៊ី តែមួយ​ប៉ុណ្ណឹង​ទេ គឺ​ត្រូវ​បើក​ចំហ​​ឱ្យ​ដល់​បញ្ញវន្ត​ផ្សេងៗ​ទៀត»

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក អេង ឆៃអ៊ាង ដែល​កំពុង​រស់នៅ​និទ្ទេស​ខ្លួន​នៅ​សហរដ្ឋអាមេរិក​បាន​គាំទ្រ​ចំពោះ​ការ​ផ្ដួចផ្ដើម​ឱ្យ​មាន​រណសិរ្ស​អ្នក​ប្រជាធិបតេយ្យ ដើម្បី​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា។ ប៉ុន្តែ​លោក​បញ្ជាក់​ថា រណសិរ្ស​នេះ​នឹង​មិន​មានការ​ចូលរួម​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​នោះ​ទេ​ដោយសារតែ​ប្រជាពលរដ្ឋ​ភ័យខ្លាច​លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ៖ «ពីព្រោះ​ឥឡូវ​ហ្នឹង​យើង​ឃើញ​ហើយ​នៅ​ស្រុក​ខ្មែរ​ហ្នឹង អ្នកណា​ហ៊ាន​និយាយ​ស្តី​បញ្ចេញមតិ​បន្តិចបន្តួច គឺ​ត្រូវ​របប​លោក ហ៊ុន សែន ចេញ​បង្ក្រាប ចាប់ចង​ចាប់​ដាក់គុក។ អ៊ីចឹង​មាន​មនុស្ស​មួយ​ចំនួន​គាត់​អត់​បាន​គិត​ថា ដើម្បី​ផ្លាស់ប្ដូរ​រលោក ហ៊ុន សែន ទេ​គឺ​ទៅ​បម្រើ​នយោបាយ​លោក ហ៊ុន សែន ទៅ​អែបៗ​លោក ហ៊ុន សែន ហ្នឹង​បាន​ន័យ​ថា ទៅ​បង្គ្រប់​កិច្ច​ទៅ​ធ្វើ​ល្បោយ សម្ល​ប្រជាធិបតេយ្យ​ក្លែងក្លាយ​ឱ្យ​ហ៊ុន សែន»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​ជា​ច្រើន​ដង​តែ​លោក​មិន​លើក​ទូរស័ព្ទ កាល​ពី​ថ្ងៃ​ទី​២១ មេសា។

គណបក្ស​សង្គ្រោះជាតិ​ធ្លាប់​បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ កាលពី​ចុង​ខែ​មករា​ឆ្នាំ​២០១៨ នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា ដោះលែង​អ្នក​ទោស​នយោបាយ​ជាច្រើន​រូប​ផ្សេងទៀត​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ និង​ទាមទារ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ ដើម្បី​អាច​ចូលរួម​ការបោះឆ្នោត​ឆ្នាំ​២០២៣​ខាងមុខ ប៉ុន្តែ​ចលនា​នេះ​ហាក់​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល