សកម្មជនបក្សប្រឆាំង ១៤នាក់ដែលត្រូវជនមិនស្គាល់មុខវាយធ្វើបាបកន្លងមកនោះ សមត្ថកិច្ចនៅមិនទាន់រកឃើញជនដៃដល់បានមួយករណីណានៅឡើយទេ។ មន្ត្រីជាន់ខ្ពស់នគរបាលជាតិនៅតែអះអាងថា សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកការលើកឡើងដដែលៗ របស់អាជ្ញាធរនេះថា ជាលេសដោះសា។
សកម្មជនបក្សប្រឆាំងដែលរងការវាយដំ លើកឡើងថា ការដែលមិនអាចរកឃើញជនដៃដល់ណា ម្នាក់យកមកផ្ដន្ទាទោសតាមច្បាប់ គឺបញ្ជាក់យ៉ាងច្បាស់ថា ស្ថាប័នយុត្តិធម៌និងសមត្ថកិច្ច គ្មានឆន្ទៈ និងភាពឯករាជ្យរបស់ខ្លួន ហើយសំណុំរឿងហិង្សាទាំងនេះ គឺពាក់ព័ន្ធនឹងរឿងនយោបាយ។
ជនរងគ្រោះមួយរូប គឺលោក ស៊ិន បូណា ប្រាប់អាស៊ីសេរីថា រហូតមកដល់ពេលនេះ សមត្ថកិច្ចមិន ដែលបានជូនដំណឹងឬបង្ហាញលទ្ធផលអ្វីដល់លោកនោះទេ ចាប់តាំងពីលោកបានដាក់បណ្តឹងភ្ជាប់ ជាមួយភស្តុតាងគ្រប់យ៉ាង ក្រោយកើតហេតុភ្លាមៗ នោះ។ លោក យល់ថា ប្រសិនបើអាជ្ញាធរ មាន ឆន្ទៈពិតប្រាកដ គឺមិនពិបាករកជនដៃដល់នោះទេ ព្រោះមានភស្តុតាងជាវីដេអូបង្ហាញពីភិនភាគជន ល្មើស និងស្លាកលេខម៉ូតូរបស់ជនល្មើស ដែលបានដេញវាយលោកតាមផ្លូវផងដែរ៖ « ពេលដែលគេមកធ្វើបាបលើខ្ញុំ ហើយមានទាំងអាវុធនៅជាប់នឹងចង្កេះ នៅទីប្រជុំជនតាមដងផ្លូវ សាធារណៈអ៊ីចឹង ធ្វើឲ្យខ្ញុំមានអារម្មណ៍ភ័យខ្លាច ហើយខ្ញុំគិតថា ជនដៃដល់នេះ ប្រហែលជាគេមាន អីអាង ហើយទើបធ្វើអំពើឃោរឃៅមកលើខ្ញុំបែបនេះ។ ខ្ញុំបានសួរទៅខាងប៉ូលិសព្រហ្មទណ្ឌ ខណ្ឌ ជ្រោយចង្វាដែរ តែគេនៅតែប្រាប់ថា គេនឹងខិតខំប្រឹងប្រែងរកតែមកដល់ពេលនេះ អត់មានលទ្ធផលអ្វីទេ » ។
លោក ស៊ិន បូណា គឺជាចៅសង្កាត់ជាប់ឆ្នោតសង្កាត់កោះដាច់របស់គណបក្សសង្គ្រោះជាតិ។ លោកត្រូវបានជនបិទមុខពីរនាក់មានកាំភ្លើងខ្លីសៀតជាប់នឹងចង្កេះ បានធាក់ម៉ូតូលោកផ្ដួលហើយយកដំបងទីបព្រួត វាយបណ្ដាលឲ្យបាក់ឆ្អឹងដៃខាងឆ្វេង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិ៦Aម្ដុំវត្តកៀនឃ្លាំង ស្ថិតក្នុងសង្កាត់ជ្រោយចង្វា។ ពេលនេះលោកបានក្លាយជា មនុស្សពិការដៃ ដោយមិនអាចធ្វើការងារអ្វីធ្ងន់ ដើម្បីចិញ្ចឹមជីវិតបានទេ។
ចំណែកសកម្មជនគណបក្សប្រឆាំងម្នាក់ទៀតរស់នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ លោក ខៀវ ឌីន ដែលត្រូវជនមិនស្គាល់មុខពីរនាក់ជិះម៉ូតូគ្មានស្លាកលេខ លួចវាយពីក្រោយនឹងដំបងបណ្ដាលឱ្យរងរបួសបែកក្បាលនោះ ថ្លែងថា ទោះបីជាលោកដាក់បណ្ដឹងសុំឲ្យអាជ្ញាធរស្វែងរកជន ល្មើសក្តី ក៏លោកមិនដែលមានសង្ឃឹមថា នឹងទទួលបានយុត្តិធម៌ម្ដងណាឡើយ។ លោក ខៀវ ឌីន ដែលមានវ័យ ៦៦ឆ្នាំ ជឿជាក់ថា អំពើហិង្សាលើលោកនេះ គឺជាការរៀបចំជាប្រព័ន្ធ ដើម្បីធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សសង្គ្រោះជាតិ ព្រោះលោកមិនដែលគំនុំ ឬជម្លោះផ្ទាល់ខ្លួន ជាមួយបុគ្គលណានោះទេ៖ « បើគេរកឲ្យឃើញ តែគេមិនរកឲ្យ។ អានេះជារឿងនយោបាយទេ » ។
អំពើហិង្សាលើលោក ខៀវ ឌីន បានកើតឡើងនៅម៉ោងជាង ១០ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ក្នុងពេលលោក ជិះម៉ូតូទៅយកចៅចេញពីសាលារៀននៅក្រោយវាលយន្តហោះពោធិ៍ចិនតុង។
លោក ខៀវ ឌីន គឺជាជនរងគ្រោះនៃអំពើលួចវាយប្រហារចុងក្រោយគេក្នុងចំណោមជនរងគ្រោះជា សកម្មជនបក្សប្រឆាំងចំនួន ១៤នាក់ ប៉ុន្តែករណីហិង្សាទាំង ១៤ករណីនេះ គ្មានសំណុំ រឿងមួយណាដែលសមត្ថកិច្ចបានរកឃើញជនប្រព្រឹត្តនោះទេ។
អំពើហិង្សាលើសកម្មជនបក្សប្រឆាំងនេះ កើតឡើងផ្ទួនៗ គ្នា និងមានទម្រង់នៃការវាយប្រហារ ប្រហាក់ប្រហែលគ្នា។ ក្រុមជនដៃដល់តែងតែបិទមុខជិះម៉ូតូមានគ្នាពីរនាក់មានកាំភ្លើងខ្លីជាប់ចង្កេះ ប្រើដែកបំពង់ទីបវាយសំដៅក្បាលជនរងគ្រោះនៅពេលជនរងគ្រោះកំពុងធ្វើដំណើរតាមដងផ្លូវ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន សុំមិនឆ្លើយតបទៅនឹងសំណួរអាស៊ី សេរីច្រើនឡើយ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា មកដល់ពេលនេះ សមត្ថកិច្ចជំនាញ មិនទាន់រក ឃើញអ្វីថ្មី ឬជឿនលឿនទៅមុខនោះទេ ជុំវិញសំណុំរឿងហិង្សាទាំងនោះ។ លោកអះអាងថា សមត្ថកិច្ចជំនាញ កំពុងស៊ើបអង្កេតបន្តទៀត៖ « សុំទោសខ្ញុំមិនអាចឆ្លើយជាមួយលោកបាន ព្រោះលោកមិនមែនជាព្រះរាជអាជ្ញា។ គ្រាន់តែខ្ញុំអត់ ទាន់រកឃើញព័ត៌មាន ជម្រាបជូនប៉ុណ្ណឹង។ ស្មុគស្មាញ ឬមិនស្មុគស្មាញ អ្នកដែលស៊ើបសួរខ្ញុំបាន គឺមានតែមេបញ្ជាការរបស់ខ្ញុំ និងព្រះរាជអាជ្ញា » ។
ជាទូទៅគេសង្កេតឃើញថា សំណុំរឿងដែលប្ដឹងផ្ដល់ដោយសកម្មជនបក្សប្រឆាំង ឬសកម្មជនសិទ្ធិមនុស្ស ហាក់មិនឃើញអាជ្ញាធររបបក្រុងភ្នំពេញចាត់វិធានការដើម្បីស្វែងរកយុត្តិធម៌នោះទេ។ អាជ្ញាធររបបក្រុងភ្នំពេញ តែងបណ្ដោយឲ្យសំណុំរឿងទាំងនោះអូសបន្លាយពេលវេលារាប់ឆ្នាំដោយគ្មានលទ្ធផលអ្វីទាំងអស់ ហើយតែងលើកឡើងដដែលៗ ថា កំពុងស៊ើបអង្កេត។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា សម្ដែងការសោកស្ដាយ ដែលសមត្ថកិច្ច នៅតែអាចរកឃើញជនដៃដល់ និងនាំយកមកផ្ដន្ទាទោសតាមច្បាប់ ខណៈករណីខ្លះមានកាមេរ៉ាសុវត្ថិភាព បានថតជាប់សកម្មភាពរបស់ជនល្មើស ធ្វើសកម្មភាពវាយដំទៅលើជនរងគ្រោះក្ដី។ លោកកត់សម្គាល់ឃើញថា អាជ្ញាធរតែងតែប្រើភាសាដដែលៗ ថា កំពុងស៊ើបអង្កេត។ លោកបន្តថា ការព្រងើយកន្តើយនាំជនល្មើសមកផ្ដន្ទាទោសនេះ គឺនឹងនាំឲ្យមានការរិះគន់កាន់តែខ្លាំងពីសាធារណជនថា មានការអនុវត្តច្បាប់ស្តង់ដារពីរ៖ « យើងឃើញហើយថា ករណីណាមួយដែលអាជ្ញាធរមានចេតនាចង់អនុវត្តច្បាប់ គឺច្បាស់ជាមានលទ្ធផល ចាប់ជនដៃដល់ ប៉ុន្តែបើយើងពិនិត្យមើលករណី សកម្មជននយោបាយជំទាស់នេះ យើងមើលឃើញហាក់ដូចជា អត់មានឆន្ទៈតែម្ដង។ ទាំងអស់នេះហើយ ដែលធ្វើឲ្យមានការរិះគន់ និងចោទប្រកាន់ថា វាជាការ កើតឡើងដោយប្រព័ន្ធ និងមានការរើសអើងទៅលើក្រុមអ្នកនយោបាយបក្សជំទាស់អីជាដើម » ។
កាលពីថ្ងៃទី១៧ ខែតុលាកន្លងទៅ អង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ដែលជាបណ្ដុំអង្គការក្រៅរដ្ឋាភិបាលចំនួន២១ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយចាត់ទុកថា អំពើហិង្សាកើតឡើងញឹកញាប់នេះ ធ្វើឲ្យអង្គការសង្គមស៊ីវិលជឿថា សកម្មជនបក្សប្រឆាំងទាំងនេះ បាន ក្លាយជាគោលដៅនៃការវាយប្រហារដោយសារតែទស្សនៈនយោបាយរបស់ពួកគេ។
អង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា លើកឡើងថា ករណីទាំងនេះ គឺជនរងគ្រោះនិងគ្រួសារ របស់ពួកគេ កំពុងរងគ្រោះពីរដង។ ពួកគេមិនត្រឹមតែទទួលរងអំពើហិង្សាដោយសារទស្សនៈនយោបាយប៉ុណ្ណោះទេ ប៉ុន្តែពួកគេ ថែមទាំងមិនទទួលបានការគាំទ្រពីស្ថាប័នយុត្តិធម៌និងអាជ្ញាធរសមត្ថកិច្ចឡើយ ដូចជាមិនជួយគាំទ្រការថែទាំផ្នែកវេជ្ជសាស្ត្រនិងមិនបានស្វែងរកនិងនាំខ្លួន ជនល្មើសទៅផ្ដន្ទាទោសផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។