អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ប្រជុំ​ត្រៀម​កងកម្លាំង​ការពារ​សន្តិសុខ​ក្នុង​ពេល​ជម្រះក្ដី លោក កឹម សុខា

ដោយ ទីន ហ្សាការីយ៉ា
2020-01-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កង​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ត្រៀម​កងកម្លាំង​ទប់ទល់​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩។
កង​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ត្រៀម​កងកម្លាំង​ទប់ទល់​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ លោក​ បោន ប៊ិន នៅ​ព្រឹក​ថ្ងៃទី១៣ ​មករា​ បាន​ប្រជុំ​​ផ្សព្វផ្សាយ​ដល់​មន្ត្រី​ក្រោម​ឱវាទ​​ប្រមាណ ១០០នាក់ នៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​នេះ​ ដើម្បី​ត្រៀម​កម្លាំង​ការពារ​សន្តិសុខ និង​រក្សា​សណ្ដាប់​ធ្នាប់ ក្នុង​ដំណើរ​ការ​សវនាការ​ជម្រះ​ក្ដី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​កឹម សុខា នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ មករា​ខាង​មុខ។

គេហទំព័រ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី១៣ មករា​បាន​ចុះ​ផ្សាយ​ឱ្យ​ដឹង​ថា លោក បោន ប៊ិន ​បាន​ដាក់​ចេញ​​វិធានការ​​​ដល់​គ្រប់​ទីបញ្ជាការ​កងរាជអាវុធហត្ថ ក្រុង ស្រុក​ក្នុង​ខេត្ត​នេះ​ ត្រូវ​យក​ចិត្ត​ស្រាវជ្រាវ ​តាមដាន និង​ក្ដាប់​​ព័ត៌មាន មុខ​សញ្ញា​របស់​ក្រុម​សកម្មជន​គណបក្ស​ប្រឆាំង និង​ត្រូវ​សហការ​ល្អ ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ ដើម្បី​ទប់​ស្កាត់ ​ការ​ប្រមូលផ្ដុំ ​តវ៉ា​ទាំង​ឡាយ​ ដែល​អាច​នឹង​កើត​មាន​​​នៅ​ក្នុង​​ការ​​ជម្រះក្ដី​នេះ។

លោក​​មេបញ្ជាការ​រូប​នេះ​ បញ្ជាក់​ថា​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ លោក សៅ សុខា​ បាន​ដាក់​បទ​បញ្ជា​​កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ ដើម្បី​ឱ្យ​កងកម្លាំង​​ការពារ​សន្តិសុខ​​​ក្នុង​ពេល​បើក​សវនាការ​​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៥ មករា​ខាង​មុខ​នេះ ហើយ​លោក​ក៏​បាន​បញ្ជា​ដល់​កងកម្លាំង​ទាំង​អស់​ថា ត្រូវ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​បទបញ្ជា​នេះ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​និង​សកម្មជន​បក្ស​ប្រឆាំង​ ចាត់​ទុក​សកម្មភាព​របស់​ប៉ូលិស​នេះ​ថា ជា​ការ​ត្រៀម​កម្លាំង​​ជ្រុល​ហួសហេតុ។

ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​ លោក ឃិន រឿង ចាត់​ទុក​សកម្មភាព​របស់​មន្ត្រី​អាវុធ​នេះ​ថា​ ការ​ជា​ការ​ខ្ជះខ្ជាយ​ថវិកា​ជាតិ​ឥត​ប្រយោជន៍។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ជូន​ដំណឹង​ដល់​អ្នក​គាំ​ទ្រ​ឱ្យ​ទៅ​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​​ក្នុង​ពេល​បើក​សវនាការ​ជម្រះក្ដី​ លោក​ កឹម សុខា ​នៅ​ពេល​ខាង​មុខ​នោះ​ទេ។

ចំណែក​ឯ​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា វិញ យល់​ថា ការ​ត្រៀម​កងកម្លាំង​ដ៏​ច្រើន​នេះ ដោយសារ​អាជ្ញាធរ​ព្រួយបារម្ភ​ខ្លាច​កម្លាំង​មហាជន​ងើប​បះបោរ​ ក្នុង​ថ្ងៃ​បើក​សវនាការ​នោះ ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ដឹក​នាំ​របស់​ខ្លួន។

តុលាការ​ក្រុង​ភ្នំពេញ​នឹង​បើក​សវនាការ​ជម្រះក្ដី​លោក កឹម សុខា នៅ​ថ្ងៃ​ទី១៥ មករា។ ក្នុង​ដំណើរ​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ តុលាការ បាន​កោះហៅ​មនុស្ស​មួយ​ចំនួន​ដែល​អ្នកខ្លះ​ធ្លាប់​ធ្វើការ​ជាមួយ​លោក កឹម សុខា និង​អ្នកខ្លះ​មិន​ដែល​សោះ ក្នុង​នោះ​មាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ មន្ត្រី​សង្គម​ស៊ីវិល យុវជន​ដែល​ឈឺ​ឆ្អាល​ការងារ​សង្គម​ចំនួន ២​នាក់ និង​នៅ​ពេល​ថ្ងៃ​សវនាការ​ជំនុំជម្រះ​កាន់តែ​ខិត​ជិត​ចូល​មក​ដល់ តុលាការ​ក៏បាន​ចេញ​ដីកា​ជា​បន្តបន្ទាប់​កោះហៅ​សកម្មជន ​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ឱ្យ​ចូលខ្លួន​ក្នុងនាម​សាក្សី​ដែរ។

លោក កឹម សុខា ត្រូវ​តុលាការ​ចោទប្រកាន់​ក្នុង​សំណុំរឿង​សន្ទិដ្ឋភាព ឬ​ការ​ត្រូវរ៉ូវ​ជាមួយ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល ដែល​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាល​ពី​អំឡុង​ឆ្នាំ​១៩៩៣ រហូតដល់ ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ២០១៧។ សហគមន៍​ជាតិ និង​អន្តរជាតិ ចាត់​ទុក​វិធានការ​ច្បាប់​របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ទៅ​លើ​មេ​បក្ស​ប្រឆាំង​លោក​កឹម សុខា​ ថា ជា​រឿង​នយោបាយ និង​ទាមទារ​ឱ្យ​តុលាការ​ក្រុងភ្នំពេញ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​លោក បាន​ចូល​រួម​ការងារ​នយោបាយ​ឡើង​វិញ​ និង​បើក​ឱ្យ​មាន​ការ​​ប្រកួតប្រជែង​ការបោះឆ្នោត​​ជ្រើសរើស​តំណាង​រាស្ត្រ​ដោយ​ត្រឹមត្រូវ​ និង​យុត្តិធម៌៕

(មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​បន្ទាយ​មានជ័យ)


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល