មន្ត្រីសិទ្ធិមនុស្សនិយាយថា សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀត មកពីខេត្តកំពង់ចាមត្រូវអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួនខណៈពេលដែលលោកកំពុងប្រកបមុខរបរម៉ូតូឌុបក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អ្នកសម្របសម្រួលសមាគម អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចន្ទគា បញ្ជាក់ថា លោក ហ៊ុន សុគង់ មេឃុំ បុស្សខ្នុរ មកពីស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវអាជ្ញាធរចាប់ខ្លួនភ្លាមៗ នៅក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី៥ កញ្ញានេះដោយពុំបានបង្ហាញដីកាចាប់ខ្លួនពីតុលាការ។ លោកបានហៅការចាប់ខ្លួននេះថា ជាការបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការចូលរួមសកម្មភាពនយោបាយ៖ «ទាក់ទងនៃការចាប់ហ្នឹងរបៀបទាក់ទងរបបនយោបាយណាមួយមិនគួរមានការកើតឡើងទេ ដោយសារតែក្នុងរដ្ឋធម្មនុញ្ញបានលើកទឹកចិត្តប្រជាពលរដ្ឋយ៉ាងសកម្មក្នុងជីវភាពនយោបាយ។ អ៊ីចឹង គាត់មានសិទ្ធិគាំទ្រ គាត់មានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។ ប៉ុន្តែប្រសិនបើគាត់មករស់នៅប៉ោយប៉ែតដោយសារតែការលាក់ខ្លួន បញ្ហាតាមចាប់ស្អីបញ្ហាបញ្ចេញសារដើម្បីសេរីភាពបញ្ចេញមតិ ឬដោយសារអ្វីមួយ ខ្ញុំគិតថារាល់ការអនុវត្តអ្វីសុំឱ្យគោរពច្បាប់និងពិនិត្យមើលទាំងអស់គ្នា»។
ស្នងការរងខេត្តបន្ទាយមានជ័យលោក សិទ្ធិ លោះ បញ្ជាក់ថា លោកមិនបានដឹងពីការចាប់ខ្លួននេះទេ ដោយសារតែលោកកំពុងជាប់បេសកកម្មនៅក្រៅខេត្ត៖ «ខ្ញុំដូចអត់បានទទួលព័ត៌មានហ្នឹងទេបង មិនដឹងជាចាប់រឿងស្អី ឬហេតុការណ៍យ៉ាងម៉េច ខ្ញុំអត់ដឹងទេ ដោយសារខ្ញុំជាប់បេសកកម្មសូមអធ្យាស្រ័យ»។
អ្នកស្រី ខាន់ សុគន្ធា ភរិយាលោក ហ៊ុន សុគង់ មេឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម បញ្ជាក់ថា ស្វាមីអ្នកស្រីមិនបានប្រព្រឹត្តបទឧក្រិដ្ឋអ្វីទេ។ អ្នកស្រីបញ្ជាក់ថា លោក ហ៊ុន សុគង់ បានឈប់ធ្វើសកម្មភាពនយោបាយយូរហើយ ក្រោយពីរំលាយគណបក្សសង្គ្រោះជាតិរួចមក ហើយបានចាកចេញពីខេត្តកំពង់ចាមទៅប្រកបមុខរបររត់ម៉ូតូឌុបនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាប់ព្រំដែនខ្មែរថៃ៖ «ខ្ញុំថាចាប់នេះ គិតថាមានភាពអយុត្តិធម៌សម្រាប់គ្រួសារខ្ញុំ ពីព្រោះអីគាត់អត់មានធ្វើអ្វីខុស ពីព្រោះគាត់ទៅរកស៊ីជាធម្មតា ដើម្បីជួយផ្តត់ផ្គង់គ្រួសារសោះ អត់មានអីទៅដើរធ្វើនយោបាយទៅប្រកាសប្រមូលផ្តុំណាណីអីអត់ទេ ពីព្រោះគាត់ទៅនេះទៅរកស៊ីតើ គាត់អត់មានធ្វើស្អីផង។ ខ្ញុំគិតថា វាអយុត្តិធម៌សម្រាប់ប្ដីខ្ញុំ»។
ការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិនៅក្នុងខេត្តកំពង់ចាមនេះ បានធ្វើឡើងជាបន្តបន្ទាប់ក្រោយពីសកម្មជនគណបក្សប្រឆាំងនៅក្នុងខេត្តបីនាក់ ត្រូវចាប់ខ្លួនដោយរបបក្រុងភ្នំពេញបន្ទាប់ពីប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ប្រកាសវិលចូលមាតុប្រទេសវិញ ដើម្បីដឹកនាំកម្លាំងប្រជាពលរដ្ឋចាប់ខ្លួនលោក ហ៊ុន សែន។
គិតត្រឹមដើមខែកញ្ញានេះ មានមន្ត្រីគណបក្សប្រឆាំងប្រមាណ ២០នាក់ហើយ ដែលត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួន ហើយក៏មានមន្ត្រីបក្សប្រឆាំងជាច្រើនរូបទៀតដែរ ដែលត្រូវជនមិនស្គាល់មុខលបវាយដំ និងគំរាមប្រើអំពើហិង្សា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។