ប៉ូលិស​សហព័ន្ធ​អូស្ត្រាលី​គ្រោង​ជួប​សហគមន៍​ខ្មែរ​នៅ​ស៊ីដនី​ជជែក​អំពី​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​កម្ពុជា

ប៉ូលិស​សហព័ទ្ធ​អូស្ត្រាលី (AFP) គ្រោង​ជួប​ជាមួយ​ប្រជា​សហគមន៍​ខ្មែរ​រស់នៅ​ទីក្រុង​ស៊ីដនី​(Sydney)​ជាថ្មី​ម្តង​ទៀត ដើម្បី​ផ្សព្វផ្សាយ​អំពី​របៀប​នៃ​ការ​ជ្រៀតជ្រែក​ពី​រដ្ឋ​បរទេស ព្រមទាំង​ស្តាប់​ក្តី​កង្វល់​របស់​សហគមន៍​ខ្មែរ ពាក់ព័ន្ធ​នឹង​ការ​គំរាមកំហែង និង​ការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​កម្ពុជា។ កម្មវិធី​ជួបជុំ​នេះ នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ ទី​៣ ខែ​សីហា​ខាងមុខ នៅ​វត្ត​ខេមរង្សារាម។

តំណាង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ស៊ីដនី អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូលរួម​ឲ្យ​បាន​ច្រើន ដើម្បី​ស្តាប់ និង​រាយការណ៍​ទៅ​ប៉ូលិស​សហព័ន្ធ​អំពី​ករណី​បក្ខពួក​របស់​លោក ហ៊ុន ម៉ាណែត ដែល​តែង​ជិះ​យន្តហោះ​ពី​ស្រុក​ខ្មែរ​មក​ធ្វើទុក្ខបុកម្នេញ យាយី និង​បំភិតបំភ័យ​ពលរដ្ឋ​ខ្មែរ​នៅ​លើ​ទឹកដី​អូស្ត្រាលី ដើម្បី​បំបិទ​សំឡេង​រិះគន់​លើ​របប​ដឹកនាំ​របស់​លោក ឬ​អ្នកណា​ដែល​លើកឡើង​អំពី​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស។

កាលពី​សប្តាហ៍​មុន រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​តាម​អ៊ីនធឺណិត​របស់​ប្រទេស​អូស្ត្រាលី អ្នកស្រី ក្លៀ អូនៀល (Clare O’Neil ) ក៏​បាន​ជួប​ជាមួយ​តំណាង​សហគមន៍​ខ្មែរ នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​ក្នុង​ក្រុង​មែលប៊ន (Melbourne)​ដែរ ដើម្បី​ផ្តល់​ព័ត៌មាន​អំពី​ការ​ដាក់​ចេញ​គោលនយោបាយ​ថ្មីៗ​និង​មាន​ប្រសិទ្ធភាព​ជាង​មុន ក្នុង​ការ​ទប់ស្កាត់​ការ​ជ្រៀតជ្រែក​ពី​រដ្ឋ​បរទេស និង​ស្តាប់​ក្តី​បារម្ភ​របស់​សហគមន៍​ខ្មែរ​ជុំវិញ​ការ​ចូល​មក​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​កម្ពុជា​។ អ្នកស្រី ក្លៀ អូនៀល បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​បញ្ចេញមតិ និង​តវ៉ា ។ អ្នកស្រី ព្រមាន​ថា ប្រសិនបើ​ជន​ណា ឬ​ក្រុម​ណា​ចូល​មក​ទឹកដី​អូស្ត្រាលី ហើយ​បែរ​ជា​ធ្វើ​សកម្មភាព​គំរាមកំហែង ឬ​ជ្រៀតជ្រែក​លើ​ពលរដ្ឋ​អូស្ត្រាលី​នោះ នឹង​រង​ការ​លុបចោល​វីសា​(Visa) ហើយ​បណ្តេញ​ចេញពី​អូស្ត្រាលី​វិញ​ភ្លាមៗ​តែម្តង។ នៅ​ក្នុង​ជំនួប​នោះ តំណាង​សហគមន៍​ខ្មែរ ក៏​បាន​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អូស្ត្រាលី ជួយ​រៀបចំ​ឲ្យ​មាន​កម្មវិធី​ជួបជុំ​រវាង​ប៉ូលិស​សហព័ន្ធ និង​ប្រជា​សហគមន៍​ខ្មែរ​នៅ​តាម​រដ្ឋ​ផ្សេងៗ​ទៀត​ផង​ដែរ។

បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា បាន​ជាប់​ឈ្មោះ​នៅក្នុង​បញ្ជី​តាមដាន​ពី​អាជ្ញាធរ​ជំនាញ​អូស្ត្រាលី ដោយសារតែ​គណបក្ស​កាន់អំណាច​របស់​លោក ហ៊ុន សែន បាន​ពង្រីក​បណ្ដាញ​របស់​ខ្លួន នៅ​លើ​ទឹកដី​ប្រទេស​អូស្ត្រាលី​តាំងពី​ឆ្នាំ​២០១៥ ក្នុង​គោលដៅ​ដើម្បី​ធ្វើទុក្ខបុកម្នេញ យាយី តាមដាន និង​បំភិតបំភ័យ​ដល់​ពលរដ្ឋ​ខ្លួន​នៅ​លើ​ទឹកដី​អូស្ត្រាលី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។