អ្នក​វិភាគ​មើល​ឃើញ​ថា​​ជំនួប​រវាង​លោក​ កឹម សុខា​ និង​​លោក​ ហ៊ុន សែន​ ជា​សញ្ញាណ​វិជ្ជមាន​សម្រាប់​នយោបាយ​នៅ​កម្ពុជា

0:00 / 0:00

អ្នក​វិភាគ​សង្គម​មើល​ឃើញ​ថា ជំនួប​រវាង​លោក កឹម សុខា និង លោក ហ៊ុន សែន នៅ​ក្នុង​ពិធី​បុណ្យ​សព​ម្ដាយ​ក្មេក​លោក ហ៊ុន សែន គឺ​ជា​សញ្ញាណ​វិជ្ជមាន​មួយ​អាច​ឈាន​ដល់​របត់​នយោបាយ​មួយ​ថ្មី​នៅ​កម្ពុជា។ មន្ត្រី​រដ្ឋាភិបាល​បាន​សាទរ​នៅ​ជំនួប​ដ៏​កម្រ​នេះ។

អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា​ចាត់​ទុក​ថា​ នេះ​ជា​ទម្លាប់​ប្រពៃណី​មួយ​ដ៏​ល្អ​ដែល​អ្នក​នយោបាយ​មិន​បាន​គុំកួន​គ្នា​ហើយ​បាន​និយាយ​រក​គ្នា​នៅ​ពេល​ដែល​មាន​សមាជិក​ក្រុម​គ្រួសារ​ថ្នាក់​ដឹក​នាំ​ណា​ម្នាក់​ទទួល​មរណភាព។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​នេះ​បាន​កើត​ឡើង​ក្រោយ​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ក្ដីក្ដាំ​នៅ​ក្នុង​តុលាការ គឺ​លោក កឹម សុខា​ បាន​ដឹក​នាំ​សមាជិក​គណបក្ស​របស់​ខ្លួន​មួយ​ចំនួន​យក​កម្រង​ផ្កា​ទៅ​ចូល​រួម​ពិធីបុណ្យ​សព​ម្ដាយ​ក្មេក​លោក​ ហ៊ុន សែន​។ ចំណែក​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​លោក សម រង្ស៊ី ក៏​បាន​សរសេរ​លិខិត​ចូល​រួម​មរណ​ទុក្ខ​នេះ​ដែរ។

ទូរទស្សន៍​ដែល​ស្និទ្ធ​នឹង​របប​ក្រុង​ភ្នំពេញ​បាន​ផ្សាយ​រូប​ភាព​ជំនួប​ដាច់​ដោយ​ឡែក​មួយ​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា នៅ​ក្នុង​ពិធី​បុណ្យ​សព​នោះ​។ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​ថា​ភាគី​ទាំង​ពីរ​បាន​ជជែក​គ្នា​ពី​អ្វី​នោះ​ទេ។​

អ្នក​ឃ្លាំ​មើល​សង្គម​យល់​ថា​ បើ​ទោះ​បី​ជា​ខ្លឹមសារ​នៃ​ជំនួប​នេះ​មិន​បាន​ទម្លាយ​ឲ្យ​ដឹង​ជា​សាធារណៈ​ក៏​ដោយ ក៏​លោក​យល់​ថា នេះ​ជា​សញ្ញា​វិជ្ជមាន​រវាង​គណបក្ស​គូរ​ជម្លោះ​ទាំង​ពីរ​ដែល​អង្គុយ​បែរ​ខ្នង​ដាក់​គ្នា​ជា​យូរ​មក​ហើយៗ អាច​ងាក​មក​និយាយ​រក​គ្នា​ឡើង​វិញ។

អ្នក​វិភាគ​នយោបាយ​និង​សង្គម បណ្ទិត មាស នី​ បញ្ជាក់​ថា ជំនួប​នេះ​បញ្ជាក់​ថា អ្នក​នយោបាយ​ខ្មែរ​មាន​ភាព​ចាស់​ទុំ ​មិន​មែន​ឈ្លោះ​គ្នា​ក្នុង​រឿង​នយោបាយ​ហើយ​មក​គុំកួន​គ្នា​ដល់​ក្រុម​គ្រួសារ​ទៀត​នោះ​ទេ ​គឺ​អ្នកនយោបាយ​គួរតែ​អនុគ្រោះ​អោយ​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​ថា ការ​ចូល​រួម​រំលែក​ទុក្ខ​នេះ គឺ​ជា​កាយ​វិការ​ប្រពៃណី​មួយ​ បង្ហាញ​ថា ខ្មែរ​នៅ​តែ​គោរព និង​ស្រឡាញ់​យោគយល់​គ្នា៖ « អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​ថ្ងៃនេះ​មិន​មែន​មាន​តែ​ខ្ញុំ​ទេ​ដែល​សប្បាយ​ចិត្ត​ដែល​ឃើញ​មេដឹកនាំ​ខ្មែរ​ចេះ​អង្គុយ​ជិត​គ្នា​និយាយ​គ្នា​បាន​ខ្ញុំ​ក៏​បាន​ឃើញ​សារ​អបអរ​សាទរ​ច្រើន​ទៀត​ដែរ​ពី​ព្រោះ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​មើល​ក្នុង​ហ្វេសប៊ុក។ នេះ​វា​ជា​សារ​មួយ ដែល​ពលរដ្ឋ​ខ្មែរ​ចង់បាន​ហើយ​ផ្ញើ​ទៅ​ឲ្យ​មេ​ដឹក​នាំ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មិន​ចង់​ឃើញ​មេ​ដឹក​នាំ​ឈ្លោះ​គ្នា​ស៊ីសាច់​ហុត​ឈាម​គ្នា​មិន​ចេះ​ចប់​ដូច​សព្វថ្ងៃ​បាទ »

ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ក៏​បាន​សរសេរ​លិខិត​ចូល​រួម​មរណៈ​ទុក្ខ​លោក​ស្រី ប៊ុន ស៊ាងលី ម្ដាយ​ក្មេក​លោក​ហ៊ុន សែន​ផង​ដែរ។

ចំណែក​លោក​ សម រង្សី​ក្នុង​លិខិត​ចុះ​ពី​ថ្ងៃ​ទី៤ ឧសភា បញ្ជាក់​ថា ទោះ​ជា​គោល​ជំហរ​នយោបាយ​របស់​យើង​ម្នាក់ៗ​ខុស​ពី​គ្នា​យ៉ាង​ណា​ក៏​ដោយ តែ​ទុក្ខ​សោក​បណ្ដាល​មកពី​មរណភាព​មនុស្ស​ដែល​ជា​ទី​ស្រឡាញ់​អាច​កើត​មាន​ដូច​គ្នា​គ្រប់​ពេល​វេលា។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ប្រាប់​អាស៊ី​សេរី​ថា កាលៈទេសៈ​ពិសេស​នេះ​យើង​ត្រូវ​សំដែង​ការ​គួរសម​មនោសញ្ចេតនា​គោរព​គ្នា​ទៅ​វិញ​ទៅ​មក៖ « នេះ​ជា​កាលៈទេសៈ​ពិសេស​មិន​មែន​ជា​រឿង​នយោបាយ​ទេ​ ជា​ការ​ចូល​រួម​មរណទុក្ខ​ជា​ការ​គួរ​សម​ជា​មនុស្សធម៌ ជា​សុជីវធម៌។ ខ្ញុំ​អត់​មាន​ស្អី​ជំទាស់​ទេ​ តាក់​ទង​គោល​ជំហរ​នយោបាយ​ទេ​ បើ​ជំហរ​នយោបាយ​ចាំ​សួរ​សាមី​ខ្លួន​ទៅ »

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បញ្ជាក់​ថា ជា​វប្បធម៌​ដ៏​ល្អ​របស់​ខ្មែរ​នៅ​ពេល​មាន​សមាជិក​គ្រួសារ​ណា​ម្នាក់​មាន​ទុក្ខ​គឺ​តែងតែ​ចូល​រួម​រំលែក​ទុក្ខ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ តែ​សម្រាប់​ករណី​លោក​ សម រង្ស៊ី និង​លោក កឹម សុខា​ គឺ​ជា​ករណី​ដាច់​ដោយ​ឡែក​របស់​តុលាការ៖ « ជា​សញ្ញា​មួយ​ល្អ​វិជ្ជមាន​ប៉ុន្តែ​ពិបាក​នឹង​ការ​បូក​ ដក​ សង​ជាមួយ​នឹង​សមត្ថកិច្ច​តុលាការ »

អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់​វិញ មើល​ឃើញ​ថា​មិន​មាន​ការ​ប្រែប្រួល​អ្វី​ធំដុំ​ពី​ជំនួប​បែប​នេះ​ទេ​ដោយ​សារ​តែ​លោក​ហ៊ុន សែន​មិន​ហ៊ាន​បន្ធូរ​សេរីភាព​នយោបាយ​ដល់​លោក កឹម សុខា និង​លោក សម រង្ស៊ី រហូត​ធ្វើ​អោយ​ខូច​ខាត​ដល់​ផែន​ការ​បន្ត​អំណាច​របស់​គាត់​នោះ​ទេ៖ «​បើ​លោក កឹម សុខា ហ៊ាន​លេង​ល្បែង​របស់​លោក ហ៊ុន សែន ខ្ញុំ​គិត​ថា​គាត់​ប្រកាស​ឈប់​ធ្វើ​នយោបាយ​ទៅ​ល្អ​ជា​ជាង ពីព្រោះ​ការ​លេង​ល្បែង​របស់​លោក ហ៊ុន សែន កេរ្តិ៍​ឈ្មោះ​របស់​លោក​ក៏​ចប់​ស្មារតី​ប្រជាធិបតេយ្យ​ជាតិ​ក៏​យ៉ាប់។ តាម​ពិត​ទៅ​ជំនួប​នេះ​លោក កឹម សុខា ទំនង​ជា​បង្រៀន​លោក​ហ៊ុន សែន​អំពី​របៀប​ធ្វើ​ជា​មនុស្ស​ចិត្ត​ធម៌​ ការ​ចេះ​អត់ អោន​​នឹង​ចេះ​អនុគ្រោះ»។

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រឆាំង​មិន​ដែល​ចុះ​សម្រុង​នយោបាយ​ជាមួយ​គ្នា​នោះ​ទេ​ប៉ុន្តែ​ក្រោយ​ពី​លោក ហ៊ុន នាង ឪពុក​លោក ហ៊ុន សែន បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ ៩០ឆ្នាំ​កាលពី​ថ្ងៃ​ទី១២ ខែកក្កដា ឆ្នាំ២០១៣​ បាន​បើក​ផ្លូវ​អោយ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី អាច​វិល​ត្រឡប់​ចូល​មក​កាន់​មាតុ​ប្រទេស​វិញ ដើម្បី​ចូល​រួម​បោះ​ឆ្នោត។

លោក សម រង្ស៊ី បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​បារាំង​ម្ដង​ទៀត នៅ​ខែសីហា ឆ្នាំ២០១៥ ក្រោយ​ពី​មាន​បណ្ដឹង​តាម​ចាប់​ខ្លួន​លោក​ពី​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ និង​ក្លែងបន្លំ​ឯកសារ​បង្ក​ចលាចល​សង្គម។ ចំណែក​លោក កឹម សុខា កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​និង​ជាប់​ក្ដីក្ដាំ​ក្នុង​តុលាការ​នៅ​ឡើយ​ក្រោយ​អាជ្ញាធរ​ចាប់​ខ្លួន​លោក នៅ​ដើម​ខែ​កញ្ញា ឆ្នាំ២០១៧ ចោទ​ប្រកាន់​ពី​បទ​សន្ទិដ្ឋភាព ឬ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល។

លោកស្រី ប៊ុន ស៊ាងលី ម្ដាយ​ក្មេក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​មរណភាព​ដោយ​សារ​ជរាពាធ​​​ ក្នុង​អាយុ ៩៦ឆ្នាំ កាល​ពី​ថ្ងៃ​ទី៤ ខែឧសភា​​ ហើយ​សព​របស់​លោក​ស្រី​បាន​តម្កល់​ធ្វើ​បុណ្យ​នៅ​គេហដ្ឋាន​លោក​ហ៊ុន សែន​ នៅ​វិមាន​ឯករាជ្យ៕

ជំនួប​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ម្ដាយ​ក្មេក​លោក ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២០។
ជំនួប​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ម្ដាយ​ក្មេក​លោក ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២០។ (រូប៖ ហ្វេសប៊ុក Chantha Muth)


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។