របបក្រុងភ្នំពេញចាប់ខ្លួនអង្គរក្សលោក សម រង្ស៊ី ចំនួន ៥នាក់ នៅប៉ោយប៉ែត ខណៈដែលពួកគេត្រៀមចាំអមដំណើរថ្នាក់ដឹកនាំគណបក្សប្រឆាំងចូលក្នុងប្រទេស។ មន្ត្រីសិទ្ធិមនុស្សបានហៅការចាប់ខ្លួននេះថា ជាការគំរាមកំហែងដល់អ្នកគាំទ្រមិនឱ្យចូលរួមអមដំណើររបស់លោក សម រង្ស៊ី។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រាប់អាស៊ីសេរីថា របបក្រុងភ្នំពេញនៅថ្ងៃទី១០ វិច្ឆិកា បានចាប់ខ្លួនអង្គរក្សលោក សម រង្ស៊ី ចំនួន៥នាក់ ខណៈដែលកំពុងស្នាក់នៅក្នុងផ្ទះសំណាក់នៅជិតព្រំដែនកម្ពុជាថៃ ក្នុងខេត្តបន្ទាយមានជ័យ។
លោកបានហៅការចាប់ខ្លួននេះ ជាការបំភិតបំភ័យដល់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ លោកបញ្ជាក់ថា វិធានការណ៍របស់របបក្រុងភ្នំពេញនេះ មិនអាចរាំងខ្ទប់ការគាំទ្ររបស់ប្រជាពលរដ្ឋមិនឱ្យគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នោះទេ៖ «យើងឃើញថា របបលោក ហ៊ុន សែនមួយរយៈចុងក្រោយនេះ បានបង្ក្រាបទៅលើជនស្លូតត្រង់ដែលចង់មានសេរីភាពត្រូវការលទ្ធិប្រជាធិបតេយ្យ ត្រូវការឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ។ អ៊ីចឹងវិធានការណ៍របស់គាត់ជាវិធានការណ៍បង្ក្រាបដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋហើយ ដែលផ្ទុយពីទង្វើមួយទៀត ដូចថ្ងៃនេះលោកឃើញហើយ លោកប្រធាន កឹម សុខា របបលោក ហ៊ុន សែន ចោទថា ក្បត់ជាតិ។ ឥឡូវបានបន្ធូរបន្ថយឱ្យលោក កឹម សុខា មានសេរីភាពដើរហើយក្នុងប្រទេសកម្ពុជាបាន។ ប៉ុន្តែផ្ទុយទៅវិញ បែរជារបបលោក ហ៊ុន សែន មកចាប់ជនស្លូតត្រង់ដែលអត់មានទោសកំហុសអ្វីសោះ។ នេះឆ្លុះបញ្ចាំងឃើញថា របបលោក ហ៊ុន សែន នេះ គឺជារបបដូចជាសាហាវព្រៃផ្សៃមិនខុសពីរបបខ្មែរក្រហម»។
អង្គរក្សដែលត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួនទាំងប្រាំនាក់ទៀតរួមមាន: លោក សឹម គីមលៀង លោក ឈួន សារ៉េត លោក សឹម វុទ្ធី លោក រស់ ប៊ុនថាន និងលោក បូ សុខឃាង ត្រូវប៉ូលិសខេត្តបន្ទាយមានជ័យចាប់ខ្លួន នៅផ្ទះសំណាក់សេះមាស នៅប៉ោយប៉ែត នៅវេលាម៉ោង១១ និង ៣៨នាទី ថ្ងៃត្រង់ ថ្ងៃទី១០ ខែវិច្ឆិកា។
នាយរងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការ លីកាដូ (Licadho) លោក អំ សំអាត បានហៅការចាប់ខ្លួននេះថា ជាការគំរាមកំហែងដល់អ្នកគាំទ្រមិនឱ្យចូលរួមអបដំណើររបស់លោក សម រង្ស៊ី វិលចូលមាតុប្រទេសវិញ៖ «ការចាប់នេះមិនខុសពីមុនៗទេ ពីព្រោះយើងឃើញនៅប៉ោយប៉ែតនេះមានការរៀបចំបានន័យថា កម្លាំងយ៉ាងច្រើនលើសលប់ហើយក៏ចាំមើលគ្រប់សកម្មភាពទាំងអស់។ អ៊ីចឹងការចាប់ខ្លួននេះគឺជាការមួយដើម្បីបំបាក់ដល់អ្នកដែលចង់ចូលរួមថ្ងៃ៩ ហ្នឹងដែលគាំទ្រទៅលើអតិតបក្សប្រឆាំងហ្នឹង ហើយនេះជាធម្មតាការទប់ស្កាត់របស់គេជាការទប់បំបាក់នៃអ្នកដែលគាំទ្រហ្នឹងឯង»។
គិតត្រឹមថ្ងៃទី១០ វិច្ឆិកានេះ សកម្មជនបក្សសង្គ្រោះជាតិចំនួន ៨៨នាក់ហើយត្រូវបានរបបក្រុងភ្នំពេញចាប់ខ្លួន និងចំនួន២០០នាក់ផ្សេងទៀតបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទសង្ស័យ ថា បានចូលរួមអមដំណើរជាមួយលោក សម រង្ស៊ី ចំនួន១០៤នាក់បង្ខំឱ្យចូលសារភាព ៥៨នាក់មានដីកាចាប់ខ្លួនក្រោមបទរួមគំនិតក្បត់ និង ១២នាក់រងគ្រោះដោយសារការវាយប្រហារដោយអំពើហិង្សាពីរបបក្រុងភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។