អ្នក​វិភាគថា​មន្ត្រី​បក្ស​ប្រឆាំង​​គួររួមគ្នា​​ទាម​ទារ​​ប្រជាធិបតេយ្យ​​ឡើងវិញ​ជាជាង​​ចេញ​ទៅ​បង្កើត​បក្ស​ថ្មី​

ដោយ សុជីវី
2021-03-21
Share
អ្នក​វិភាគថា​មន្ត្រី​បក្ស​ប្រឆាំង​​គួររួមគ្នា​​ទាម​ទារ​​ប្រជាធិបតេយ្យ​​ឡើងវិញ​ជាជាង​​ចេញ​ទៅ​បង្កើត​បក្ស​ថ្មី​ (ឆ្វេង) លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងលោកបណ្ឌិត ឡៅ ម៉ុងហៃ។
រូប៖ RFA

អ្នកវិភាគ​នយោបាយមួយចំនួនបញ្ចេញទស្សនៈថា ​ការបង្កើត​គណបក្ស​នយោបាយថ្មី​នៅក្នុង​ស្ថានភាព​ពេលនេះ​ មិនមាន​ផលប្រយោជន៍អ្វី​ជាដុំកំភួនឡើយ​ ពោលគឺគ្រាន់​ចូលរួម​លម្អ​សួន​ប្រជាធិបតេយ្យ​ក្លែងក្លាយ​ប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ​ចាស់​វស្សាមួយរូប​គឺលោកបណ្ឌិត ​ឡៅ ម៉ុងហៃ ​ថ្លែងថា អ្វីដែល​គណបក្សសង្គ្រោះជាតិគួរធ្វើ​នៅពេលនេះ​ គឺរួបរួមគ្នា​ទាមទារឲ្យ​រដ្ឋាភិបាលស្តារ​ប្រជា​ធិបតេយ្យ ​ការគោរពសិទ្ធិមនុស្ស​ និងរៀបចំ​ស្ថាប័ន​រៀបចំការ​បោះឆ្នោត​ឲ្យបានត្រឹម​ត្រូវ​និងឯករាជ្យ​ឡើងវិញ។ លោកទទួលស្គាល់ថា ​ការបង្កើតគណបក្ស​នយោបាយ គឺ​ជាសិទ្ធិរបស់បុគ្គលគ្រប់រូប​ ប៉ុន្តែលោកថា ​សង្គមសព្វថ្ងៃនេះ​ មិនទាន់​មាន​លក្ខណៈ​ងាយ​ស្រួល​សម្រាប់ឲ្យ​គណបក្សនយោបាយ​ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​ដោយ​សេរី​ និងយុត្តិធម៌បាននៅឡើយទេ៖ «វាបាត់បង់​នូវលំហប្រជាធិបតេយ្យ ​លំហសិទ្ធិមនុស្ស ​ហើយវាសុទ្ធតែ​ជាការខ្វះខាត​ហើយមិនជួយឲ្យ​មានការ​បោះឆ្នោតសេរី​ និងយុត្តិធម៌ទេ ​រួចប្រព័ន្ធគ្រប់គ្រងរដ្ឋ​យើងជា​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរីពហុបក្សធានា​សិទ្ធិមនុស្ស និងគោរពច្បាប់​ ដូច្នេះ​ជាដំបូងដៃ​គេត្រូវទាមទារ​អាហ្នឹងសិន ​ហើយរឿង​បង្កើតបក្ស ឬមិន​បង្កើតបក្ស​ជារឿង​បន្ទាប់សន្សំក្រោយទៅទេ»។

លោកបណ្ឌិត​ ឡៅ ម៉ុងហៃ ​បន្តថា​ ការបន្តកិច្ច​ខិតខំប្រឹងប្រែង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹងមិនអត់ប្រយោជន៍នោះទេ ​ព្រោះ​មក​ទល់​នឹង​ពេល​នេះ​ក្រុមប្រទេស​ប្រជាធិប​តេយ្យ​ធំៗ មាន​សហរដ្ឋ​អាមេរិក​ និងសហភាព​អឺរ៉ុបផង​ បានចាប់​ផ្ដើម​ចេញ​វិធាន​ការ​ជាក់​លាក់​ជា​បណ្ដើរៗ​ហើយ​ ក្នុង​ការ​ដាក់​គំនាប​ដល់​រដ្ឋាភិបាល​ អោយ​ស្ដារ​ស្ថាន​ការណ៍​ក្នុង​ប្រទេស​ឡើង​វិញ​។ អ្នកវិភាគចាស់វស្សារូបនេះ​​យល់ថា​ ប្រសិនបើ​រដ្ឋាភិបា​លមិនឆ្លើយតប​ជាវិជ្ជមានទេ ​នឹងទទួលរង​ការថ្កោលទោស ​និង​ការដាក់ទណ្ឌកម្ម​ជា​បន្តបន្ទាប់​ទៀត៖ «គេអាចដាក់​ទណ្ឌកម្ម ​និងថ្កោលទោស​ជាបន្តទៀត​ទៅ ហើយ​រដ្ឋាភិបាល​ដែលលេចចេញ​ពីការបោះឆ្នោត​អត់សេរី ​អត់យុត្តិធម៌នេះ អាហ្នឹងគឺ​គេថា​ ជារដ្ឋាភិបាល​ស្របច្បាប់​វាតិច»

គិត​ត្រឹម​ដើម​ឆ្នាំ​២០២១នេះ ក្នុង​ចំណោមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ​ ១១៨​នាក់ ដែល​ត្រូវ​តុលាការ​កំពូលហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ គឺមានចំនួន​​១៤​នាក់ បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ​ដោយសារ​មានការ​គាប់សង្កត់​ពីគណបក្សកាន់​អំណាច​ផង​ និង​អស់សង្ឃឹមថា ​គណបក្សសង្គ្រោះជាតិមិនអាច​រស់ឡើង​វិញផង។ ក្នុង​ចំណោ​ម​ទាំង ១៤នាក់​ មានអ្នកខ្លះ​ចុះចូល​ជាមួយគណបក្ស​កាន់អំណាច និងមួយ​ចំនួន​ទៀត​សម្រេចបង្កើតបក្សថ្មី​ដូចជា ​លោក រៀល ខេមរិន្ទ ​បង្កើត​គណបក្សខ្មែរអភិរក្ស​និយម។ លោក ជីវ កត្តា ​និង​លោក កង គឹមហាក់​ រួមគ្នា​បង្កើតគណបក្សខ្មែរ​ស្រលាញ់​ជាតិ ​ហើយ​លោក អ៊ូ ច័ន្ទរ័ត្ន ​បង្កើត​គណបក្ស​កែទម្រង់​កម្ពុជា។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយលោក ឯម សុវណ្ណារ៉ា មានទស្សនៈស្រដៀងលោកបណ្ឌិត ឡៅ ម៉ុងហៃ ដែរ។ លោកថា បើទោះបីជាពេលនេះមិនទាន់មានពន្លឺអ្វី​សម្រាប់​គណបក្សសង្គ្រោះជាតិ​រស់ឡើងវិញ​ក៏ដោយ ​ក៏អ្នកនយោបាយ​បក្សប្រឆាំងមិន​គួរអស់សង្ឃឹម ហើយទៅបង្កើតបក្សថ្មីទៀតនោះទេ ព្រោះយន្តការនៃការបង្កើត​បក្សថ្មីនេះ នឹងមិនទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិឡើយ៖ «យើងមើលការ​បោះឆ្នោត​ បន្ទាប់ពី​ការបោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ ​គឺការ​បោះឆ្នោតជាតិ​ឆ្នាំ២០១៨នេះ ​គឺមាន ១៩​ គណបក្ស​ ចូលរួម តែ​អត់​ទទួល​បានសំឡេងទេ​ អាហ្នឹងសបញ្ជាក់ពីការមិនឲ្យតម្លៃនិងការគាំទ្ររបស់​ប្រជាព​លរដ្ឋ។ ចំណែកឯការផ្គើនរបស់គណបក្សកាន់អំណាចទៅនឹងសហគមន៍អន្តរជាតិ​លើកឡើងនេះ​ ខ្ញុំថាយុទ្ធសាស្ត្រនេះ កាលណាពុំទាន់មានទណ្ឌកម្ម​ឬ​សម្ពាធ​ណា​មួយ​ពី​​សហគមន៍​អន្តរជាតិ​ គឺធម្មតា​អ្នកនយោបាយក្អេងក្អាង​ចឹងហើយ។ ខ្ញុំគិតថា យន្តការ​ឬសម្ពាធអន្តរជាតិ​ដាក់ចេញមកហ្នឹង​ ខ្ញុំថារដ្ឋាភិបាល ​អាចឆ្លើយតបក្នុង​ន័យ​វិជ្ជមាន​ច្រើនជាង»

លោក​ពិនិត្យឃើញថា ​មកទល់ពេលនេះ ​ថ្វីដ្បិតតែគណបក្សសង្គ្រោះជាតិ ​ត្រូវបានរំលាយ​ហើយ​មាន​គណបក្សនយោបាយ​ផ្សេងៗ​ទៀត​ជាច្រើនក្តី ​ក៏គណបក្សសង្គ្រោះជាតិ​នៅតែ​ដើរតួនាទីយ៉ាងសំខាន់​ក្នុងឆាកនយោបាយកម្ពុជា ​ហើយ​ថែមទំាងមាន​ការ​ទទួល​ស្គាល់ពី​សហគមន៍អន្តរជាតិ​ទៀតផង៖ «ខ្ញុំថា ​គណបក្សកាន់អំណាចគេមិនងាយ​សម្បទាន​ឲ្យទេ ​ហើយកន្លែងនេះ​ គណបក្សប្រឆាំង​គួរតែ​ទាមទារអ្វី​ដែលខ្លួនឯងមាន ​ព្រោះបទចោទនេះ ​សហគមន៍អន្តរជាតិកំពុងតែទាមទារ ​និងលើកឡើងច្រើន​ណាស់ ​ហើយសហរដ្ឋអាមេរិក ​ក៏លើកឡើងដែរ។ បទចោទលើ​លោក កឹម សុខា ​ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកនេះ​ វានៅខ្វះ​អំណេះអំណាង​​ឬ​ភស្តុតាង​​ដែលប​ង្ហាញ​ថា ​​គេជាប់ពាក់ព័ន្ធ​ ដូច្នេះ​នេះ​​គឺ​ជាចំណុច​អវិជ្ជមាន​មួយ​​ធំ​សម្រាប់​​កម្ពុជា​ដែរ​​ បើសិន​បើ​មិនបាន​បកស្រាយ ឬធ្វើបញ្ហានេះ​ឲ្យជ្រះស្រលះទេ ​ធ្វើឲ្យទំនាក់ទំនង​ការទូតរវាង​កម្ពុជា​និងអាមេរិក​មានភាពល្អក់កករ​ហើយ​សហភាពអ៊ឺរ៉ុប​ នឹងឈាន​ដល់រាជកាលមួយ​ដែលនឹងផ្តោត​ដាក់​សម្ពាធ​លើកម្ពុជាទៀត​ ដូច្នេះទីផ្សារ​លោកខាងលិច ​គឺកម្ពុជាអាចបាត់បង់​ច្រើន»

ជុំវិញករណីនេះ ​អាស៊ីសេរី​ មិនអាចទាក់ទង​ប្រធានអង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន​ និង​អ្នកនាំពាក្យគណបក្សកាន់អំណាចលោក​ សុខ ឥសាន​ បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។

ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​លោក​ ម៉ន​ ផល្លា ថ្លែងថា ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ ហើយ​ត្រូវ​ប្រឈម​ការ​ធ្វើទុក្ខ​បុកម្នេញ​គ្រប់​បែប​យ៉ាង​ និង​ការ​អូសទាញ​បែប​ណា​ក្តី​  ក៏រចនាសម្ព័ន្ធ​គណបក្ស​សង្គ្រោះ​​ជាតិ​នៅតែ​រឹងមាំ​និងកំពុងបន្តបេសកកម្មទាមទារសិទ្ធិ​និង​ប្រជាធិបតេយ្យ​​ជូន​​ប្រជាពលរដ្ឋ​ឡើងវិញ​ដដែល។ ​លោក​បញ្ជាក់​ថា​ មក​ទល់​ពេល​នេះ​ មានសមាជិក​ថ្នាក់មូលដ្ឋាន ​និងមន្ត្រីបក្សប្រឆាំង​តិចតួច​ប៉ុណ្ណោះ​ ដែល​បង្ខំ​ចិ​ត្គ​លាលែង​ពី​គណបក្ស​ពីព្រោះ​មាន​ការគំរាម​គំ​ហែង​ផ្សេង​ៗពី​របប​ក្រុង​ភ្នំពេញ។ លោកយល់ស្របថា ​ការចាក​ចេញ​ទៅបង្កើតបក្សថ្មីនោះ ​គឺមិនអាចធ្វើឲ្យ​មានការផ្លាស់ប្តូរជាវិជ្ជមាន​បានទេ​ ប៉ុន្តែជា​ការបំពេញបំណង​របស់មេដឹកនាំរបបក្រុង​ភ្នំពេញ​ដែល​ចង់ក្រាញអំណាច​តវង្សត្រកូល​ប៉ុណ្ណោះ៖ «សម្ពាធ​អន្តរជាតិ ​វាជាចំណែក​មួយ​យ៉ាងធ្ងន់​ សម្រាប់ជំរុញឲ្យ​មេដឹកនាំ​របបក្រុងភ្នំពេញ ​ធ្វើការផ្លាស់ប្តូរ​ជំហរ​ហើយធ្វើឲ្យ​មានឯកភាពជាតិ​ និងផ្សះផ្សារជាតិ​ពិតប្រាកដ​នាពេលអនាគត​ ដូច្នេះហើយ​ការតស៊ូ​របស់​ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ​នឹងទទួល​បានផ្លែផ្កា​ជាវិជ្ជមាន​នៅពេលអនាគតដ៏ខ្លី​ខាងមុខនេះ»

កាល​ពី​ថ្ងៃទី១១ ខែមីនា សភាអឺរ៉ុបបាន​អនុម័ត​សេចក្តីសម្រេចចំនួន ​២៥ចំណុច ថ្កោល​ទោស​អំពើ​រំលោភសិទ្ធិមនុស្ស និង​ការ​ធ្លាក់​ចុះដុនដាប​នៃលទ្ធិ​​ប្រជាធិបតេយ្យ​នៅកម្ពុជា។ នៅក្នុងនោះ សហភាពអឺរ៉ុប​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាលលោក ហ៊ុន សែន លុប​ចោល​នូវ​ច្បាប់​និង​បទបញ្ញត្តិទាំងឡាយ​ណា​ដែលគាប​សង្កត់ និង​មាន​ទិសដៅគាបសង្កត់​សិទ្ធិ​សេរីភាព​ពលរដ្ឋ និងត្រូវគោរព​សិទ្ធិជាមូលដ្ឋាន​របស់ពលរដ្ឋ ដូច​មាន​ចែងក្នុង​ច្បាប់ជាតិ និង​អន្តរជាតិ។ ជាពិសេសសហភាពអឺរ៉ុបទា​មទារឱ្យ​​​អាជ្ញាធរ​​កម្ពុជា ​​លុប​ចោល​​​សាលក្រម​ផ្តន្ទាទោស​​មន្ត្រី​​ជាន់ខ្ពស់​​បក្ស​ប្រឆាំង​​ ​ដោះលែង​​ និង​​ទម្លាក់​ចោល​​បទចោទ​​ប្រឆាំង​នឹង​​សកម្មជន​​គណបក្ស​​សង្គ្រោះជាតិ​​ជាបន្ទាន់​​ និង​​ដោយ​​ឥត​លក្ខ​ខណ្ឌ​ ព្រមទាំង​​ទាមទារ​​ឲ្យ​​គណបក្ស​​សង្គ្រោះជាតិ​​រស់​​ឡើង​វិញ​​ផងដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល