សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​បាត់ដំបង​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ថា កាប់​ព្រៃឈើ

ដោយ អាស៊ីសេរី
2020-11-19
Share
ប្រាក់ ឈន លោក ប្រាក់ ឈន ​ជំទប់​ទី​២ ឃុំ​ស្តុក​ប្រវឹក ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង។
Photo courtesy

ប៉ូលិស​ខេត្ត​បាត់ដំបង ចាប់ខ្លួន​សកម្មជន​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នៅ​ស្រុក​រុក្ខគិរី នៅ​ព្រឹក​ថ្ងៃ​ទី​១៩ វិច្ឆិកា​ពាក់ព័ន្ធ​នឹង​រឿង​បទល្មើស​ព្រៃឈើ​។ មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​រឿង នេះ ថា​ជា​ការ​ធ្វើទុក្ខបុកម្នេញ​រឿង​នយោបាយ។

សកម្មជន​បក្ស​ប្រឆាំង​ដែល​អាជ្ញាធរ​ចាប់ខ្លួន​នោះ ជា​ជំទប់​ទី​២ ឃុំ​ស្តុក​ប្រវឹក ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​គឺ​លោក ប្រាក់ ឈន។ ភ្លាមៗ​ក្រោយពេល​ចាប់ខ្លួន ប៉ូលិស​ស្រុក​រុក្ខគិរី បាន​បញ្ជូន សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ទៅ​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង។

ប្រពន្ធ​លោក​ប្រាក់ ឈន គឺ​លោកស្រី ប៊ុន ស្រេន ប្រាប់​អាស៊ីសេរី​ថា ប៉ូលិស​មាន​គ្នា​៣​នាក់​បាន​ចូល​មក​ចាប់​ប្ដី​របស់​គាត់​នៅ​​​​​​​​​​​​​​​​​​​​​​​​ក្នុង​ផ្ទះ ពេល​គាត់​កំពុង​ធ្វើ​ម្ហូប​ជាមួយ​ក្រុម​គ្រួសារ។ លោកស្រី​បន្ត​ថា ប៉ូលិស​ទាំង​នោះ​បាន​បង្ខំ​ប្ដី​របស់​លោក​ស្រី​ឱ្យ​ឡើង​ឡាន រួច​ដឹក​ចេញ​យ៉ាង​តក់ក្រហល់ ដោយ​ពុំបាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​នេះ​ឡើយ៖ «អត់​មាន​យុត្តិធម៌​ទេ ព្រោះ​អី​មក​បង្ខំ ព្រោះ​អី​មិន​បាន​មក​និយាយ​ខុសត្រូវ​ពី​រឿង​អី​មួយ​ផង​មកដល់​ចាប់​យក​ទៅ​ហ្មង​។ បើសិនជា​ប្ដី​ខ្ញុំ​ធ្វើ​ក៏​មានការ​ស៊ើបសួរ​ប្រជាជន ឬក៏​អាជ្ញាធរ​មក​ដោះស្រាយ​នៅផ្ទះ ឬមួយ​នាំទៅ​ភូមិ​ឃុំ​អី​ទៅ​សាកសួរ​ដើម្បី​មាន​ភាព​យុត្តិធម៌​ទេ នេះ​អត់​ទេ​មកដល់​បង្ខំ​ឱ្យ​ប្ដី​ខ្ញុំ​ឡើង​ឡាន​ទៅ​ហ្មង»

អធិការរង​នគរបាល​ស្រុក​រុក្ខ​គិរី លោក ទូច វិល ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី​ថា ការ​ចាប់ខ្លួន​នេះ ធ្វើឡើង​តាម​ដីកា​របស់​តុលាការ​ខេត្ត​បាត់ដំបង ក្រោម​បទល្មើស​អំពើ​លួច មាន​ស្ថាន​ទម្ងន់​ទោស៖ «ក្នុង​ហ្នឹង​លួច​មាន​ស្ថាន​ទម្ងន់​ហ្នឹង​ឃើញ​នៅ​ក្នុង​ដីកា​របស់​តុលាការ ដាក់​ថា ស្ថិត​នៅ​ក្នុង​សហគមន៍​ព្រៃឈើ ព្រៃ​ត្រឡាច ដែល​ឈ្មោះ​អ៊ឹន អឿន ដែល​ប្រធាន​សហគមន៍​អ្នកប្ដឹង​។​ដីកា​ហ្នឹង​ចេញ​មក​ថ្មី​ជា​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន»

កាលពី​ថ្ងៃ​ទី​២៩ កញ្ញា​ឆ្នាំ​២០២០ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​បាត់ដំបង លោក គីម ហេង បាន​​ចេញ​ដីកា​បង្គាប់​ឱ្យ​លោក ប្រាក់ ឈន ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៣ តុលា ម្ដង​រួច​មក​ហើយ​។ តុលាការ​បាន​ចោទប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ពី​បទ​លួច មាន​ស្ថាន​ទម្ងន់​ទោស ប្រព្រឹត្តទៅ​នៅ​សហគមន៍​ព្រៃឈើ​ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គិរី កាលពី​ថ្ងៃ​ទី​៦ ខែ​តុលា​ឆ្នាំ​២០១៦។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី យល់​ថា រឿង​នេះ​ជា​ការ​អនុវត្ត​ខុស​នីតិវិធី ។​លោក​បញ្ជាក់​ថា លោក ប្រាក់ ឈន បាន​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​តុលាការ​ចំនួន​២​លើក​រួច​មក​ហើយ ដោយ​តុលាការ​បាន​ប្រថាប់ត្រា​យល់ព្រម​ឱ្យ​លោក​ពន្យារ​រួចហើយ​ដែរ ដូច្នេះ​តុលាការ​មិន​គួរ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ឡើយ​៖ «សុំឱ្យ​ខាង​លោក​ចៅក្រម លោក​ពិនិត្យ​ទៅលើ​នីតិវិធី​ហ្នឹង​ឡើងវិញ ខ្ញុំ​មិន​ថា​គាត់​មិន​ចេះតែ​គ្រាន់​ថា​ឱ្យ​ពិនិត្យ​ឡើង​វិញ ធ្វើ​ទៅតាម​ជំហាន​ទៅ​កុំ​ធ្វើ​ដោយ​តក់ក្រហល់​។ ហើយ​មនុស្ស​នៅ​ទីនេះ​ដែរ​បើ​យើង​ធ្វើ​មិនបាន​ត្រឹមត្រូវ​ឱ្យ​មាន​ភាព​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​នីតិវិធី​ហ្នឹង​ទេ គេ​ធ្វើ​ឱ្យ​មាន​ការចោទប្រកាន់​ថា វា​អាច​មាន​ចារឹក​នយោបាយ​អីចឹង​ទៅ។ នេះ​ជា​បញ្ហា​ដែល​យើង​ត្រូវ​ធ្វើ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន ឱ្យ​បាន​ស្មើគ្នា​លើ​ជន​គ្រប់រូប»

ចំណែក​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រុក្ខគិរី លោក សែម ពីរស់ ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ ពីព្រោះ​លោក​ថា លោក​ប្រាក់ ឈន មិន​បាន​ប្រព្រឹត្ត​ខុសច្បាប់​អ្វី​ឡើយ​។​លោក​ឱ្យ​ដឹង​ទៀត​ថា រឿង​ការ​កាប់​ព្រៃឈើ​នោះ​ពុំ​មាន​ពាក់ព័ន្ធ​នឹង​លោក​ប្រាក់ ឈន នោះ​ទេ ។​លោក​បញ្ជាក់​ថា កាល​កាលពី​ឆ្នាំ​២០១៦ លោក​ប្រាក់ ឈន បាន​ចុះ​សម្របសម្រួល​ដោះស្រាយ​ជម្លោះ​ក្នុងនាម​លោក​ជា​ជំទប់​ទី​២ ឃុំ​ស្តុក​ប្រវឹក ឱ្យ​ប្រជាពលរដ្ឋ​មាន​ទំនាស់​ជាមួយ​សហគមន៍​ព្រៃឈើ​ព្រៃ​ត្រឡាច​។​លោក​បន្ថែម​ថា ក្រោយមក​តំណាង​សហគមន៍​ព្រៃឈើ​បាន​ប្ដឹង​រឿង​នេះ​ទៅ​តុលាការ​ឱ្យ​ចាត់​វិធាន​លោក ប្រាក់ ឈន តែម្ដង។

លោក សែម ពីរស់ ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​និង​សាច់ញាតិ​លោក ប្រាក់ ឈន នឹង​លើកគ្នា​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ដើម្បី​ទៅតាម​រឿង​នេះ។

ចាប់ពី​ខែ​មករា​មក​អាជ្ញាធរ​ចាប់​បាន​ខ្លួន​សកម្មជន​នយោបាយ សកម្មជន​សង្គម ព្រះសង្ឃ​ខ្មែរ​ថាវរៈ និង​ក្រុម​យុវជន​ដាក់​ពន្ធនាគារ​ជាង​៤០​នាក់​ហើយ​។ តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ​រួមគំនិត​ក្បត់ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ប្រមាថ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​បទ​ចោទ​មួយ​ចំនួន​ទៀត​។​

មន្ត្រី​អង្គការ​ជាតិ​និង អន្តរជាតិ​ជាច្រើន​ស្ថាប័ន រួម​ទាំង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ផង បាន​ថ្កោលទោស​រឿង​នេះ​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ហើយ​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ​ជា​បន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។