មេដឹកនាំ​អាស៊ាន​​បើក​កិច្ច​ប្រជុំ​​ពិសេស​ ដើម្បី​ស្វែង​ដំណោះ​ស្រាយ​វិបត្តិ​កូវីដ១៩

មេ​ដឹក​នាំ​អាស៊ាន​ទាំង១០ រួម​ទាំង​មេ​ដឹក​នាំ​ប្រទេស ៣ទៀត​នៅ​អាស៊ី​បូព៌ា ឬ​ហៅ​ថា អាស៊ាន​បូក​បី មាន​ចិន កូរ៉េ​ខាង​ត្បូង និង​ជប៉ុន នឹង​បើ​កិច្ចប្រជុំ​ពិសេស​មួយ​នៅ​ដើម​សប្ដាហ៍​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស នៅ​ថ្ងៃ​ទី១២ មេសា​ឱ្យ​ដឹង​ថា កិច្ច​ប្រជុំ​ដែល​រៀបចំ​ឡើង​ដោយ​ប្រធាន​អាស៊ាន នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) នៅ​ថ្ងៃ​ទី១៤ មេសា នឹង​ធ្វើ​តាម​រយៈ​វីឌីអូ​ខុនហ្វឺរិន (Video Conference)។ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នឹង​លើក​ប្រធាន​បទ​ពីរ​គឺ ទី១ ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ-១៩ ទៅ​លើ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម។ ទី២ កំណើន​សេដ្ឋកិច្ច​ពិភពលោក និង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ-១៩ ទៅ​លើ​សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កិច្ចការ​សង្គម​ជា​រួម ដែល​ទាមទារ​កិច្ច​ប្រឹងប្រែង​រួម​គ្នា ជា​អន្តរជាតិ ប្រកប​ដោយ​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​កំហែង​នៃ​ជំងឺ​កូវីដ-១៩។

កិច្ចប្រជុំ​ថ្នាក់​មេដឹកនាំ​អាស៊ាន​ទាំង១០ រួម​មាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ សិង្ហបុរី ហ្វីលីពីន វៀតណាម ប៊្រុយណេ មីយ៉ាន់ម៉ា ឡាវ កម្ពុជា និង​អាស៊ាន​បូក​បី​នេះ ធ្វើ​ឡើង​ក្រោយ​ពី​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការ​បរទេស​មួយ​សប្ដាហ៍ ដែល​ប្រជុំ​តាម​រយៈ​វីឌីអូ​ខុនហ្វឺរិន (Video Conference) ដូច​គ្នា​កាល​ពី​ថ្ងៃ​ទី៩ មេសា។ កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សម្រប​សម្រួល​អាស៊ាន​លើក​ទី២៥ នោះ បាន​ជជែក​អំពី​វិធាន​ការ​ឆ្លើយ​តប​រួម​របស់​អាស៊ាន​ ចំពោះ​ការ​ផ្ទុះ​ឡើង​យ៉ាង​ឆាប់​រហ័ស​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី ​កូវីដ១៩។

រដ្ឋមន្រ្តី​ការ​បរទេស​ឥណ្ឌូនេស៊ី អ្នកស្រី រ៉េតណូ ម៉ាស៊ូឌី ( Retno Marsudi) បាន​ជំរុញ​ឲ្យ​មេ​ដឹក​នាំ​អាស៊ាន ផ្ដោត​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​មាន​ប្រាក់​ឈ្នួល​ទាប​បំផុត អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ក្រុម​ងាយ​រង​គ្រោះ​ដទៃ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។