មហាអំណាចកុម្មុយនីស្តចិន ប្រកាសគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយវិបត្តិផ្ទៃក្នុងប្រទេសភូមា ឬមីយ៉ាន់ម៉ា (Myanmar)។ ក្រុមអ្នកឃ្លាំមើលយល់ថា នេះមិនមែនជារឿងល្អសម្រាប់កម្ពុជាទេ ខណៈដែលពួកគេព្រួយបារម្ភថា ចិនកំពុងលើកទឹកចិត្ត និងរុញច្រានឲ្យកម្ពុជាបំបែកសាមគ្គីភាពរបស់អាស៊ាន។
ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រឡប់ពីទស្សនកិច្ចប្រទេសភូមា មកដល់ពេលនេះមានតែចិនកុម្មុយនីស្តមួយគត់ដែលបានប្រកាសជាផ្លូវការថាខ្លួនគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងសកម្មភាពឯកតោភាគី ដែលបានទៅដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុងប្រទេសមីយ៉ាន់ម៉ា។
អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយលោក វណ្ណ ប៊ុនណា សង្កេតឃើញថា ការប្រកាសគាំទ្ររបស់ចិនលើកនេះ នឹងធ្វើឲ្យសហគមន៍អាស៊ាន និងអន្តរជាតិ រិះគន់កម្ពុជាថែមទៀត ពីរឿងដំណើរទស្សនកិច្ចទៅទទួលស្គាល់របបសឹកនៅភូមា។
លោក វណ្ណ ប៊ុនណា បន្តថា កម្ពុជាគួរដើរតួនាទីត្រឹមជាអ្នកសម្របសម្រួល ដែលបង្កលក្ខណៈឲ្យមានកិច្ចចរចាពីគ្រប់ភាគីនៅមីយ៉ាន់ម៉ាបានហើយ ដោយមិនគួរដើរជាអ្នកស្វែងរកដំណោះស្រាយ ឬក៏ជាអ្នកដាក់លក្ខខណ្ឌ ចាប់បង្ខំឲ្យភាគីមីយ៉ាន់ម៉ាអនុវត្តនោះទេ៖ «បញ្ហានៅភូមា វាជាបរិបទមួយនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាមេរិកផងដែរ។ អ៊ីចឹងទេ ក្នុងន័យហ្នឹង ពួកយោធាមីយ៉ាន់ម៉ា ចង់ឬមិនចង់ដើម្បីគេចចេញពីទណ្ឌកម្មរបស់ពួកលោកខាងលិច អ៊ីចឹងយោធាព្យាយាមធ្វើឲ្យខ្លួនហ្នឹងស្និទ្ធស្នាលជាមួយចិន ក្នុងការគាំទ្រគោលនយោបាយខ្លួន។ អ៊ីចឹងទេ បើកម្ពុជាចូលរួមក្នុងដំណោះស្រាយនៃវិបត្តិនៅភូមាហ្នឹង ចូលកាន់តែជ្រៅធ្វើឲ្យកម្ពុជាហ្នឹងត្រូវបានគេមើលឃើញថា ជាកូនឧក (អុក) របស់ចិនផងដែរ នៅក្នុងវិបត្តិភូមាហ្នឹង»។
ក្រសួងការបរទេសចិន បានបង្ហាញលទ្ធផលសន្និសីទកាសែតកាលពីថ្ងៃទី១០ ខែមករា ដោយប្រកាសជំហរគាំទ្រកម្ពុជាក្នុងការរកដំណោះស្រាយវិបត្តិផ្ទៃក្នុងប្រទេសមីយ៉ាន់ម៉ា។ អ្នកនាំពាក្យការបរទេសចិនលោក វ៉ាង វិនប៊ីន (Wang Wenbin) លើកឡើងក្នុងសន្និសីទសារព័ត៌មាននោះថា ប្រទេសចិន នឹងគាំទ្រពេញទំហឹងដល់កម្ពុជា ដែលជាប្រធានប្តូរវេនអាស៊ានក្នុងការដើរតួនាទីយ៉ាងសកម្មក្នុងដំណាក់កាលដំបូងដោះស្រាយជម្លោះគ្រប់ភាគីក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈការសន្ទនានយោបាយ និងការស្តារស្ថិរភាពមីយ៉ាន់ម៉ាឡើងវិញ។
ជុំវិញករណីនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានទេ នៅថ្ងៃទី១១ ខែមករា។ តែយ៉ាងណា កាលពីថ្ងៃទី១០ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបញ្ជាក់ជាថ្មីការពារដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅប្រទេសភូមាថា ជារឿងប្រសើរ និងទទួលបានលទ្ធផលច្រើនចំណុច ពិសេសគឺការអន្តរាគមន៍ឲ្យមានការឈប់បាញ់គ្នា។
ប៉ុន្តែផ្ទុយពីការលើកឡើងរបស់លោក ហ៊ុន សែន ទាំងស្រុង របបសឹកភូមាបានបើកការវាយប្រហារ និងប្រើឧទ្ធម្ភាគចក្របាញ់គ្រាប់មីស៊ីលទៅលើក្រុងឡយក (Loikaw) រដ្ឋកាយ៉ា (Kayah) ដោយបញ្ជាក់ហេតុផលថា មានកងទ័ពតស៊ូប្រឆាំងរបបសឹក (KNDF) កំពុងលាក់ខ្លួននៅទីនោះ។ ការវាយប្រហារតាមផ្លូវអាកាសនេះ កើតឡើងតាំងពីម៉ោង ២រសៀល ដល់ម៉ោង ៧យប់ថ្ងៃទី៩ ខែមករា ដែលផ្ទុយពីសេចក្តីថ្លែងការណ៍រួមរវាងលោក ហ៊ុន សែន និងមេដឹកនាំរបបសឹកលោក មីន អ៊ុងលាំង (Min Aung Hlaing) ទាំងស្រុង។
មន្ត្រីបក្សប្រឆាំងថា លោក ហ៊ុន សែន និងមេដឹកនាំរដ្ឋប្រហារភូមា ដើរតាមខ្សែញាក់របស់ចិនដូចគ្នា ក្នុងទិសដៅពង្រឹងឥទ្ធិពលកុម្មុយនីស្តនៅអាស៊ីអាគ្នេយ៍ឡើងវិញ។ អតីតអ្នកតំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិលោក ងឹម ញ៉េង អះអាងថា លោក ហ៊ុន សែន កំពុងលេងល្បែងភ្ជាប់ខ្លួនឯង ទៅនឹងរបបសឹកនៅភូមា ហើយលោកក៏ដើរបញ្ចុះបញ្ចូលអន្តរជាតិឲ្យទទួលស្គាល់តាមលោកផងដែរ។
អតីតតំណាងរាស្ត្ររូបនេះ ព្រមានថា រដ្ឋាភិបាលឯកបក្សនឹងត្រូវជាប់ឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្រអាស៊ាន បើនៅតែហ៊ានបន្តដើរបញ្ច្រាស់ទិសតែឯង ហើយលូកកាន់តែជ្រៅទៅក្នុងជម្លោះផ្ទៃក្នុងប្រទេសមីយ៉ាន់ម៉ា តទៅទៀត៖ «គ្មានប្រទេសណាមួយ គេគាំទ្រការដណ្ដើមអំណាចដោយអំពើហិង្សាទេអត់មានទេគឺមានតែពួកផ្ដាច់ការដណ្ដើមអំណាចដោយហិង្សាដូចគ្នាទេ ដែលគាំទ្រគ្នា។ បើយើងនិយាយឲ្យចំ ឲ្យងាយស្ដាប់ថា ក្រុមជនទុច្ចរិតដែលបានអំណាចដោយទុច្ចរិត គេគាំទ្រគ្នាគេ»។
អាស៊ានបានដាក់លក្ខខណ្ឌគោលការណ៍ ៥ចំណុច ឲ្យរបបសឹកភូមាអនុវត្តទាំងស្រុង គឺត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ហើយគ្រប់ភាគីត្រូវបង្កើនការអត់ធ្មត់ ចាប់ផ្ដើមសន្ទនាគ្នាដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ដំណើរការរៀបចំកិច្ចសន្ទនាដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ច នៅប្រទេសភូមា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។
ប៉ុន្តែមេដឹកនាំរបបសឹកភូមាលោក មីន អ៊ុងលាំង (Min Aung Hlaing) មិនអនុវត្តទេ និងកំពុងប្រើប្រាស់ហិង្សាបាញ់បង្ក្រាបក្រុមអ្នកតវ៉ា ក្នុងនោះមានទាំងកុមារ និងការដុតសម្លាប់មនុស្សទាំងរស់ផងដែរ។ ក្រុមអង្គការសង្គមស៊ីវិល កំពុងដាក់ពាក្យប្ដឹងលោក មីន អ៊ុងលាំង ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយទទូចឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅទីក្រុងឡាអេ (Hague) ឱ្យបើកការស៊ើបអង្កេតជាបន្ទាន់។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ក៏កំពុងធ្វើយុទ្ធនាការទាមទារតុលាការអន្តរជាតិ កាត់ទោសមេរដ្ឋប្រហារដដែលនេះពីបទប្រល័យពូជសាសន៍ជនជាតិរ៉ូហ៊ីងយ៉ា (Rohingya) ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។