សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់ទៀត​ត្រូវ​ជន​មិន​ស្គាល់​លួច​វាយ​ពីក្រោយ​បែក​ក្បាល​របួសធ្ងន់

0:00 / 0:00

សកម្មជន​គណបក្សប្រឆាំង​នៅ​រាជធានី​ភ្នំពេញ​ម្នាក់​ទៀតហើយ ត្រូវ​បាន​ជន​មិន​ស្គាល់​លួច​វាយ​ពី​ក្រោយ​បែក​ក្បាល​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែ​ធ្នូ។ អ្នកវិភាគ​លើកឡើង​ថា ករណី​វាយប្រហារ​សកម្មជន​បក្ស​ប្រឆាំង ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​ឃាត់ខ្លួន​ជនសង្ស័យ​ជាច្រើន​ករណី​កន្លង​មក វា​ជា​ភាព​អាម៉ាស​របស់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដែល​រង​ការវាយប្រហារ​នេះ ជា​អនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ គណបក្ស​សង្គ្រោះជាតិ នៅ​ខណ្ឌ​ពោធិ៍សែនជ័យ ក្រុងភ្នំពេញ លោក ហេង ចាន់សុធី។ ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ទាមទារ​ទៅ​អាជ្ញាធរ​ត្រូវតែ​វែកមុខ​រក​ជន​ដៃដល់​ឱ្យ​យក​មក​ដាក់​ទោស​ទណ្ឌ​តាម​ផ្លូវ​ច្បាប់​។ លោក​ចោទ​ប្រកាន់​ថា អំពើ​ហិង្សា​នេះ​ជា​ការ​គំរាមកំហែង ផ្នែក​នយោបាយ​ដើម្បី​បំបាក់​ស្មារតី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ៖ «ករណី​ហ្នឹង​កើតឡើង​ដដែលៗ ខ្ញុំ​យល់​ថា ជា​ការ​រៀបចំ​របស់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ដែល​ជា​ទូទៅ​កាត់​ព្យាយាម​បំភិតបំភ័យ​បំបាក់​ស្មារតី​គ្រប់​ទម្រង់»។

លោក ម៉ន ផល្លា ឱ្យ​ដឹង​ទៀត​ថា លោក ហេង ចាន់សុធី ត្រូវ​បាន​សមត្ថកិច្ច​ក្រុងភ្នំពេញ​ចាប់ខ្លួន​ម្តង​រួច​ហើយ​កាល​ពី​មុន​ថ្ងៃ​៩ វិច្ឆិកា កន្លងទៅ ដោយ​បាន​ចោទ​ប្រកាន់​ថា បាន​ចូលរួម​សកម្មភាព​ផ្តួល​រំលំ​រដ្ឋាភិបាល ប៉ុន្តែ ក្រោយ​រដ្ឋាភិបាល​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ ក៏បាន​ដោះលែង​លោក ហេង ចានសុធី ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​វិញ។

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ករណី​នេះ ពី​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមឃឿន បាន​ទេ កាលពី​យប់​ទី​២១ ខែ​ធ្នូ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។ ប៉ុន្តែ រាល់ពេល​មាន​ករណី​ហិង្សា​លើ​សកម្មជន​គណបក្ស​​សង្គ្រោះជាតិ​ម្តងៗ មន្ត្រី​នគរបាល​ជាន់ខ្ពស់​រូប​នេះ​តែងតែ​អះអាង​ថា សមត្ថកិច្ច​នឹង​ព្យាយាម​ចាត់វិធានការ​ទៅតាម​ច្បាប់​ដើម្បី​ចាប់​ជនល្មើស​យក​មក​ផ្ដន្ទាទោស។

សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង​លោក បុង ដែត យល់​ថា នេះ​គឺជា​រឿង​គួរ​ឱ្យ​អាម៉ាស​មួយ​ដែល​រដ្ឋាភិបាល​ត្រូវ​ប្រឈម ព្រោះ​ប្រមុខ​រដ្ឋាភិបាល​តែង​អួតអាង​ថា ប្រទេស​កម្ពុជា​សព្វថ្ងៃ មាន​សុខ​សុវត្ថិភាព និង​ស្ថិរភាព ប៉ុន្តែ បែរជា​កើតមាន​ករណី​ហិង្សា​លើ​សកម្មជន​គណបក្សប្រឆាំង​ជា​បន្តបន្ទាប់ ហើយ​សមត្ថកិច្ច​មិនដែល​រក​ជនល្មើស​យក​មក​ផ្ដន្ទាទោស​បាន​មួយ​ករណី​មួយ​សោះ។លោក​យល់​ថា ករណី​នេះ នឹង​ធ្វើ​ឱ្យ​មហាជន​រិះគន់​ថា នេះ​ជា​រូបភាព កៀបសង្កត់​លើ​សកម្មជន​គណបក្សប្រឆាំង​ដោយ​អំពើ​ឃោរឃៅ និង​រំលោភ​សិទ្ធិមនុស្ស ដោយ​ក្រុម​ណាមួយ៖ «យើង​ក្រឡេក​មើល​សកម្មជន​ដែល​ទទួលរង​ការ​វាយប្រហារ​នេះ​ជា​អំពើ​ឃោរឃៅ​ដែល​កើតឡើង​ចំពោះ​សកម្មជន អ្នកនយោបាយ​ដែល​បាន​ធ្វើការ​ដើម្បី​ជាតិ ដើម្បី​ប្រជាពលរដ្ឋ»។

ករណី​ហិង្សា​លើ​លោក ហេង ចាន់សុធី សកម្មជន​គណបក្ស​ស​ង្គ្រោះជាតិ​នេះ គឺជា​ករណី​ទី​១៤​ហើយ ដែល​ជន​ដៃដល់​បាន​ប្រើ​ហិង្សា​វាយ​សំពង​សកម្មជន​គណបក្ស​ប្រឆាំង ហើយ​គ្មាន​សំណុំរឿង​មួយ​ណា​ត្រូវ​បាន​សមត្ថកិច្ច​បាន​រក​ឃើញ​ជន​ប្រព្រឹត្ត ដើម្បី​នាំ​ទៅ​ផ្ដន្ទាទោស​នោះ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល សម្ដែង​ការ​សោកស្តាយ និង​ចាត់​ទុក​ករណី​ហិង្សា​កើត​ឡើងលើ​សកម្មជន​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​នេះ ជា​ការ​រៀបចំ​ជា​ប្រព័ន្ធ​ដើម្បី​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​គណបក្ស​ស​ង្គ្រោះជាតិ៕

អនុប្រធាន​បក្សសង្គ្រោះជាតិ​អ្នកស្រី មូរ សុខហួរ ថា​ករណី​វាយដំ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នេះ អ្នកស្រី​កំពុង​រៀបចំ​ធ្វើ​របាយការណ៍ ដើម្បី​ដាក់​ជូន​ទៅ​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា និង​រដ្ឋាភិបាល​ប្រទេស​ប្រជាធិបតេយ្យ រួម​ទាំង​ស្ថាប័ន​សិទ្ធិមនុស្ស​អន្តរជាតិ​ផង ដើម្បី​ឱ្យ​ពួកគេ​ដឹង​អំពី​ការ​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​បក្ស​ប្រឆាំង ឥត​ស្រាកស្រាន្ត​នេះ។

ក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់ និង​លំបាក ដែល​សកម្មជន​នៅ​មូលដ្ឋាន​កំពុង​ប្រឈម​នេះ អ្នកស្រី មូរ សុខហួរ កោតសរសើរ​នូវ​វីរភាព និង​ការ​តស៊ូ​របស់​សកម្ម​ទាំងនោះ។ អ្នកស្រី​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​ធ្វើ​អ្វីៗ គ្រប់យ៉ាង​ដើម្បី​រក​យុត្តិធម៌​ជូន​សកម្មជន និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ដែល​រងគ្រោះ​ដោយសារ​ការរំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។