អាជ្ញាធរខេត្តបន្ទាយមានជ័យបានចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀតក្រោមបទចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ប៉ុន្តែក្រោយមកបានដោះលែងមកវិញ បន្ទាប់ពីសមត្ថកិច្ចបានសាកសួរអស់រយៈពេលជិត ១០ម៉ោងរួចមក។
សាក្សីសុំមិនបញ្ចេញ ឈ្មោះ និងសំឡេងបានឱ្យដឹងថា សកម្មជនគណបក្សសង្គ្រោះជាតិដែលអាជ្ញាធរខេត្តបន្ទាយមានជ័យចាប់ខ្លួនគឺលោក ស្រី ម៉ា នីតា ត្រូវអាជ្ញាធរចាប់ខ្លួនចេញពីផ្ទះនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តរួចហើយ ដាក់ក្នុងរថយន្តយកទៅស្នងការប៉ូលិសខេត្តបន្ទាយមានជ័យ។
សកម្មជនគណបក្សសង្គ្រោះជាតិក្រុងប៉ោយប៉ែត លោកស្រី ម៉ា នីតា ប្រាប់អាស៊ីសេរីថា សមត្ថកិច្ចបានដោះលែងអ្នកស្រីមកវិញហើយ ក្រោយពីសាកសួរលោកស្រីពាក់ព័ន្ធនឹងសកម្មភាពគណបក្សប្រឆាំង។ លោកស្រីមិនបានដឹងអំពីមូលហេតុពិតប្រាកដដែលសមត្ថកិច្ចចាប់ខ្លួនលោកស្រីដែរ តែបើតាមមន្ត្រីសិទ្ធិមនុស្សបញ្ជាក់ថា ការចាប់ខ្លួននេះគឺដោយសារតែលោក ស្រី ម៉ា នីតា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកគាំទ្រលោក សម រង្ស៊ី វិលចូលមាតុប្រទេសវិញ។
អាស៊ីសេរីមិនអាចទាក់ទងស្នងការប៉ូលិសខេត្តបន្ទាយមានជ័យបានទេ ដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
