អ្នកឃ្លាំមើល​ថា លោក ហ៊ុន សែន កំពុង​យក​ករណី​ដ្រូន​នៅ​ព្រំដែន​ធ្វើ​នយោបាយ​ប្រជាភិថុតិ

ដោយ សេក បណ្ឌិត
2023.06.30
អ្នកឃ្លាំមើល​ថា លោក ហ៊ុន សែន កំពុង​យក​ករណី​ដ្រូន​នៅ​ព្រំដែន​ធ្វើ​នយោបាយ​ប្រជាភិថុតិ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពេលជួបកម្មកររោងចក្រ នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាលពីថ្ងៃទី២៥ មិថុនា ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ស្របពេល​ការ​បោះឆ្នោត​ជាតិ​កាន់តែ​ខិត​ជិត​មក​ដល់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ហាក់​កាន់តែ​ព្រួយបារម្ភ​ខ្លាច​ប្រជាពលរដ្ឋ​មិន​បោះឆ្នោត​ជូន​គណបក្ស​របស់​លោក​នៅពេល​ខាងមុខ​ដែរ។ អ្នកឃ្លាំមើល​លើកឡើង​ថា ការ​ដែល​មេដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស​ថ្លែង​ម្ដង​ហើយ​ម្ដងទៀត​អំពី​ការ​បញ្ជា​កងទ័ព​រាប់​រយ​នាក់​ឱ្យ​ទៅ​រង់ចាំ​បាញ់​កម្ទេច​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ហៅថា​ដ្រូន​នៅ​តំបន់​ព្រំដែន​កម្ពុជា​ប្រទេស​វៀតណាម​ថា ជា​ការ​សម្ដែង​ដើម្បី​កេង​ចំណេញ​នយោបាយ​ពី​ប្រជាពលរដ្ឋ​នៅមុន​បោះឆ្នោត​តែប៉ុណ្ណោះ។

អ្នកឃ្លាំមើល​លើកឡើង​ថា បើ​ទោះបី​ជា​ការ​បោះឆ្នោត​ជាតិ​ខាងមុខនេះ​អវត្តមាន​គណបក្សប្រឆាំង​ចូលរួម​ប្រកួតប្រជែង​ក៏ដោយ ក៏​លោក ហ៊ុន សែន នៅតែ​ព្រួយបារម្ភ​ខ្លាច​ពលរដ្ឋ​មិន​បោះឆ្នោត​ជូន​គណបក្ស​របស់​លោក​ដដែល​។ ពួកគេ​យល់ឃើញ​ថា បញ្ហា​ទាំង​នេះ​ហើយ​បានជា​មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ ប្រើ​ល្បែង​នយោបាយ​ដដែលៗ ដោយ​បញ្ចេញ​កងទ័ព​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៅ​ព្រំដែន​កម្ពុជា​វៀតណាម ដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ មាន​ប្រសាសន៍​ថា លោក​មិន​ជឿ​ថា មាន​ដ្រូន​(Drone)​ហោះហើរ​ចូល​ទឹកដី​កម្ពុជា​នៅ​តំបន់​ព្រំដែន​ជាប់​ប្រទេស​វៀតណាម​នោះ​ទេ​។ លោក​ចាត់ទុក​ការដែល​លោក ហ៊ុន សែន បញ្ជូន​កងទ័ព​ជាច្រើន​នាក់​ប្រដាប់​ដោយ​អាវុធ​ទំនើបៗ​រង់ចាំ​បាញ់​កម្ទេច​ដ្រូន​នៅ​តំបន់​ព្រំដែន​នោះ ថា ជា​សារ​នយោបាយ​ប្រជាភិថុតិ​ដើម្បី​បំភិតបំភ័យ​ដល់​ពលរដ្ឋ​ឱ្យទៅ​បោះឆ្នោត​ជូន​គណបក្សកាន់អំណាច​តែប៉ុណ្ណោះ។

លោក គឹម សុខ៖ «អ្វី​ដែល​លោក ហ៊ុន សែន បារម្ភ​គឺ​សន្លឹកឆ្នោត​គូស​ខ្វែង​ចោល​ច្រើន​លាន​សន្លឹក​ពេក​ធ្វើ​ឱ្យ​គាត់​អាម៉ាស់។ វា​ទៅជា​ការបោះឆ្នោត​មួយ​ដែល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកួត​ជាមួយនឹង​ប្រជាពលរដ្ឋ​ដែល​ខ្វែង​សន្លឹកឆ្នោត​ចោល មាន​ន័យ​ថា ប្រកួត​នឹង​គណបក្ស​ដែល​មិន​បាន​ចូលរួម​បោះឆ្នោត»

ប្រតិកម្ម​របស់​អ្នកវិភាគ​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​លើកឡើង​ម្ដង​ហើយ​ម្ដងទៀត​អំពី​បញ្ហា​ដ្រូន​ហោះហើរ​ចូល​ទឹក​ដី​កម្ពុជា។ អតីត​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ​មានប្រសាសន៍​ក្នុង​ពិធី​ចុះ​ជួប​កម្មករ​រោងចក្រ​ជិត​២​ម៉ឺន​នាក់​នៅ​ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា ថា យប់មិញ​នេះ​លោក​មិនសូវ​បាន​ដេក​នោះ​ទេ ព្រោះ​រវល់​រង់ចាំ​ក្ដាប់​សភាពការណ៍​កងទ័ព​នៅ​តំបន់​ព្រំដែន បាញ់​កម្ទេច​ដ្រូន។ លោក ហ៊ុន សែន ថែមទាំង​អួតអាង​ទៀត​ថា លោក​មិន​អនុញ្ញាត​ឱ្យ​អ្នកណា​ឈ្លានពាន​ទឹកដី​កម្ពុជា​បាន​ឡើយ។

លោក ហ៊ុន សែន៖ «ក្រសួងការបរទេស​ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​ហើយ​ដែរ ហើយ​ខ្ញុំ​ក៏បាន​ពិភាក្សា​ជាមួយ​ឯកឧត្ដម ប្រាក់ សុខុន ថា បើសិនជា​បន្ត​ទៅ​ទៀត​យើង​ធ្វើ​លិខិត​ជូន​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​តែម្ដង។ ឥឡូវ​ក្រសួង​ការបរទេស​ចេញ​លិខិត​មួយ​តង់ បើសិន​មក​ទៀត​យើង​ស្នើសុំ​ទៅ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​ឱ្យ​ក្នុង​ផ្នែក​ណាមួយ​ជួយ​ពិនិត្យមើល​រដ្ឋ​អធិបតេយ្យ​មួយ​ត្រូវ​គេ​បង្ហោះ​ដ្រូន​ដោយ​គ្មាន​អត្តសញ្ញាណ​ចូល​មក​ក្នុង​ស្រុក​យើង តើ​ជា​អំពើ​ភេរវកម្ម​ទេ។ ហើយ​យើង​ក៏​គួរតែ​សរសេរ​ទៅ​កាន់​ប្រធាន​អាស៊ាន​ផង​ដែរ ដើម្បី​ថា ប្រទេស​យើង​ត្រូវ​ញាំញី​ទៅ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ដោយ​មិនដឹង​អត្តសញ្ញាណ»

បើ​ទោះ​បី​ជា​លោក ហ៊ុន សែន ហាក់​ខំប្រឹង​អួត​ថា លោក​ការពារ​ជាតិ​បែបនេះ​ក្ដី ក៏​អំឡុង​ពេល​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ មាន​កងទ័ព​វៀតណាម​ជាច្រើន​នាក់​បាន​មក​បោះឆ្នោត​ចូល​មក​បោះតង់​នៅ​តំបន់​ព្រំដែន​ដែល​មិនទាន់​ឯកភាព​គ្នា​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល តែ​លោក ហ៊ុន សែន មិន​បាន​បញ្ចេញ​កងទ័ព​ទៅ​តតាំង​ជាមួយ​បរទេស​ដូច​ពេល​នេះ​ឡើយ។

នេះ​ជា​លើក​ទី​៣​ហើយ ដែល​លោក ហ៊ុន សែន លើក​យក​បញ្ហា​ដ្រូន​នៅ​តំបន់​ព្រំដែន​កម្ពុជា វៀតណាម ប្រកាស​ក្នុង​វេទិកា​សាធារណៈ​ដែល​មាន​កម្មករ​រាប់​ម៉ឺន​នាក់​ចូលរួម​ស្ដាប់។ កាល​ពី​ថ្ងៃទី​២៧ និង​ថ្ងៃទី​២៨ មិថុនា លោក ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​បញ្ជូន​កងទ័ព​រាប់​រយ​នាក់ និង​អាវុធ​ទំនើបៗ​ជាច្រើន​ដើម ទៅ​ដេក​រង់ចាំ​បាញ់​ទម្លាក់​ដ្រូន​នៅ​តំបន់​ព្រំដែន​វៀតណាម​ដែរ។

ទោះជា​យ៉ាងណា ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត យល់​ឃើញ​ថា សកម្មភាព​របស់​លោក ហ៊ុន សែន ជា​បន្តបន្ទាប់​មក​នេះ ជា​ការ​កេង​ចំណេញ​នយោបាយ ពី​ប្រជាពលរដ្ឋ ដោយសារ​ព្រួយបារម្ភ​ខ្លាច​ពលរដ្ឋ មិន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បញ្ជាក់​ថា បើ​ទោះ​បី​ជា​ការបោះឆ្នោត​ខាងមុខនេះ​អវត្តមាន​គណបក្សប្រឆាំង​ចូលរួម​ប្រកួតប្រជែង​ក៏ដោយ​ក៏​ជា​ការ​ព្រួយបារម្ភ​របស់​លោក ហ៊ុន សែន ដែរ ដោយសារ​លោក​ខ្លាច​ពលរដ្ឋ​ទៅ​គូស​សន្លឹកឆ្នោត​ខ្វែង​ចោល​តាម​ការ​អំពាវនាវ​នាម​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី។

លោក ម៉ែន ណាត៖ «ចំណុច​សំខាន់​ជាងគេ​នឹង​គឺ​គ្មាន​អី​ច្រើន​ទេ គាត់​បំភ័យ​ប្រជាពលរដ្ឋ​ហ្នឹង​។ ហើយ​ប្រជាពលរដ្ឋ​ត្រូវតែ​ទៅ​បោះឆ្នោត​ហើយ កុំ​គូស​ខ្វែង​ចោល​ដូច​ដែល​ក្រុម​គណបក្សប្រឆាំង​អំពាវនាវ​ធ្វើ​យុទ្ធនាការ​ហ្នឹង។ បើ​មិន​អ៊ីចឹង​ប្រយ័ត្ន​មាន​សង្គ្រាម​ប្រយ័ត្ន​មាន​អី គាត់​បំភ័យ​តែ​អីចឹង ហើយ​គំនិត​នឹង​គឺជា​គំនិត​ទុច្ចរិត ហើយ​គាត់​ធ្វើ​យ៉ាងម៉េច ឱ្យ​តែ​បានជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ដល់​គាត់​និង​ក្រុម​គ្រួសារ​គាត់​តែ​ប៉ុណ្ណឹង​ទេ»

នេះ​មិនមែន​ជា​លើកទីមួយ​ទេ​ដែល​មេដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស​រូប​នេះ បាន​ប្រើ​កម្លាំង​កងទ័ព​កំញើញ​ដល់​ពលរដ្ឋ​នៅមុន​ការ​បោះឆ្នោត​ជាតិ​នោះ។ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៧ ពោល​គឺ​នៅមុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​លោក ហ៊ុន សែន ក៏បាន​បញ្ជូន​កងទ័ព​រាប់​រយ​នាក់​ព្រមទាំង​អាវុធ​ទំនើបៗ​ជាច្រើន​ដើម​ទៅ​ព្រំដែន​ឡាវ (Lao)។ កាល​នោះ​លោក ហ៊ុន សែន អះអាង​ថា ទាហាន​ឡាវ បាន​ចូលក្នុង​ទឹកដី​ខេត្ត​ស្ទឹងត្រែង។

ចំណែក​នៅមុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១៣​វិញ លោក ហ៊ុន សែន ក៏បាន​ប្រើប្រាស់​បញ្ហា​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ ស្ដីពី​ប្រាសាទព្រះវិហារ យ៉ាង​មាន​ប្រសិទ្ធភាព​ដែរ ដែល​អ្នកវិភាគ​មើល​ឃើញ​ថា បញ្ហា​ទាំងនេះ​សុទ្ធសឹងតែ​ជា​ការ​សម្ដែង​របស់​ហ៊ុន សែន ដើម្បី​កេង​ចំណេញ​នយោបាយ។

លោក ហ៊ុន សែន ត្រូវ​បាន​លើក​បន្តុប​ដោយ​រដ្ឋាភិបាល​វៀតណាម ដូច្នេះ​អ្នកឃ្លាំមើល វាយតម្លៃ​ថា លោក ហ៊ុន សែន មិន​ហ៊ាន​ប្រឈម​ជាមួយ​វៀតណាម​នោះ​ឡើយ។ ដូច្នេះ​អ្វី​ដែល​លោក ហ៊ុន សែន បញ្ជូន​ទ័ព​ទៅ​តំបន់​ព្រំដែន​ជាប់​ប្រទេស​វៀតណាម​នេះ ទំនង​ជា​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​វៀតណាម​រួច​ជាមុន​ទៅ​ហើយ។ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ក៏បាន​នាំគ្នា​រិះគន់ និង​ចំអកឡកឡឺយ​ព្រោងព្រាត​ចំពោះ​ករណីនេះ ដែរ ប្រហែលជា​ពួកគេ បាន​ដឹង​ថា លោក ហ៊ុន សែន កំពុង​លេងល្បែង​នយោបាយ​បោកប្រាស់​នៅ​មុន​ការ​បោះឆ្នោត​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន ធ្វើ​​ទស្សនកិច្ច​នៅ​ឡាវ ដើម្បី​រឹត​ចំណង​មិត្តភាព និង​ពង្រឹង​អំណាច​រវាង​បក្ស​នៃ​ប្រទេស​ទាំង​ពីរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។