មេដឹកនាំរបបក្រុងភ្នំពេញ ប្រកាសថា សេដ្ឋកិច្ចកម្ពុជានឹងគ្មានកំណើនដល់៧ភាគរយនោះទេ ប្រសិនបើមានអភិបាលកិច្ចស្មោកគ្រោក។ លោក ហ៊ុន សែន ជំរុញឱ្យមន្ត្រីទាំងអស់បន្តខិតខំដោះ ស្រាយបញ្ហារួមគ្នា ដើម្បីរក្សាកំណើនសេដ្ឋកិច្ច ៧ភាគរយ។ សង្គមស៊ីវិល លើកឡើងថា កម្ពុជាពុំទាន់មានអភិបាលកិច្ចល្អគ្រប់គ្រាន់នោះទេ ហើយកំណើនសេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះ ប្រសិនបើ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលធ្វើឡើងក្នុងន័យនយោបាយគ្មានឆន្ទៈពិតប្រាកដ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា របបរបស់លោកប្តេជ្ញារក្សាកំណើនសេដ្ឋកិច្ច ៧ភាគរយ មិនឱ្យធ្លាក់ចុះនោះទេ ទោះបីជាជួបឧបសគ្គ ឬបញ្ហាប្រឈមអ្វីក៏ដោយ។ លោកបញ្ជាក់ ថាដើម្បីរក្សាលំនឹងកំណើនសេដ្ឋកិច្ចបែបនេះ គឺទាមទារឱ្យមន្ត្រីគ្រប់ក្រសួងស្ថាប័នទាំងអស់ ខិតខំដោះស្រាយរាល់បញ្ហា ឱ្យបានសកម្មដើម្បីឱ្យមានអភិបាលកិច្ចល្អនៅក្នុងសង្គម៖ «យើងត្រូវបន្តការខិតខំ។ យើងមិនអាចទទួលកំណើនសេដ្ឋកិច្ច៧ភាគរយបានទេ ប្រសិនបើបើអភិបាលកិច្ចស្មោកគ្រោក។ និយាយដល់អភិបាលកិច្ច វាមិនមែនគ្រាន់តែទាក់ទងនឹងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដែលទាក់ទងនឹងថវិកាប៉ុណ្ណោះទេ ក៏ប៉ុន្តែវាទាក់ទងទាំងអស់ជាកញ្ចប់»។
លោក ហ៊ុន សែន ថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតនាយនគរបាលបន្តវេន នៅព្រឹកថ្ងៃទី៥ សីហា។ ទន្ទឹមនឹងនេះ លោកក៏ជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ខិតខំទប់ស្កាត់ អំពើអសន្តិសុខ ដើម្បីធានាការអភិវឌ្ឍជាតិ ជាពិសេសត្រូវធ្វើយ៉ាងណាកុំឱ្យកម្ពុជាក្លាយជា ជម្រកលាក់ខ្លួនរបស់ ពួកភេរវករ និងកន្លែងលាងលុយកខ្វក់៖ «ធ្វើម៉េចកុំឱ្យប្រទេសកម្ពុជាយើង ក្លាយទៅជាជម្រកនៃការលាក់ខ្លួនរបស់ភេរវកម្ម ទោះបីថា យើងមិនមែនជាគោលដៅវាយប្រហារភេរវកម្ម តែត្រូវធ្វើឱ្យកម្ពុជា កុំឱ្យក្លាយទៅជាប្រទេសនៃជម្រក ឬការឆ្លងកាត់របស់ពួកភេរវកម្ម។ កុំឱ្យប្រទេសរបស់យើងក្លាយទៅជាកន្លែងដែលសម្អាតប្រាក់ ព្រោះសំណុំបញ្ហាគ្រឿងញៀន ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធ ការលាងលុយកខ្វក់ គឺវាសំណុំរឿងទៅតែមួយ។ យើងត្រូវខិតខំប្រយុទ្ធប្រឆាំងទៅហ្នឹងបញ្ហាទាំងអស់នេះ»។
ទោះជាយ៉ាងណា សង្គមស៊ីវិល យល់ថា កម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ច និងសន្តិសុខក្នុងប្រទេសបាន ទាល់តែមេដឹកនាំរបបក្រុងភ្នំពេញ មានឆន្ទៈពិតប្រាកដ មិនមែនធ្វើឡើងក្នុងន័យនយោបាយឡើយ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា ប្រព័ន្ធគ្រប់គ្រងរដ្ឋ និងការអនុវត្តច្បាប់របស់កម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ។ លោកកត់សម្គាល់ថា កន្លងមក សមត្ថកិច្ចបង្ក្រាបការនាំចូលលុយគ្មានប្រភពច្បាស់លាស់ បានតែតាមច្រកព្រលានយន្តហោះមួយប៉ុណ្ណោះ។ ចំពោះបញ្ហាពួកភេរវករវិញ ក៏ធ្លាប់មានប្រវត្តិលាក់ខ្លួននៅកម្ពុជាដែរ ដោយសារតែការគ្រប់គ្រងជនបរទេសនៅមានភាពធូររលុងផងដែរ។ ដូច្នេះលោកនៅតែបារម្ភថា រឿងទាំងអស់នេះ នឹងបន្តកើតមាននៅកម្ពុជាដដែល៖ «យើងមានការសង្ស័យច្រើនទៅលើការលាងលុយកខ្វក់ ឬក៏ការនាំចូលលុយមិនមានប្រភពច្បាស់លាស់ ដោយជនបរទេសតាមរយៈផ្លូវទឹកនិងផ្លូវគោក។ហេតុអី ? ឧទាហរណ៍ថា គ្រឿងញៀនអីក៏គេប្រើប្រាស់មធ្យោបាយផ្លូវគោកដែរ។ រឿងនាំចូលទំនិញឬក៏រថយន្តអី គឺវាពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ដូចជារថយន្តខុសច្បាប់ អត់ព័ន្ធជាដើមគឺគេមិនដែលបង្ក្រាបនៅតាមព្រំដែន ប៉ុន្តែគេបង្ក្រាបបាននៅកណ្ដាលរាជធានីភ្នំពេញឯណោះ»។
កាលពីខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចបានចាប់ជនជាតិចិន៣នាក់ ដែលបាននាំចូលលុយជាង ៣លាន ៥សែនដុល្លារតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ទាក់ទងនឹងការប្តេជ្ញាចិត្តរបស់លោក ហ៊ុន សែន ក្នុងការរក្សាកំណើនសេដ្ឋកិច្ចវិញ លោក សន ជ័យ យល់ថា វាមិនទាន់ប្រាកដប្រជាឡើយ ព្រោះអាចជាការលើកឡើងតាមបែបធម្មតា របស់អ្នកនយោបាយ ព្រោះការព្យាករណ៍របស់ធនាគារពិភពលោក (World Bank ) និងធនាគារអភិវឌ្ឍន៍ អាស៊ី(ADB) បង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ។
អ្នកជំនាញខាងគណនេយ្យភាពសង្គម យល់ថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ននេះ មិនទាន់មានអភិបាលកិច្ចល្អប្រសើរនៅឡើយ ។ លោកថា ការអនុវត្តកម្មវិធីគោលនយោបាយសេដ្ឋកិច្ច និងរដ្ឋបាលរបស់ស្ថាប័នសាធារណៈ ក្នុងការគ្រប់គ្រងដឹកនាំ និងចាត់ចែងនូវកិច្ចការរបស់ប្រទេសជាតិនៅគ្រប់កម្រិតទាំងអស់ មិនទាន់មានតម្លាភាព គណនេយ្យភាព និងការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៅឡើយទេ៖ «អភិបាលកិច្ចល្អ គឺចាប់ផ្ដើមពីការគិតគូរភាពជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ ដែលមានន័យថា រាលការសម្រេចចិត្តទាំងឡាយរបស់អ្នកធ្វើគោល នយោបាយឬអ្នកធ្វើការសម្រេចចិត្តទៅលើកម្មវិធីគោលនយោបាយរបស់រដ្ឋាភិបាល ត្រូវគិតគួរផលប្រយោជន៍ប្រជាពលរដ្ឋ ។ ខ្ញុំឧទាហរណ៍ថា មុននឹងផ្តល់ដីសម្បទាន ទៅឱ្យក្រុមហ៊ុនបរទេស តើរដ្ឋាភិបាលបានពិគ្រោះយោបល់ជាមួយពលរដ្ឋប៉ុណ្ណាហើយធនធានសាធារណៈឬធនធានធម្មជាតិដែលឱ្យទៅក្រុមហ៊ុននោះ ថា តើក្រុមហ៊ុននោះ គេវិនិយោគទៅឱ្យរីកចម្រើនសម្រាប់ផលប្រយោជន៍ដល់ប្រជា ពលរដ្ឋឬគេទៅកាប់បំផ្លាញព្រៃឈើហើយទីបញ្ចប់ទៅមានពលរដ្ឋជាប់គុកច្រវាក់ដោយសារតែជម្លោះបង្កឡើងដោយក្រុមហ៊ុននោះ»។
កាលពីខែមេសា ឆ្នាំ២០១៩ កន្លងទៅ ធនាគារពិភពលោកបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះពី ៧.៥ % ក្នុងឆ្នាំ ២០១៨ មកនៅ ៧% ក្នុងឆ្នាំ២០១៩ ហើយនិងបន្តធ្លាក់ចុះដល់ ៦.៩% ក្នុងឆ្នាំ២០២០។ ហានិភ័យ និងបញ្ហាប្រឈមចម្បងៗ ទាំងនោះ រួមមាន៖ ការពិចារណាដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ការពឹងផ្អែកខ្លាំងពេកលើលំហូរទុនវិនិយោគពីប្រទេសចិន ស្របពេលសេដ្ឋកិច្ចប្រទេសនេះកំពុងជួបប្រទះនូវការធ្លាក់ចុះរហ័សជាងការរំពឹងទុក និងបញ្ហានៃការកើនឡើងយ៉ាងរហ័សនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលអាចជះឥទ្ធិពលទៅលើវិស័យហិរញ្ញវត្ថុ។
ចំណែក ធនាគារអភិវឌ្ឍន៍អាស៊ី ADB វិញ ក៏ព្យាករណ៍ដូចគ្នាថា សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះមកនៅ ៧% ក្នុងឆ្នាំ២០១៩ និងបន្តធ្លាក់ចុះដល់ ៦.៨% ក្នុងឆ្នាំ២០២០ គឺទាបជាងធនាគារពិភពលោកបន្តិច។ ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក៏បានលើកឡើងពីបញ្ហាប្រឈមខាងលើនេះដែរ រួមផ្សំនឹងកត្តាគ្រោះរាំងស្ងួតក្នុងឆ្នាំ២០១៩ ដែលប៉ះពាល់ខ្លាំងដល់វិស័យកសិកម្ម និងថាមពលអគ្គិសនី ព្រមទាំងបញ្ហានៃការខ្វះធនធានមនុស្សមានជំនាញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
