សកម្មជន​បក្ស​ភ្លើង​ទៀន​បន្ត​​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ

ដោយ យន់ សាមៀន
2022.03.29
សកម្មជន​បក្ស​ភ្លើង​ទៀន​បន្ត​​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ សមាជិក​គណបក្ស​ភ្លើង​ទៀន​ ខេត្តពោធិ៍សាត់ នាំ​គ្នា​ថតរូប​នៅ​ខាង​មុខ​ស្លាកគណៈបក្ស កាល​ពី​ថ្ងៃ​ទី២ ខែកុម្ភៈ ឆ្នាំ២០២២៊
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀនខេត្តពោធិ៍សាត់

សកម្មជន​បក្ស​ភ្លើង​ទៀន​នៅ​តាម​ខេត្ត​រាជធានី ខេត្ត​មួយ​ចំនួន​បន្ត​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​មូលដ្ឋាន ក្រោម ​បទ​ចោទ​ថា តំណាង​គណបក្ស​នេះ​យក​ឈ្មោះ​ពលរដ្ឋ​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំង​ដែល​ពលរដ្ឋ​សាមី​ខ្លួន​នោះ​​មិន​បាន​ដឹង​។ ទោះ​យ៉ាងណា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ថា​នេះ ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​គណបក្ស​ភ្លើង​ទៀន ព្រោះ​អ្នក​ចោទ​ប្រកាន់​មួយ​ភាគ​ច្រើន​គ្មាន​ភស្តុតាង​ច្បាស់លាស់​​ក្នុង​ចោទ​ប្រកាន់​នោះ​ទេ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​រិះគន់​ថា​ អាជ្ញាធរ​ មិន​បាន​​ស៊ើបអង្កេត​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ឲ្យ​តែ​មាន​បណ្ដឹង​គឺ​កោះហៅ​ និង​ចោទ​ប្រកាន់​លើ​​តំណាង​សកម្មជន​គណបក្ស​នៅ​តាម​មូលដ្ឋាន​តែ​ម្ដង។ ការ​លើក​ឡើង​បែប​នេះ ធ្វើឡើង ខណៈ​អាជ្ញាធរ​តាម​ខេត្ត​មួយ​ចំនួន បាន​កោះហៅ និង​ចោទ​ប្រកាន់​ថា សកម្មជន​គណបក្ស​ភ្លើង​ទៀន​ថា កំពុង​ដើរ​យក​ឈ្មោះ​ពលរដ្ឋ​ទៅ​ឈរ​ឈ្មោះ​ដោយ​ពុំ​សុំ​ការ​អនុញ្ញាត​ពី​សាមី​ខ្លួន។

ប្រធាន​ក្រុម​ការងារ​បណ្ដោះអាសន្ន គណបក្ស​ភ្លើង​ទៀន​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ លោក ស៊ឹម សុខឿន វិទ្យុ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី២៩ ខែ​មីនា​ថា សមត្ថកិច្ច​មូលដ្ឋាន​បាន​កោះហៅ​លោក​ឲ្យ​ទៅ​បំភ្លឺ​នៅ​អធិការដ្ឋាន​ស្រុក​ក្រគរ​ កាល​ពី​ថ្ងៃ​ទី​២៨ មីនា​ តាម​បណ្ដឹង របស់​ពលរដ្ឋ​ម្នាក់ ​បង្ខំ​ឲ្យ​អ្នក​ប្តឹង​ឈរ​ឲ្យ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​​ក្នុង​មូលដ្ឋាន​របស់​លោក​។​ លោក​ឲ្យ​ដឹង​ទៀត​ថា ពេល​លោក​ទៅ​បំភ្លឺ​នៅ​អធិការ​ប៉ូលិស​អ្នក​ប្ដឹង​នោះ មិន​បង្ហាញ​ខ្លួន​នោះ​ទេ​ ទោះ​សមត្ថកិច្ច​បាន​ហៅ​ទូរស័ព្ទ​ឲ្យ​​មក​បំភ្លឺ​ជា​ច្រើន​ដង​យ៉ាងណា​ក្ដី។ លោក​យល់​ថា​ នេះ​ជា​ការ​ធ្វើ​បុក​ម្នេញ​ផ្នែក​នយោបាយ​លើ​រូប​លោក៖ «ដោយសារ​ភាគី​ហ្នឹង​គាត់ (អ្នក​ប្ដឹង) អត់​បាន​មក​ចូលរួម​បំភ្លឺ​ទេ ហើយ​អធិការ​គាត់​តេ​ហៅ (ហៅ​ទូរស័ព្ទ) ថា មក​ឥឡូវៗ រហូត​ ជាប់​មួយ​ម៉ោង​ជាង ខ្ញុំ​ក៏​ប្រាប់​គាត់​ថា សួរ​បញ្ជាក់​ថា គាត់​មក​ខ្ញុំ​នៅ​ចាំ បើ​គាត់​អត់​មក​ខ្ញុំ​ទៅ​ផ្ទះ ហើយ​ចាំ​គាត់​មក​ចាំ​ខ្ញុំ​មក​វិញ ដល់​ពេល​នេះ​អធិការ​គាត់​ថា ឲ្យ​ទៅ​ផ្ទះ​សិន​ទៅ​គាត់​មក​ចាំ​ហៅ​ទៀត»

សកម្មជន​គណបក្ស​ភ្លើងទៀន លោក​ ស៊ឹម សុខឿន ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ដើម​បណ្ដឹង​​មិន​បាន​ចូល​ខ្លួន​មក​បំភ្លឺ​សមត្ថកិច្ច​បាន​ឲ្យ​អនុញ្ញាត​ត្រឡប់​មក​ផ្ទះ​វិញ​។​ លោក​ដឹង​ទៀត​ថា សព្វថ្ងៃ​នេះ​ បេក្ខជន​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​ភ្លើង​ទៀន នៅ​ក្នុង​ខេត្ត​ពោធិ៍​សាត់​ពី​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃុំខ្លួន​នៅ​ពេល​អ្នក​ទាំង​នោះ​​សម្រេច​មក​ចូលរួម​​នយោបាយ​ជា​មួយ​គណបក្ស​ភ្លើង​ទៀន។

ទាក់ទង​ករណី​នេះ​ នាយក ប្រតិបត្តិ អង្គការ ឃ្លាំមើល ការ បោះឆ្នោត នៅ កម្ពុជា ហៅ​កាត់​ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី ឲ្យដឹង​ថា តាម​ច្បាប់​អាជ្ញាធរ​មូលដ្ឋាន​គ្មាន​សមត្ថកិច្ច​ដោះស្រាយ​វិវាទ​ទាក់ទង​ការ​បោះឆ្នោត​នោះ​ទេ​។ លោក​បន្ត​បញ្ហា នេះ​ជា​តួនាទី​របស់​ គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត ឃុំ សង្កាត់ ខេត្ត និង​រាជធានី៖ «អត់​ទេ​ការងារ​នេះ​ជា​ការងារ​របស់ គ..ប ទេ បើ​យើង​ពេញ​ចិត្ត ឬ​មិន​ពេញ​ដាក់​បណ្ដឹង​មក ទុក​ឲ្យ គ..ប ដោះស្រាយ​អង្គហេតុ សាក្សី​មាន​អី? មក​បំភ្លឺ​ហេតុការណ៍​ប្ដឹង​គេ​រឿង​អី»

​​ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ​នោះ​ទេ នៅ​ថ្ងៃ​ទី២៩ ខែ​មីនា។ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក​ ស ខេង បាន​ចោទ​ប្រកាន់​ថា គណបក្ស​ភ្លើង​ទៀន យក​ឈ្មោះ​ពលរដ្ឋ​នៅ​តាម​ឃុំ​មួយ​ចំនួន​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំង ដែល​ពលរដ្ឋ​សាមី​ខ្លួន​នោះ​មិន​បាន​ដឹង។ លោក​ចាត់​ទុក​ករណី​នេះ ថា ជា​កំហុស ដែល​មាន​ពិរុទ្ធភាព។ លោក ស ខេង លើកឡើង​ដូច្នេះ​ ក្នុង​កិច្ច​ប្រជុំ​តាម​អនឡាញ (Online) កាល​ពី​ថ្ងៃ​ទី២៨ ខែ​មីនា ស្ដីពី​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ-ថ្នាក់​ក្រោម​ជាតិ។ លោក​អះអាង​ទៀត​ថា ករណី​នេះ​​បាន​កើត​ឡើង​នៅ ឃុំស្រែស្តុក ស្រុកកន្តៀង ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និង​នៅ​ឃុំ​កន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ទាក់ទង​ការ​ចោទ​ប្រកាន់​នេះ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ឆ្លើយតប​ថា ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​តំណាង​គណបក្ស​ភ្លើង​ទៀន និង​ដើម​បណ្ដឹង គួរ​បង្កើត​ក្រុម​ការងារ​ដោះ​ស្រាយ​មួយ​ដែល​មាន​ការ​ចូលរួម​ពី គ..ប សមត្ថកិច្ច​មូលដ្ឋាន តំណាង​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល។ លោក ថាច់ សេដ្ឋា រិះគន់​ថា ចំណាត់​របស់​អាជ្ញាធរ និង​គណៈកម្មការ​រៀបចំ​បោះឆ្នោត​ឃុំ សង្កាត់ និង​ខេត្ត​ក្រុង បាន​ពេល​ទទួល​បាន​បណ្ដឹង ដែល​ចោទ​ប្ដឹង​លើ លើ​សកម្មជន​គណបក្ស​ភ្លើង​ទៀន គឺ​មាន​ការ​កោះហៅ​ តំណាង​គណបក្ស​របស់​លោក​យ៉ាង​លឿន ហើយ​ក៏​មាន​ករណី​ខ្លះ​មាន​ការ​ឃុំ​ខ្លួន​លើ​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ទៀត​ផង ទាក់ទង​ការ​ចោទ​ប្រកាន់​នេះ៖ «ខ្លះ​ហ្នឹង​ប្ដឹង​ទាំង​ងងឹត​ងងុល​មក គ..ប ក៏​ជំនុំជម្រះ​ទៅ​តាម​បណ្ដឹង។ ប្ដឹង​ថា យក​ឈ្មោះ​បេក្ខជន​ទៅ​គាត់​មិន​ដឹង​ខ្លួន​មិន​ដឹង​អី យក​ទៅ​គាត់​ខ្លួន​មក​ចាប់​មក​ដល់​ថ្ងៃ​ហ្នឹង​មិន​ទាន់​លែង​ផង​សុទ្ធ​សឹង​ចេញ​មក​ពី​ការ​គំរាម​កំហែង​បែប​នេះ​ឯង​ អត់​មាន​ការ​ស៊ើបអង្កេត​អី​ច្បាស់លាស់​អី​ទេ»

លោក ថាច់ សេដ្ឋា ឲ្យ​ដឹង​ទៀត​ថា ពេល​នេះ​សកម្មជន​របស់​លោក​ស្ទើរ​គ្រប់​ខេត្ត​រាជធានី កំពុង​រង​ការ​ចោទ​ប្រកាន់​ថា យក​ឈ្មោះ​ពលរដ្ឋ​ទៅ​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​ ទាំង​ដោយ​សាមីជន​មិន​បាន​ដឹង​ខ្លួន ប៉ុន្តែ លោក​ថា ដើមបណ្ដឹង​ភាគ​ច្រើន​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ចោទ​ប្រកាន់​នោះ​ទេ។ លោក​ឲ្យ​ដឹង​ទៀត​ថា មាន​ករណី​ខ្លះ​ចោទ​ប្រកាន់​ថា បេក្ខជន​របស់​លោក​មិន​ចេះ​អក្សរ​ ប៉ុន្តែ​បេក្ខជន ដែល​រង​ការ​ចោទ​ប្រកាន់​នេះ​បាន​រៀន​ដល់​ថ្នាក់​បរិញ្ញាបត្រ។

លោក ថាច់ សេដ្ឋា ថា បើ​គណបក្ស​របស់​លោក​បន្ត​ជួប​ការ​គំរាមកំហែង​ដូច​រាល់​ថ្ងៃ លោក​គ្រោង​ដាក់​លិខិត​ទៅ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ និង​បណ្ដា​ទូត​ប្រទេស​សេរី​នានា ឲ្យ​ជួយ​តាម​ដាន និង​ធ្វើ​អន្តរាគមន៍​លើ​រឿង​នេះ ហើយ​បញ្ហា​នេះ​មិន​បាន​ដោះ​ស្រាយ គណបក្ស​របស់​លោក​អាច​នឹង​ធ្វើ​ពហិការ​មិន​ចូលរួម​​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។