សមត្ថកិច្ច​ខេត្ត​កំពត​ចាប់ខ្លួន​អនុប្រធាន​បក្ស​ប្រឆាំង​ស្រុក​ឈូក​ម្នាក់​ពេល​កំពុង​ស្ទូងស្រូវ

ដោយ ថន ថារ៉ូ
2019.08.17
នុត ពេជ កំពត ៦២២ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ស្រុក​ឈូក ឈ្មោះ នុត ពេជ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី១៧ ខែ​សីហា ២០១៩។
Photo courtesy of Adhoc

សមត្ថកិច្ច​ចាប់ខ្លួន​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ស្រុក​ឈូក​ម្នាក់ នៅ​ថ្ងៃ​ទី​១៧ សីហា តាម​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កំពត ពី​បទ​ប្រឆាំង​សាលដីកា​តុលាការ​កំពូល និង​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ។ សាច់ញាតិ​ទាមទារ​ឱ្យ​មានការ​ដោះលែង​ជាបន្ទាន់ ដោយ​ការ​អះអាង​ថា សកម្មជន​បក្ស​ប្រឆាំង​រូប​នោះ មិន​បាន​ប្រព្រឹត្តិ​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ស្រុក​ឈូក ដែល​ត្រូវ​ចាប់​ខ្លួន ឈ្មោះ នុត ពេជ អាយុ ៦៤​ឆ្នាំ។ សមត្ថកិច្ច​បាន​ចុះ​ទៅ​ចាប់​ខ្លួន​លោក នុត ពេជ ពី​ក្នុង​វាលស្រែ នៅ​ពេល​លោក​កំពុង​ស្ទូង​ស្រូវ។ កូនប្រុស​របស់​លោក នុត ពេជ ឈ្មោះ សន់ ធានី ប្រាប់​ថា រហូត​មក​ដល់​ពេល​នេះ លោក​នៅ​មិន​ទាន់​បាន​ជួប​ឪពុក​លោក​នៅ​ឡើយ​ទេ។

លោក សន់ ធានី ឱ្យ​ដឹង​ពី​ហេតុការណ៍​ថា សមត្ថកិច្ច​មាន​គ្នា ៥​នាក់ បាន​ស្ទុះ​ទៅ​ចាប់ លោក នុត ពេជ ពី​ក្នុង​វាលស្រែ ដោយ​មិន​ប្រាប់​ពី​មូលហេតុ​ទេ ដោយ​គ្រាន់តែ​ប្រាប់​សាច់ញាតិ​ឱ្យ​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​ស្រុក​ឈូក។

លោក​បន្ត​ថា ពេល​សាច់ញាតិ​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​ស្រុក​ឈូក ប៉ូលិស​បាន​ប្រាប់​ឱ្យ​ទៅ​ស្នងការ​ខេត្ត​កំពត​វិញ ដោយសារ​លោក នុត ពេជ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​​ទី​នោះ​​ហើយ។ លោក​បន្ត​ថា ពេល​មក​ដល់​ស្នងការ​ខេត្ត សមត្ថកិច្ច​មិន​អនុញ្ញាត​ឱ្យ​លោក​បាន​ចូល​ជួប​ឪពុក​ទេ៖ «អ្នក​ប្រាប់​មក​ដល់​ចាប់​យក​តែ​ម្ដង ហើយ​ថា ប្រសិន​បើ​ចង់​ដឹង​ព័ត៌មាន​អ្វី ទៅ​​(អធិការ​)ស្រុក​ទៅ។ ពេល​ខ្ញុំ​ទៅ​ស្រុក (ប៉ូលិស)​ថា បញ្ជូន​ទៅ​(ស្នងការ)​ខេត្ត​ហើយ។ ចង់​ដឹង​អ្វី​ទៅ​ខេត្ត​ទៀត​​ទៅ ហើយ​ឥឡូវ​តាំង​ពី​ពេល​(ចាប់​ខ្លួន)​ហ្នឹង​មក អត់​បាន​ជួប​គាត់​ផង ព្រោះ​ថា គេ​អត់​ឲ្យ​ចូល​។ គេ​តាម​ចាប់​គាត់​តាំង​ពី​យូរ​ ហើយ​ចេះ​តែ​គេច​ខ្លួន គេ​អ្វី​អ៊ីចឹង ព្រោះ​ថា ទៅ​ធ្វើ​​អ្វី​ឲ្យ​ខុស​ អត់​ដែល​ទេ ព្រោះ​គាត់​តាំង​ពី​ជ្រួល​ច្របល់​សារ​មុន​មក​ អត់​ដែល​ធ្វើ​​អ្វី​ទេ។ គាត់​អត់​ដែល​មាន​កំហុស​អ្វី​សោះ មក​ចាប់​អ៊ីចឹង​ណា។ មក​ចាប់​រាស្ត្រ​យើង​សាមញ្ញ ធម្មតា អត់​ដែល​មាន​កំហុស​អ្វី​សោះ មក​ចាប់​គាត់​ ឃុំ​ទុក​អ៊ីចឹង»។

កូនប្រុស​របស់​លោក នុត ពេជ រូប​នេះ ទាមទារ​ឱ្យ​សមត្ថកិច្ច​ដោះលែង​ឪពុក​ជា​បន្ទាន់ ព្រោះ​លោក នុត ពេជ មាន​វ័យ​កាន់តែ​ចាស់​ហើយ និង​មិន​បាន​ប្រព្រឹត្តិ​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ទេ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ស្នងការ​នគរបាល​ខេត្ត​កំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធិ បាន​ទេ នៅ​ថ្ងៃ​ទី​១៧ សីហា ដោយសារ​អ្នក​លើក​ទូរស័ព្ទ ដំបូង​ឆ្លើយ​ថា គឺជា​ស្នងការ​ខេត្ត លោក ម៉ៅ ច័ន្ទមធុរិទ្ធិ តែ​ពេល​អ្នក​យក​ព័ត៌មាន​ណែនាំ​ខ្លួន​ថា ទូរស័ព្ទ​ពី​វិទ្យុ​អាស៊ីសេរី អ្នក​លើក​ទូរស័ព្ទ​នោះ​ប្រាប់​ថា ច្រឡំ​លេខ៖ «បាទៗ! បង​សុំ​ទោស​អ្នក​ណា​ដែរ​បាទ? បង​រក​ពី​ណា​គេ? អូ!​ច្រឡំ​លេខ​ហើយ​បាទ»

ក្នុង​ដីកា​ចាប់ខ្លួន លោក នុត ពេជ ដែល​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ លោក អ៊ី ឃាង នៅ​ថ្ងៃ​ទី​១៧ សីហា បាន​បញ្ជា​ថា ឱ្យ​សមត្ថកិច្ច​ស្វែងរក និង​ចាប់ខ្លួន លោក នុត ពេជ យក​មក​ឃុំខ្លួន​នៅ​ពន្ធនាគារ ឬ​មណ្ឌល​ឃុំខ្លួន​ក្នុង​ខេត្ត​កំពត​។ ចៅក្រម​ស៊ើបសួរ លោក អ៊ី ឃាង បាន​ចោទ​ប្រកាន់​ថា អនុប្រធាន​ប្រតិបត្តិ​បក្ស​ប្រឆាំង​ស្រុក​ឈូក និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ស្រុក​ឈូក​រូប​នេះ បាន​ប្រឆាំង​សាលដីកា​តុលាការ​កំពូល ដោយ​បាន​ប្រមូល​ផ្ដុំ​គ្នា​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ ប្រព្រឹត្តិ​នៅ​ភូមិ​ព្រៃ​សំណាង​លើ ឃុំ​ខ្ជាយខាងជើង ស្រុក​ដងទង់ ខេត្ត​កំពត កាលពី​ខែ​មេសា និង​ឧសភា។ ចៅក្រម​ស៊ើបសួរ លោក អ៊ី ឃាង បាន​ចោទ​ប្រកាន់ លោក នុត ពេជ ថា បាន​ល្មើស​មាត្រា​៥២៣ មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ និង​តម្រូវ​ឱ្យ​ឃុំ​ខ្លួន។

លោក នុត ពេជ ជា​មនុស្ស​ទី​១៥ ហើយ ដែល​ត្រូវ​បាន​ចាប់ខ្លួន នៅ​ក្នុង​ឆ្នាំ​២០១៩ ក្នុង​យុទ្ធនាការ​បង្ក្រាប​សកម្ម​ជន​បក្ស​ប្រឆាំង កុំ​ឱ្យ​ប្រមូល​ផ្ដុំ​គ្នា​រង់ចាំ​ទទួល​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ។ សមាជិក​បក្ស​ប្រឆាំង​ទាំង ១៥​នាក់ ដែល​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​បង្ក្រាប​រយៈពេល ៨​ខែ​មកនេះ មាននៅ​ខេត្ត​ស្វាយរៀង ត្បូងឃ្មុំ ពោធិ៍សាត់ ព្រះសីហនុ និង​ខេត្ត​កំពត។ ដោយឡែក​សកម្មជន​បក្ស​ប្រឆាំង ១៤១​នាក់ ផ្សេងទៀត ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​កំពង់ធំ ជាដើម បាន​កោះហៅ​ឱ្យ​ចូលខ្លួន និង​ចេញ​ដីកា​សាកសួរ ជា​បន្តបន្ទាប់ តែ​មិន​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ទេ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថា ការ​ចាប់ខ្លួន​សកម្មជន​បក្ស ប្រឆាំង ដោយ​ចោទ​ពី​បទ​ប្រឆាំង​សាលដីកា​តុលាការ​កំពូល ឬ​បទ​ញុះញង់​ជា​ការ​ចោទ ដោយ​ប្រើ​បទ​ចោទ​មិន​សមស្រប​។ លោក​ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ជួបជុំគ្នា​ថ្លែង​សារ​នយោបាយ ឬ​គាំទ្រ​នយោបាយ ដែល​គេ​ពេញចិត្ត។ សង្គម​ស៊ីវិល​រូប​នេះ​ថ្លែង​ថា ការ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​សមាជិក​បក្ស​ប្រឆាំង នឹង​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​តុលាការ​កាន់តែ​អាក្រក់​ក្នុង​ភ្នែក​ពលរដ្ឋ។ ចំណែក​កេរ្តិ៍ឈ្មោះ​រដ្ឋាភិបាល​វិញ ក៏​កាន់តែ​អាក្រក់ ក្នុង​ក្រសែភ្នែក​អន្តរជាតិ​ដែរ៖ «ក្នុង​មាត្រា​នេះ ហាក់​ដូចជា​​ចេះ​តែ​ចោទ​ឡើង ក្នុង​រយៈ​កាល​ចុង​ក្រោយ​ ជាមួយ​សកម្មជន​គណបក្ស​ប្រឆាំង ទាំង​កន្លងមក​មាន​ការ​ឃុំ​ខ្លួន និង​​កំពុង​តែ​មាន​ការ​ចោទ​ប្រកាន់​​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ជា​ដើម។ ខ្ញុំ​យល់​ថា វា​អត់​មាន​សម​ហេតុ​​សម​ផល​អ្វី​ទាល់​តែ​សោះ ធ្វើ​ឡើង​ដោយ​មិន​មាន​ភាព​ត្រឹមត្រូវ​អ្វី​ទេ។ ជា​ទស្សនៈ​របស់​ខ្ញុំ ខ្ញុំ​គិត​ថា រឿង​ទាំង​អស់​ហ្នឹង បើ​កាលណា​យើង​ធ្វើ​អត់​ត្រឹមត្រូវ​ អ្វី​ដែល​ជា​រឿង​ជះ​ឥទ្ធិពល​នោះ គឺ​ជះ​ត្រលប់​ទៅ​លើ​អ្នក​ដែល​បាន​អនុវត្ត​ដោយ​គ្មាន​ភាព​ត្រឹម​ត្រូវ​ទៅ​វិញ​ទេ»

អនុប្រធាន​បក្ស​ប្រឆាំង​ស្រុក​ឈូក លោក នុត ពេជ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពត​ហើយ នៅ​ម៉ោងជាង ៤​រសៀល​។ កូនប្រុស​របស់ លោក នុត ពេជ គឺ​លោក សន់ ធានី ប្រាប់​ថា ឪពុក​លោក​មិន​ទាន់​មាន​មេធាវី​ការពារ​ខ្លួន​ទេ​។ លោក​ថា ការ​ចាប់ខ្លួន​ឪពុក​លោក ជា​ការ​ធ្វើឡើង​មិន​ត្រឹមត្រូវ​។ លោក​នៅតែ​ទទូច​ដល់​អាជ្ញាធរ​ឱ្យ​ដោះលែង លោក នុត ពេជ ជា​បន្ទាន់៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។