អូស្ត្រាលី​ប្ដេជ្ញា​តស៊ូ​មតិ​ឲ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ

ដោយ ថា ថៃ
2022.08.06
Share on WhatsApp
Share on WhatsApp
អូស្ត្រាលី​ប្ដេជ្ញា​តស៊ូ​មតិ​ឲ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី អ្នកស្រី ផេនី វ៉ង់ (Penny Wong) (ឆ្វេង) និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ថ្ងៃទី៦ ខែ​សីហា ឆ្នាំ​២០២២។
Photo courtesy of Senator Penny Wong's Twitter

រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី ជួប​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា និង​បង្ហាញ​ពី​ការ​តាំង​ចិត្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្ដារ​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​ឡើងវិញ​។ អ្នកវិភាគ​នយោបាយ លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា មិន​ដោះស្រាយ​តាម​សំណើ​របស់​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ទេ កម្ពុជា​នឹង​រង​សម្ពាធ​ហើយ​បាត់បង់​ផលប្រយោជន៍​ជាតិ។

ក្រៅពី​បញ្ហា​ក្នុង​តំបន់​និង​អន្តរជាតិ​នោះ បញ្ហា​នយោបាយ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សិទ្ធិ​សេរីភាព​នយោបាយ​របស់​មេ​បក្ស​ប្រឆាំង​នៅ​កម្ពុជា ក៏​ជា​ប្រធានបទ​សំខាន់ ដែល​ប្រមុខ​ការទូត​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​រួមមាន​សហរដ្ឋអាមេរិក និង​អូស្ត្រាលី (Australia) បាន​លើក​ជជែក​ពិភាក្សា​ជាមួយ​ក្រុម​មេដឹកនាំ​កម្ពុជា ក្នុង​ពេល​ពួកគាត់​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន។

រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី អ្នកស្រី ផេនី វ៉ង់ (Penny Wong) បង្ហោះ​សារ​ក្នុង​បណ្ដាញ​ធ្វីតធឺ (Twitter) ជា​បន្តបន្ទាប់​ថា អ្នកស្រី បាន​ជួបពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋ មន្ត្រី ហ៊ុន សែន កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន លើ​ប្រធានបទ​ជាច្រើន​រួមមាន​បញ្ហា​ស្ថិរភាព​ក្នុង​តំបន់ ការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ព្រមទាំង​បញ្ហា​សិទ្ធិមនុស្ស​ជាដើម​។ ក្រៅពី​នេះ អ្នកស្រី បាន​បង្ហោះ​រូបភាព​ជួប​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អម​ដោយ​សំណេរ​ថា អ្នកស្រី ផ្តល់​តម្លៃ​ខ្ពស់​ក្នុង​ឱកាស​ជួប​ជាមួយ​មេ​បក្ស​ប្រឆាំង​រូប​នេះ​។ អ្នកស្រី​បន្ត​ថា អូស្ត្រាលី នឹង​នៅតែ​បន្ត​តស៊ូ​មតិ​ឥត​ឈប់ឈរ​ដើម្បី​ឲ្យ​កម្ពុជា មាន​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ។

លោក កឹម សុខា ក៏​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ថា ថ្វី​ដ្បិត​តែ​អ្នកស្រី ផែននី វ៉ង់ ជា​រដ្ឋមន្ត្រីការបរទេស​ថ្មី​របស់​អូស្ត្រាលី​ក្តី ក៏​អ្នកស្រី​តែងតែ​ចាប់អារម្មណ៍​និង​ផ្តល់​តម្លៃ​ចំពោះ​ការ​លើកស្ទួយ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​តំបន់ ក៏ដូចជា​នៅ​កម្ពុជា​។ ជាពិសេស លោក កឹម សុខា ត្រេកអរ​ដែល​អ្នកស្រី​ឆ្លៀត​ពេល​មមាញឹក​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក។

វិទ្យុ​អាស៊ីសេរី មិនអាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​មេធាវី​ការពារ​ក្តី លោក កឹម សុខា បាន​ទេ នៅ​ថ្ងៃទី​៦ សីហា។

ទាក់ទង​ករណី​នេះ តំណាងរាស្ត្រ​អូស្ត្រាលី ដើមកំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង លើកឡើង​ថា អូស្ត្រាលី នៅតែ​ចាត់ទុក​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​ជា​មិត្ត ។ លោក​បន្ត​ថា ចំពោះ​ជំនួប​រវាង​អ្នកស្រី និង​លោក កឹម សុខា នោះ មានន័យ​ទូលំទូលាយ​និង​ឆ្លុះបញ្ចាំង​ថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​នៅតែ​បន្ត​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្ដារ​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស​ពិតប្រាកដ​ឡើងវិញ ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​យូរអង្វែង៖ «ខ្ញុំ​យល់​ថា រាជរដ្ឋាភិបាល​បច្ចុប្បន្ន​នេះ នឹង​មិន​អាច​មិន​យកចិត្ត​ចំពោះ​ការ​ទាមទារ និង​ការ​លើកឡើង​របស់​អូស្ត្រាលី​និង​បណ្តា​ប្រទេស ផ្សេងៗ​នៅក្នុង​ការ​ស្តារ​ប្រជាធិបតេយ្យ បើក​លំហ​ឲ្យ​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ និង​គោរព​សិទ្ធិមនុស្ស គោរព​ដល់​បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ និង​អង្គការ​NGO ផ្សេងៗ​។ ខ្ញុំ​ជឿ​ថា ត្រូវតែ​មាន​ការ​យកចិត្ត​ទុកដាក់​ជាបន្ទាន់​ព្រោះ​ថា ក្នុង​ប្រទេស​អូស្ត្រាលី គឺ​កំពុងតែ​មានការ​យកចិត្ត​ទុកដាក់​ជាង​មុន​ចំពោះ​បណ្ដាញ​ចំពោះ​វត្តមាន​របស់​ខាង​គណបក្ស​មួយទៀត (​បក្ស​ប្រជាជន​កម្ពុជា​) កំពុងតែ​ធ្វើ​សកម្មភាព»

តំណាងរាស្ត្រ​ដើមកំណើត​ខ្មែរ​រូប​នេះ បន្ថែម​ថា អ្វី​ដែល​ប្រមុខ​ការទូត​អូស្ត្រាលី​លើកឡើង​នេះ គឺជា​លទ្ធផល​វិជ្ជមាន​មួយ​ដែល​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី បាន​ខិតខំ​តស៊ូ​មតិ​យ៉ាងសកម្ម​និង​ស្វិតស្វាញ ដើម្បី​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី បានដឹង​និង​ជួយ​អន្តរាគមន៍​ចំពោះ​ស្ថានភាព​ធ្លាក់ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ លោក​អំពាវនាវ​ឲ្យ​សហគមន៍​ខ្មែរ នៅតែ​បន្ត​រួម​សាមគ្គី​គ្នា​និង​តស៊ូ​មតិ​តទៅទៀត​៖ «យើង​ត្រូវតែ​រួបរួម​គ្នា ចាប់ដៃ​គ្នា​ឲ្យ​ជាប់​ដើម្បី​ជៀសវាង ការ​ប្រកាន់​និន្នាការ និង​ការរើសអើង​និន្នាការ​បក្ស​នេះ​បក្ស​នោះ ។ អ្វី​ដែល​យើង​ចង់បាន​នោះ​គឺ​សំដៅ​ទៅ​រក​ប្រជាធិបតេយ្យ​ពិតប្រាកដ​ទៅ​ដល់​ប្រទេស​កំណើត​របស់​យើង។ ខ្ញុំ​ជឿជាក់​យ៉ាង​ខ្លាំង​ទៅលើ​សកម្មភាព​របស់​បង​ប្អូន​សហគមន៍​ខ្មែរ​របស់​យើង​នៅ​ប្រទេស​អូស្ត្រាលី ក្នុង​ការ​បន្តដំណើរ​របស់​ខ្លួន​ដើម្បី​ជម្រាប​នូវ​អ្វី​ដែល​យើង​ចង់​បាន ចង់​ឃើញ នូវ​សេចក្តី​ប្រាថ្នា​របស់​យើង​ទាំងអស់គ្នា​ដល់​សមាជិក​សភា និង​រដ្ឋាភិបាល​អូស្ត្រាលី»

ក្រៅពី​ប្រមុខ​ការទូត​ប្រទេស​អូស្ត្រាលី​នោះ ប្រមុខ​កា​ទូត​សហរដ្ឋអាមេរិក លោក អែនតូនី ប៊ី្លងឃិន (Antony Blinken) ក៏បាន​ជួប​លោក កឹម សុខា និង​សោកស្ដាយ​ដែល​សំណុំរឿង​របស់ លោក បន្ត​អូស​បន្លាយ ៥​ឆ្នាំ ហើយ​នៅតែ​គ្មាន​ដំណោះស្រាយ​ដដែល​។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រូប​នេះ បញ្ជាក់​ថា កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការអនុញ្ញាត​ឲ្យ លោក កឹម សុខា មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។ ទន្ទឹម​គ្នា​នេះ លោក អែនតូនី ប៊ី្លងឃិន ក៏​បាន​លើក​ចំៗ ទៅ​លោក ហ៊ុន សែន ដោយ​ទាមទារ​ឲ្យ​ដោះលែង​កញ្ញា សេង ធារី និង​អ្នក​ទោស​នយោបាយ​ផ្សេងទៀត ព្រមទាំង​បើក​លំហ​សង្គម​ស៊ីវិល និង​នយោបាយ​ឡើងវិញ នៅមុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣។

ជុំវិញ​ករណីនេះ វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​បក្ស​កាន់អំណាច លោក សុខ ឥសាន បាន​ទេ នៅ​ថ្ងៃទី​៦ សីហា​។​

អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើកឡើង​ថា ការណ៍​ដែល​ប្រមុខ​ការទូត​អាមេរិក និង​អូស្ត្រាលី រួម​ទាំង​សម្ព័ន្ធមិត្ត​ផ្សេងទៀត បន្ត​ព្រួយបារម្ភ​អំពី​ការ​រអិល​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ ព្រោះ​ពួកគេ​ដឹង​ថា មានតែ​ការ​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ ទើប​ជា​ដំណោះស្រាយ​វិបត្តិ​ចាក់ស្រេះ​ផ្សេងៗ​ទាំង​នៅ​កម្ពុជា និង​នៅក្នុង​តំបន់​។ ទោះជា​យ៉ាងណា លោក​ថា ប្រសិនបើ​សហគមន៍​អន្តរជាតិ មិន​ដាក់​សម្ពាធ​ធ្ងន់ធ្ងរ​ទេ រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ដោះស្រាយ​ឲ្យ​បាន​ពេញ​លេញ​ឡើយ៖ «ជាក់ស្តែង បើ​លោក កឹម សុខា ពុំ​មាន​វត្តមាន​ចូលរួម ការ​បោះឆ្នោត​នោះ ខ្ញុំ​គិត​ថា សហរដ្ឋអាមេរិក អូស្ត្រាលី និង​សម្ព័ន្ធមិត្ត​ផ្សេងៗ​ទៀត គេ នឹង​អាច​មាន​វិធានការ​ជា​យន្តការ​សម្រាប់​កំណត់​ផ្លូវ​ឲ្យ​លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​គាត់ ដើរ​កាន់តែ​ចង្អៀត។ ខ្ញុំ​គិតថា រដ្ឋាភិបាល លោក ហ៊ុន សែន ពិចារណា​ខ្លះ​ដែរ មិនមែន​មិន​ពិចារណា​ទេ ប៉ុន្តែ​មិន​បន្ធូរបន្ថយ​ណាមួយ ឧទាហរណ៍​ករណី លោក កឹម សុខា គឺជា​រឿង​ដែល​ពិបាក​សង្ឃឹម​បំផុត ព្រោះ​វា​ប៉ះពាល់​ដល់​ផែនការ​អំណាច​លោក ហ៊ុន សែន។ ម្យ៉ាងវិញទៀត ក្នុង​ពេល​ចុងក្រោយ​នេះ ប្រទេស​ចិន​ហាក់​បង្ហាញ​ជំហរ​ច្បាស់​ក្នុង​ការ​គាំទ្រ​ផែនការ​លោក ហ៊ុន សែន ផ្ទេរ​អំណាច​ឲ្យ​លោក ហ៊ុន ម៉ាណែត»

ទោះជា​យ៉ាងណា របប​លោក ហ៊ុន សែន និង​មន្ត្រី​របប​នេះ បាន​ទទួលរង​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ជា​បន្ត​បន្ទាប់​រួច​មក​ហើយ ដោយសារតែ​ទង្វើ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​។ ជា​ឧទាហរណ៍ សហភាព​អឺរ៉ុប​បាន​កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន​២០% និង​ត្រៀម​បញ្ចូល​កម្ពុជា​ទៅ​ក្នុង​បញ្ជីខ្មៅ​នៃ​ប្រទេស​លាងលុយកខ្វក់​ជា​ផ្លូវការ។ ចំណែក​សហរដ្ឋអាមេរិក​វិញ បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់ខ្ពស់ និង​មនុស្ស​ជំនិត​មួយចំនួន​របស់​លោក ហ៊ុន សែន រួមមាន លោក ហ៊ីង ប៊ុនហៀ​ង លោក គន់ គីម និង​សមាជិកគ្រួសារ ព្រមទាំង​លោក ទ្រី ភាព និង​ក្រុមហ៊ុន​របស់​គាត់។ មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​ពីរ​រូប​ទៀត គឺ​លោក ចៅ ភិរុណ និង​លោក ទៀ វិញ ព្រមទាំង​សមាជិកគ្រួសារ និង​ក្រុមហ៊ុន​ចិន​យូឌីជី (UDG) ក៏​ត្រូវ​រង​ទណ្ឌកម្ម​ក្រោម​ច្បាប់​គ្លូបលមែគនី​តស្គីអ៊ែក (Global Magnitsky Act) របស់​សហរដ្ឋអាមេរិក​ដែរ​។ ទណ្ឌកម្ម​ទាំងនេះ​ធ្វើឡើង​ដោយសារតែ​សហរដ្ឋអាមេរិក​រក​ឃើញ​ថា មន្ត្រី​ជាន់ខ្ពស់ និង​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ព្រមទាំង​ក្រុមហ៊ុន​ចិន​នោះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ទង្វើ​រំលោភ​សិទ្ធិមនុស្ស ការរំលោភ​អំណាច និង​ការប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​នោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​កំពង់ផែ​កងទ័ពជើងទឹក​រាម​នៅ​ខេត្ត​ព្រះសីហនុ​។ រីឯ​ប្រទេស​អូស្ត្រាលី​វិញ សហគមន៍​ខ្មែរ សង្ឃឹមថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​ពលករ នឹង​ប្រើប្រាស់​ច្បាប់​មែគនីតស្គីអ៊ែក ដាក់​ទណ្ឌកម្ម​លើ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ជាក់លាក់​ដែរ ដូច​អ្វី​ដែល​ខ្លួន​ធ្លាប់​បាន​ទាមទារ​ទៅ​រដ្ឋាភិបាល​ជំនាន់​មុន​ក្នុង​ពេល​នៅ​ជា​បក្ស​ប្រឆាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។