អ្នកវិភាគ​ថា សារ​គំរាម​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​ស៊ីវិល មិន​ផ្ដល់​ផល​ល្អ​ដល់​កម្ពុជា​ទេ

ដោយ មួង ណារ៉េត
2020-02-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កងកម្លាំង​ចម្រុះ​ប្រមូល​ផ្ដុំ​នៅ​ទីរួម​ខេត្ត​ឧត្ដរមានជ័យ​ត្រៀម​ចេញ​ទៅ​ព្រំដែន កាល​ពី​ថ្ងៃទី៦ វិច្ឆិកា  ឆ្នាំ​២០១៩ ដើម្បី​ទប់ស្កាត់​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។
កងកម្លាំង​ចម្រុះ​ប្រមូល​ផ្ដុំ​នៅ​ទីរួម​ខេត្ត​ឧត្ដរមានជ័យ​ត្រៀម​ចេញ​ទៅ​ព្រំដែន កាល​ពី​ថ្ងៃទី៦ វិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ទប់ស្កាត់​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។
រូប​ពី​ហ្វេសប៊ុក​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ

អ្នកវិភាគ​ថា សារ​គំរាម​ប្រើ​អំពើ​ហិង្សា និង​បង្ក្រាប​ប្រជាពលរដ្ឋ​ស៊ីវិល ដែល​ក្រោក​តវ៉ា​ដោយ​អហិង្សា ដោយសារ​រង​ភាព​អយុត្តិធម៌​សង្គម ដូចជា​រឿង​រំលោភ​ដីធ្លី ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ និង​ការ​បារម្ភ​អំពី​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ជាដើម​នោះ គឺ​មិន​ល្អ​ដល់​កម្ពុជា ទាំង​លើ​ឆាក​ជាតិ និង​អន្តរជាតិ។

អ្នកវិភាគ និង​ជា​ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ ថា​រដ្ឋ​ជា​អ្នកទទួលខុសត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់ និង​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ខ្លួនឯង ក្នុង​ករណី​ដែល​មាន​អំពើ​ហិង្សា​ណាមួយ​កើតឡើង ដែល​ប្រព្រឹត្ត​ឡើង​ដោយ​អាជ្ញាធរ​រដ្ឋ។

កញ្ញា​បន្ថែម​ថា បើ​ទោះ​បី​ជា​ការអនុវត្ត​ច្បាប់​ជាតិ ក្រោម​ការ​គ្រប់គ្រង​នៃ​រដ្ឋាភិបាល ដែល​មាន​គណបក្ស​តែមួយ​ដឹកនាំ​ប្រទេស​បែបនេះ ដែល​ខ្វះ​ប្រព័ន្ធ​ត្រួតពិនិត្យ​លើ​តុល្យភាព​នៃ​អំណាច ក្នុង​ការ​យក​មេដឹកនាំ ដែល​ប្រព្រឹត្ត​ខុស មក​កាត់ទោស​ក្នុង​ពេល​បច្ចុប្បន្ន​យ៉ាងណាក៏ដោយ ក៏​ការប្រព្រឹត្ត​ទាំងឡាយ​មន្ត្រី និង​មេដឹកនាំ​រដ្ឋាភិបាល មិន​អាច​រួចខ្លួន​ពី​ការទទួលខុសត្រូវ​នោះ​ឡើយ អាច​ក្នុង​ទម្រង់​នៃ​ការ​ទទួល​ទណ្ឌកម្ម​តាម​រូបភាព​ផ្សេង៖ «ចំណុច​មួយ​មេដឹកនាំ​ទទួលខុសត្រូវ គឺ​ពាក់ព័ន្ធ​នឹង​តុលាការអន្តរជាតិ​។ ទី​ពីរ​គឺ​ការទទួលខុសត្រូវ នៅ​ក្នុង​ប្រវត្តិសាស្ត្រ និង​ទី​បី​បើ​សិន​នៅ​ក្នុង​ករណី​ប្រទេស​យើង​ប្រកាន់​ប្រជាធិបតេយ្យ បើ​គណបក្ស​កាន់អំណាច​នៅតែ​ប្រកាន់​ឥរិយាបថ​បែបនេះ គឺ​ខ្ញុំ​ជឿជាក់​ថា មិន​មាន​ផល​ល្អ​សម្រាប់​អ្នកនយោបាយ​ជំនាន់​ក្រោយ​ទៀត​ទេ»

ប្រតិកម្ម​របស់​អ្នកវិភាគ​វ័យក្មេង​រូប​នេះ ធ្វើឡើង​ក្រោយ អគ្គស្នងការ​នគរបាល​ជាតិ និង​ដែល​ត្រូវជា​ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន គឺ​លោក នេត សាវឿន ចាប់ផ្ដើម​បញ្ចេញ​សារ​គំរាម​បង្ក្រាប​ប្រជាពលរដ្ឋ​ទុកជាមុន ដើម្បី​បង្ការ​ការ​ក្រោក​តវ៉ា​ណាមួយ របស់​ប្រជាពលរដ្ឋ នៅមុន​ពេល​ដែល​គណៈកម្មការ​អឺរ៉ុប នឹង​ចេញ​សេចក្ដី​សម្រេច​ចុងក្រោយ អំពី​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា នៅ​ខែ​កុម្ភៈ ខាង​មុខ​នេះ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​រថយន្ត ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត កាលពី​ថ្ងៃទី២៩ ខែ​មករា នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ លោក នេត សាវឿន ចាត់​ទុក​ការ​តវ៉ា​ណាមួយ រឿង​ជម្លោះដីធ្លី ការ​តវ៉ា​ទាមទារ​ការ​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ និង​ការ​តវ៉ា​រឿង​បាត់​ការ​អនុគ្រោះ​ពន្ធ ជាដើម​នោះ ទោះ​ដោយ​សន្តិវិធី ក៏​ជា​អំពើ​ដែល​ត្រូវ​បង្ក្រាប ដោយ​លោក​ចាត់ទុកថា នោះ​ជា​បញ្ហា​ប្រឈម​មួយ ក្នុងចំណោម​បញ្ហា​ប្រឈម​ជាច្រើន របស់​របប​ក្រុងភ្នំពេញ៖ «សភាពការណ៍​សន្តិសុខ​ផ្ទៃក្នុង​អាច​ប្រឈម​ទៅ​នឹង​ការវាយប្រហារ​របស់​ក្រុម​អមិត្ត ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ជាពិសេស​ញុះញង់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ឱ្យ​តវ៉ា​ពាក់ព័ន្ធ​ទំនាស់​ដីធ្លី សិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ និង​លើក​យក​បញ្ហា EBA និង GSP ដើម្បី​ញុះញង់​កម្មករ​ឱ្យ​ធ្វើបាតុកម្ម​បង្ក​ចលាចល ប៉ះពាល់​ដល់​សន្តិសុខ​សង្គម»

លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចូលរួម​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ ចំពោះ​អាយុ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។
លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចូលរួម​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ ចំពោះ​អាយុ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA

ជុំវិញ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គិត​មក​ត្រឹម​ថ្ងៃទី១ ខែ​កុម្ភៈ​នេះ គឺ​នៅ​សល់​តែ ១១ ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃ​ដែល​គណៈកម្មការ​អឺរ៉ុប ចេញ​សេចក្តី​សម្រេច​អំពី​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ ពី​កម្ពុជា។ គណៈកម្មការ​អឺរ៉ុប ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ជា​ថ្នូរ​នឹង​ការ​បន្ត​រក្សា​បាន EBA តទៅ​ទៀត​។ ប៉ុន្តែ របប​ក្រុងភ្នំពេញ​បដិសេធ។

ប្រធាន​ស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស កាលពី​ចុងខែ​ធ្នូ ឆ្នាំ ២០១៩ បាន​អំពាវនាវ​ឱ្យ​កម្មករ​រោងចក្រ ថា បើ​នៅ​ថ្ងៃ​ទី ១២ ខែ កុម្ភៈ​នោះ គណៈកម្មការ​អឺរ៉ុប​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​មែន គឺ​កម្មករ​នឹង​ជួប​ការ​លំបាក ដាច់​ប្រាក់ខែ មិន​ដឹង​ជា​ចិញ្ចឹម​ជីវិត និង​ផ្គត់ផ្គង់​ជីវភាព​សមាជិក​គ្រួសារ​យ៉ាងម៉េច ដែល​ធ្វើ​ឱ្យ​ស្ថានការណ៍​ផ្លាស់ប្ដូរ​ទៅ​រក​ហានិភ័យ ដែល​លោក​ថា លោក​នឹង​បំផុស​ឱ្យ​មានការ​តវ៉ា៖ «តវ៉ា​ប្រឆាំង​នឹង​របប ហ៊ុន សែន​។ ថា​របប ហ៊ុន សែន ហ្នឹង​ដែល​ទទួលខុសត្រូវ​។ ថា​របប ហ៊ុន សែន នេះ​ហើយ​អ្នក​ជំរុញ​ឱ្យ​កម្មករ​ទទួល​ទណ្ឌកម្ម​ទាំងអស់​នេះ គឺ​ដោយសារតែ​របប ហ៊ុន សែន​។ ហើយ​ឱ្យ​ទទួល​ទណ្ឌកម្ម​ទាំងអស់​នេះ ជំនួស ហ៊ុន សែន ខ្លួនឯង​។ អ៊ីចឹង​! ហ៊ុន សែន ជា​មនុស្ស​ចង្រៃ ពីព្រោះ ដែល​នាំមក​នូវ​បញ្ហា​ឱ្យ​គេ នាំមក​គ្រោះថ្នាក់​ឱ្យ​អ្នកដទៃ ដល់​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល​។ ដូច្នេះ​យើង​ត្រូវតែ​ងើបឈរ តតាំង​ប្រឆាំង​របប​លោក ហ៊ុន សែន​នេះ​។ ហ៊ុន សែន វ៉ៃ​ឆ្នាំងបាយ​កូនក្មួយ​កម្មករ​បែក​អស់​។ កូនក្មួយ​កម្មករ​ត្រូវ​ងើប​។ ហើយ​ម៉ែ​ឳ​កម្មករ បងប្អូន​កម្មករ​នៅ​ស្រែចម្ការ ត្រូវ​ងើប​ទាំងអស់​គ្នា ថា​យើង​រង​ទុក្ខ​វេទនា គឺ​ដោយសារ​របប ហ៊ុន សែន»

លោក សម រង្ស៊ី ចោទ​ជា​សំណួរ​ទៅកាន់​របប​ក្រុងភ្នំពេញ​ថា បើ​គ្រាន់តែ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ តើ​មាន​អ្វី​លំបាក​? ហេតុអ្វី​ត្រូវ​ទុក​ឱ្យ​ប្រជាពលរដ្ឋ​មួយ​នគរ រង​ទុក្ខ​ដោយសារតែ​ទង្វើ​រំលោភច្បាប់​របស់​លោក ហ៊ុន សែន​?«បើ​ទទួលយក​សំណើ​របស់​គេ ប្រជារាស្ត្រ​ខ្មែរ បាន​សិទ្ធិ​សេរីភាព​ផង ប្រទេស​កម្ពុជា បាន​ស្គាល់​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ផង ហើយ​កម្មករ​បាន​រក្សា​ការងារ ឆ្នាំងបាយ​កម្មករ​ផង​។ តែ​បើ​នៅតែ​បណ្ដោយ​ឱ្យ ហ៊ុន សែន ធ្វើ​អ្វី​តាម​ចិត្ត យើង សេរីភាព​យើង​ក៏​អត់ កម្មករ​ក៏​បាត់បង់​ការងារ ហើយ​យើង​ក៏​ទទួល​ការ​លំបាក​ធ្ងន់ធ្ងរ​ក្នុង​ជីវភាព​រស់នៅ​របស់​យើង​។ គេ​មក​វ៉ៃ​ឆ្នាំងបាយ​ប៉ុណ្ណឹង​ហើយ យើង​ត្រូវតែ​ងើប​តតាំង​ប្រឆាំង ពួក​ដែល​បំផ្លាញ​ជីវភាព​របស់​យើង គឺ ហ៊ុន សែន​នេះ​តែម្ដង»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី

ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់អំណាច ថា មិនមែន​របប​ក្រុងភ្នំពេញ​ទេ ជា​អ្នក​វាយ​ឆ្នាំង​បាយ​កម្មករ​។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​កាន់អំណាច​លោក ស ខេង ដែល​គាំទ្រ​វិធានការ​បង្ក្រាប​ពលរដ្ឋ​តវ៉ា​រឿង​សិទ្ធិ​សេរីភាព​នេះ បាន​ចោទ​ប្រកាន់​ថា ក្រុម​គណបក្ស​ប្រឆាំង​ទៅវិញ​ទេ ដែល​ជា​នាំអាទិ៍​ធ្វើ​ឱ្យ​បាត់ EBA ដែល​ត្រូវ​ថ្កោលទោស និង​បង្ក្រាប៖ «ទាក់ទង​នឹង​បញ្ហា EBA នោះ​គឺ​ការប៉ុនប៉ង​របស់​អ្នកនយោបាយ ដែល​យើង​ចាត់ទុកថា​អគតិ មិន​បាន​គិត​ផលប្រយោជន៍​ប្រជាជន​ជាធំ ដើរ​ឆ្កឹះឆ្កៀល​បំផុស​ចលនា​ខាងក្រៅ ក៏ដូចជា​ខាងក្នុង​មួយ​ចំនួន ដើម្បី​ធ្វើ​យ៉ាងម៉េច​រាំង​ខ្ទប់​បញ្ហា​នេះ ដោយ​យើង​លើក​យក​ហេតុផល​នេះ ហេតុផល​នោះ មក​សម្អាង​។ នេះ​ក៏​ជា​សកម្មភាព​មួយ ដែល​យើង​ចាត់ទុកថា វា​មិនមែន​បម្រើ​ផលប្រយោជន៍​ជាតិ​តែ គឺ​បម្រើ​ផលប្រយោជន៍​ក្រុម និង​បុគ្គល»

លោក ស ខេង ដែល​ផ្ទុយ​ពី​លោក ហ៊ុន សែន ទទួលស្គាល់​ពី​សារសំខាន់ នៃ​ការ​អនុគ្រោះ​ពន្ធ​នេះ ហើយ​ថា នរណា​ធ្វើ​ឱ្យ​បាត់​ការ​អនុគ្រោះ​ពន្ធ គឺ​ក្បត់​ឆន្ទៈ​រាស្ត្រ៖ «ការ​ប៉ុនប៉ង ដើម្បី​បំផ្លាញ​ការ​អនុគ្រោះ​ពន្ធ EBA គឺជា​សកម្មភាព​ដែល​ផ្ទុយ​ពី​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ដែល​ផ្ទុយ​ពី​គោល​បំណង​ដ៏​ទទូច របស់​ប្រជាពលរដ្ឋ»

ទោះបីជា​មន្ត្រី​របប​ក្រុងភ្នំពេញ ទំនងជា​ព្យាយាម​ទម្លាក់កំហុស​គ្រប់យ៉ាង ទៅលើ​គណបក្ស​ប្រឆាំង ដែល​មន្ត្រី​ទាំងនេះ ចោទ​ថា ជា​អ្នកធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​ការបាត់បង់​ការ​អនុគ្រោះ​ពន្ធ​ក្តី ក៏​មជ្ឈដ្ឋាន​ទូទៅ យល់​ឃើញ​ថា ដើមចម​នៃ​ការព្រមាន​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ គឺ​មកពី​របប​ក្រុងភ្នំពេញ​ខ្លួនឯង ដែល​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ក្រោយ​ធ្វើ​ច្បាប់ ដើម្បី​រម្លាយ​គណបក្ស​សង្គ្រោះជាតិ និង​ធ្វើទុក្ខបុកម្នេញ​ប្រធាន​គណបក្សប្រឆាំង និង​បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ព្រមទាំង​ធ្វើ​ច្បាប់​សហជីព និង​ច្បាប់​អង្គការ រឹតត្បិត​សិទ្ធិ​សេរីភាព​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ជាដើម នោះ​ឯង។

កញ្ញា លី ស្រីស្រស់ ថា​សហគមន៍​អន្តរជាតិ បាន​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ជុំ​ទិស ដោយសារតែ​ការ​ដើរ​ចាក​ឆ្ងាយ​ចេញពី​គោលការណ៍​ប្រជាធិបតេយ្យ​។ ការ​ដើរ​ចាក​ឆ្ងាយ​នេះ មិន​ត្រឹមតែ​ប៉ះពាល់ ដល់​ប្រជាប្រិយភាព​គណបក្ស​កាន់អំណាច​ខ្លួនឯង​ទេ ថែមទាំង​ប៉ះពាល់​ដល់​មុខមាត់​ជាតិ និង​ផលប្រយោជន៍​ជាតិ​ទាំងមូល​ទៀត​ផង៖ «សួរ​ថា​ការសម្រេច​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ហ្នឹង គឺ​ដោយសារ​អ្វី​? គឺ​មិន​ដោយសារ​ការអនុវត្ត​ខុស​គន្លង​ប្រជាធិបតេយ្យ មានការ​រម្លាយ​គណបក្ស​ប្រឆាំង​ជាដើម​ហ្នឹង​ទេ​អ្ហ៊ៃ​? ហ្នឹង​ជា​ចំណុច​មួយ ជា​ចំណុច​សំខាន់ ដែល​ការ​ដើរ​ខុស​ពី​គន្លង​ប្រជាធិបតេយ្យ គឺ​វា​ផ្ដល់​ផល​បែប​ហ្នឹង»

ចំណែក​ឯ​មន្ត្រី​សិទ្ធិមនុស្ស​វិញ យល់​ឃើញ​ថា ការបញ្ឈប់​វោហារ​សាស្ត្រ ឬ​សារ​គំរាម​ប្រើ​អំពើ​ហិង្សា ឬ​ការ​បង្ក្រាប​ទៅលើ​ពលរដ្ឋ​ស៊ីវិល និង​កែទម្រង់​បញ្ហា​លំហ​សេរីភាព និង​ប្រជាធិបតេយ្យ គឺជា​រឿង​ចាំបាច់ ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​។ អ្នក​សម្របសម្រួល​គម្រោង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក ហ៊ុន ស៊ាងហាក់ ថា​សារ​ផ្សេងៗ ដែល​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ គឺជា​សារ​មួយ​មិនល្អ ដែល​បង្អាក់​ការអនុវត្ត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី ក្នុង​សង្គម​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

«ពាក់ម៉ាស់ការពារមេរោគកូរ៉ូណា ប្រឆាំងរបបផ្តាច់ការដោយការសំដែងមតិ»

Feb 02, 2020 01:17 AM

គេហទំព័រ​ទាំងមូល