អាជ្ញាធររបបក្រុងភ្នំពេញ បន្តចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំងម្នាក់ទៀត នៅព្រឹកថ្ងៃទី០៥ មិថុនា ដោយសារ មិនបានបង្ហាញខ្លួន នៅប៉ុស្តិ៍នគរបាល ក្នុងពេលនៅក្រៅឃុំបណ្ដោះអាសន្ន។ ចំណែកសកម្មជនបក្សប្រឆាំងម្នាក់ទៀត នៅខេត្តកណ្ដាល កំពុងរត់ភៀសខ្លួន ក្រោយពេលមានប៉ូលិស និងអាជ្ញាធរមូលដ្ឋានទៅសួររកដល់ផ្ទះ។ ការឃាត់ខ្លួនសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់នេះ កើតឡើង ក្រោយពេលនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសចាប់ខ្លួនសកម្មជនបក្សប្រឆាំងក្នុងស្រុកណា ដែលលោកចោទប្រកាន់ចូលរួមប្រឆាំងនឹងរដ្ឋាភិបាលលោក។
សមត្ថកិច្ចឃាត់ខ្លួន អនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោក ហេង ច័ន្ទសុទ្ធី នៅម៉ោង៧កន្លះព្រឹក ពេលលោកកំពុងជិះម៉ូតូតាមផ្លូវ ម្ដុំសាលាបឋមសិក្សាអរុណវតី តាមផ្លូវជាតិលេខ៤។
ប្រពន្ធរបស់ លោក ហេង ច័ន្ទសុទ្ធី គឺ លោកស្រី ឡុង ណារិន ឱ្យដឹងថា ប៉ូលិសច្រើននាក់ បានក្រៀកលោក ហេង ច័ន្ទសុទ្ធី ឡើងឡានភ្លាមៗ មិនបង្ហាញហេតុផល គ្មានការបង្ហាញដីកា និងគ្មានការជូនដំណឹងដល់គ្រួសារឡើយ ក្រោយការចាប់ខ្លួន។ លោកស្រីថា ប៉ូលិសនៅមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ អះអាងថា មិនបានដឹងករណីនេះទេ និងណែនាំ លោកស្រី ឡុង ណារិន ឱ្យសួរនាំទៅថ្នាក់លើ ឬទៅរកមើលនៅតុលាការ។ លោកស្រី បាននាំកូនស្រី ៣នាក់ មកឈរចាំមើលប្ដីនៅមុខតុលាការក្រុងភ្នំពេញ រហូតដល់ម៉ោងជាង៣រសៀល ទើបទទួលដំណឹងថា តុលាការបញ្ជូន លោក ហេង ច័ន្ទសុទ្ធី ទៅឃុំខ្លួន នៅពន្ធនាគារព្រៃស ឡើងវិញ។
លោកស្រី ឡុង ណារិន ហៅការចាប់ និងឃុំខ្លួនប្ដី ជាភាពអយុត្តិធម៌ និងអះអាងថា លោក ហេង ច័ន្ទសុទ្ធី មិនដែលចូលរួមនយោបាយ តាំងពីបក្សប្រឆាំងរងការរំលាយ នៅចុងឆ្នាំ២០១៧។ ប៉ុន្តែប្ដី លោកស្រី រងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរជាបន្តបន្ទាប់។ «»
លោក ហេង ច័ន្ទសុទ្ធី គឺជាមន្ត្រីបក្សប្រឆាំងទី១៦ ដែលរងការចាប់ខ្លួន នៅក្នុងឆ្នាំ២០២០ និងជាមន្ត្រីបក្សប្រឆាំងម្នាក់ ធ្លាប់រងលបឆ្មក់ វាយឱ្យរបួសក្បាល ពីជនមកស្គាល់មុខ កាលពីចុងខែធ្នូ ឆ្នាំ២០១៩។ លោក ហេង ច័ន្ទសុទ្ធី ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន ក្នុងពន្ធនាគារព្រៃសម្ដង រយៈពេល១០ថ្ងៃ ក្រោមបទចោទ រួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងគម្រោងធ្វើមាតុភូមិនិវត្តន៍របស់ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកាឆ្នាំ២០១៩។ នៅខែដដែល មន្ត្រីតុលាការបានដោះលែងលោកវិញ ក្រោយមានបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដោះលែងអ្នកទោសនយោបាយ និងដកហូតដីកាចាប់ខ្លួនមន្ត្រីបក្សប្រឆាំង មកវិញទាំងអស់។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់រឿងនេះ ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅថ្ងៃទី០៥ មិថុនា ដោយសារទូរស័ព្ទរោទ៍គ្មានអ្នកទទួល។ ប៉ុន្តែក្នុងដីកាបង្គាប់ឱ្យនាំខ្លួន លោក ហេង ច័ន្ទសុទ្ធី ចុះថ្ងៃទី៤ មិថុនា ដោយចៅក្រមស៊ើបសួរ លោក កូយ សៅ បានបង្គាប់ឱ្យកងកម្លាំង នាំខ្លួន លោក ហេង ច័ន្ទសុទ្ធី ប្រគល់ឱ្យសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឃុំខ្លួនឡើងវិញ ដោយសារ មន្ត្រីបក្សប្រឆាំងរូបនេះ មិនបានអនុវត្តកាតព្វកិច្ចបង្ហាញខ្លួន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាល់ខែ។
មេធាវីការពារក្ដី ឱ្យ លោក ហេង ច័ន្ទសុទ្ធី លោកមេធាវី សំ សុគង់ ឱ្យដឹងថា លោក ហេង ច័ន្ទសុទ្ធី ប្រាប់ ចៅក្រមថា ការខកខានបង្ហាញខ្លួនមុខសមត្ថកិច្ច ដោយសារ លោកមិនទទួលបានលិខិតឱ្យបង្ហាញខ្លួន ជាផ្លូវការ ក្រោយការដោះលែង កាលពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៩។ លោក ហេង ច័ន្ទសុទ្ធី អះអាងប្រាប់ លោក កូយ សៅ ថា បើលោកដឹង និងទទួលដីកា លោកនឹងបង្ហាញខ្លួន។ តែការមិនផ្ដល់ដំណឹងនេះ លោកមិនដឹងថា ត្រូវបង្ហាញ នៅទីណាទេ។
លោកមេធាវី សំ សុគង់ យល់ថា នេះជាភាពឆកល្វែងរបស់មន្ត្រីតុលាការ ក្នុងការងារ ដោយមិនបានបញ្ជូនដីកាដល់កូនក្ដី។ លោកមេធាវីប្រាប់ថា តាមផ្លូវច្បាប់ក្នុងករណីនេះ ត្រូវផ្ដល់ប្រយោជន៍ឱ្យជនត្រូវចោទ ជាកូនក្ដីលោក បាននៅក្រៅឃុំ ដោយមិនគួរបន្តឃុំខ្លួនឡើងវិញទេ។ «»
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ថា តុលាការ និងសមត្ថកិច្ច គួរពិនិត្យមើលកាតព្វកិច្ចខ្លួនផង បើមានការឆកល្វែងពិតមែន។ លោកបន្តថា ការចាប់ចង និងបន្តធ្វើទុក្ខបុកម្នេញ លើសកម្មជនបក្សប្រឆាំង តាំងពីដើមមក គឺជាការធ្វើទុក្ខបុកម្នេញនយោបាយ មិនមែនជាការអនុវត្តច្បាប់ទេ។ តំណាងសង្គមស៊ីវិលរូបនេះ ក៏ចង់ឱ្យសមត្ថកិច្ច ស្រាវជ្រាវរកជនដៃដល់ វាយ លោក ហេង ច័ន្ទសុទ្ធី របួសក្បាលឱ្យឃើញផង ដោយកុំតែចាំចាប់កំហុសមន្ត្រីបក្សប្រឆាំង។ «»
ចំណែកសកម្មជនបក្សប្រឆាំងម្នាក់ទៀត រស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល លោក តុន និមល ក៏កំពុងរត់គេចខ្លួនដែរ ដោយសារប៉ុន្មានថ្ងៃនេះ មានសមត្ថកិច្ចទៅសួរគ្រួសារ និងអ្នកភូមិ ពីដំណឹងរបស់លោក។ លោក តុង និមល គឺជាបេក្ខភាពឈរឈ្មោះបម្រុងឱ្យគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ដើមមៀន កាលពីអាណត្តិទី៤ ឆ្នាំ២០១៧។
លោកប្រាប់អាស៊ីសេរី នៅថ្ងៃទី៥ មិថុនា ថា កាលពីប៉ុន្មានថ្ងៃមុន មានមេភូមិ និងមេប៉ុស្តិ៍ បានទៅសួរនាំគ្រួសារ ដើម្បីហៅលោក ទៅធ្វើអត្តសញ្ញាណប័ណ្ណ។ ប៉ុន្តែ ប៉ូលិសប៉ុស្តិ៍ដើមមៀន បានសួរឪពុក រកលេខទូរស័ព្ទ និងរកគណនីហ្វេសប៊ុក ហើយមានក្រុមស៊ីវិលមួយក្រុម ឃ្លាំមើលនៅផ្ទះរបស់លោក។
លោក តុន និមល អះអាងថា តាំងពីមានការរំលាយគណបក្សប្រឆាំងមក លោក បានលះបង់អាជីពនយោបាយចោល ហើយងាកមកជួយរកស៊ីជាមួយប្រពន្ធកូនវិញ ដោយប្រកបរបរលក់ចាហួយ និងដឹកអាវជជុះ លក់តាមកង់បី នៅមុខរោងចក្រវិញ។ លោកថា ការបង្កភាពភ័យខ្លាចពីសំណាក់ប៉ូលិសប៉ុន្មានថ្ងៃមកនេះ ធ្វើឱ្យលោក បាត់បង់ប្រាក់ចំណូល ខណៈការលក់ដូររបស់លោក មួយថ្ងៃ ដើម្បីមួយថ្ងៃ។
លោក តុន និមល មិនហ៊ានឱ្យប្រពន្ធ ទៅសួរនាំអាជ្ញាធរពីករណីនេះទេ តែ លោក បានពឹងពាក់អង្គការសិទ្ធិមនុស្សលីកាដូ ឱ្យជួយឃ្លាំមើល ករណីរបស់លោក។ លោកស្នើកុំឱ្យមានការធ្វើទុក្ខបុកម្នេញ លោកតទៅទៀត ព្រោះលោកលែងហ៊ានប្រឡូកជីវភាពនយោបាយទៀតហើយ។
ពាក់ព័ន្ធករណីនេះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដើមមៀន លោក សេង វុទ្ធី ប្រាប់អាស៊ីសេរី ថា គ្មានករណីតាមចាប់ខ្លួន លោក តុន និមល ឡើយ ព្រោះគ្មានដីកា។ លោកថា ប៉ូលិស និងអាជ្ញាធរ គ្រាន់តែដើរកោះហៅពលរដ្ឋតាមភូមិ ឱ្យទៅធ្វើអត្តសញ្ញាណថ្មីប៉ុណ្ណោះ។ «»
ចាប់តាំងពីឆ្នាំ២០២០មក របបក្រុងភ្នំពេញ បានចាប់សកម្មជនបក្សប្រឆាំង ចំនួន១៦នាក់ហើយ ដាក់ពន្ធនាគារ តែដោះលែងសកម្មជនបក្សប្រឆាំងខេត្តស្វាយរៀងវិញម្នាក់ ដោយសារមានជំងឺធ្ងន់ធ្ងរ ពេលចាប់ខ្លួនដោយបង្ខំ។ ចំណែកសកម្មជនបក្សប្រឆាំងចំនួន១៦នាក់ទៀត រងការវាយរបួសក្បាល និងដៃ ពីជនមិនស្គាល់មុខ តែសមត្ថកិច្ចមិនទាន់រកឃើញជនដៃដល់ និងអ្នកបញ្ជាទេ។
អ្នកឃ្លាំមើលសិទ្ធិមនុស្ស សង្កេតឃើញថា តាំងពីមានប្រតិកម្មពីប្រមុខរដ្ឋាភិបាល រឿងបន្តចាប់សកម្មជនបក្សប្រឆាំង ដោយសារទទួលផែនការផ្ដួលរលំធនាគារមក ធ្វើឱ្យស្ថានភាពបន្តនយោបាយតានតឹង។ លោក ស៊ឹង សែនករុណា ប្រាប់ថា សង្គមស៊ីវិល មិនចង់ឃើញវិធានការចាប់ចង ឬបន្តជម្លោះនយោបាយទេ គឺចង់ឱ្យមានការចរចា រកផលប្រយោជន៍រួម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
