អ្នកវិភាគ​ថា​ រចនាសម្ព័ន្ធ​និង​ការ​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ខ្លាំង​និង​រឹងមាំ​

ដោយ សេក បណ្ឌិត
2019-09-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
RFA

អ្នកវិភាគ​នយោបាយ​ មើលឃើញ​ថា​ គណបក្ស​ប្រឆាំង​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បន្ត​រង​ការ​ធ្វើទុក្ខ​បុកម្នេញ​ពីសំណាក់​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ ដោយសារតែការ​គាំទ្រ​ និង​រចនាសម្ព័ន្ធ​របស់​គណបក្ស​នេះ​ នៅតែ​ខ្លាំង​និង​រឹងមាំ​ ទោះបីជា​របប​ក្រុងភ្នំពេញ​ រំលាយ​គណ​បក្ស​ប្រឆាំង​មូយ​នេះ​ ចោល​ជិត ២ឆ្នាំ​ ហើយក៏​ដោយ​។ សកម្មជន​និង​ថ្នាក់ដឹកនាំ​ គណបក្ស​សង្គ្រោះ​ជាតិ​ នៅតែ​រំពឹង​ ថា​ គណបក្ស​នេះ​នឹង​រស់​ឡើងវិញ​ ហើយនឹង​នាំការ​ផ្លាស់​ប្តូរ​ ជា​វិជ្ជមាន​នៅ​កម្ពុជា​។

ជិត២ឆ្នាំ​ហើយ​ ដែល​របប​ក្រុងភ្នំពេញ​ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ឲ្យ​ចូល​រួម​ប្រ​គួត​ប្រជែង​ ក្នុង​ឆាកនយោបាយ​ ប៉ុន្តែ​គណបក្ស​មួយ​នេះ​ នៅតែ​មាន​ស្រមោល​ជាគ​ណបក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិ​ ពល​ក្នុង​ឆាកនយោបាយ​កម្ពុជា​ដដែល។

អ្នកវិភាគ​នយោបាយ​ បណ្ឌិត​ ឡៅ​ ម៉ុង​ហៃ​ មានប្រសាសន៍​ថា​ ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ បាន​រំលាយ​ ហើយ​ត្រូវ​ប្រឈម​ការ​ធ្វើទុក្ខ​បុកម្នេញ​គ្រប់​បែប​យ៉ាង​ និង​ការ​អូសទាញ​បែប​ណា​ក្តី​ គឺ​ សកម្មជន​និង​ថ្នាក់ដឹកនាំ​គណបក្ស​មួយ​នេះ​ នៅតែ​មាន​ឆន្ទៈ​រឹងមាំ​ និង​នៅតែ​បង្ហាញ​ភាព​ស្មោះស្ម័គ្រ​ជាមួយគ្នា។ លោក​ កត់សម្គាល់​ថា​ មាន​មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​ប្រឆាំង​តិចតួច​ប៉ុណ្ណោះ​ ដែល​បាន​ផ្តាច់​ខ្លួន​ទៅ​រួមរស់​ជាមួយ​គណបក្ស​កាន់អំណាច​ ហើយ​ពួកគេ​ ទទួល​បានការ​រិះគន់​ យ៉ាង​ខ្លាំង៖ «រចនាសម្ព័ន្ធ​គឺ​អត់មាន​បង្កើត​ទេ​ព្រោះ​គេ​រំលាយ​ហើយ​ គេ​ហាមឃាត់១១៨នាក់​មិន​ឲ្យ​ធ្វើនយោបាយ​ទៅទៀត​ដូច្នេះ​រចនាសម្ព័ន្ធ​និង​បណ្តាញ​នេះ​មិន​អាច​រៀប​ចំបានទេ​ ប៉ុន្តែ​ទោះ​យ៉ាងណា​គឺ​មួយ​នៅ​លើ​ក្រដាស​ហើយ​មួយទៀត​គឺ​រឿង​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​ ក៏ដូចជា​សកម្មជន​គឺ​នៅតែ​រក្សា​ជំហរ​ដដែល​ហើយក៏​បាន​ដឹកមុខ​ក្នុង​កិច្ចការ​ខ្លះ​ដូចជា​រឿង​នំបញ្ចុក​ជាដើម។ រឿងនំ​បញ្ចុក​នេះ​គឺ​ខាង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹក​មុខ​ ហើយ​នាយក​រដ្ឋមន្ត្រី​ ក៏​ចូលរួម​ចំណែក​ថែម​ទៅ​ទៀត»

បណ្ឌិត​ ឡៅ​ ម៉ុង​ហៃ​ បន្ត​ថា​ ដោយសារ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​តាំងពី​លើ​ដល់​ក្រោម​មានការ​ប្ដេជ្ញា​ចិត្ត​រក្សា​ខ្ជាប់​នូវ​ឧត្តមគតិ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ក្បត់​ឆន្ទៈ​រាស្ត្រ​ និង​កេរ្តិ៍ឈ្មោះ​ ព្រមទាំង​ប្រវត្តិ​តស៊ូ​តាំងពី​យូរ​មក​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ជាដើម​ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ នៅតែ​ផ្តល់​សេចក្តី​ទុកចិត្ត​ថា​ មាន​តែ​គណបក្ស​មួយ​នេះ​គត់​ ដែល​ហ៊ាន​ប្តូរផ្តាច់​ពិត​ប្រាកដ​ក្នុង​ការ​ប្រឆាំង​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច​ ដើម្បី​ការ​ផ្លាស់​ប្តូរ។ លោក​ថ្លែង​ទៀត​ថា​ មក​ទល់​ពេល​នេះ​ ប្រជាពលរដ្ឋ​ មើល​ពុំ​ទាន់​ឃើញ​មាន​ គណបក្ស​ណា​មួយ​ ដែល​មានលទ្ធភាព​គ្រប់គ្រាន់​ ធ្វើជា​គណបក្ស​ប្រឆាំង​ ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ។ សូម្បីតែ​គណបក្ស​របស់​លោក​ ហ៊ុន​ សែន​ ក៏​មើលឃើញ​ដូច្នេះ​ដែរ។ អ្នក​វិភាគ​នយោបាយ​ចាស់វស្សា​រូប​នេះ​ យល់​ថា​ ជា​ញឹកញាប់​ មេ​ដឹក​នាំ​កំ​ពូលៗ និង​មន្ត្រី​គណបក្ស​កាន់​អំណាច​ តែងតែ​ប្រតិកម្ម​នឹង​គណបក្ស​ប្រឆាំង​ ដែល​បញ្ជាក់​ថា គណបក្ស​នេះ​ នៅ​តែ​មាន​ឥទ្ធិពល​លើ​នយោបាយ​កម្ពុជា៖ «ដូចជា​លោក​ សម​ រង្ស៊ី​ ត្រូវ​ទទួលស្គាល់​ការងារ​របស់​ គាត់​ហើយ​គាត់​គឺជា​មនុស្ស​មាន​សុឆន្ទៈ​ដែល​គួរតែ​ឲ្យ​តម្លៃ​។ផ្ទាល់ខ្លួន​ខ្ញុំ​នេះ​ថា គួរតែ​ព្រះ​កូ​ណា​លើក​ លែងទោស​ហើយ​ប្រទាន​គោរមងារ​សម្តេច​ជូន​គាត់​ទៀត​ព្រោះ​ការងារ​គាត់​ គ្មាន​នរណា​ធ្វើ​បាន​ដូច​ គាត់​ទេ ដើម្បី​ជួយ​ដល់​សង្គម​នោះ​ទេ»

កាលពី​ជិត ២ឆ្នាំ​មុន​ តុលាការ​កំពូល​ បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​ និង​បាន​ហាម​ថ្នាក់​ ដឹកនាំ ១១៨រូប​នៃ​គណបក្ស​នេះ​ មិន​ឲ្យ​ធ្វើនយោបាយ​រយៈពេល ៥ឆ្នាំ។ នៅមុន​ការ​រំលាយ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ ទទួល​បាន​អាសនៈ ៥៥ក្នុង​រដ្ឋសភា​ និង​ទទួល​បាន​អាសនៈ​ជាស​មា​ជិ​កក្រុម​ប្រឹក្សា​ឃុំសង្កាត់​ប្រមាណ​ជា ៥ពាន់​ ដែល​ស្ទើរតែ​ប្រហាក់​ ប្រហែល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។

មន្ត្រី​សម្របសម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ខុ​មហ្វ្រែល​ (COMFREL) លោក​ កន​ សា​វាង្ស ថ្លែង​ថា​ មូលហេតុ​ដែល​គណបក្ស​មួយ​នេះ​នៅតែ​មាន​ឥទ្ធិពល​ ខ្លាំង​ ពីព្រោះ​គណបក្ស​នេះ​ មាន​ចំណុច​ពិសេស​មួយចំនួន​ ដូចជា​ មាន​កម្លាំង​គាំទ្រ​ចេញពី​ទឹកចិត្ត​ របស់​ប្រជាពលរដ្ឋ​ និង​ភាព​រឹង​មាំ​​ផ្ទៃក្នុង​នៃ​គណបក្ស​ប្រឆាំង។ លោក​ បន្ត​ថា​ មិនមែន​ទើប​តែ​ថ្មីៗ នេះ​ទេ​ តាមពិត​គណបក្ស​ប្រឆាំង​មួយ​នេះ​ រង​ការ​ធ្វើទុក្ខ​បុកម្នេញ​គ្រប់បែបយ៉ាង​តាំងពី​យូរ​ណាស់​ មក​ហើយ​ ប៉ុន្តែ​សកម្មជន​តាម​មូលដ្ឋាន​នៅតែ​ជួបជុំ​និង​បញ្ចេញ​សារ​គាំទ្រ​ថ្នាក់ដឹកនាំ​គណបក្ស​ សង្គ្រោះ​ជាតិ​ដដែល៖ «ទោះបីជា​គណបក្ស​នេះ​រំលាយ​ដោយ​​តុលាការ​កំពូល​ហើយ​ មានការ​លើកទឹកចិត្ត​ទៅលើ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឲ្យ​ចូលរួម​ជាមួយ​គណបក្ស​ណាមួយ​ផ្សេង​ ក៏ដោយ​ ក៏​ពួកគេ​មិន​ចាកចេញ​ពី​គណបក្ស​របស់​ខ្លួន​។នេះ​ហើយ​គឺជា​ភាពរឹងមាំ​នៃ​គណបក្ស​នេះ។ ការ​គាំទ្រ​ចេញពី​ដួងចិត្ត​ទៅ​ហើយ​មិន​ងាយ​ក្នុង​ការ​បំបែក​នោះ​ទេ។ គណបក្ស​ទាំងពីរ​នេះ​ គួរ​ដឹង​​ថា​ វា​មាន​កម្លាំង​សម​ល្មម​ប៉ុណ្ណា​ហើយក៏​ជា​ចំណុច​មួយ​ដែល​គួរតែ​សម​ល្មម​សម្រាប់​ផលប្រយោជន៍​ជាតិ​ ជាធំ​ ដែល​គួរតែ​រក​ដំណោះស្រាយ​ណាមួយ​តាម​រយៈ​យន្តការ​ជាតិ​ក្តី​ អន្តរជាតិ​ក្តី​និង​សង្គម​ស៊ីវិល​ក្តី​ គឺ​ធ្វើ​ម៉េច​ដើម្បី​រក​ដំណោះស្រាយ​រក្សា​EBA»

រី​ឯអ្នកវិភាគ​នយោបាយ​ដែល​របប​ក្រុង​ភ្នំពេញ​តាម​ចាប់​ដាក់​ពន្ធនាគារ​ លោក​ គឹម​ សុខ​ បញ្ចេញមតិ​ ស្រដៀងគ្នា​ថា​ ទោះ​បី​ជា​បច្ចុប្បន្ន​នេះ​ ថ្នាក់​ដឹក​នាំ​សង្គ្រោះ​ជាតិ​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លះ​ អំពី​របៀប​ធ្វើ​នយោបាយ​ក្តី​ ប៉ុន្តែ​ពួក​គេ​មិន​បែកបាក់​គ្នា​ទៅ​ចុះ​ជាមួយ​ជាមួយ​គណបក្ស​កាន់​អំណាច​នោះ​ទេ។ លោក​ ថ្លែង​ថា​ របប​ក្រុងភ្នំពេញ​ មិន​អាច​កម្ទេច​បក្ស​ប្រឆាំង​ឲ្យ​ខ្ទេច​និង​បាត់ឈ្មោះ​ ពី​ឆា​កន​យោ​ បាយ​កម្ពុជា​បាន​ទេ​ ព្រោះ​គណបក្ស​នេះ​នៅ​តែ​មាន​ពលរដ្ឋ​ខ្មែរ​គាំទ្រ​ខ្លាំង​ ហើយ​សហគមន៍​អន្តរជាតិ​ នៅតែ​ទទួល​ស្គាល់​ និង​ជំរុញ​ឲ្យ​របប​ លោក​ ហ៊ុន​ សែន​ ផ្តល់​សេរីភាព​ពេញលេញ​ជូន​លោក​ កឹម​ សុខា​ និង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើងវិញ៖ «ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​របប​ខុសច្បាប់​ក្រុងភ្នំពេញ​ រចនាសម្ព័ន្ធ​គណបក្ស​សង្គ្រោះ​គឺ​លែង​មាន​នរណា​ម្នាក់​ហ៊ាន​ប្រកាស​ប្រើ​ទៀត​ ហើយ​ ប៉ុន្តែ​ស្មារតី​ ទឹកចិត្ត​ ការ​គាំទ្រ​ ការ​ចង់​ផ្លាស់​ប្តូរ​តាម​គោលនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​មើលទៅ​អត់​ធ្លាក់ចុះ​ទេ​ ហើយ​កាន់តែ​ពុះកញ្ជ្រោល​ថែមទៀត​រហូតដល់​របប​ក្រុងភ្នំពេញ​ ដើរ​សម្លុត​ គំរាម​គំ​ហែង​របៀបណា​ក៏ដោយ»

នៅ​ក្រោយ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយ​ភាព​នេះ​ សហគមន៍​ជាតិ​ និង​អន្តរជាតិ​ បាន​វាយតម្លៃ​ថា​ របប​ លោក​ ហ៊ុន​ សែន​ បាន​សម្លាប់​ពន្លក់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ និង​ព្រមាន​ ដាក់ទណ្ឌកម្ម​ជា​បន្តបន្ទាប់​។ សហភាព​អឺរ៉ុប​ កំពុង​ពិចារណា​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ ហើយ​តំណាង​រាស្ត្រ​​សហរដ្ឋអាមេរិក ក៏​កំពុង​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​កំ​ពូលៗ របប​ក្រុង​ ភ្នំពេញ​ផង​ដែរ។

អ្នកស្រី​ មួរ​ សុខ​ហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ អះអាង​ថា​ រចនាសម្ព័ន្ធ​គណបក្ស​សង្គ្រោះ​​ជាតិ​ តាំងពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​មូលដ្ឋាន​នៅតែ​រឹងមាំ​ដដែល។ អ្នកស្រី​បញ្ជាក់​ថា​ មក​ទល់​ពេល​នេះ​ ក្នុងចំ​ណោម​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១៨នាក់​ គឺ​មានតែ៩នាក់​ប៉ុណ្ណោះ​ដែល​សុំ​សិទ្ធិ​ ធ្វើនយោបាយ​ និង​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច។ ចំណែក​ក្នុង​ចំណោម​ក្រុម​ប្រឹក្សា​ជាប់​ ឆ្នោត​ប្រមាណ ៥ពាន់​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​មាន​មិន​ដល់ ១០ភាគ​រយ​នោះ​ទេ​ ដែល​ បង្ខំ​ចិ​ត្គ​លាលែង​ពី​គណបក្ស​ពីព្រោះ​ មាន​គំរាម​គំ​ហែង​ផ្សេង​ៗពី​របប​ក្រុង​ភ្នំពេញ៖ «យើង​សូម​បញ្ជាក់​ថា​ យើង​អត់​ទទួល​ស្គាល់​ការ​រំលាយ​ គណបក្ស​សង្គ្រោះ​ជាតិ​ពី​សំណាក់​តុលាការ​តេឡេ​របស់​លោក​ ហ៊ុន​ សែន​ ទេ។ ផ្ទុយ​ទៅ​វិញ​គណ​ បក្ស​សង្គ្រោះ​ជាតិ​នៅ​មាន​ជីវិត​រស់រវើក។ យើងខ្ញុំ​ទៅ​កន្លែង​ណា​ក៏​នៅ​យើងខ្ញុំ​បង្ហាញខ្លួន​ជាស​មា​ជិ​ក ជា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ ទោះ​បី​ជា​រដ្ឋាភិបាល​ប្រទេស​ណា​ ទោះបីជា​អង្គ​កា​រស​ហប្រជាជាតិ​ ក៏​នៅ​តែ​ទទួលស្គាល់​លោក​ប្រធាន​ស្តីទី​សម​ រង្ស៊ី​ លោក​ប្រធាន​ កឹម​ សុខា​ និង​រចនាសម្ព័ន្ធ​របស់​គណបក្ស​យើង​តាំង​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន។ ការ​រឹងមាំ​របស់​យើង​នេះឯង​ ទើប​លោក​ ហ៊ុន​ សែន​ និង​រដ្ឋអំណាច​មានការ​តាមដាន​ មាន​ការ​យាយី​ គំរាម​គំ​ហែង​ រហូតដល់​មាន​ការ​ចាប់​ចង់​ជា​ដើម»

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​រូប​នេះ​ បន្ថែម​ថា​ សកម្មជន​និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅតែ​ធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន​យ៉ាង​រស់រវើក​ ទោះ​បី​មានការ​ធ្វើទុក្ខ​បុកម្នេញ​ បែប​ណា​ក្តី​។ អ្នកស្រី​ មួរ​ សុខ​ហួរ​ អះអាង​ថា​ ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​វិល​ចូល​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ ដើម្បី​នាំ​ការ​ផ្លាស់​ជា​វិជ្ជមាន​ស្របតាម​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ៖ «មូលដ្ឋាន​របស់​យើង​រឹងមាំ​ខ្លាំង​រហូត​ក្លាហាន​បញ្ចេញ​មតិ​ មិន​រារែក​ក្នុង​ការ​ចូលរួម​អម​ដំណើរ​នៃ​មាតុភូមិ​និវត្ត​របស់​លោក​ប្រធាន​ស្តីទី​ សម រង្ស៊ី។ ពួក​គេ​បង្ហាញ​ ថា​ ទោះ​បី​ជា​ពួកគេ​ត្រូវ​ជាប់​គុក​ដោយ​អយុត្តិធម៌​ក្តី​ ប៉ុន្តែ​មូលដ្ឋាន​របស់​នៅ​តែ​យក​ជាតិ​ជាធំ​មាន​ ស្មារតី​តស៊ូ​ប្រយុទ្ធ​ដ៏​អង់អាច​ ដោយសន្តិវិធី​ដើម្បី​សេរីភាព​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​មូល»

ផ្ទុយពី​ការ​លើកឡើង​នេះ​ អ្នក​នាំ​ពាក្យ​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥសាន​ មាន​ប្រសាសន៍​ថា​ គណបក្ស​កាន់​អំណាច​ គ្មាន​ការ​ព្រួយបារម្ភ​ ចំពោះ​ឥទ្ធិ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ ព្រោះ​ គណ​ បក្ស​នេះ​បែកបាក់​គ្នា​ស្ទើ​ខ្ទេចខ្ទី​ទៅ​ហើយ។ លោក​បន្ត​ថា​ ការ​បង្ក្រាប​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង​ តាម​មូលដ្ឋាន​កន្លង​មក ​គឺ​មិន​មែន​ជា​ការ​ខ្លាច​រអា​អ្វី​ទេ ​ប៉ុន្តែ​ជា​ការ​អនុវត្ត​ច្បាប់៖ «តាំងពី​បង្កើត​គណបក្ស​មក​តាំងពី​ឆ្នាំ១៩៩៥​ រហូត​មក​ ដល់ពេល​នេះ​រលាយខ្លួន​អស់​រត់ចោលស្រុក​ទៀត​នៅតែ​ខ្លាំង​ ហើយ​អា​ពាក្យ​ខ្លាំង​វា​ទន្ទេញ​ចាំមាត់​ របស់​មេ​ឧទ្ទាម​ក្រៅច្បាប់​ហើយ​អា​កូន​ៗថាតាមតែ​មេ​។ខ្លាំង​នេះ​ខ្លាំង​បានតែ​សម្តី​តែ​កម្លាំង​វា​អត់​ ខ្លាំង​ទេ»

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human​ Rights​ Watch) បាន​ពិនិត្យ​ឃើញថា​ លោក​ ហ៊ុន​ សែន​ ដែល​កាន់អំណាច​ជាង​ ៣០ឆ្នាំ​មក​ហើយ​នោះ​ បាន​ប្រើ​ល្បិចកល​មិន​ស្រប​ច្បាប់​គ្រប់​បែប​យ៉ាង​ ដែល​មាន​ក្នុង​សៀវភៅ​ ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​បែប​ផ្តាច់​ការ​ឯក​បក្ស​ និង​កម្ទេច​គណបក្ស​ប្រឆាំង​ដែល​មាន​សង្ឃឹម​ឈ្នះ​ឆ្នោត​តែ​មួយ​គត់​នៅ​កម្ពុជា។

អ្នកវិភាគ​នយោបាយ​ និង​សង្គម​ស៊ីវិល​ យល់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ គួរ​តែ​បន្ទន់​ឥរិយាបថ​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ​ ព្រោះ​ពួក​គេ​ មើល​ឃើញ​ថា​ ទោះ​បី​ជា​អូស​បន្លាយ​ពេល​ទៅ​មុខ​ទៀត​ ក៏​មិន​អាច​កម្ទេច​រចនាសម្ព័ន្ធ និង​កម្លាំង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

spread the word of love and spread the word of peace to others sir....

Stay strong Lao M.Hay don't look its back,with 100% straight forward sir.Don't lose your mind,heart and soul with anyone else who try to bully or foully u around and u know who's the hell of HS?.

Sep 14, 2019 04:58 PM

គេហទំព័រ​ទាំងមូល