សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​ព្រៃវែង អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​តាម​ឃ្លាំមើល​ជា​ប្រចាំ

0:00 / 0:00

សកម្មជន​បក្សប្រឆាំងម្នាក់នៅខេត្តព្រៃវែង អះអាងថា អាជ្ញាធរមូលដ្ឋានបានតាមឃ្លាំមើលលោកជា​ប្រចាំ ទោះ​ជា​លោកមិនបានប្រព្រឹត្តអ្វីខុស​ច្បាប់​ក៏​ដោយ។ សង្គម​ស៊ីវិល​យល់​ថា ទង្វើ​របស់​អាជ្ញាធរ​មូលដ្ឋាន​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ស្នើសុំ​ឲ្យ​អាជ្ញាធរបញ្ឈប់សកម្មភាពនេះ​ជា​បន្ទាន់។

សកម្មជនបក្សប្រឆាំង និងជាសកម្មជន១០០រាត្រីរបស់បណ្ឌិតកែម ឡី គឺលោក ថន សុភាព អះអាង​ថា អាជ្ញាធរមូលដ្ឋានបាន តាម​ឃ្លាំមើល​សកម្មភាព​របស់​លោក​រាល់​ថ្ងៃ ជាពិសេស​ចាប់តាំង​ពី​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រកាស​វិល​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ។

លោក ថន សុភាព ដែលរស់នៅភូមិព្រៃស្លា ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង រៀបរាប់ថា អាជ្ញាធរ​​តែងតែ​តាម​ថត​សកម្មភាព​របស់​លោក​នៅ​ពេល​ជួប​ប្រាស្រ័យ​​គ្នា​ជាមួយ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ដូច​គ្នា និង​ក្នុង​ពេល​លោក​ធ្វើ​ការងារ​មនុស្សធម៌ ឬ​ការ​ងារ​សង្គមជាដើម។ លោកបន្តថា អាជ្ញាធរ​តែងតែ​មក​​ឈរ​ក្បែរ​មុខ​ផ្ទះ​របស់​លោក​ស្ទើរ​​រៀងរាល់​​ថ្ងៃ និង​ពេល​ខ្លះ​ទៀត​អាជ្ញាធរ​បាន​សួរ​នាំ​​អ្នក​ជិត​ខាង​​អំពី​​សកម្មភាព​របស់​លោក​ផង​ដែរ។ លោក​ចាត់​ទុក​​ទង្វើ​បែប​នេះ​ថា ជា​ការ​គំរាម​កំហែង និង​បំបិទ​សិទ្ធិ​​សេរីភាព​​របស់​លោក៖ «ចំពោះ​ស្រុក​យើង​គឺ​សុវត្ថិភាព​មាន​ភាព​ផុយ​ស្រួយ​ណាស់​ ព្រោះ​ការ​ចាប់​ពលរដ្ឋ​មិន​ចាំបាច់​មាន​ដីកា​ និង​មានទោស​កំហុស​នោះ​ទេ​ ដែល​ធ្វើឲ្យ​ស្រ​ម៉ៃ​ឃើញ​ដូច​ សម័យកាល​ ប៉ុល​ ពត។ គេ​តែងតែ​ថា​ ចាប់​បណ្តោះអាសន្ន​ ដូចជា​យុវជន​ គង់​ រ៉ៃ​យ៉ា​ និង​សួង​ នាគព័ន្ធ​ជាដើម»

លោក ថន សុភាព គឺជាសកម្មជន​សង្គមមួយរូបដែលតែងតែឈឺឆ្អាលនឹងរឿងអយុត្តិធម៌ក្នុងសង្គម។ កន្លងមក លោក​ធ្លាប់​ធ្វើ​ពិធី​រៃ​អង្គាស​ថវិកា​ជួយ​ដល់​សាលា​ឃុំ​ណា​ ដែលខ្វះខាតសម្ភារៈ​ប្រើប្រាស់ និង​យក​ជំនួយ​មនុស្សធម៌​ជួយ​ដល់​​ប្រជាពលរដ្ឋ​ក្រីក្រ​​ជា​​ដើម។ លើស​ពី​នេះ​ទៀត លោក​តែងតែ​​ដឹក​​នាំ​​ប្រជា​ពលរដ្ឋ​ក្នុង​ព្រៃ​ស្លា ឬ​ភូមិ​យាយ​ចាស់​កូន​ខ្ចី​ដែល​បណ្ឌិត កែម ឡី ដាក់​ឈ្មោះ​ឲ្យ​នោះ ធ្វើ​​បុណ្យ​​រម្លឹក​​ខួប​ជូន​បណ្ឌិត កែម ឡី រៀងរាល់​ឆ្នាំ។ លោក​​ក៏​​ជា​​អ្នក​​ដែល​​ដើរ​លើក​ស្លាក​ពាក្យ​បណ្តាំ បណ្ឌិត កែម ឡី នៅ​តាម​ផ្ទះ​ពលរដ្ឋ​ដែល​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី ផង​ដែរ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​រារាំង​​រហូត។

នាយប៉ុស្តិ៍នគរបាលឃុំព្រៃព្នៅ លោក ស៊ុំ សីហា ប្រាប់អាស៊ីសេរីថា លោកមិនបាន​ដឹង​អំពី​ករណី​នេះ​ទេ ព្រោះ​លោក​ទើប​តែ​ចូល​កាន់​តំណែង​បាន​មួយ​ខែ​ប៉ុណ្ណោះ៖ «បាទ​អត់មាន​ទេ​ ! ខ្ញុំ​មិនដែល​ដាក់​កម្លាំង​ទៅតាម​ឃ្លាំមើល​គាត់​ទេ»។

ផ្ទុយពីការអះអាងរបស់នាយប៉ុស្តិ៍នគរបាលនេះ ពលរដ្ឋរស់នៅភូមិព្រៃស្លាមួយរូប គឺលោក ឌុច ដូត ប្រាប់​អាស៊ី​សេរី​ថា ពិត​ជា​មាន​​មន្ត្រី​នគរបាល​តាម​ដាន​លោក ថន ​សុភាព មែន ហើយ​អាជ្ញាធរ​ធ្លាប់​ទាំង​សួរ​នាំ​លោក​អំពី​សកម្មភាព​របស់​អ្នក​​គាំទ្រ​បក្ស​ប្រឆាំង​ម្នាក់​នេះ​ផង​ដែរ។ លោក​អះអាង​ថា លោក ថន សុភាព គឺ​ជា​មនុស្ស​ល្អ មិន​បាន​ប្រព្រឹត្ត​អ្វី​ល្មើស​ច្បាប់​នោះ​ទេ៖ «គេ​ចេះតែ​សួរ​ និង​ចេះតែ​តាម​ដាន​វា​ដែរ​ ហើយ​ខ្ញុំ​ចេះ​តែ​ប្រាប់ៗ វា​ដែរ​ថា​ ចេះតែ​ប្រយ័ត្នៗ ទៅ​អាអើយ»។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លី​កាដូ​ (LICADHO​)លោក​ អំ​ សំអាត​ មាន​​ប្រសាសន៍​​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​គ្រប់គ្រាន់​​ក្នុង​ការ​ចូលរួម​​យ៉ាង​​សកម្ម​​​ក្នុង​​ជីវភាព​​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​​វប្បធម៌​​របស់​​ប្រទេស ស្រប​​តាម​​ច្បាប់​ជាតិ និង​អន្តរជាតិ។ លោក​បន្ត​ថា ប្រសិន​បើ​សេរីភាព​មូលដ្ឋានទាំងអស់​នេះ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​រំខាន​ និង​​​គំរាម​​កំហែង​ នោះ​​បង្ហាញ​ថា​ អាជ្ញាធរ​កម្ពុជា​មិន​បាន​អនុវត្ត​ច្បាប់ និង​លើក​​ស្ទូយ​​សិទ្ធិ​​សេរីភាព​របស់​ប្រជាពលរដ្ឋ​ឡើយ៖ «បើ​អាជ្ញាធរ​ទទួល​បាន​ប្រាក់បៀវត្ស​ន៍​ពី​ការ​បង់ពន្ធ​របស់​ប្រជាពលរដ្ឋ​ ដូច្នេះ​អាជ្ញាធរ​ត្រូវតែ​ថែរក្សា​សុវត្ថិភាព និង​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ ដោយ​ស្មើភាព​គ្នា​ ដោយ​មិន​រើសអើង​និន្នាការ​នយោបាយ។ ប្រសិន​បើ​អាជ្ញាធរ​មិន​អនុវត្ត​តួនាទី​ដូច្នេះ​បានន័យ​ថា​ គាត់​ មិនបាន​បំពេញ​កាតព្វកិច្ច​ត្រឹមត្រូវ ដើម្បី​ថែរក្សា​ពលរដ្ឋ និង​រក្សាសិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ឡើយ»។

មន្ត្រី​សិទ្ធិមនុស្ស​កត់សម្គាល់​ថា អាជ្ញាធរ​បាន​បង្កើន​ការ​វាយប្រហារ​កាន់តែ​ខ្លាំង​លើ​ក្រុម​អ្នកគាំទ្រ និង​​សកម្មជន​​បក្ស​​ប្រឆាំង​តាម​​មូលដ្ឋាន បន្ទាប់​ពី​​ប្រធាន​​ស្ដីទី​​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កំណត់​ថ្ងៃ​ជាក់លាក់​ក្នុង​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

ក្នុងរយៈពេល ​៩ខែ នៃ​ឆ្នាំ​២០១៩ នេះ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​សកម្មជន​បក្ស​​ប្រឆាំង​​នៅ​​តាម​​មូលដ្ឋាន​​ចំនួន ២១​នាក់ ដាក់​​ក្នុង​​ពន្ធនាគារ និង​​បាន​​កោះ​ហៅ​​សកម្មជន​បក្ស​ប្រឆាំង​ទៅ​សាកសួរ កើនដល់ ១៥៦នាក់​។ សកម្មជន​​បក្ស​ប្រឆាំង​​មួយ​ចំនួន​​ទៀត​ បាន​​នាំ​​គ្នា​​រត់​​គេច​ខ្លួន​​ទៅ​​ក្រៅ​​ប្រទេស​​ជា​​បន្ត​បន្ទាប់ ​ដោយសារ​​តែ​​ពួក​​គេ មិន​​អាច​​ទ្រាំ​​នឹង​​ការ​​ធ្វើ​ទុក្ខ​​បុក​​ម្នេញ​​ពី​​អាជ្ញាធរ​​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។