ចៅក្រមសាលាឧទ្ធរណ៍សម្រេចមិនដោះលែងសកម្មជនបក្សប្រឆាំង លោក ម៉ៃ ហុងស្រៀង ឲ្យនៅក្រៅឃុំបណ្ដោះអាសន្នឡើយ នៅថ្ងៃទី១២ ខែធ្នូ។ មេធាវីភរិយារបស់លោក ម៉ៃ ហុងស្រៀង និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស ខកចិត្តនឹងការសម្រេចក្ដីបែបនេះ។
មេធាវីការពារក្ដីឲ្យ លោក ម៉ៃ ហុងស្រៀង គឺ លោកមេធាវី កែត ឃី ប្រាប់អាស៊ីសេរីថា ក្នុងសវនាការជម្រះក្ដីសាលាឧទ្ធរណ៍ មេធាវីបានអះអាងថា កូនក្ដីរបស់លោក នឹងចូលខ្លួនគ្រប់ពេល នៅពេលតុលាការកោះហៅ បើទោះជាកៀកពេលនឹងសវនាការយ៉ាងណាក៏ដោយ។ ដោយឡែក លោកថា តំណាងមហាអយ្យការ ក៏មិនជំទាស់នឹងការដោះលែងឲ្យក្រៅឃុំបណ្ដោះអាសន្ន ដោយភ្ជាប់លក្ខខណ្ឌផ្សេងៗ នោះដែរ។ តែចៅក្រមសំអាងថា ខ្លាចពិបាកកោះហៅមកជម្រះក្ដីវិញ ព្រោះកៀកនឹងថ្ងៃជម្រះក្ដីនៅខែមករាខាងមុខទៅហើយ។ តែទោះយ៉ាងណា លោកមេធាវីប្រាប់ថា ចៅក្រមសាលាឧទ្ធរណ៍ មិនទាន់កំណត់ថ្ងៃបើកសវនាការជម្រះក្ដីឲ្យប្រាកដថា ថ្ងៃណានៅឡើយទេ៖ «យើងបានធានាអះអាងហើយថា នៅពេលណាតុលាការត្រូវការគាត់ យើងនឹងនាំគាត់ចូលមកតុលាការគ្រប់ពេលវេលា យើងធានាអះអាងអ៊ីចឹងនៅមុខតុលាការ ហើយការសន្និដ្ឋានរបស់តំណាងអយ្យការក៏ថា ឲ្យដាក់ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការទៅ ហើយដាក់លក្ខខណ្ឌគាត់ទៅ។ គាត់ត្រូវ ត្រឹមណា ដើរត្រឹមណាអ៊ីចឹងទៅ ហើយយើងទទួលយក បើតុលាការដាក់ត្រឹមណា ក៏យើងទទួលយកឲ្យតែធ្វើម្ដេចឲ្យគាត់បាននៅក្រៅឃុំហ្នឹង»។
ចៅក្រមសាលាឧទ្ធរណ៍ ដែលសម្រេចមិនឲ្យលោក ម៉ៃ ហុងស្រៀង បាននៅក្រៅឃុំ គឺអ្នកស្រី ចៅក្រម ចាន់ ម៉ាឌីណា។ ការប្រកាសសាលដីកានេះ ជាលទ្ធផល នៃសវនាការសុំនៅក្រៅឃុំបណ្ដោះអាសន្ន ដែលបានធ្វើកាលពីថ្ងៃទី៩ ធ្នូ។ លោក ម៉ៃ ហុងស្រៀង គឺជាសកម្មជនគណបក្សសង្គ្រោះជាតិប្រចាំក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សកម្មជនរូបនេះ តែងបង្ហោះសាររិះគន់រដ្ឋាភិបាលក្រុងភ្នំពេញជានិច្ច ក្រោយពេលតុលាការកំពូលរំលាយគណបក្សប្រឆាំង។ លោក ម៉ៃ ហុងស្រៀង ធ្លាប់បានភៀសខ្លួនទៅក្រៅប្រទេស មួយរយៈក្រោយពេលរំលាយគណបក្សសង្គ្រោះជាតិ។ ក្រោយនៅឆ្នាំ២០១៨ លោក បានវិលត្រលប់ចូលប្រទេសកម្ពុជាវិញ ហើយបានសមត្ថកិច្ចរបស់រដ្ឋាភិបាលក្រុងភ្នំពេញ បានឡោមព័ទ្ធ និងដេញចាប់ខ្លួន ពីខេត្តព្រះសីហនុ ដល់រាជធានីភ្នំពេញ កាលពីចុងខែកក្កដា។ ពេលចាប់ខ្លួនបានភ្លាមៗ សមត្ថកិច្ចបានចោទថា លោក ម៉ៃ ហុងស្រៀង ត្រឡប់ពីប្រទេសថៃ ចូលប្រទេសកម្ពុជាវិញ ដើម្បីកៀរគរសកម្មជន គាំទ្រដំណើរមាតុភូមិនិវត្តន៍របស់ លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា។
បន្ទាប់មក ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក រៀល សុភិន្ទ សម្រេចចោទប្រកាន់ពីបទជេរប្រមាថរដ្ឋាភិបាលក្រុងភ្នំពេញ និងញុះញង់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក (facebook)។ ចៅក្រមរូបនេះ បានកាត់ទោសលោក ម៉ៃ ហុងស្រៀង ឱ្យជាប់ពន្ធនាគារ ១៨ខែ តែលោក ម៉ៃ ហុងស្រៀង មិនពេញចិត្ត នឹងការសម្រេចក្ដីរបស់តុលាការជាន់ទាប ទើបបន្តប្ដឹងឡើងទៅតុលាការជាន់ខ្ពស់ សុំនៅក្រៅឃុំបណ្ដោះអាសន្ន។ គណបក្សសង្គ្រោះជាតិ និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស សុទ្ធតែហៅចំណាត់ការលើលោក ម៉ៃ ហុងស្រៀង ថា ជាករណីរំលោភសិទ្ធិនយោបាយ។
ភរិយារបស់ លោក ម៉ៃ ហុងស្រៀង អ្នកស្រី គា ស៊ីសុគន្ធី ខកចិត្តខ្លាំង ចំពោះការសម្រេចក្ដី បន្តឃុំខ្លួនស្វាមីអ្នកស្រីបន្តទៀតនេះ។ អ្នកស្រីប្រាប់ថា អ្នកស្រីបានត្រឹមតែបន្តយំសោកជាមួយកូនតូចៗ ៣នាក់ និងពង្រឹងស្មារតីតស៊ូតទៀត ព្រោះតុលាការ ដែលមានអំណាច បានសម្រេចក្ដីបែបនេះទៅហើយ៖ «សោកស្ដាយ ឲ្យព្រោះអ្វីរំពឹងតុលាការនឹងដោះលែងឲ្យមានសេរីភាព ប៉ុន្តែផ្ទុយទៅវិញ គឺតុលាការសម្រេចថា មិនដោះលែងគាត់ទេ។ អ៊ីចឹង មានតែរង់ចាំ។ មិនដឹងថា ថ្ងៃណា ពេលណា ដែលគាត់មានសេរីភាព។ មានអ្វីទេ មានត្រឹមតែសោកស្ដាយប៉ិនហ្នឹង។ ខ្ញុំអាក់អន់ចិត្តដែរ ព្រោះអ្វីសង្ឃឹមច្រើនថា តុលាការនឹងដោះលែងគាត់ឲ្យនៅក្រៅឃុំ តែផ្ទុយទៅវិញ គឺមិនបានដោះលែងគាត់។ ខ្ញុំអាក់អន់ចិត្តដែរ ប៉ុន្តែមិនដឹងធ្វើម្ដេចទេ ព្រោះនេះជាសេចក្ដីសម្រេចចិត្តរបស់លោកតុលាការ។ អ៊ីចឹង មានតែការតាំងចិត្តរឹងមាំតទៅទៀត។ កូនសួររហូតហ្នឹង ខ្ញុំប្រាប់ថា ប៉ាជិតចេញមកវិញហើយ តិចទៀតចេញមកវិញហើយ តែដល់ឥឡូវមិនដឹងប្រាប់កូនថា ម្ដេចទៀតទេ ឥឡូវ»។
ការសម្រេចមិនឲ្យលោក ម៉ៃ ហុងស្រៀង នៅក្រៅឃុំនេះ គឺធ្វើឡើង ១ថ្ងៃ ក្រោយពេលលោក ហ៊ុន សែន បង្ហាញអាការៈខឹងសម្បារសហគមន៍អឺរ៉ុប ចំពោះការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ EBA។ ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រឲ្យនិស្សិតសាកលវិទ្យាល័យឯកជន នៅរាជធានីភ្នំពេញ កាលពី ថ្ងៃទី១១ ធ្នូ លោក ហ៊ុន សែន ថា លោកមិនខ្វល់នឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ឡើយ តែលោកព្រមានថា បើសហគមន៍អឺរ៉ុប ហ៊ានដកប្រព័ន្ធអនុគ្រោះពន្ធ គឺស្មើនឹងការសម្លាប់ក្រុមអ្នកនិយមប្រជាធិបតេយ្យ ដែលលោក ហ៊ុន សែន ចាត់ទុកជាក្រុមអ្នកប្រឆាំងផ្កាប់មុខ ហើយលោក ក៏ព្រមានទៅសហគមន៍អឺរ៉ុបថា សំដីរបស់អឺរ៉ុប ក៏លែងមានឥទ្ធិពលលើរដ្ឋាភិបាលក្រុងភ្នំពេញដែរ៖ «សមិទ្ធផលដែលអ្នកតែងជួយខ្ញុំ ក៏ត្រូវនិរាករណ៍ចោលដែរ ទឹកមាត់អ្នកឯងជាមួយខ្ញុំ ក៏នឹងកាត់បន្ថយដែរ មានន័យថា បានរួមចំណែកសម្លាប់អាពួកប្រឆាំងផ្កាប់មុខហ្មង»។
មកដល់ពេលនេះ នៅមានសកម្មជនបក្សប្រឆាំងជាង ២០នាក់ទៀត កំពុងជាប់ក្នុងពន្ធនាគារ មិនទាន់ទទួលបានការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននៅឡើយទេ។ ក្នុងចំណោមអ្នកទោសនយោបាយអ្នកទោសមនសិការ ប្រហែល ១០០នាក់ តុលាការបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន បាន ៧៦នាក់ហើយ ក្រោយលោក ហ៊ុន សែន បញ្ជាឲ្យប្រញាប់ដោះលែងអ្នកទាំងនោះជាបន្ទាន់ ដោយសារ ចាត់ទុកថា អ្នកទោសនយោបាយទាំងនោះ ចាញ់បោកការបញ្ឆោតរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។ តែទោះបានដោះលែងឲ្យនៅក្រៅការឃុំខ្លួនបណ្ដោះអាសន្នមែន តែលោក ហ៊ុន សែន បានបញ្ជាមិនឲ្យទម្លាក់បទចោទឡើយ ហើយអ្នកទាំង ៧៦នាក់នោះ ត្រូវបង្ហាញខ្លួនតាមការកោះហៅរបស់អាជ្ញាធរ និងតុលាការជានិច្ច និងភ្ជាប់លក្ខខណ្ឌតឹងរ៉ឹងមួយចំនួនទៀត។
ពាក់ព័ន្ធការបន្តឃុំខ្លួន សកម្មជនបក្សប្រឆាំង លោក ម៉ៃ ហុងស្រៀង អ្នកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ហៅការសម្រេចក្ដីរបស់សាលាឧទ្ធរណ៍ថា មិនត្រឹមត្រូវ និងមិនសមហេតុផល។ ប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក លោក នី សុខា យល់ថា ការបន្តឃុំខ្លួន លោក ម៉ៃ ហុងស្រៀង ដោយប្រើហេតុផលកៀកថ្ងៃជម្រះក្ដីបែបនេះ ជារឿងមិនសមរម្យ។ លោកបន្តថា ចំណាត់ការលើលោក ម៉ៃ ហុងស្រៀង ដោយសារជម្លោះវិវាទនយោបាយ ដូច្នេះគួរមានការបង្ហាញឆន្ទៈដោះលែងសកម្មជនបក្សប្រឆាំងរូបនេះ ដើម្បីឈានដល់ការដោះស្រាយវិបត្តិនយោបាយ៖ « គិតថា ទាក់ទងទៅនឹងរឿង លោក ម៉ៃ ហុងស្រៀង ហ្នឹងដែរ យើងដឹងហើយថា រឿងនេះ មានលក្ខណៈពាក់ព័ន្ធនឹងការជម្លោះនៃរឿងនយោបាយ ដោយសារតែគាត់ក៏ជាសកម្មជនម្នាក់នៃគណបក្ស អតីតគណបក្សនយោបាយ។ ដូច្នេះហើយ ខ្ញុំគិតថា នៅក្នុងកាលៈទេសៈនេះ តុលាការគួរតែបង្ហាញអំពីឆន្ទៈ ក្នុងការបន្ធូរបន្ថយទាក់ទងទៅនឹងឲ្យគាត់បាននៅក្រៅឃុំបណ្ដោះអាសន្ន ដើម្បីបង្ហាញអំពីឆន្ទៈមួយ ក្នុងការបន្ធូរបន្ថយ ដើម្បីឈានទៅរកការរក្សាឲ្យបាន ឬក៏ឈានទៅរកការដោះស្រាយនយោបាយ»។
លោក មេធាវី កែត ឃី ប្រាប់ថា នឹងពិភាក្សាជាមួយកូនក្ដីលើនីតិវិធីច្បាប់តទៀត ប៉ុន្តែទំនងជានឹងមិន ទាន់ប្ដឹងឡើងតុលាការកំពូលទេ គឺរង់ចាំសវនាការរបស់សាលាឧទ្ធរណ៍សិន។ លោកបារម្ភថា ការបន្តឃុំខ្លួន លោក ម៉ៃ ហុងស្រៀង នឹងធ្វើឲ្យស្ថានភាពជំងឺរបស់កូនក្ដីលោក កាន់តែរើឡើង ដោយសារក្រោយការជាប់ឃុំច្រើនខែ លោក ម៉ៃ ហុងស្រៀង ចាប់ផ្ដើមមានជំងឺកៀបសរសៃឆ្អឹងខ្នង ដោយសារស្ថានភាពក្នុងពន្ធនាគារមានសភាពចង្អៀតណែន តម្រូវឲ្យលោក ម៉ៃ ហុងស្រៀង បង្ខំចិត្តដេកផ្អៀងរាល់យប់ ក្នុងរយៈពេលច្រើនខែមកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។