របប​ក្រុង​ភ្នំពេញ​ចាប់ខ្លួន​សកម្មជន​ម្នាក់ទៀត​នៅ​ក្នុង​ខេត្ត​បាត់ដំបង

អាជ្ញាធរ​ខេត្ត​បាត់ដំបង​ចាប់ខ្លួន​សកម្មជន​គណ​បក្ស​ប្រឆាំង​ម្នាក់ទៀត​ដោយ​គ្មាន​បង្ហាញ​ដីកា។ មន្ត្រី​សិទ្ធិមនុស្ស​និង​មន្ត្រី​គណបក្សប្រឆាំង​រិះគន់​ថា ការ​ចាប់ខ្លួន​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ឱ្យ​អ្នកគាំទ្រ​មិន​ហ៊ាន​មក​ទទួល​លោក សម រង្ស៊ី។

របប​ក្រុងភ្នំពេញ​នៅ​ថ្ងៃទី៨ វិច្ឆិកា នេះ បាន​ចាប់ខ្លួន​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត​នៅ ក្នុង​ខេត្ត​បាត់ដំបង​ស្រប​ពេល​ដែល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង​មកកាន់​តំបន់​អាស៊ាន​ដើម្បី​ដឹង​នាំ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​រាប់ពាន់​នាក់​ចូល​មក​ប្រទេស​កម្ពុជា​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​របស់​តុលាការ​ខេត្ត​បាត់ដំបង​ឱ្យ​ដឹង​ថា លោក ភឿង គឹមសេង អាយុ​៤០​ឆ្នាំ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់។ តុលាការ​ខេត្ត​បាត់ដំបង​ក៏​លើក​យក​ហេតុផល​ដែល​នាំ​ឱ្យ​មានការ​ចោទប្រកាន់​នេះ ដោយសារតែ​លោក ភឿង គឹមសេង បាន​ធ្វើការ​ភ្នាល់​គ្នា​ជាមួយ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ ដោយ​សន្យា​ថា ដាក់​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល​បើសិនជា​លោក សម រង្ស៊ី មិន​វិល​តាម​ការសន្យា​។ ក្រៅពីនោះ​តុលាការ​ក៏បាន​រក​ឃើញ​ថា លោក បាន​ប្រមូល​ប្រជាពលរដ្ឋ​ប្រមាណ ២០០​នាក់​មក​ចាំ​ទទួល​លោក សម រង្ស៊ី នៅ​ព្រំដែន​កម្ពុជា​ថៃ ផង​ដែរ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​អ្នកស្រី មូរ សុខហួរ បញ្ជាក់​ថា របប​ក្រុងភ្នំពេញ​កំពុង​ភ័យ​ស្លន់ស្លោ​ចំពោះ​វត្តមាន​លោក សម រង្ស៊ី ក្នុង​ពេល​ដ៏​ខ្លី​នេះ បាន​ជា​បង្កើន​ការ​ចាប់ខ្លួន​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ អ្នកស្រី​បញ្ជាក់​ថា ផែនការ​នេះ​មិនបាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​គណបក្សប្រឆាំង​មានការ​ភ័យខ្លាច​ទេ តែ​ផ្ទុយទៅវិញ​នឹង​ធ្វើ​ឱ្យ​ចំនួន​មនុស្ស​មក​ចូលរួម​គាំទ្រ​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទៅ​០៩ ខាងមុខនេះ​កាន់តែ​ច្រើន​ថែម​ទៀត៖ «ការ​ចាប់ចង ការ​ឃុំ​ឃាំង និង​ការ​ដាក់​បន្ទុក​ប្រជាពលរដ្ឋ​ដ៏​ធ្ងន់ធ្ងរ​មក​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់ អ្នកស្នេហាជាតិ​នេះ គឺជា​ការ​បង្ហាញ​ឱ្យ​រឹតតែ​ច្បាស់​ថា​លោក ហ៊ុន សែន គ្មាន​បារម្ភ​អ្វី​ក្រៅ​តែ​ពី​ការពារ និង​បន្ត​អំណាច​របស់​ខ្លួន​ទេ»។

ការ​ចាប់ខ្លួន​សកម្មជន​គណបក្សប្រឆាំង​នៅ​ក្នុង​ខេត្ត​បាត់ដំបង​នេះ​បាន​ធ្វើ​ឡើង​មួយ​ប៉ុណ្ណោះ​ក្រោយពី​លោក ហ៊ុន សែន បាន​ព្រមាន​ចាប់ខ្លួន​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​បន្ថែម​ទៀត​ប្រសិនបើ​ពួកគេ​មិន​ចូល​សារភាព។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សឹង សែនករុណា បញ្ជាក់​ថា ការ​ចាប់ខ្លួន​កន្លងមក​ពី​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ទៅលើ​សកម្មជន​បក្ស​ប្រឆាំង​ចុង​ក្រោយនេះ​ធ្វើឡើង​មិន​ស្រប​ទៅ​តាម​ច្បាប់​ដែល​បង្ក​ឱ្យ​មានការ​រិះគន់​ថា កម្ពុជា​កំពុង​រំលោភ​ទៅលើ​កត្តិកាសញ្ញា​សិទ្ធិ​ប្រជា​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ផង​ដែរ៖ «ករណី​ទាំងអស់​នេះ​ហើយ​ដែល​យើង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​វិវាទ​នយោបាយ​ដែល​បណ្ដាល​ឱ្យ​មាន​ការ​រីក​រាលដាល​ទៅ​ដល់​សកម្មជន អ្នកគាំទ្រ ហើយ​នឹង​បង្ក​ឱ្យ​មានការ​ភ័យខ្លាច​មកដល់​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​មិនបាន​ធ្វើ​អ្វី​ទាល់តែសោះ​គ្រាន់តែ​មានការ​ចោទប្រកាន់​ក៏​ចាប់ ឬក៏​ឃុំខ្លួន​បន្តបន្ទាប់​អ៊ីចឹង​ទៅ»។

គិត​ត្រឹម​ថ្ងៃ​ទី៨ វិច្ឆិកា នេះ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៨២​នាក់​ហើយ ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​ចាប់ខ្លួន និង​ចំនួន ២០០​នាក់​ផ្សេងទៀត បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពី​បទ​សង្ស័យ​ថា បាន​ចូលរួម​អម​ដំណើរ​ជាមួយ​លោក សម រង្ស៊ី ចំនួន​១០៤​នាក់ បង្ខំ​ឱ្យ​ចូល​សារភាព ៥៨​នាក់​មាន​ដីកាចាប់ខ្លួន​ក្រោម​បទ​រួមគំនិត​ក្បត់ និង ១២​នាក់​រងគ្រោះ​ដោយសារ​ការវាយប្រហារ​ដោយ​អំពើ​ហិង្សា​ពី​របប​ក្រុងភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។