អាជ្ញាធរ​រារាំង​ក្រុម​ស្ត្រី​ថ្ងៃ​ស្រុក​មិន​ឱ្យ​ឃ្លាំមើល​សវនា​ការសកម្មជន​បក្ស​ប្រឆាំង​នៅ​មុខ​សាលា​ដំបូង​ក្រុង​ភ្នំពេញ

2021-07-01
Share
អាជ្ញាធរ​រារាំង​ក្រុម​ស្ត្រី​ថ្ងៃ​ស្រុក​មិន​ឱ្យ​ឃ្លាំមើល​សវនា​ការសកម្មជន​បក្ស​ប្រឆាំង​នៅ​មុខ​សាលា​ដំបូង​ក្រុង​ភ្នំពេញ ប៉ូលិស​ និង​កង​សន្តិសុខ​ខណ្ឌ ៧មករា ជា​ច្រើន​នាក់ កំពុងរារាំង​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ មិន​ឱ្យ​ផ្ដុំគ្នាលើកបដាតវ៉ា​នៅ​ខាង​មុខ​តុលាការ ក្នុង​ពេល​ដែល​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ធ្វើ​សវនាការ​សំណុំរឿង​​សកម្មជន និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៩​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​១​ ខែកក្កដា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ជា​ច្រើន​នាក់​បាន​រារាំង​ក្រុម​សាច់ញាតិ និង​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​មិន​ឱ្យ​ពួក​គាត់​ឃ្លាំ​មើល​សវនា​ការ​ជំនុំជម្រះ​ក្ដី​លើ​សំណុំ​រឿង​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី១ កក្កដា​នេះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិលចាត់​ទុក​រឿង​នេះ​ថា ជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​សេរីភាព​នៃការ​ជួប​ប្រជុំ​របស់​ពលរដ្ឋ​ដោយ​ខុស​ច្បាប់។

ប៉ូលិស​ និង​កង​សន្តិសុខ​ខណ្ឌ ៧មករា ជា​ច្រើន​នាក់ បាន​រារាំង និង​ប្រើ​ហិង្សា បណ្ដាល​ឱ្យ​ស្ត្រី ៣នាក់​រង​របួស​ដៃ និង​ឈឺ​ចុក​ចាប់​រាងកាយ​ ក្នុង​ពេល​ពួក​គាត់​ឈរ​ឃ្លាំ​មើល​សវនាការ​ជំនុំជម្រះ​ក្ដី​សំណុំ​រឿង​សកម្មជន និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៩​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១​កក្កដា។

កូន​ស្រី​សកម្មជន​បក្ស​ប្រឆាំង​ លោក​ស្រី​ លឹម សាន គឺ​លោក​ស្រី​ ផាន សាត ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​១​កក្កដា​ថា កង​សន្តិសុខ​​ក្រុង​ភ្នំពេញ​ប្រមាណ​២០នាក់​បាន​រុញ​​ច្រាន​​ដណ្ដើម​យក​បដា​​ដែល​ជា​ផ្ទាំង​រូបថត​របស់​​ជន​ជាប់​ឃុំ​​​ពី​ដៃ​ពួក​លោក​ស្រី​ទាំង​កម្រោល​បណ្ដាល​ឱ្យ​គាត់​ដួល​ថ្លោះ​ក​ដៃ​ឆ្វេង​​។ ស្ត្រី​វ័យ​៣៩​ឆ្នាំ​រូប​នេះ​បន្ត​ទៀត​ថា​សមត្ថកិច្ច​ថែម​ទាំង​បាន​ក្ដិច​មួល​នៅ​លើ​ដង​ខ្លួន​​​​ពួក​លោក​ស្រី​បណ្ដាល​ឱ្យ​ជាំ​ខ្មៅ​ជា​ច្រើន​កន្លែង​។​ លោក​ស្រី​ចាត់​ទុក​អំពើ​ហិង្សា​ដោយ​ក្រុម​អាជ្ញាធរ​នេះ ថា ជា​ការ​ព្យាយាម​ធ្វើ​បាប​ស្ត្រី​ទន់​ខ្សោយ៖ «ខ្ញុំ​ទទួល​យក​អត់​បាន​ទេ​ ខ្ញុំ​ថ្កោល​ទោស​ពួកគាត់ ព្រោះ​គាត់​ធ្វើ​ទង្វើ​នេះ​រំលោភ​ទាំង​សិទ្ធិ​ស្ត្រី សិទ្ធិ​កុមារ​ ដោយសារ​ពួក​ខ្ញុំ​ទាមទារ​ឱ្យ​ដោះលែង​ម្ដាយ​ខ្ញុំ​ គឺ​ពួក​ខ្ញុំ​គ្រប់​គ្នា​ហ្នឹង​ធ្វើ​ដោយ​សន្តិវិធី​ មិន​ដែល​បង្ក​ផល​អី​ឱ្យ​​ពួកគាត់​ទេ​។តែ​ពួក​អាជ្ញាធរ​អត់​មាន​យល់​ពី​ខ្ញុំ​ទេ គាត់​មក​ដឹង​តែ​រុញ​ច្រាន​ហើយ​នឹង​ទាញ​។​និយាយ​ទៅ​ខ្ញុំ​ដាក់​រូប​ថត​ហ្នឹង​ចង់​ឱ្យ​​តុលាការ​ ដោះលែង​ម្ដាយ​ខ្ញុំ​និង​សកម្មជន​ដទៃ​ទៀត​ចេញ​ក្រៅ​ឃុំ​ ព្រោះ​ដោយសារ​គាត់​គ្មាន​កំហុស​អី​ទេ»

​​វីដេអូ​ឃ្លី​ដែល​ត្រូវ​បាន​គេ​​​បង្ហោះ​តាម​បណ្ដាល​សង្គម​ហ្វេសប៊ុក​បង្ហាញ​ថា កង​សន្តិសុខ​​​ខណ្ឌ​៧មករា​ប្រហែល​២០​នាក់​នោះ​ បាន​ស្ទុះ​ទៅ​​ឆក់​យក​​បដា​ផ្ទាំង​រូប​ថត​​ពីដៃ​ក្រុម​ស្ត្រី ដែល​​​សម្ដែង​មតិ​ដោយ​អហិង្សា​នៅ​ម្ខាង​ផ្លូវ​ក្បែរ​តុលាការ​ក្រុង​ភ្នំពេញ​។បន្ថែម​ពី​នេះ​​សមត្ថកិច្ច​បាន​ចាប់​បោក​បណ្ដាល​ឱ្យ​ស្ត្រី​ជា​ច្រើន​នាក់​ដួល​នៅ​លើ​ចិញ្ចើម​ផ្លូវ។

ទាក់ទង​នឹង​បញ្ហា​នេះ​អ្នក​នាំ​ពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​ក្រុង​ភ្នំពេញ​លោក សាន សុខ​សីហា ​ប្រាប់​អាស៊ី​សេរី​ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន​ជុំ​វិញ​ការ​ប្រើ​ហិង្សា​នេះ​នៅ​ឡើយ​ទេ​។ ​យ៉ាង​ណា​លោក​ថា មូល​ហេតុ​ដែល​សមត្ថកិច្ច​​​រារាំង​ក្រុម​ស្ត្រី​ទាំង​នោះ​ ដោយសារ​ពួកគាត់​​ជួប​ជុំ​គ្នា​ដោយ​ពុំបាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ៖ «ដូច​ខ្ញុំ​បាន​បញ្ជាក់​ច្រើន​លើក​ច្រើន​សារ​អីចឹង​ថា​ បើ​សិន​មិន​មាន​ប្រភព​នៅ​ពេល​ដែល​មាន​បញ្ហា​អី​កើត​ឡើង​ថា តើ​មាន​បុគ្គល​ណា​មួយ​ចេញ​មក​ទទួល​ខុស​ត្រូវ​ ចំពោះ​បញ្ហា​អសន្តិសុខ​និង​បញ្ហា​ផ្សេងៗ។ អីចឹង​សំខាន់​បំផុត​ការ​ជួប​ជុំ​ការ​តវ៉ា​ផ្សេង​ៗ​ត្រូវ​តែ​មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ​ ដើម្បី​ឱ្យ​អាជ្ញាធរ​បាន​ដឹង​ថា ត្រូវ​តើ​អ្នក​ហ្នឹង​មក​ពី​ណា​ នៅ​ពេល​មាន​បញ្ហា​ផ្សេងៗ​ យើង​នឹង​រក​គាត់​ថា​គាត់​​ជា​អ្នក​បង្ក​បញ្ហា​ ឬ​ក៏​យ៉ាង​ម៉េច​​។​បើ​គាត់​មក​​មិន​ឆ្កុយៗ​មិន​ដឹង​ពី​ណា​ខ្លះ​បើ​សិន​ថ្ងៃ​មួយ​មាន​បញ្ហា​ទៅ​អ្នក​ណា​ទទួល​ខុស​ត្រូវ»

​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​មេ​ប៉ូលិស​ស័ក្តិ ៥រូប​នេះ​ ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក​ នី សុខា យល់​ថា ប្រជាពលរដ្ឋ​ជួប​ជុំ​​តវ៉ា​ដោយ​សន្តិវិធី​ជា​សិទ្ធិ​សេរីភាព​របស់​​ប្រជាពលរដ្ឋ​ស្រប​តាម​រដ្ឋធម្មនុញ្ញ និងច្បាប់​អន្តរជាតិ។ លោក​ចាត់​ទុក​​ការ​បង្ក្រាប​ដោយ​ហិង្សា​របស់​សមត្ថកិច្ច​នេះ​ថា ​​ជា​អំពើ​ខុស​ច្បាប់៖ «ដូច្នេះ​ចំពោះ​ទង្វើ​ដែល​បាន​ធ្វើ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ដោយ​អហិង្សា​ហូរហែ​ហ្នឹង​គឺ​ជា​ទង្វើ​មួយ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ទេ​ ជា​អំពើ​មួយ​ដែល​បំពាន​ច្បាប់។ចំពោះ​រូប​ទាំង​អស់​នេះ​គឺ​រូប​ភាព​ដែល​មិន​ឆ្លុះ​បញ្ចាំង​អំពី​​ប្រទេស​ដែល​ប្រកាន់​ប្រជាធិបតេយ្យ​ទេ​។​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​​គេ​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ទាមទារ​ទាំង​អស់​ហ្នឹង»

​ដោយឡែក​នៅ​ក្នុង​បន្ទប់​សវនា​ការ​វិញ​ សមត្ថកិច្ច​បាន​នាំខ្លួនសកម្មជន និង​សមាជិក​បក្ស​ប្រឆាំងចំនួន ៧ នាក់ ដែល​កំពុង​ជាប់​ឃុំ មក​ចូល​រួម​ក្នុង​សវនាការ។ ពួក​គាត់​ទាំង​នោះ មាន​ដូច​ជា លោក តុន និមល លោកស្រី លឹម សាន លោកស្រី ហុង អាន និង​សកម្មជន​ស្ត្រី ៤ នាក់​ទៀត។ ចំណែក​មន្ត្រីបក្ស​ប្រឆាំងពីរនាក់​ទៀតដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស គឺ​លោក ហូរ វ៉ាន់ និងលោក សាន សីហៈ មិន​មាន​វត្តមាន​ក្នុង​សវនាការទេ។​ ក្នុង​ចំណោម​អ្នក​ទាំង ៩នាក់​នេះ មាន​ខ្លះ​ជាប់​ចោទ​ពី​បទ​ញុះញង់​បង្កឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និងខ្លះ​ទៀត​ជាប់ពី​បទ​ផ្តើម​គំនិតក្នុងអំពើ​ញុះញង់។

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បិទ​បញ្ចប់​​សវនាការ​លើក​ទី២នេះនៅព្រឹក​ថ្ងៃដដែល ហើយគ្រោង​ប្រកាស​សាលក្រម​នៅថ្ងៃទី ២ សីហា ខាងមុខ។​​​

មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​លោក​​សំ សុគង់​ មាន​ប្រសាសន៍​ថា សំនួរ​ដែល​អង្គជុំ​ជម្រះ​​​​សួរ​​​កូន​ក្ដី​របស់​លោក​ភាគ​ច្រើន​​ជា​សំនួរ​ដាក់​បន្ទុក​​ ដូច​ជា​សួរ​ពី​ជីវភាព​និង​ប្រាក់​ចំណូល​​​ជា​ដើម ដែល​មិន​មាន​ពាក់ព័ន្ធ​នឹង​អង្គហេតុ​ឡើយ៖ «ហើយ​ទាក់ទង​នឹង​ការ​សង្ឃឹម​ហ្នឹង យើង​ឃើញ​ថា​ពេល​សួរដេញដោល​នៅ​ពេល​សវនាការ ហើយ​នៅ​ពេល​ពិនិត្យ​ភស្តុតាង​ផ្សេង​ៗ​យើង​ឃើញ​ថា​មិន​មាន​ភស្តុតាង​អី​គ្រប់គ្រាន់​ ដើម្បី​ចោទ​ប្រកាន់​កូន​ក្ដី​ទាំង​អស់​ហ្នឹង​ជា​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​ទេ​។​ទាក់​ទង​នឹង​ការ​ដាក់​ញត្តិ​នៅ​ស្ថានទូត​ចិន​និង​ស្ថានទូត​ផ្សេង​ៗ​នេះ​គឺ​ជា​ការ​ប្រើ​ប្រាស់​សិទ្ធិ​ ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​សិទ្ធិ​ហ្នឹង​គឺ​ទាក់ទង​ការ​បញ្ចេញមតិ​​និង​ការ​ជួប​ជុំ​គ្នា​ដោយ​សន្តិវិធី​ ហើយ​សិទ្ធិ​ហ្នឹង​ធានា​ដោយ​រដ្ឋធម្មនុញ្ញ»

មន្ត្រីបក្ស​ប្រឆាំង និង​សកម្មជន​ស្ត្រី​ដែល​កំពុង​ជាប់​ឃុំ​ទាំង ៧នាក់ ត្រូវ​បាន​សមត្ថកិច្ច​របប​ក្រុង​ភ្នំពេញ​​​ចាប់​ខ្លួន​​ពាក់ព័ន្ធ​នឹង​ការ​ចូល​រួម​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​និង​ដាក់​ញត្តិ​នៅ​​មុខ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​សំដែង​ក្តី​បារម្ភ​ពី​ឥទ្ធិពល​ចិន​នៅ​កម្ពុជា។

ការ​ចាប់​ខ្លួន​នេះ​ ធ្វើ​ឡើង​ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រកាស​​ម្ដង​ហើយ​ម្ដង​ទៀត​ ព្រមាន​ចាប់​ខ្លួន​​ក្រុម​ប្រជាពលរដ្ឋ​និង​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​ឡាយ​ណា​​ដែល​បាន​​ចូល​រួម​តវ៉ា​នៅ​នៅ​មុខ​ស្ថាន​ទូត​ចិន​ ដោយ​លោក ហ៊ុន សែន ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក។

ទោះជាយ៉ាងណា ​អង្គការ​ជាតិ ​និង​អន្តរជាតិ​ជា​ច្រើន​ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស​ចំពោះ​ការ​ចាប់​ខ្លួន​នេះ ថា​ជា​​រឿង​នយោបាយ​និង​ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ដោះលែង​ពួកគេ​ឱ្យ​បាន​សេរីភាព​វិញ​​ជា​បន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល