សាច់​ញាតិបារម្ភ​អ្នកជាប់​ឃុំ​ធ្លាក់​​ខ្លួន​​ឈឺ​និង​​​ទទូច​​ឲ្យ​​អាជ្ញាធរ​​​​​​អនុញ្ញាត​​ឲ្យ​ពួកគាត់​​ទូរស័ព្ទ​មក​ក្រុម​គ្រួសារ​

ដោយ មាន ឫទ្ធិ
2021-03-30
Share
សាច់​ញាតិបារម្ភ​អ្នកជាប់​ឃុំ​ធ្លាក់​​ខ្លួន​​ឈឺ​និង​​​ទទូច​​ឲ្យ​​អាជ្ញាធរ​​​​​​អនុញ្ញាត​​ឲ្យ​ពួកគាត់​​ទូរស័ព្ទ​មក​ក្រុម​គ្រួសារ​ សកម្មភាពអាជ្ញាធរ​ចាប់​ខ្លួន​ពលរដ្ឋ​​ដាក់​លើឡាន បន្ទាប់​ពី​បំបែក​ការ​តវ៉ានៅ​មុខ​ស្ថានទូត​ចិន ចំ​ថ្ងៃ​រំលឹក​ខួបសន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ២០២០។
Photo courtesy of CCHR

សកម្មជន​បក្ស​ប្រឆាំង​ខ្លះ​ កំពុង​ជួប​ស្ថានភាព​លំបាក​ធ្ងន់ធ្ងរ​ខ្លាំងក្នុង​ពន្ធនាគារ ដោយ​សារការ​មិន​អនុញ្ញាត​ឲ្យ​សាច់​ញាតិ​ចូល​ជួប ការ​មិន​អនុញ្ញាត​ឲ្យ​ផ្ញើ​ឥវ៉ាន់​ និងម្ហូប​អាហារ​ជាដើម ដែល​គួបផ្សំ​នឹង​ពួកគាត់​មាន​ជំងឺ​ប្រចាំ​កាយ​រៀងៗ​ខ្លួន​ផង។

កូន​របស់​​សកម្មជន​បក្ស​ប្រឆាំង​​​លោកស្រី លឹម សាន ​​គឺ​លោកស្រី ផាន សាត ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ខាង​ពន្ធនាគារ ​​«ម២»​ ​​ផ្អាក​​ឲ្យ​ចូល​សួរ​សុខ​ទុក្ខ​មក លោកស្រី​បារម្ភ​ថា ម្ដាយ​​​វ័យ​​ជិត​ហុកសិប ​(៥៧)​ ឆ្នាំ​រូប​នេះ ធ្លាក់​ខ្លួន​ឈឺ។ លោកស្រីប្រាប់​ថា លោកស្រី លឹម សាន មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ និង​ច្រើន​មុខ ដូចជា គ្រួស​តម្រង​នោម លើស​ឈាម ស្ពឹក​ ឈឺ​សន្លាក់ និង​ភ្លេចភ្លាំង​ខ្លាំងយូរ​មក​ហើយ។

គួប​ផ្សំ​អាជ្ញាធរមិន​ឲ្យ​យក​អាហារ និង​សម្ភារៈ​​ចូល​ផង​នោះលោកស្រី សាត ផាន ក៏​បារម្ភ​ពី​​ម្ដាយ​ចាស់ ប្រឈម​នឹង​ជំងឺ​កាន់​តែ​ធ្ងន់​ទៅៗ។ លោកស្រីទទូច​សុំ​​អាជ្ញាធរ​ពន្ធនាគារ​​អនុញ្ញាត​ឲ្យ​អ្នក​ជាប់​ឃុំបាន​ទូរស័ព្ទ​មក​ប្រាប់​ពី​សុខ​ទុក្ខ​ឲ្យ​គ្រួសារ​បាន​ដឹង​​ពី​ស្ថានភាព​​រស់​នៅ និង​ការ​អនុញ្ញាត​ឲ្យ​អ្នក​ជាប់​ឃុំ​បាន​សម្រាក​ព្យាបាល​​ត្រឹមត្រូវ​ នៅ​មន្ទីរ​ពេទ្យ​ក្រៅ​ពន្ធនាគារ៖ «(ពន្ធនាគារគាត់​ជួយ​ឲ្យ​ម៉ែ​ខ្ញុំទាក់​ទង​មក​ខាង​គ្រួសារ​ឲ្យ​ដឹង ​ពួក​ខ្ញុំ​សួរ​សុខ​ទុក្ខ​គាត់ ឲ្យ​គាត់​ដឹង​សុខ​ទុក្ខ​គ្រួសារ​ខាង​ក្រៅ​ ឲ្យ​ដឹង​ណា​ ឲ្យ​ខ្ញុំ​ទាក់​ទង​មក​ពួក​ខ្ញុំ​ខាង​ក្រៅ។ ឲ្យ​ខ្ញុំ​ទាក់​ទង​ទៅ​ខាង​ណា អ៊ីចឹង​ណា»។

CNRP_In_Prision_Khon_Ton_01.jpeg
លោកស្រី ខន ទន អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ត្បូងឃ្មុំ ដែលកំពុងធ្លាក់ខ្លួនឈឺក្នុងពន្ធនាគារខេត្តត្បូងឃ្មុំ។ (រូប៖ ហ្វេសប៊ុកលោកស្រី ខន ទន)

ក្រៅពីលោកស្រី លឹម សាន ហើយ​នោះ សាច់ញាតិរបស់សកម្មជនបក្សប្រឆាំងផ្សេងទៀត ក៏បារម្ភអំពីអ្នក​ជាប់​ឃុំ​មួយ​ចំនួន​​ទៀតធ្លាក់​ខ្លួន​ឈឺធ្ងន់​ដែរ។ ​អាជ្ញាធរ​​ពន្ធនាគារ បាន​ផ្អាក​សាច់​ញាតិ​ មិន​ឲ្យ​ចូល​ជួប​អ្នក​ជាប់​ឃុំ​ទេ ចាប់​តាំង​ពី​ផ្ទុះ​ព្រឹត្តិការណ៍​ឆ្លង​ជំងឹ​កូវីដ​១៩ (covid-19) ក្នុង​សហគមន៍​​ ២០​ កុម្ភៈ​មក។

ជុំវិញ​ករណី​នេះ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារលោក នុត សាវនា ឲ្យដឹង​ថា ស្ថានភាព​អ្នក​ជាប់​ឃុំ​ទាំង​អស់ មាន​ភាព​ធម្មតា ហើយ​ទាំង​អាជ្ញាធរ និង​អ្នក​ជាប់​ឃុំ បាន​ខិតខំ​ថែរក្សា​សុខភាព​ទាំង​អស់​គ្នា។ លោកថា ប្រសិន​បើ​អ្នក​ជាប់​ឃុំ​ណា​ឈឺ​ គឺ​អាជ្ញាធរ​នឹង​អន្តរាគមន៍​ព្យាបាល ឬ​បញ្ជូន​ទៅ​ព្យាបាល​​នៅ​មន្ទីរពេទ្យ ​តាម​ស្ថានភាព​ជាក់ស្ដែង។​ លោក នុត​ សាវនា បន្ត​ទៀត​ថា ខាង​អាជ្ញាធរ​ពន្ធនាគារ​កំពុង​ពិចារណានិង​សិក្សា ពី​លទ្ធភាព​ដាក់​​ទូរស័ព្ទដើម្បី​ឲ្យ​អ្នក​ជាប់ឃុំអាច​ទាក់ទងសួរ​សុខ​ទុក្ខ​គ្នាជាមួយ​ក្រុម​គ្រួសារ​ដែរ៖ «ដាក់​ទូរស័ព្ទ​នេះ យើង​កំពុង​តែ​រិះរក​វិធានការ​​យ៉ាង​ណា ដើម្បី​គ្រប់គ្រង​​ប្រព័ន្ធ​ទូរស័ព្ទ​ខាង​ក្រៅ។ ដោយសារ​​នៅ​តាម​តំបន់​ខ្លះ ឲ្យ​ប្រើ​អា​ទូរស័ព្ទ​ខ្សែ​អត់​កើត​។ អា​ទូរស័ព្ទ​ខ្សែ​វា​មាន​ប្រដាប់​ស្ដាប់​សំឡេង វា​មាន​អ្វី​ យើង​ស្រួល​គ្រប់គ្រង​។ អ៊ីចឹង តំបន់​ឆ្ងាយ​ៗ ទាល់​តែ​ឲ្យ​ប្រើ​ទូរស័ព្ទ​ដៃ​។ ដល់​ទូរស័ព្ទ​ដៃ យើង​ពិបាក​គ្រប់គ្រង។ ដល់​អ៊ីចឹង យើង​កំពុង​រក​វិធី​គ្រប់​គ្រង។ ទូរស័ព្ទ​ដៃ វា​មិន​ស្រួល​ទេ វា​ឆ្ងាយ​ពី​ភ្នែក​ ផុត​ពី​ដៃ»។

CNRP_wife_call_for_release_28_03_2021_02.jpg
សកម្មជនគណបក្ស​ប្រឆាំង​មួយចំនួន​​កំពុង​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​ទាមទារ​ដោះលែង​អ្នក​ជាប់​ឃុំ​ពាក់ព័ន្ធ នឹង​រឿង​នយោបាយ និង​សកម្មជន​ផ្សេង​ទៀត ដោយ​អះអាង​ថា ការ​ចាប់​ខ្លួនជា​រឿង​នយោបាយ។

ទោះ​ជា​យ៉ាង​ណា សង្គម​ស៊ីវិលជំរុញ​ឲ្យ​អាជ្ញាធរ​រក​យន្តការ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អ្នក​ជាប់​ឃុំក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ។ នាយក​រង​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្សនៃ​អង្គការ​លីកាដូលោក អំ សំអាត ឲ្យដឹង​ថា ខាង​ពន្ធនាគារក៏​មិន​អនុញ្ញាត​ឲ្យ​​សង្គម​ស៊ីវិល​ចូល​ពន្ធនាគារ​ដែរ ចាប់តាំង​ពី​ផ្ទុះ​កូវីដ​មក។ តែ​ទោះជាយ៉ាង​ណាក្ដី លោក​ថា អ្នក​ជាប់​ឃុំប្រឈម​ការ​លំបាក​កាន់​តែ​ខ្លាំងក្នុង​ពន្ធនាគារ​ដែល​កំពុង​ចង្អៀត​ណែន​ស្រាប់។

អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​​រូប​នេះ ក៏​បារម្ភ​ដូច​សាច់​ញាតិ​សកម្មជន​បក្ស​ប្រឆាំង​ដែរ គឺ​អ្នក​ជាប់​ឃុំនឹង​ធ្លាក់​ខ្លួន​ឈឺ ​និង​មាន​វិបត្តិ​ផ្លូវ​ចិត្ត​។ លោក អំ សំអាត ជំរុញ​ឲ្យ​អាជ្ញាធរអនុញ្ញាត​ឲ្យ​អ្នក​ជាប់​ឃុំបាន​ទូរស័ព្ទនិយាយ​លេង​ជាមួយ​សាច់​ញាតិ និង​រក​យន្ត​ការ​ផ្សេង​ទៀត ដើម្បី​ជួយ​សម្រួល​ការ​លំបាករបស់​អ្នក​ជាប់​ឃុំ៖ «អ៊ីចឹងជា​មធ្យោបាយ​វា​លំបាក ប៉ុន្តែ​ខាង​ពន្ធនាគារ គួរ​រក​មធ្យោបាយ​ណា​មួយ ដើម្បី​ឲ្យ​មាន​ការ​ទទួល​ដំណឹង​ពី​ខាង​គ្រួសារ​​របស់​អ្នក​ជាប់​ឃុំ និង​ក្រុម​គ្រួសារ​របស់​គាត់។ វា​ជា​រឿង​មួយ​ល្អ​មែន​ទែន ដែល​មាន​ការ​ទទួល​ព័ត៌មាន​ទៅ​មក»។

ដោយឡែក នៅថ្ងៃ​ទី​៣១ ខែមីនា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌លោក កើត​ រិទ្ធិ​ នឹង​បើក​កិច្ច​ប្រជុំ​​តាម​ប្រព័ន្ធ​អ៊ីនធើណេត ដើម្បី​ស្នើសុំ​បន្ធូរបន្ថយ​ និង​ដោះលែងអ្នក​ជាប់ឃុំ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរខាងមុខ។ ចូលឆ្នាំខ្មែរ​ខាង​មុខ​នេះ ក្រសួង​នឹង​ប្រជុំ​គ្រោងស្នើ​សុំលើកលែងទោសឲ្យទណ្ឌិតចំនួន ៧០នាក់ (ស្រី ៩នាក់និង​ ស្នើសុំ​បន្ធូរបន្ថយទោសអ្នក​ជាប់ឃុំ ៤៧២នាក់ (ស្រី ៥៩) នាក់

ជាមួយ​គ្នា​នេះ សកម្មជនគណបក្ស​ប្រឆាំង​មួយចំនួន​​ កំពុង​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​ទាមទារ​ដោះលែង​អ្នក​ជាប់​ឃុំ​ពាក់ព័ន្ធនឹង​រឿង​នយោបាយ និង​សកម្មជន​ផ្សេង​ទៀត ដោយ​អះអាង​ថា ការ​ចាប់​ខ្លួនជា​រឿង​នយោបាយ ហើយ​ពួកគាត់គ្មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ទេ។

គិត​ត្រឹម​ចុង​ខែ​មីនា​នេះ មាន​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​សង្គម សកម្មជន​ដីធ្លី សកម្មជន​ព្រំដែន​​ យុវជន អ្នក​ចម្រៀង​រិះគន់​សង្គម​ជាដើម សរុប​ជិត​មួយ​រយ​​នាក់កំពុង​ជាប់​ឃុំ​តាម​ពន្ធនាគារ​នានា ពីបទ​ញុះញង់ បទ​ជេរ​ប្រមាថ និង​បទ​​រួម​គំនិត​ក្បត់​ជាដើម។ តែអង្គការ​ សហគមន៍​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ថ្កោល​ទោស​រដ្ឋាភិបាលជា​បន្ត​បន្ទាប់​ ចំពោះ​ការ​ចាប់​ខ្លួន​​ទាំង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល