ចៅក្រមសាលាឧទ្ធរណ៍ គ្រោងប្រកាសសាលដីកាករណីសុំនៅក្រៅឃុំរបស់សកម្មជនបក្សប្រឆាំង លោក ម៉ៃ ហុងស្រៀង នៅថ្ងៃព្រហស្បតិ៍ទី១២ ធ្នូ ក្រោយបញ្ចប់សវនាការនៅថ្ងៃទី៩ ធ្នូ។ ភរិយា និងសង្គមស៊ីវិល សង្ឃឹមថា លោក ម៉ៃ ហុងស្រៀង នឹងត្រូវបានដោះលែង នៅថ្ងៃប្រកាសសាលក្រមនោះ។
មេធាវីការពារក្ដីឲ្យ លោក ម៉ៃ ហុងស្រៀង គឺ លោកមេធាវី កែត ឃី ឲ្យដឹងថា ក្នុងសវនាការជម្រះក្ដីនៅរសៀលថ្ងៃទី៩ ធ្នូ តំណាងអយ្យការ បង្ហាញកាយវិការ និងបំណងចង់ឲ្យ លោក ម៉ៃ ហុងស្រៀង បាននៅក្រៅឃុំបណ្ដោះអាសន្នដែរ តែបង្ហើបពីលក្ខខណ្ឌមួយចំនួន ឲ្យលោក ម៉ៃ ហុងស្រៀង គឺស្រដៀងគ្នានឹងលក្ខខណ្ឌរបស់សកម្មជនបក្សប្រឆាំង ដែលត្រូវបានដោះលែងកន្លងមកដែរ។ លោកមេធាវី សង្ឃឹមថា លោក ម៉ៃ ហុងស្រៀង នឹងទទួលបានសម្រេចក្ដី ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន៖ « តុលាការ បានជំនុំជម្រះរួចហើយ។ តុលាការសម្រេចលើកទៅប្រកាសនៅថ្ងៃទី១២ ម៉ោង២។ តាមមើលការជជែក ហើយនិងហេតុផល ហើយនិងតំណាងអយ្យការ ក៏គាត់លើក អ៊ីចឹងប្រហែលមានសង្ឃឹម អ៊ីចឹងណា។ គាត់គ្រាន់តែមានលក្ខខណ្ឌមួយថា ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ពេលណាតុលាការត្រូវការហៅ ត្រូវតែចូលមកតាមការកោះហៅរបស់តុលាការអ៊ីចឹងណា ព្រោះដោយសាររឿងអង្គហេតុ អង្គសេចក្ដីនេះ វាមិនទាន់បញ្ចប់។ អ៊ីចឹងយើងសុំនេះ គ្រាន់តែសុំនៅក្រៅឃុំបណ្ដោះអាសន្នទេ។ អ៊ីចឹង គាត់ទទួលយកលក្ខខណ្ឌ ថា កាលណា តុលាការកោះហៅ គាត់ចូលមកដើម្បីដោះស្រាយ ហើយអ្វីដែលយើងចង់បាន គឺចង់បានឲ្យគាត់នៅ ក្រៅឃុំបណ្ដោះអាសន្ន»។
ក្នុងសវនាការសាលាឧទ្ធរណ៍នេះ មិនមានវត្តមានរបស់ លោក ម៉ៃ ហុងស្រៀង ឡើយ។ ភរិយារបស់ លោក ម៉ៃ ហុងស្រៀង អ្នកស្រី គា ស៊ីសុគន្ធី នៅតែបន្តអះអាងថា ស្វាមីគ្មានកំហុសដូចការចោទប្រកាន់ ដូច្នេះ អ្នកស្រី រំពឹងថា ប្តីអ្នកស្រីនឹងត្រូវទទួលបានការដោះលែងឲ្យបានរស់នៅជួបជុំប្រពន្ធ កូន វិញ៖ «អ៊ីចឹង ខ្ញុំសង្ឃឹមថា នៅថ្ងៃទី១២ ខាងមុខនេះ នឹងមិនមានការផ្លាស់ប្ដូរទៀតទេ នឹងប្រកាសសាលក្រមឲ្យដឹងថា គាត់អាចមានសេរីភាព នៅ ថ្ងៃទី១២ហ្នឹង។ ខ្ញុំសង្ឃឹមថា ថ្ងៃទី១២ហ្នឹង ព្រោះគាត់អត់មានទោសអ្វីផង»។
លោក ម៉ៃ ហុងស្រៀង ជាសកម្មជនបក្សប្រឆាំងប្រចាំក្រុងព្រះសីហនុ។ លោកតែងបង្ហោះសាររិះគន់របបក្រុងភ្នំពេញជានិច្ច។ លោកត្រូវបានសមត្ថកិច្ចឡោមព័ទ្ធ និងដេញចាប់ខ្លួន ពីខេត្តព្រះសីហនុ ដល់រាជធានីភ្នំពេញ កាលពីចុងខែកក្កដា។ មុនដំបូង សមត្ថកិច្ចនៃរបបក្រុងភ្នំពេញ បានចោទលោក ម៉ៃ ហុងស្រៀង ថា បានត្រឡប់ពីប្រទេសថៃ ចូលប្រទេសកម្ពុជាវិញ ដើម្បីកៀរគរសកម្មជនឲ្យគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា។
បន្ទាប់មក ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក រៀល សុភិន្ទ សម្រេចចោទប្រកាន់ពីបទជេរប្រមាថរបបក្រុងភ្នំពេញ និងញុះញង់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក (facebook)។ ចៅក្រមបានកាត់ទោសសកម្មជនបក្សប្រឆាំងរូបនេះ ឱ្យជាប់ពន្ធនាគារ ១៨ខែ តែលោក ម៉ៃ ហុងស្រៀង មិនពេញចិត្តនឹងការសម្រេចក្ដីរបស់តុលាការជាន់ទាបនេះទេ ទើបបន្តប្ដឹងឡើងទៅតុលាការជាន់ខ្ពស់។ គណបក្សសង្គ្រោះជាតិ និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស ហៅការចាប់ខ្លួន និងសម្រេចក្ដី បែបនេះ ជារឿងនយោបាយ។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត សង្ឃឹមថា សាលាឧទ្ធរណ៍នឹងប្រកាសសាលដីកា ដោះលែង លោក ម៉ៃ ហុងស្រៀង ព្រោះនេះ ជាជម្រើសល្អបំផុត និងផ្ដល់ឱកាសឲ្យ សកម្មជនបក្សប្រឆាំងរូបនេះ បានទៅរស់នៅ ជួបជុំប្រពន្ធ កូនវិញ៖ « សាលាឧទ្ធរណ៍នឹងធ្វើការដោះលែង លោក ហុងស្រៀង ឲ្យមានសេរីភាព ឲ្យជួបជុំគ្រួសារវិញទៅណា។ ខ្ញុំគិតថា ជាជម្រើសដ៏ល្អមួយ ដើម្បីឲ្យលោក ហុងស្រៀងហ្នឹង គាត់មានឱកាសមើលថែកូនតូចៗ។ អ៊ីចឹង ខ្ញុំសង្ឃឹមថា សាលាឧទ្ធរណ៍នឹងដោះលែង គាត់ឲ្យសេរីភាពឡើងវិញ នៅថ្ងៃទី១២ ហ្នឹង»។
បើទោះជាមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បញ្ជាឲ្យប្រញាប់ប្រញាល់ដោះលែងអ្នកទោសនយោបាយ នៃគណបក្សប្រឆាំងយ៉ាងណាក៏ដោយ មកដល់ពេលនេះ លោក ម៉ៃ ហុងស្រៀង និងអ្នកទោសនយោបាយជាង ២០នាក់ផ្សេងទៀត នៅមិនទាន់ទទួលបានការដោះលែងឲ្យមានសេរីភាពនៅឡើយទេ។ ចំណែក អ្នកទោសនយោបាយ ៧៦នាក់ ដែលត្រូវបានដោះលែងឱ្យនៅក្រៅឃុំនោះ តុលាការបានដាក់លក្ខខណ្ឌតឹងរ៉ឹង និងមិនឱ្យពួកគេធ្វើសកម្មភាពនយោបាយគាំទ្រគណបក្សសង្គ្រោះជាតិឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
