អាជ្ញាធររបបក្រុងភ្នំពេញ ចាប់ខ្លួនសកម្មជនបក្សប្រឆាំងជាស្ត្រីម្នាក់ទៀត នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣១ ខែតុលា។ សង្គមស៊ីវិលយល់ថា ការចាប់ខ្លួននេះ កើតចេញពីជម្លោះនយោបាយមិនមែនជារឿងអនុវត្តន៍ច្បាប់នោះទេ។
អាជ្ញាធរខេត្តកំពង់ស្ពឺជាច្រើននាក់ បានចាប់ខ្លួនក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្សសង្គ្រោះ ជាតិម្នាក់ នៅសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ គឺអ្នកស្រី ឈួន ចន្នី អាយុ ៤៩ឆ្នាំ។ ការចាប់ខ្លួននេះ ក្រោយពេលតុលាការខេត្តកំពង់ស្ពឺ ចេញដីកាចោទប្រកាន់អ្នកស្រី ឈួន ចន្នី រួមជាមួយសកម្មជនក្នុងខេត្តមួយនេះ ១០នាក់ផ្សេង កាលពីថ្ងៃទី៣០ ខែតុលា ពីបទ ''រួមគំនិតក្បត់'' ជាមួយលោក សម រង្ស៊ី។
ប្រធានចលនាស្ត្រីនៅខេត្តកំពង់ស្ពឺរបស់គណបក្សសង្គ្រោះជាតិ អ្នកស្រី គុណ ម៉ាច ថ្លែងថា ការ ចោទ និងការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនេះ គឺគ្មានមូលដ្ឋានច្បាប់បន្តិចទាល់តែសោះ ដូច្នេះនេះ គឺជារឿងអយុត្តិធម៌បំផុតសម្រាប់អ្នកស្រី ឈួន ចន្នី ដែលជាមនុស្សស្មោះត្រង់ចំពោះជាតិ និងប្រជាធិបតេយ្យ។ អ្នកស្រី គុណ ម៉ាច នៅតែចាត់ទុកចំណាត់ការរបស់អាជ្ញាធររបបក្រុងភ្នំពេញ គឺជាចេតនា គំរាមកំហែងបំបាក់ស្មារតីរបស់សកម្មជនបក្សប្រឆាំងកុំឲ្យអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការចូលរួម គាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី៖ « ខ្ញុំមានការឈឺចាប់ណាស់ ដែលអាជ្ញាធរចាប់ខ្លួនស្ត្រីម្នាក់ដ៏ទន់ខ្សោយហើយចោទប្រកាន់ពីបទរួមគំនិតក្បត់ គឺជារឿងមិនត្រឹមត្រូវ និងអយុត្តិធម៌។ ទោះយ៉ាងណា ពួកខ្ញុំ បានត្រៀមខ្លួនរួចជាស្រេច ហើយគ្មានការដកថយទេ ដោយនៅតែបន្តដំណើរទៅមុខវិលចូល កម្ពុជាវិញ នៅថ្ងៃទី៩ វិច្ឆិកា » ។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង និងអ្នកនាំពាក្យអគ្គ ស្នងការនគរបាលជាតិ លោក ឆាយ គឹម ឃឿន បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទូល។
អ្នកនាំពាក្យសមាគម អាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការបង្កើនសកម្មភាព បង្ក្រាបទៅលើសកម្មជនបក្សប្រឆាំងនេះ គឺកើតចេញពីជម្លោះនយោបាយរវាងមេដឹកនាំគណបក្ស សង្គ្រោះជាតិ និងមេដឹកនាំគណបក្សកាន់អំណាច ហើយករណីបែបនេះ គេលែងចាត់ទុកថា ជាការអនុវត្តច្បាប់ទៀតហើយ។ លោកជំរុញឲ្យមេដឹកនាំនយោបាយទាំងពីរភាគីនេះ វិលទៅ រកតុចរចាដោះស្រាយបញ្ចប់ជម្លោះនយោបាយវិញ បើពុំនោះទេ ពលរដ្ឋកាន់តែបន្តរងគ្រោះហើយ ប្រទេសជាតិកាន់តែជួបវិបត្តិធ្ងន់ធ្ងរ៖ « រដ្ឋាភិបាល គួរតែពិនិត្យទៅលើអ្វីដែលខ្លួនបានអនុវត្តនិងកំពុង អនុវត្ត ព្រោះយើងឃើញថា បញ្ហាទាំងអស់នោះ បានជះឥទ្ធិពលខ្លាំងទៅលើពលរដ្ឋជាអ្នកគាំទ្របក្សប្រឆាំង និងខាងសហគមន៍អន្តរជាតិកំពុងតែមានសម្ពាធលើកម្ពុជា ដូច្នេះគួរតែមានវិធានការបែបណា ដើម្បីដោះស្រាយទប់ស្កាត់កុំឲ្យបាត់បង់ EBA និង GSP»។
គិតត្រឹមរសៀលថ្ងៃទី៣១ ខែតុលា របបក្រុងភ្នំពេញ បានចាប់ឃុំខ្លួនសកម្មជនបក្សប្រឆាំងក្នុងពន្ធនាគាចំនួន ៥៨នាក់ហើយ និងកំពុងតាមចាប់ខ្លួនព្រមទាំងកោះហៅសកម្មជន ១៩៩នាក់ផ្សេងទៀតទៅបំភ្លឺ ពាក់ព័ន្ធនឹងផែនការមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ។ ក្រៅពីនេះ ក៏មានសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត បានរត់ភៀសខ្លួនរកកន្លែងមានសុវត្ថិភាព ដើម្បីត្រៀមកម្លាំងអមដំណើរ លោក សម រង្ស៊ី វិលចូលកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ។
កាលពីថ្ងៃទី២១ ខែតុលា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានចេញសេចក្តីថ្លែងការណ៍ថា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងជាច្រើននាក់ ក្រោមហេតុផលនយោបាយ បង្ហាញថា រដ្ឋាភិបាលលោក ហ៊ុន សែន គ្មានបំណងបញ្ឈប់ទង្វើវាយបង្ក្រាបយ៉ាងចាស់ដៃលើសំឡេងប្រឆាំង និងសំឡេងឯករាជ្យ ដែលបណ្ដាលឱ្យកម្ពុជាស្ថិតក្នុងភាពខ្មៅងងឹតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឡើយ។ អង្គការអន្តរជាតិមួយនេះ ក៏អំពាវនាវដល់រដ្ឋាភិបាល និងប្រទេសម្ចាស់ជំនួយ ឱ្យដាក់សម្ពាធរបបក្រុងភ្នំពេញ ឱ្យដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់ទាំងឡាយជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
