សមត្ថកិច្ចខេត្តព្រះសីហនុឃាត់ខ្លួន សកម្មជនបក្សប្រឆាំងម្នាក់ និងជាសកម្មជនបរិស្ថាន នៅពេលនាងកំពុងជិះម៉ូតូ ទៅធ្វើការរោងចក្រ នៅព្រឹកថ្ងៃទី២៣ សីហា។ សមត្ថកិច្ចថា ការឃាត់ខ្លួនសមាជិកបក្សប្រឆាំងស្រុកព្រៃនប់នេះ ជាការអញ្ជើញសាមីខ្លួន ឱ្យមកបំភ្លឺករណីហ្វេសប៊ុក (facebook) បង្ហោះសារជេរប្រមាថមេដឹកនាំរបបក្រុងភ្នំពេញ។
សាច់ញាតិម្នាក់ របស់សកម្មជនគណបក្សសង្គ្រោះជាតិប្រចាំស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងជាសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ កញ្ញា សៅ ឧសភា ឱ្យដឹងថា សកម្មជនបក្សប្រឆាំងរូបនេះ ត្រូវបានជនស្លៀកពាក់ស៊ីវិលច្រើននាក់ ចាប់ខ្លួននៅម៉ោងជាង ៦ព្រឹក ពេលនាងកំពុងជិះម៉ូតូជាមួយបងប្រុសទៅធ្វើការរោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។
ប្អូនស្រីរបស់ កញ្ញា សៅ ឧសភា គឺកញ្ញា សៅ ពិសី រៀបរាប់ថា មនុស្សមួយក្រុមស្លៀកពាក់ស៊ីវិល ចុះពីលើឡានស៊េរីទំនើបមួយគ្រឿង ដើរសួរគេឯងថា នរណាឈ្មោះ សៅ ឧសភា នៅកណ្ដាលផ្លូវ ចំពេលស្ទះចរាចរណ៍ នៅចំណុចអូរឧកញ៉ាហេង។ នៅពេលកញ្ញា សៅ ឧសភា ប្រាប់ថា គឺជារូបនាង ជនស៊ីវិលទាំងនោះ បានប្រាប់វិញថា ពួកគេជាប៉ូលិស ហើយនាំខ្លួននាង ឡើងឡានទៅស្នងការខេត្តព្រះសីហនុ។ កញ្ញា សៅ ពិសី ប្រាប់ថា មនុស្សទាំងនោះ មិនបានបញ្ជាក់ហេតុផល ឬ ប្រាប់ថា កញ្ញា សៅ ឧសភា ត្រូវបានចោទប្រកាន់ពីបទអ្វីទេ។
កញ្ញា សៅ ពិសី រៀបរាប់បន្តថា ក្នុងពេលចាប់ខ្លួននោះ គឺពេលបងស្រីនាង កញ្ញា សៅ ឧសភា កំពុងជិះម៉ូតូឌុបគ្នាជាមួយ បងប្រុសឈ្មោះ សៅ វិច្ឆិកា ទៅធ្វើការនៅរោងចក្រ។ លោក សៅ វិច្ឆិកា បានត្រលប់មកផ្ទះ ប្រាប់ម្ដាយ ហើយបន្តិចក្រោយមកមានសមត្ថកិច្ចមួយឡាន បានមកដល់មុខផ្ទះ និងនាំខ្លួន លោក សៅ វិច្ឆិកា ទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំអូរឧកញ៉ាហេង។ កញ្ញា សៅ ពិសី ប្រាប់ថា ប៉ូលិសប៉ុស្តិ៍មិនបានសួរនាំ លោក សៅ វិច្ឆិកា ទេ។ តែបានដកហូតទូរស័ព្ទដៃមួយគ្រឿង និងដោះលែង លោក សៅ វិច្ឆិកា ឱ្យត្រលប់មកផ្ទះវិញ។
ចំណែក កញ្ញា សៅ ឧសភា ត្រូវបានសាកសួរដោយតំណាងអយ្យការនៅក្នុងស្នងការនគរបាលខេត្តព្រះសីហនុ។ កញ្ញា សៅ ពិសី ប្រាប់ថា សមត្ថកិច្ចបានដេញកញ្ញា ចេញពីក្នុងស្នងការដ្ឋានខេត្តព្រះសីហនុ ដោយមិនឱ្យជួប កញ្ញា សៅ ឧសភា ហើយមិនបានប្រាប់ពីបទចោទ ឬមូលហេតុ នៃការចាប់ខ្លួនឱ្យគ្រួសារបានដឹងទេ៖ «គាត់អត់មានកោះហៅយើងទៅទេបង។ មកដល់ចាប់យើងហ្មង។ ចុះចាប់ពីម៉ូតូឡើងឡាន។ ពីព្រឹកមិញ រាជអាជ្ញាគេសួរគាត់។ ដល់ពេលខ្ញុំចូលទៅគេដេញខ្ញុំមកវិញ គេអត់ឱ្យចូលទេ។ នៅស្នងការ នៅស្នងការ។ គាត់ ( សៅ ឧសភា ) កំពុងអង្គុយនិយាយ ដល់ពេលខ្ញុំទៅដល់ គេដេញខ្ញុំមកវិញ។ តាំងពីម៉ោងប្រហែល១១ ( ព្រឹក ) គេដេញខ្ញុំចេញមក រហូតដល់ឥឡូវអត់ទាន់មានការទាក់ទង ហៅយើងឱ្យចូលទៅ និយាយគ្នា គឺអត់ទេបង។ អត់មានប្រាប់ដំណឹងថា គេនិយាយជាមួយគាត់ហ្នឹងម្ដេចៗ គេអត់មាននិយាយទេ»។
កញ្ញា សៅ ឧសភា គឺជាសមាជិកអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិប្រចាំស្រុកព្រៃនប់ និងជាសកម្មជនបរិស្ថាន នៃចលនាមាតាធម្មជាតិ។ ក្រោយរបបក្រុងភ្នំពេញរំលាយគណបក្សសង្គ្រោះជាតិ កញ្ញា សៅ ឧសភា បានមកធ្វើការ ជាកម្មការិនីរោងចក្រកាត់ដេរ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ កញ្ញា សៅ ឧសភា ប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ឈ្មោះ សភា មយូរ៉ា ដើម្បីរិះគន់របបក្រុងភ្នំពេញ និងការបំពុលបរិស្ថាន នៅខេត្តព្រះសីហនុ។
កាលពីខែមិថុនា សកម្មជនបរិស្ថាន កញ្ញា សៅ ឧសភា បានបង្ហោះវីដេអូលាតត្រដាងពីទ្រព្យរបស់កូនប្រុសរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ឈ្មោះ ផារ៉ា មង្គល ដែលមានលុយរាប់លានដុល្លារទិញផ្ទះវីឡា នៅប្រទេសអូស្ត្រាលី។ បន្ទាប់មក កញ្ញា បានបង្ហោះសាររិះគន់អតីតអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន អសមត្ថភាពក្នុងការទប់ស្កាត់សំណង់ខុសច្បាប់ របស់ឈ្មួញចិនបណ្ដាលឱ្យបាក់រលំអគារ ធ្វើឱ្យពលរដ្ឋខ្មែរស្លាប់ និងរបួសជាង ៥០នាក់។
ក្រោយមក អ្នកប្រើហ្វេសប៊ុកឈ្មោះ គង់ ម៉េង (Kong Meng) ដែលដាក់រូបខ្លួន ជាមន្ត្រីប៉ូលិសពាក់ស័ក្ដិបី បានជេរប្រមាថ ក្នុងខ្ទង់បញ្ចេញមតិ (Comment) លើហ្វេសប៊ុក កញ្ញា សៅ ឧសភា និងគំរាមចាប់សកម្មជនរូបនេះ ដាក់ពន្ធនាគារ ឱ្យទាល់តែបាន។ ចំណែកហ្វេសប៊ុកមួយទៀតឈ្មោះ យ៉េន ចាន់ហៀ (Yen Chanhea ) ដែលដាក់រូបខ្លួនជាមន្ត្រីប៉ូលិសពាក់ស័ក្ដិប្រាំ បានកាត់តរូបភាពកញ្ញា សៅ ឧសភា ដោយបំភ្លៃថា កញ្ញាប្រកាសលក់ខ្លួន និងប្រើពាក្យជេរប្រមាថបន្ថែមទៀត។ បន្ទាប់រងការជេរប្រមាថ និងគំរាម កញ្ញាបានដាក់ពាក្យប្ដឹង តែស្ថាប័នអគ្គស្នងការនគរបាលជាតិរកមិនឃើញបទល្មើសរបស់មន្ត្រីប៉ូលិសទាំងពីរនាក់នោះទេ។ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមហឿន ប្រាប់អាស៊ីសេរីនៅកាលណោះថា ជនអនាមិក ឬក្រុមចោរព័ត៌មានវិទ្យាលួចហ្វេសប៊ុករបស់មន្ត្រីនគរបាល យកទៅបង្ហោះសារ ដើម្បីវាយប្រហារ និងគំរាមកំហែងលើសកម្មជនបរិស្ថាន កញ្ញា សៅ ឧសភា។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ប្រាប់អាស៊ីសេរីថា សមត្ថកិច្ចប៉ុស្តិ៍មូលដ្ឋានបានទៅឃាត់ខ្លួនកញ្ញា សៅ ឧសភា មែន គឺទទួលបញ្ជាឱ្យទៅអញ្ជើញ កញ្ញា សៅ ឧសភា មកបំភ្លឺ រឿង គេហទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុក ឈ្មោះ សភា មយូរ៉ា ដែលមានរូបកញ្ញា បានបង្ហោះសារជេរប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល។ លោកថា ក្នុងដំណាក់កាលសាកសួរ កញ្ញា សៅ ឧសភា ប្រាប់ថា គណនីហ្វេសប៊ុករបស់កញ្ញា មានតែមួយទេ។ ស្នងការខេត្តរូបនេះ មិនបញ្ជាក់ថា នឹងដោះលែង កញ្ញា សៅ ឧសភា វិញ ឬអត់ទេ? តែ លោកប្រាប់ថា កញ្ញា សៅ ឧសភា បានសហការល្អ ជាមួយសមត្ថកិច្ច៖ «តែអ្វីដែលយើងឃើញគាត់ ដូចជានៅក្នុងផេក យកផេករូបភាព អាខោនផេកវាយប្រហារហើយ ឃើញគាត់ចេញវីដេអូឃ្លីប ដូចជាបដិសេធអ៊ីចឹងណា។ អ៊ីចឹងហើយ គាត់មិនបានប្ដឹងសមត្ថកិច្ច។ អ៊ីចឹងកុំឱ្យវាប៉ាតណាប៉ាតណី អ៊ីចឹងទៅ យើងសម្រេចចិត្តសុំគោលការណ៍ទៅព្រះរាជអាជ្ញាសុំអញ្ជើញគាត់មកបំភ្លឺ។ ឥឡូវគាត់មកបំភ្លឺបានយើងដឹងសាច់រឿង ដូចខ្ញុំបានប្រាប់អ៊ីចឹង។ ជាគោលការណ៍យើងពិនិត្យមើល បើសិនជាគាត់អត់មានចេតនាអ្វីទេ អាហ្នឹងយើងអត់មានត្រូវដោះលែងអ្វីទេ ត្រូវឱ្យគាត់ទៅវិញ។ មិនមែនឃាត់ ឬមួយចាប់ឯណា។ នីតិវិធីរបស់យើង វាមាន។ ឥឡូវនេះ យើងកំពុងបំភ្លឺគាត់ អាខោនទី ២ ទី៣ បន្តទៀត ហើយអ៊ីចឹងបានស៊ី ជម្រៅ។ ខ្ញុំកំពុងតែទទួលព័ត៌មានអំបាញ់មិញ ជំនាញកំពុងបន្តសួរគាត់»។
ប្អូនស្រី របស់កញ្ញា សៅ ឧសភា គឺកញ្ញា សៅ ពិសី មិនពេញចិត្តនឹងការកោះអញ្ជើញ ទៅបំភ្លឺដោយប្រើប្រាស់របៀបនេះទេ។ កញ្ញា ថា សមត្ថកិច្ចបានចាប់ខ្លួន កញ្ញា សៅ ឧសភា ដោយគ្មានបង្ហាញដីកាត្រឹមត្រូវ និងក្រោមស្ថានភាពបង្ខំ ជាហេតុធ្វើឱ្យ ក្រុមគ្រួសារព្រួយបារម្ភ និងត្រូវរងការកាត់លុយឈ្នួលពីរោងចក្រថែមទៀត។
អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ឱ្យដឹងថា ក្រុមសង្គមស៊ីវិលមានការព្រួយបារម្ភខ្លាំង ចំពោះការបង្កើនវិធានការរឹតបន្តឹង សិទ្ធិ សេរីភាព និងការចាប់ខ្លួនសកម្មជនបក្សប្រឆាំងកាន់តែច្រើនឡើង។ អ្នកស្រីសង្ឃឹមថា សមត្ថកិច្ចនឹងដោះលែង កញ្ញា សៅ ឧសភា ឱ្យមានសេរីភាពវិញ ក្រោយការសាកសួរ ព្រោះសកម្មជនបក្សប្រឆាំង និងជាសកម្មជនធ្លាប់ប្រាប់ថា ហ្វេសប៊ុករបស់កញ្ញា ធ្លាប់ត្រូវជនមិនស្គាល់មុខលួចយកទៅប្រើប្រាស់ និងបង្កើតគណនីក្លែងក្លាយ អាចជាព្រមានឱ្យកញ្ញា ឈប់រិះគន់សង្គម៖ «សង្ឃឹមអ្នកដែលពាក់ព័ន្ធទាំងអស់ហ្នឹង មានការយោគយល់អធ្យាស្រ័យ ព្រោះអ្វីក្រុមគ្រួសារគាត់ហ្នឹង ក៏ក្រីក្រដែរ។ ម្ដាយចាស់អស់ហើយ ហើយរាល់ថ្ងៃពឹងជីវភាពរស់នៅដោយសារកូនធ្វើការរោងចក្រនេះឯង។ គ្រួសារគាត់ក្រ អត់មានអ្វីទេ។ កូនធ្វើការរោងចក្រ ហើយមនុស្ស ឧសភាហ្នឹងសកម្មខ្លាំងដែរ ក្នុងរឿងការងារសង្គមហ្នឹងណា។ ប៉ុន្តែបើពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ធ្វើអ្វីខុសច្បាប់ផ្សេងទៀត មិនមានទេ។ គាត់ចូលចិត្តលេងបណ្ដាញសង្គមហ្វេសប៊ុកហ្នឹងដែរ។ ប៉ុន្តែអ្វីដែលគាត់និយាយហ្នឹង ភាគច្រើនគាត់និយាយពីរឿងក្នុងសង្គមច្រើន រិះគន់ក្នុងន័យស្ថាបនា»។
ចំណែកក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ជាមិត្តភ័ក្ដិរបស់កញ្ញា សៅ ឧសភា បានអះអាងថា មានជនខិលខូចចង់ធ្វើបាបសកម្មជនបក្សប្រឆាំងរូបនេះ ទើប បង្កើតគណនីហ្វេសប៊ុក (Account Facebook) ក្លែងក្លាយផ្សព្វផ្សាយរឿងផ្ដេសផ្ដាស ជេរប្រមាថរបបក្រុងភ្នំពេញ ហើយទម្លាក់កំហុសដាក់កញ្ញា សៅ ឧសភា។
កញ្ញា សៅ ឧសភា គឺជាសកម្មជនបក្សប្រឆាំង ទី១៦ ដែលត្រូវបានរបបក្រុងភ្នំពេញ បង្ក្រាបក្នុងឆ្នាំ២០១៩ មុនពេលដំណើរវិលត្រលប់ចូលប្រទេសកម្ពុជាវិញ របស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។ ចំណែកសកម្មជនបក្សប្រឆាំង ប្រហែល២០០នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ច និងតុលាការនៃរបបក្រុងភ្នំពេញ ចេញដីកាកោះហៅ និងបំភិតបំភ័យ ជាបន្តបន្ទាប់។ សមាជិកបក្សប្រឆាំងច្រើននាក់ផ្សេងទៀត ក៏កំពុងរត់គេចខ្លួនក្នុងប្រទេស និងក្រៅប្រទេសដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។