សាលាឧទ្ធរណ៍គ្រោងបើកសវនាការសំណុំរឿងជនពិការមួយរូបដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ គឺលោក ភុន យុទ្ធ នៅថ្ងៃទី២៦ ធ្នូ សប្ដាហ៍ក្រោយនេះ។
មេធាវីការពារក្តីឱ្យលោក ភុន យុទ្ធ គឺលោក សំ ទិត្យសីហា ឱ្យដឹងថា លោកនឹងចូលរួមក្នុងសវនាការនេះ ដើម្បីជួយដល់កូនក្តី។ លោកបញ្ជាក់ថា ទង្វើរបស់កូនក្តីលោក មិនមែនជាការញុះញង់ និងជេរប្រមាថអ្វីនោះឡើយ ប៉ុន្តែជាការសម្ដែងមតិស្របតាមច្បាប់ជាតិ និងអន្តរជាតិ ដូច្នេះផ្អែកតាមច្បាប់ និងគោលការណ៍សិទ្ធិមនុស្ស តុលាការទម្លាក់ចោលបទចោទប្រកាន់នេះ។ ម្យ៉ាងវិញទៀត លោកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យដោះលែងអ្នកទោសនយោបាយរួចហើយ ដូច្នេះតុលាការមិនគួរបន្តឃុំខ្លួនកូនក្ដីរបស់លោកទៀតឡើយ។
កាលពីចុងខែតុលាកន្លងទៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការខេត្តសៀមរាម លោក ស៊ិន សុវណ្ណារ័ត្ន បានផ្ដន្ទាទោសលោក ភុន យុទ្ធ វ័យ ៣៦ឆ្នាំ ដែលជាជនពិការជើងទាំង២ តាំងពីកំណើត ឱ្យជាប់ពន្ធនាគារ ១៨ខែពីបទ "ញុះញង់ឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ"។ ការកាត់ទោសនេះ គឺដោយសារលោក ភុន យុទ្ធ បានសរសេររិះគន់របបដឹកនាំសព្វថ្ងៃអំពីចំណុចអវិជ្ជមាន និងទាមទារឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។
អ្នកការពារសិទ្ធិមនុស្សបានរិះគន់ការសម្រេចនេះថា ធ្វើឡើងដោយមិនផ្អែកលើមូលដ្ឋានច្បាប់ត្រឹមត្រូវឡើយ ហើយប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិញ បានថ្កោលទោសការបន្តឃុំខ្លួនជនពិការឈ្មោះ ភុន យុទ្ធ នេះថា ជារឿងព្រៃផ្សៃ និងអមនុស្សធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។