សកម្មជនគណបក្សសង្គ្រោះជាតិចំនួនបីនាក់ ត្រូវរបបអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ខ្លួនជាបន្តបន្ទាប់ និងដាច់ដោយឡែកៗ ពីគ្នានៅក្នុងខេត្តសៀមរាប បន្ទាយមានជ័យ និងនៅក្នុងទីក្រុងភ្នំពេញ។ ទោះជាយ៉ាងនេះក្តី មន្ត្រីគណបក្សប្រឆាំងនិយាយថា ការចាប់ខ្លួនជាបន្តបន្ទាប់នេះ មិនបានរារាំងសកម្មជន ឱ្យភ័យខ្លាច ក្នុងការចូលរួមគាំទ្រដំណើរវិលចូលមាតុប្រទេសវិញរបស់លោក សម រង្ស៊ី ទេ។
ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញលោក ម៉ន ផល្លា ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសប្រាប់អាស៊ីសេរីកាលពីថ្ងៃ១៣ កញ្ញាថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មិនតក់ស្លុតនឹងការចាប់ខ្លួនសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់ពីរបបក្រុងភ្នំពេញនោះទេ តែផ្ទុយទៅវិញបានធ្វើឱ្យកម្លាំងគាំទ្រកាន់តែឈឺចាប់ និងពុះពោរខ្លាំងឡើង ដើម្បីចាំទទួលស្វាគមន៍លោក សម រង្ស៊ី ដែលលោកសង្ឃឹមថា នឹងអាចរកដំណោះស្រាយបញ្ចប់វិបត្តិនយោបាយបច្ចុប្បន្ននេះ៖ «ទោះបីជាមានការបំភិតបំភ័យពីអាជ្ញាធររបបក្រុងភ្នំពេញយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋនិងសកម្មជនគណបក្សសង្គ្រោះជាតិនៅតែតស៊ូជានិច្ចនៅក្នុងបុព្វហេតុការពារជាតិនិងលទ្ធិប្រជាធិបតេយ្យ និងចូលរួមដំណើរនិវត្តន៍របស់លោកប្រធាន សម រង្សី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំនាពេលខាងមុខនេះបាទ»។
លោក ម៉ន ផល្លា បញ្ជាក់ថា សកម្មជនគណបក្សសង្គ្រោះជាតិទាំងបីនោះ រួមមានលោក យ៉ាត ភារម្យ ប្រធានយុវជនគណបក្សសង្គ្រោះជាតិស្រុកស្វាយចេក ត្រូវបានចាប់ខ្លួននៅខេត្តបន្ទាយមានជ័យ លោក ទុំ ប៊ុនថន សមាជិកទ្រទ្រង់គណបក្សសង្គ្រោះជាតិ នៅរាជធានីភ្នំពេញ ត្រូវអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន នៅក្នុងខេត្តសៀមរាប និងកញ្ញា យូ ចាន់ធានី អតីតអ្នកអានព័ត៌មាន ក្នុងគេហទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងភ្នំពេញ។
លោកបញ្ជាក់ថា ការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិទាំងបីនាក់នេះ អាជ្ញាធររបបក្រុងភ្នំពេញ មិនបានបង្ហាញដីកាចាប់ខ្លួន និងចោទប្រកាន់ពីបទអ្វីមួយច្បាស់លាស់ទេ គ្រាន់តែលោកបញ្ជាក់ថា ពួកគេបានចូលរួមជាមួយលោក សម រង្ស៊ី នៅក្នុងប្រទេសម៉ាឡេស៊ី កាលពីពាក់កណ្ដាលខែសីហាកន្លងទៅនេះ។
ភរិយាលោក យ៉ាត ភារម្យ លោកស្រី មិន មុំ ប្រាប់អាស៊ីសេរីក្រោយហេតុការណ៍ចាប់ខ្លួននេះថា ស្វាមីលោកស្រី ត្រូវប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយចេក ខេត្តបន្ទាយមានជ័យ ចាប់ខ្លួនរឿងករណីគ្រោះថ្នាក់ចរាចរណ៍៖ «អ៊ីចឹងខ្ញុំក៏ទាក់ទងប៉ូលិសឃុំ និងស្រុកហើយលោកអធិការស្រុកនិយាយថា បញ្ជូនមកខេត្តហើយ គេអត់បានចូលទីនោះទេ។ ខ្ញុំយល់ថាវាដូចជាអយុត្តិធម៌ណាស់ ព្រោះហេតុផលគ្មានភស្តុតាងអីមកចាប់ប្ដីខ្ញុំទៅ ហើយបើគ្រោះថ្នាក់ចរាចរណ៍ហេតុអីមិនមកពិនិត្យឡានខ្ញុំទៅ ហើយចាប់ប្ដីខ្ញុំអត់ឱ្យដំណឹងខ្ញុំអីចឹង។ ខ្ញុំយល់ថា ប្រហែលមិនមែនរឿងគ្រោះថ្នាក់ចរាចរណ៍ទេ ព្រោះឡានខ្ញុំទើបទិញប្រហែលមួយខែ ព្រោះពន្ធឡានទើបតែយកមកត្រៀមទៅផ្លាកលេខ ឥឡូវមិនទាន់បានធ្វើផងមកមានរឿងអីចឹង»។
អាស៊ីសេរីមិនអាចទាក់ទងស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលបន្ទុកផ្នែកសន្តិសុខ លោក វង្ស ប្រាថ្នា ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ កាលពីរសៀលថ្ងៃទី១៣ កញ្ញា ដោយលោកទទួលទូរស័ព្ទចំនួន៣លើក ហើយប្រាប់ថាស្ដាប់មិនច្បាស់៖ «អត់ឮ ឮតែខ្យល់មិនដឹងថាម៉េចផង»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា សមត្ថកិច្ចចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងនេះ ធ្វើឡើងដោយខុសច្បាប់ ពីព្រោះរាល់ការចាប់ខ្លួនពលរដ្ឋណាម្នាក់ គឺសមត្ថកិច្ចត្រូវបង្ហាញដីកាចាប់ខ្លួនពីតុលាការ ទៅសាច់ញាតិ ឬសាមីខ្លួនឱ្យបានដឹងជាមុន គឺមិនមែនទៅចាប់មនុស្សដោយគ្មានដីកាបែបនេះឡើយ។ មន្ត្រីសង្គមស៊ីវិលរូបនេះ កត់សំគាល់ទៀតថា ករណីនេះគឺជារឿងនយោបាយច្រើនជាង ដោយសារកន្លងមក លោក យ៉ាត ភារម្យ តែងតែជួបជុំគ្នាថ្លែងសារនយោបាយចាំទទួល លោក សម រង្ស៊ី ដែលគ្រោងវិលចូលស្រុកវិញ នៅថ្ងៃទី៩ វិច្ឆិកាខាងមុខ៖ «ក្នុងច្បាប់កតិកាសន្ធិសញ្ញាអន្តរជាតិនិងរដ្ឋធម្មនុញ្ញកម្ពុជា គេផ្ដល់សិទ្ធិទៅឱ្យអ្នកនយោបាយ និងសកម្មជននយោបាយ ធ្វើការចូលរួមជីវភាពនយោបាយយ៉ាងសកម្ម។ អីចឹងការសម្ដែងមតិបែបនេះវាមិនមែនជាអំពើខុសច្បាប់ទេ ការចាប់ខ្លួនណាដែលមិនអនុវត្តត្រឹមត្រូវទៅវិញទេ ដែលជាការខុសច្បាប់។ អីចឹងសិទ្ធិបែបនេះគួរតែក្រសួងស្ថាប័នថ្នាក់ជាតិពិនិត្យឡើងវិញទៅលើការអនុវត្តទាំងអស់នេះ កុំឱ្យគេមើលមកឃើញថា ប្រពន្ធការអនុវត្តច្បាប់កម្ពុជាមានភាពលំអៀងទៅលើអ្នកនយោបាយដែលរិះគន់គណបក្សកាន់អំណាច»។
ប្រធានយុវជនគណបក្សសង្គ្រោះជាតិ ស្រុកស្វាយចេកលោក យ៉ាត ភារម្យ កន្លងមក លោកតែងជួបប្រជុំគ្នាពង្រឹងសាមគ្គីភាពសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិខេត្តបន្ទាយមានជ័យជាញឹកញាប់ ហើយបានបង្ហោះសារនៅក្នុងហ្វេសប៊ុករបស់ខ្លួន ចាំស្វាគមន៍លោក សម រង្ស៊ី ពេលវិលចូលស្រុកវិញ។
គិតត្រឹមថ្ងៃទី១៤ កញ្ញា មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ២៤នាក់ហើយ ត្រូវរបបលោក ហ៊ុន សែន ចាប់ខ្លួន ហើយមួយចំនួនទៀតកំពុងស្ថិតនៅក្នុងពន្ធនាគារ ដោយសារតែពួកគេធ្វើសកម្មភាពនយោបាយគាំទ្រនយោបាយរបស់គណបក្សប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។