អ្នកឃ្លាំមើលកម្ពុជារិះគន់ការដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សង់ពហុកីឡាដ្ឋានដាក់ឈ្មោះខ្លួនឯងថា ជាការខ្ជះខ្ជាយថវិកា ដែលមិនសមស្របជាប្រទេសក្រីក្រ។ ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលនេះ ក្រោយពេលលោក ហ៊ុន សែន បានចំណាយថវិកាចំនួន១៥០លានដុល្លារអាមេរិក សង់ពហុកីឡាដ្ឋានជាតិមរតកតេជោ ហើយធ្វើពិធីទទួលពីប្រមុខការទូតរបស់ចិននៅថ្ងៃទី១២ ខែកញ្ញា។
អ្នកឃ្លាំមើលកម្ពុជា និងមន្ត្រីគណបក្សប្រឆាំងរិះគន់ថា មេដឹកនាំរបបក្រុងភ្នំពេញមិនបានគិតគូរពីសេចក្ដីសុខ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនោះទេ ទើបលោកបានចំណាយប្រាក់មហាសាលក្នុងការសាងសង់ពហុកីឡាដ្ឋានដាក់ឈ្មោះខ្លួនឯងបែបនេះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យកម្ពុជា ដែលកំពុងរស់នៅប្រទេសណ័រវេស(Norway)លោក ម៉ែន ណាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៣ ខែកញ្ញាថា កម្ពុជាជាប្រទេសក្រីក្រ ដែលមានប្រជាពលរដ្ឋរាប់លាននាក់ធ្វើចំណាកស្រុកបែបនេះ លោកហ៊ុន សែន មិនគួរសាងសង់ពហុកីឡាដ្ឋានតម្លៃ១៥០លានដុល្លារនោះទេ ព្រោះមិនសូវមានសារៈសំខាន់ចំពោះពលរដ្ឋដែលកំពុងតែអត់ឃ្លានឡើយ។ លោកបញ្ជាក់ទៀតថា ក្នុងស្ថានភាពបែបនេះលោក ហ៊ុន សែន គួរតែយកប្រាក់ទាំងនោះទៅអភិវឌ្ឍន៍ផ្លូវថ្នល់ មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ និងរកទីផ្សារលក់កសិផលដល់កសិករប្រសើជាង៖ «មោទនភាពខ្លួនគាត់វាមួយទៅ ហើយមោទនភាពគ្រួសារគាត់ ព្រោះគ្រួសារគាត់ អារឿងស្តាតហ្នឹង អារឿងដីព្រលានយន្តហោះនៅស្រុកកណ្ដាលស្ទឹងអីហ្នឹង សុទ្ធតែមានជំពាក់ជំពិនជាមួយកូនស្រីរបស់គាត់ទាំងអស់គឺ លោកស្រី ហ៊ុន ម៉ាណា។ កូនស្រីរបស់គាត់ហ្នឹងឱ្យឈ្មោះអ្នកនេះអ្នកនោះ ពុង ឃាវសែ អីអ្នកនោះអីឈរជំនួស ហើយគាត់នៅពីក្រោយខ្នង។ ដូច្នេះរឿងអស់នេះវាពាក់ព័ន្ធទៅហ្នឹងផលប្រយោជន៍ទៅហ្នឹងគ្រួសារហ៊ុន។ ដូច្នេះបើសិនជាលោកហ៊ុន សែនជាមេដឹកនាំដែលគិតអំពីប្រយោជន៍ជាតិអារឿងស្តាតជាង១០០លានអីនេះ វាមិនគួរសមនឹងយើងធ្វើទេ យើងយកអភិវឌ្ឍន៍ផ្លូវផ្សេងដើម្បីជួយរំដោះភាពក្រីក្ររបស់ពលរដ្ឋវិញ»។
ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលនេះ ធ្វើឡើងក្រោយពេលលោក ហ៊ុន សែន ធ្វើពិធីទទួលពហុកីឡាដ្ឋានជាតិមរតកតេជោពីរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី(WANG YI) នៅថ្ងៃទី១២ ខែកញ្ញាថា លោកគ្មានកំហុសអ្វីនោះទេ ក្នុងការដែលលោកទំនាក់ទំនងជាមួយចិន ដោយទទួលបានសំណង់ដ៏ធំនេះ។ មេដឹកនាំរបបឯកបក្សបន្ថែមថា ពហុកីឡាដ្ឋាននេះជាមោទនភាពជាតិមហាសាល ក្រោមការដឹកនាំរបស់លោកទៀតផង៖ «នេះគ្រាន់តែជាការទទួលផលដើមរដូវនៃចំណងមិត្តភាពដែកថែប ដែលប្រធានាធិបតី ស៊ីជិន ភីង បានប្រសិទ្ធិនាមឡើង។ ហេតុអ្វីបានជាខ្ញុំត្រូវនិយាយថា វាជាការទទួលផលដើមរដូវ យើងមិនមែនទាក់ទងជាមួយចិន ត្រឹមតែថ្ងៃនេះ ឬថ្ងៃស្អែកបន្ទាប់ពីទទួលស្តាតនេះរួចហើយនោះទេ យើងត្រូវធ្វើជាមួយមិត្តចិនច្រើនឆ្នាំតទៅទៀត»។
លោកហ៊ុន សែន អះអាងថា ពហុកីឡាដ្ឋាននេះចំណាយថវិកាសាងសង់សរុប១៥០ដុល្លារអាមេរិក ដែលជាជំនួយរបស់ចិន ក៏ប៉ុន្តែសាធារណមតិមួយចំនួន នៅតែមានមន្ទិលជុំវិញតម្លាភាពនៃជំនួយនេះ។ សំណង់មួយនេះសាងសង់រយៈពេលជាង៧ឆ្នាំដោយមានអ្នកជំនាញការរបស់ចិន២០០នាក់ និងកម្មករខ្មែរចំនួន៥០០នាក់បានបិទបញ្ចប់ការសាងសង់កាលពីថ្ងៃទី៣១ ខែសីហា។
ទោះជាយ៉ាងណា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន មើលឃើញថា ការដែលលោក ហ៊ុន សែន សាងសង់ពហុកីឡាដ្ឋានជាតិដាក់ឈ្មោះខ្លួនឯងបែបនេះ ជាការខ្ជះខ្ជាយថវិកា ដើម្បីបម្រើផលប្រយោជន៍របស់លោក ហ៊ុន សែន និងចិន។ លោកបន្តថា ទាំងប្រាក់ជំនួយនិងប្រាក់កម្ចីរបស់ចិន គឺជាអន្ទាក់ដើម្បីបម្រើនយោបាយរបស់ចិន៖ «ខ្ញុំយល់ថា ការសាងសង់វាមិនមានតម្លាភាពអាចមានអំពើពុករលួយ ដែលយើងខ្ចីលុយពីគេហើយ ត្រូវមន្ត្រីរបស់លោកហ៊ុន សែន ហ្នឹងស៊ីទៅលើអាកម្ចីហ្នឹងទៀត អាហ្នឹងវាធ្វើឱ្យប្រជាពលរដ្ឋហ្នឹងកាន់ក្រទៅៗ ព្រោះយើង ជំពាក់លុយគេកាន់តែច្រើន ហើយយើងប្រទេសក្រីក្រអីចឹងផង ហើយយើងចំណាយខ្ជះខ្ជាយអត់ចំអ្វីដែលជាគោលដៅដែលត្រូវអភិវឌ្ឍន៍ផងអាហ្នឹងវាធ្វើឱ្យប្រទេសយើង ប្រជាពលរដ្ឋកាន់តែក្រ បំណុលកាន់តែច្រើន ហើយប្រជាពលរដ្ឋត្រូវសងបំណុលជំនួសលោក ហ៊ុន សែន កាន់តែច្រើនឡើងៗ»។
សង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង សង្កេតឃើញថា ចិនពង្រីកទំនាក់ទំនងស្អិតល្មួតជាមួយកម្ពុជា ក៏ដើម្បីទាញយកផលប្រយោជន៍ពីកម្ពុជា ពង្រីកឥទ្ធិពលរបស់ខ្លួននៅកម្ពុជា និងនៅក្នុងតំបន់។ ពួកលោកព្រួយបារម្ភថា ការពឹងផ្អែកលើកម្ចីឥណទានចិននេះ កម្ពុជាប្រឈមនឹងហានិភ័យខ្ពស់នៃការជាប់អន្ទាក់បំណុល។បន្ថែមពីនេះជំនួយនិងការវិនិយោគចិននៅកម្ពុជាខ្វះតម្លាភាព និងគណនេយ្យភាព ដែលជាការរួមចំណែកដល់ការរីករាលដាលនៃអំពើពុករលួយ។ ចំណែករឿងលើកកម្ពស់សិទ្ធិមនុស្ស ស្ដារប្រជាធិបតេយ្យ និងភាពហិនហោចនៃធនធានធម្មជាតិវិញ ចិនពុំបានខ្វាយខ្វល់ទាល់តែសោះ។
របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីឆ្នាំ២០២០បង្ហាញថា កម្ពុជាជំពាក់ចិនដល់ទៅជិត ៤ពាន់លានដុល្លារ (៣.៧០០) ឬស្មើនឹងជិត ៤៧ ភាគរយនៃទំហំបំណុលសរុបដែលកម្ពុជាជំពាក់បរទេស។ លុយដែលខ្ចីពីចិនភាគច្រើនផ្ដោតលើការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។