សកម្មជនគណបក្សសង្គ្រោះជាតិនៅក្រុងភ្នំពេញម្នាក់ទៀត ត្រូវបានជនមិនស្គាល់មុខលួចវាយ ប្រហារពីក្រោយបណ្ដាលឱ្យសន្លប់ នៅព្រឹកថ្ងៃទី៦ ខែធ្នូ។ ជនរងគ្រោះ ចាត់ទុក ករណីនេះជារឿង នយោបាយ មិនមែនគំនុំបុគ្គលនោះទេ។ ចំណែកសមត្ថកិច្ច អះអាងថា កំពុងស្រាវជ្រាវរកជនល្មើស និងបដិសេធថា មិនមែនជារឿងនយោបាយឡើយ។
សកម្មជនបក្សប្រឆាំង និងជាជនរងគ្រោះឱ្យដឹងថា ជនមិនស្គាល់មុខពីរនាក់ បានជិះម៉ូតូលួចវាយ អ្នកស្រី ជាចៅសង្កាត់រងទី២ជាប់ឆ្នោតនៃសង្កាត់អូរឫស្សី៤ របស់គណបក្សសង្គ្រោះជាតិ បណ្ដាលឱ្យដេកដួលសន្លប់មួយសន្ទុះ។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី៦ ខែធ្នូ ត្រង់ចំណុចកែងផ្លូវលេខ១៦៤ ក្បែរសាលាសង្កាត់ អូរឫស្សី៣ ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។
អ្នកស្រី ទេព ច័ន្ទសុខខែយ៉ា រៀបរាប់ថា អំពើហិង្សានេះ កើតឡើងពេលអ្នកស្រីធ្វើដំណើរ ចេញពីផ្ទះ ស្រាប់តែមានជនមិនស្គាល់មុខពីរនាក់ ដោយម្នាក់ជាអ្នកបើកម៉ូតូ ហើយម្នាក់ទៀតជាអ្នកចុះមកលួចវាយអ្នកស្រីពីក្រោយចំនួនមួយដៃចំគុម្ពត្រចៀកខាងស្តាំបណ្ដាលឱ្យអ្នកស្រីដួលសន្លប់ ហើយជន សង្ស័យបានរត់ឡើងជិះម៉ូតូគេចខ្លួនបាត់៖ «ខ្ញុំឈរនិយាយមួយអ្នកស្គាល់គ្នាមិនបាន២នាទីផង ស្រាប់តែ គេវាយខ្ញុំមួយដៃដួលទៅហើយមើលមិនឃើញមុខថា ជានរណាទេ។ ខ្ញុំខំប្រឹងមើលថា នរណាវាយ ខ្ញុំគឺខ្ញុំមាឌធំពាក់មុខសុវត្ថិភាពពណ៌ខ្មៅអាយុប្រហែលចន្លោះ៤០ ទៅ ៤៥ឆ្នាំពាក់ខោអាវខ្មៅទាំងអស់។ ពេលវាយខ្ញុំដួលភ្លាម គឺម្នាក់ដែលខ្ញុំស្គាល់នឹងបាននិយាយជាមួយនោះ បានស្រែកថា ម៉េចវាយគេ ចឹងៗ ធ្វើឱ្យម្នាក់នោះរត់ឡើងជិះម៉ូតូទៅបាត់ទៅ។ ខ្ញុំបានតាំងអារម្មណ៍ឡើងអង្គុយ និងមានពលរដ្ឋម្តុំនោះ មានទាំងអ្នកម៉ូតូឌុបអីមកចោមរោមមើល និងនិយាយថា អ្នកវាយនោះ បានដើរសំដៅមករកគាត់ប្រហែលជាង ១០មែត្រ ហើយបានដោះខ្សែក្រវ៉ាត់ប្រុងវាយ ប៉ុន្តែវាយដៃវិញ»។
សកម្មជនបក្សប្រឆាំងរូបនេះ ឱ្យដឹងថា ក្រោយកើតហេតុភ្លាមៗអ្នកស្រី បានទៅដាក់បណ្ដឹងនៅ ប៉ុស្តិ៍នគរបាលសង្កាត់អូរឫស្សី៣ ប៉ុន្តែប៉ូលិសទីនោះ មិនបានជួយអន្តរាគមន៍ភ្លាមៗនោះទេ ដោយអ្នកស្រី ត្រូវរង់ចាំមួយសន្ទុះ ទើបប៉ូលិសចេញមកសួរនាំនិងធ្វើកំណត់ហេតុ។ បន្ទាប់មកអ្នកស្រីក៏បាននាំប៉ូលិសទៅពិនិត្យកន្លែងកើតហេតុ និងឆែកកាមេរ៉ាសុវត្ថិភាពនៅម្តុំនោះ ប៉ុន្តែប្រជាពលរដ្ឋ ដែលជាម្ចាស់កាមេរ៉ាសុវត្ថិភាពមិនអនុញ្ញាតឱ្យឆែកទេ ដោយអះអាងថា កាមេរ៉ាខូច។ ចំណែកពលរដ្ឋនៅកន្លែងកើតហេតុ ក៏គ្មាននរណាជួយធ្វើសាក្សីឱ្យអ្នកស្រីដែរ ដោយម្នាក់ៗ បារម្ភពីសុវត្ថិភាព។ ជនរងគ្រោះ ចាត់ទុកការលួចវាយប្រហារនេះ គឺជារឿងនយោបាយ៖ «ជារឿងនយោបាយ មិនមែនទំនាស់បុគ្គលនោះទេ ព្រោះខ្ញុំ នៅតែលើផ្ទះមិនដែលមានទំនាស់ជាមួយអ្នកណាទេ។ របបក្រុងភ្នំពេញដែលប្លន់សន្លឹកឆ្នោតខ្ញុំហើយ ត្រូវរកយុត្តិធម៌ឱ្យឃើញជូនខ្ញុំ។ បើសិនជាសមត្ថកិច្ច និងអ្នកជិតខាងនោះ ឱ្យបើកកាមេរ៉ា នឹងឃើញមានសកម្មភាពវាយដុំនោះទេ ប៉ុន្តែគេថា កាមេរ៉ានោះខូចអស់ហើយ។ ផ្ទះក្បែនោះសុទ្ធតែកាមេរ៉ា»។
អ្នកស្រី ទេព ច័ន្ទសុខខែយ៉ា មានវ័យ ៥១ឆ្នាំ ជាស្ត្រីមេម៉ាយកូន ២នាក់ និងជាចៅសង្កាត់រងទី២ ជាប់ឆ្នោតនៅសង្កាត់អូរឫស្សី៤ របស់គណបក្សសង្គ្រោះជាតិ ដែលមានប្រជាប្រិយភាព និងសកម្ម នាពេលកន្លងមក។ សកម្មភាពលេចធ្លោជាងគេគឺអ្នកស្រី តែងតែប្តឹងទៅអាជ្ញាធរជាពិសេសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឱ្យលុបឈ្មោះជនជាតិវៀតណាមដែលរស់នៅក្នុងសង្កាត់អូរឫស្សី៤ កុំឱ្យមានសិទ្ធិបោះឆ្នោតដូចពលរដ្ឋខ្មែរ។
នាយរងប៉ុស្តិ៍នគរបាលសង្កាត់អូរឫស្សី៣ លោក ញ៉ែម អំរិន្ទ ប្រាប់អាស៊ីសេរីថា ក្រោយទទួលបាន ពាក្យបណ្ដឹងពីជនរងគ្រោះ អាជ្ញាធរ កំពុងស្រាវជ្រាវរកជនដៃដល់ ប៉ុន្តែមិនមានតម្រុយនៅឡើយ៖ «សមត្ថកិច្ចកំពុងតាមមើលភិនភាគមុខសញ្ញាដែលធ្វើសកម្មភាពដែរ ប៉ុន្តែអត់ទាន់ឃើញទេ កំពុងព្យាយាមរកមើលកាមេរ៉ាតាមផ្ទះប្រជាពលរដ្ឋនៅទីនោះ ប៉ុន្តែកាមេរ៉ា អត់ចាប់បានរូបភាព។ បើបងចង់ច្បាស់ទៅសួរមេរបស់ខ្ញុំ ព្រោះគាត់ដឹងច្បាស់»។
រីឯអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន មានប្រសាសន៍ថា សមត្ថកិច្ច នឹងព្យាយាមចាត់វិធានការទៅតាមច្បាប់ នៅពេលមានករណីហិង្សាលើរូបរាងកាយរបស់មនុស្ស មិនចំពោះតែករណីហិង្សាកើតលើសកម្មជនគណបក្សសង្គ្រោះជាតិនោះឡើយ។ លោកបញ្ជាក់ថា មកទល់ពេលនេះមិនទាន់រកឃើញមុខសញ្ញាជនដៃដល់នៅឡើយទេ៖ «ក្មួយអើយ .. ឱ្យតែមានរឿងកើតឡើង ឥឡូវនេះ ចេះតែលើកឡើង ហើយសមត្ថកិច្ចមិនទាន់ដឹងរឿងអីផង ចេះតែលើកឡើងថា ជារឿងនយោបាយ។ មានមាត់ចេះ តែលើកឡើងទៅ តែពូមិនឯកភាពជាមួយទេ ព្រោះមិនទាន់រកឃើញថា រឿងអីផង»។
អ្នកនាំពាក្យសមាគម អាដហុក (Adhoc) លោក ស៊ឹង សែនករុណា សម្ដែងការសោកស្តាយ និងព្រួយបារម្ភ ចំពោះអំពើហិង្សាកើតឡើងលើសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់ ព្រោះគ្រប់ករណីទាំងអស់ គឺអាជ្ញាធរ ហាក់មិនបានប្រឹងប្រែងវែកមុខជនល្មើសយកមកផ្ដន្ទាទោសតាមច្បាប់នោះឡើយ។ លោកសង្កេតឃើញថា អំពើហិង្សានេះ គឺមានការរៀបចំជាប្រព័ន្ធ និងមានគោលដៅចំពោះតែសកម្មជនបក្សប្រឆាំង។ មន្ត្រីសិទ្ធិមនុស្សរូបនេះ យល់ថា ប្រសិនអាជ្ញាធរមានឆន្ទៈពិតប្រាកដគឺមិនពិបាករកជនដៃដល់នោះទេ ពីព្រោះករណីហិង្សាទាំងអស់ កើតឡើងនៅពេលថ្ងៃចំកណ្ដាលទីក្រុង៖ «បើសិនជាគ្មានវិធានការណាមួយដែលគួរឱ្យទុកចិត្តបានថា សមត្ថកិច្ចកម្ពុជា បានខិតខំប្រឹងប្រែងអនុវត្តឱ្យត្រឹមត្រូវតាមច្បាប់ទេ យើងជឿថា នឹងមិនជៀសផុតពីការ រិះគន់និងគេចោទប្រកាន់ថា រដ្ឋាភិបាលហាក់ដូចជាបើកដៃឱ្យក្រុមទាំងអស់នេះ បង្កហិង្សាមកលើសកម្មជនគណបក្សជំទាស់ ប៉ុន្តែបើសមត្ថកិច្ច បានប្រឹងប្រែងចាត់វិធានការចាប់ជនដៃដល់មក ផ្ដន្ទាទោសនោះគឺអាចធ្វើឱ្យរដ្ឋាភិបាលទទួលបានការកោតសរសើរឡើងវិញ»។
ករណីហិង្សាលើអ្នកស្រី ទេព ច័ន្ទសុខខែយ៉ា នេះ គឺជាករណីទី១៣ ហើយ ដែលជនដៃដល់បានប្រើហិង្សាវាយសំពងសកម្មជនគណបក្សប្រឆាំង ហើយគ្មានសំណុំរឿងមួយណាត្រូវបានសមត្ថកិច្ចបានរកឃើញជនប្រព្រឹត្ត ដើម្បីនាំទៅផ្ដន្ទាទោសនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
