ក្រុមអ្នកវិភាគលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងព្យាយាមបញ្ចុះបញ្ចូលឲ្យពលរដ្ឋនៅសហភាពអឺរ៉ុប ដើមកំណើតខ្មែរ ស្ញប់ស្ងែងនូវស្នាដៃដឹកនាំរបស់លោក ពិសេសឲ្យគាំទ្រត្រកូលហ៊ុនក្នុងការដឹកនាំប្រទេសបន្ត។
ពួកគេលើបញ្ជាក់ថា លោក ហ៊ុន សែន ថែមទាំងប្រើប្រាស់ទឹកដីប្រជាធិបតេយ្យនៃប្រទេសប៊ែលហ្សិក (Belgium) គំរាមកំហែងអ្នករិះគន់លោកឥតអៀនខ្មាស់ ដើម្បីអំណាចគាបសង្កត់ទៀតផង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់បីដូចជាគ្មានភាពស្ទាក់ស្ទើរ ក្នុងការប្រើសារគំរាមកំហែងអ្នករិះគន់ មេដឹកនាំបក្សប្រឆាំង និងអ្នកវិភាគ នៅលើទឹកដីសហភាពអឺរ៉ុបឡើយ។
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគណ ប៊ុត ប៊ុនតិញ មានថេរដីកាថា លោក ហ៊ុន សែន កំពុងតែបង្ហាញឥទ្ធិពល និងអំណាចផ្ដាច់ការ ដើម្បីបង្ក្រាបអ្នករិះគន់ និងគណបក្សប្រឆាំងនៅលើទឹកដីអឺរ៉ុប ដោយមិនខ្វល់អំពីលក្ខខណ្ឌរបស់សហភាពអឺរ៉ុបឲ្យស្ដារប្រជាធិបតេយ្យវិញឡើយ។ ព្រះអង្គបន្ថែមថា លោក ហ៊ុន សែន មិនខ្វល់អំពីប្រទេសជាតិនោះទេ បញ្ហាសំខាន់ដែលលោកខ្វល់នោះ គឺធ្វើយ៉ាងណាដើម្បីរក្សាអំណាចតពូជពង្សបាន។
ការលើកឡើងបែបនេះ នៅក្រោយពេល លោក ហ៊ុន សែន ថ្លែងឌឺដងនិងគំរាមដល់អ្នកវិភាគ និង អ្នករិះគន់ការដឹកនាំរបស់លោក។ លោក ហ៊ុន សែន ក្រៅពីគំរាមកំហែងតាមថតរូបអ្នកទៅធ្វើបាតុកម្មប្រឆាំងលោក យកទៅបិទនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនោះ លោកថែមទាំងផ្ញើសារបែបគំរាមផង និងលួងលោកមផង ផ្ដាំទៅលោក សន តារា ដែលភៀសខ្លួននៅប្រទេសបារាំង ដែលតែងនិយាយរិះគន់លោកនៅលើបណ្ដាញសង្គមហ្វេសប៊ុក។
ទន្ទឹមនឹងលោក ហ៊ុន សែន ប្រើភាសាលួងលោម លោក ស៊ន តារា ដោយហៅក្មួយពេញៗ មាត់នោះ លោកក៏បង្កប់នូវសារព្រមានឲ្យលោក ស៊ន តារា ឱ្យបញ្ឈប់យកត្រកូលហ៊ុន ជាសត្រូវដែរ។ លោក ហ៊ុន សែន សង្កត់ធ្ងន់បែបគំរាមថា លោក ស៊ន តារា ជៀសមិនផុតពីការវិលទៅកម្ពុជាវិញនៅណាមួយនោះទេ។
លោក ហ៊ុន សែន បានដឹកនាំប្រទេសជិត ៤០ឆ្នាំមកនេះ ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា លោកប្រើប្រាស់យុទ្ធសាស្ត្របីសំខាន់គឺ លួងលោម សម្លុត និងសម្លាប់។ អ្នកវិភាគលើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ លោក ហ៊ុន សែន ហាក់បីដូចជាខំប្រឹងប្រើយុទ្ធសាស្ត្រលួងលោមផង សម្លុតផង។
អ្នកវិភាគនយោបាយ លោក គឹម សុខ អះអាងថា បេសកកម្មរបស់លោក ហ៊ុន សែន ដឹកនាំគណប្រតិភូទៅចូលរួមប្រជុំអាស៊ាន អឺរ៉ុបនេះ លោកមិនបានគិតអំពីរឿងជាតិជាសំខាន់ឡើយ។ អ្នកវិភាគរស់នៅប្រទេសហ្វាំងឡង់រូបនេះបន្ថែមថា អ្វីដែលលោក ហ៊ុន សែន ខ្វល់ខ្វាយនោះ គឺការបញ្ចុះបញ្ចូលពលរដ្ឋអឺរ៉ុបដើមកំណើតខ្មែរឲ្យគាំទ្រត្រកូលហ៊ុនផង និងគំរាមកំហែងផង។ លោកបន្ថែមថា លោក ហ៊ុន សែន មិនបានគិតពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធEBA ដែលប្រឈមនឹងការបាត់បង់បន្ថែមទៀត ក្រោយពីបាត់បង់ជាស្ថាពរចំនួន ២០% ហើយនេះ ដែលខុសពីមេដឹកនាំអាស៊ានដទៃទៀត។
កាលពីខែមីនាកន្លងទៅ កម្ពុជា និងតំណាងភាពអឺរ៉ុប បានពិភាក្សាគ្នាអំពីការស្ដារសេដ្ឋកិច្ចឡើងវិញ នៃទំនាក់ទំនងពាណិជ្ជកម្មទាំងពីរ។ ប៉ុន្តែក្រោយពីកិច្ចប្រជុំនេះ សហភាពអឺរ៉ុបនៅតែប្រកាន់ជំហរដដែល និងបានរំលឹករបបឯកបក្សលោក ហ៊ុន សែន ឲ្យស្ដារប្រជាធិបតេយ្យ សេរីភាពមូលដ្ឋាន សិទ្ធិមនុស្ស សិទ្ធិការងារ និងនីតិរដ្ឋ។ សហភាពអឺរ៉ុប ក៏បានកត់សម្គាល់ពីកាតព្វកិច្ចកម្ពុជា ស្ថិតក្រោមច្បាប់ និង អនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស និងកិច្ចសហការ នឹងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជាដើម។
រីឯបេសកកម្មរបស់លោក ហ៊ុន សែន ដែលទៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិកលើកនេះ គឺដើម្បីធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ អាស៊ាន-អឺរ៉ុប ចំខួបលើកទី៤៥នៃទំនាក់ទំនងអាស៊ាន និង អឺរ៉ុប។ កិច្ចប្រជុំនេះក៏ផ្ដោតសំខាន់លើ “ការស្ដារពាណិជ្ជកម្មរវាងតំបន់ទាំងពីរ” ដែរ។ ដោយឡែកចំពោះលោក ហ៊ុន សែន វិញ ខុសពីមេដឹកនាំដទៃទៀត នៅក្នុងតំបន់។ ក្រុមមេដឹកនាំអាស៊ាន មិនបានរៀបចំពិធីជួបជុំឬឲ្យពលរដ្ឋឬនិស្សិតរបស់ខ្លួនកំពុងសិក្សានៅសហភាពអឺរ៉ុបឲ្យមកទទួលពួកគេដូចលោក ហ៊ុន សែន ឡើយ។ មេដឹកនាំទាំងនោះ គេបានជួបតំណាងសហភាពអឺរ៉ុប និងនិយាយអំពីការស្ដារសេដ្ឋកិច្ច ក្រោយពីជំងឺកូវីដ១៩។
ចំណែកលោក ហ៊ុន សែន វិញ ទន្ទឹមនឹងរដ្ឋបាលរបស់លោកបាត់បង់ប្រព័ន្ធអនុគ្រោះ (EBA) ចំនួន ២០% រួចទៅហើយនោះ លោកអះអាងថា លោកមិនដាក់ខ្លួនសុំជំនួយពីសហភាពអឺរ៉ុបទៅវិញ។ លោកលើកហេតុផលថា ដើម្បីរក្សាអធិបតេយ្យភាពជាតិ។ ទោះបីជាយ៉ាងនេះក្ដី ក្រុមអ្នកវិភាគអះអាងថា លោក ហ៊ុន សែន ថ្លែង ដូច្នេះ គ្រាន់តែជាលេសយកមុខមាត់ប៉ុណ្ណោះ។ ធាតុពិតនៅពីក្រោយឆាកវិញ លោកហ៊ុន សែន តែងចាត់មន្ត្រីរបស់លោកឱ្យចរចា រកការបន្ធូរបន្ថយពីប្រទេសលោកសេរី។ ជាក់ស្ដែង លោកបានចំណាយលុយរដ្ឋរាប់ម៉ឺនដុល្លាក្នុងមួយខែៗជួលមេធាវីអាមេរិកឱ្យបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិក ឱ្យមានទំនាក់ទំនងល្អជាមួយកម្ពុជា នៅស្របពេលសហរដ្ឋអាមេរិកមិនទាន់បន្តប្រព័ន្ធអនុគ្រោះពន្ធ GSP ឲ្យកម្ពុជាវិញនៅឡើយនោះ។
ទាក់ទងបញ្ហានេះ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លើកឡើងថា លោក ហ៊ុន សែនគ្មានបំណងស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សទេ។ ព្រះអង្គបន្ថែមថា អ្វីដែលលោក ហ៊ុន សែន ខ្វល់ខ្វាយ ដេកមិនលក់បក់មិនល្ហើយនោះ គឺធ្វើយ៉ាងណា ដើម្បីរក្សាអំណាចឲ្យគង់ ដើម្បីឆ្ពោះទៅសម្រេចគោលដៅ ផ្ទេរអំណាចឲ្យកូននៅពេលខាងមុខ
ក្រុមអ្នកវិភាគលើកឡើងថា គន្លឹះកូនសោដែលថា កម្ពុជាអាចរួចផុតពីទណ្ឌកម្មភាពសហភាពអឺរ៉ុប ហើយអាចទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបវិញ ឬយ៉ាងណានោះ អាស្រ័យលើលោក ហ៊ុន សែន។ ប៉ុន្តែក្រុមអ្នកវិភាគមិនរំពឹងថា លោក ហ៊ុន សែន បើកលំហសិទ្ធិមនុស្ស ប្រជាធិបតេយ្យវិញឡើយ។ ពួកគេបញ្ជាក់ថា ប្រសិនបើលោក ហ៊ុន សែន បើកលំហប្រជាធិបតេយ្យ និងបើកឲ្យរដ្ឋមានសិទ្ធិសេរីភាពគ្រប់គ្រាន់ និងបើកឲ្យ ប្រកួតប្រជែងការបោះឆ្នោតដោយត្រឹមត្រូវនោះ លោក ហ៊ុន សែន និងកូនប្រុសរបស់លោកអាចនឹងចាញ់ឆ្នោត។
អ្នកវិភាគបញ្ជាក់ថា លោក ហ៊ុន សែន នឹងបន្តដឹកនាំបិទខ្ទប់សិទ្ធិសេរីភាពពលរដ្ឋដដែល។ លើសពីនេះទៀត លោកនឹងក្លាយជាមេដឹកនាំគំរូ ផ្ដាច់ការនៅតំបន់ មិនខុសពីមេដឹកនាំផ្ដាច់ការនៅភូមានោះទេ ទោះបីជាមានការរិះគន់ពីសហគមន៍ជាតិ អន្តរជាតិយ៉ាងណាក៏ដោយ។ លោកមិនខ្វល់អ្វីទាំងអស់ ឲ្យតែរក្សាអំណាចបក្ខពួក ជាពិសេស សម្រេចផែនការផ្ទេរអំណាចតពូជរបស់លោកបាននៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
