ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​បន្ត​ប្រកាស​​តាម​ចាប់​មន្ត្រី​បក្ស​ប្រឆាំង​ ១៨នាក់ ដែល​លោក ហ៊ុន សែន ប្រកាស​មិន​លើក​លែង​ទោស​ឱ្យ

ដោយ អាស៊ីសេរី
2019.11.16
ថ្នាក់ដឹកនាំបក្ស​សង្គ្រោះ​ជាតិ ប័ណ្ណ​ប្រកាស​ដែល​មាន​រូប​ថត និង​ឈ្មោះ​អ្នក​ដឹក​នាំ​គណបក្ស​ប្រឆាំង​ចំនួន ១៨រូប ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បន្ត​តាម​ចាប់ តាម​បញ្ជា​លោក ហ៊ុន សែន។
រូប៖ ហ្វេសប៊ុក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៩

ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បន្ត​ប្រកាស​តាម​ចាប់​​ថ្នាក់​ដឹក​នាំ​គណបក្ស​​ប្រឆាំង​ចំនួន​ ១៨​នាក់​ភ្លាមៗ ​បន្ទាប់​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក​ ហ៊ុន សែន ​បាន​​ព្រមាន​ចាប់​ខ្លួន​អ្នក​ទាំង​នោះ​ដោយ​មិន​មាន​ការ​លើក​លែង​ឡើយ។ មន្ត្រី​បក្ស​ប្រឆាំង​ដែល​មាន​ដីកា​តាម​ចាប់​ខ្លួន​​នេះ​ ចាត់​ទុក​សម្ដី​របស់​លោក ហ៊ុន សែន ​នេះ​ថា ​ជា​សម្ដី​បែប​បាយឡុកបាយឡ​ ដោយសារ​បារម្ភ​ខ្លាច​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​ការ​គ្រប់​គ្រង​អំណាច​របស់​លោក​។

​​​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ខេត្ត​បាត់ដំបង​ដែល​មាន​ដីកា​ចាប់​ខ្លួន លោក សួន ចំរើន ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី១៦ វិច្ឆិកា​ថា លោក​មិន​ខ្វល់​ពី​ការ​ប្រកាស​តាម​ចាប់​ខ្លួន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នោះ​ទេ ​ព្រោះ​ជា​ការ​អនុវត្ត​ច្បាប់​តាម​អារម្មណ៍​​របស់​លោក​ហ៊ុន សែន។ លោក​បន្ត​ថា ពួកគេ​មិន​បាន​ប្រព្រឹត្ត​ខុសច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​លោក​ ហ៊ុន សែន ​នោះ​​ឡើយ​៖ «រឿង​ទាំង​អស់​សុទ្ធតែ​ជា​រឿង​នយោបាយ​ ហើយ​ខ្ញុំ​ជឿ​ថា​ ការ​ចាប់​ចង​គេ​ផ្ដេសផ្ដាស​វា​មិន​យូរ​អង្វែង​ទេ​ គឺ​មហាជន​គាត់​នឹង​វាយតម្លៃ​ ហើយ​យើង​ហ្នឹង​សម្រេច​ដោយ​ម្ចាស់​ឆ្នោត​ទូទាំង​ប្រទេស​។នៅ​ស្រុក​ខ្មែរ​អត់​ពឹង​ផ្អែក​លើ​ច្បាប់​ទេ​ពឹង​ទៅ​លើ​អារម្មណ៍​ឬ​ក៏​សម្ដី​របស់​លោក ហ៊ុន សែន បើ​លោក​ថា​ចាប់​គឺ​ចាប់​បើ​និយាយ​ថា​ដោះ លែង​ក៏​ដោះ​ទៅ​អីចឹង​វា​អត់​ចម្លែក​ទេ វា​ទៅ​ជា​រឿង​កំប្លែង​ទៅ​វិញ»

លោក​បន្ត​​ថា​ លោក​ ហ៊ុន សែន​ ប្រកាស​ចាប់​ពួក​គាត់​ជា​ថ្មី​នេះ​ ដោយ​សារ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ព្រួយបារម្ភ​ខ្លាច​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ​ ធ្វើ​ឱ្យ​លោក​បាត់បង់​អំណាច​ ពីព្រោះ​របប​នេះ​កំពុង​តែ​រង​សម្ពាធ​ពី​អន្តរជាតិ​បណ្ដើរៗ​ ហើយ។ លោក​ថា​ សកម្មជន​គណបក្ស​ប្រឆាំង​ ដែល​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ទាំង​អស់​នៅ​តែ​បន្ត​ត្រៀម​ខ្លួន​ទៅ​ចូល​រួម​អម​ដំណើរ​ថ្នាក់​ដឹក​គណបក្ស​នេះ​ត្រឡប់​ទៅ​មាតុប្រទេស​ ដើម្បី​ទៅ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើង​វិញ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។​​

ប្រតិកម្ម​របស់​សកម្មជន​បក្ស​ប្រឆាំង​នេះ​ បន្ទាប់​ពី​ស្នងការដ្ឋាន​គនរបាលខេត្ត​បន្ទាយមានជ័យ បន្ត​ប្រកាស​តាម​ចាប់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ១៨​នាក់​ ដោយ​​ដាក់​រូបភាព​ជន​ទាំង​នោះ​ បង្ហាញ​ពលរដ្ឋ​ឱ្យ​ផ្ដល់​ដំណឹង​​ដល់​សមត្ថកិច្ច​ ប្រសិន​បើ​ទះ​ឃើញ​អ្នក​ទាំង​នោះ។ ជន​ទាំង ១៨នាក់ មាន​ដូច​ជា​ ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី លោក អេង ឆៃអៀង អ្នក​ស្រី​មួរ សុខហួរ លោក ហ៊រ វ៉ាន់ លោក​ ម៉ែន សុថាវរិទ្ធ​ លោក​ នុត រំដួល លោក ឡុង រី លោក ម៉ន ផល្លា លោក វាន់ ណារិទ្ធ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បាត់ដំបង​គឺ​លោក សួន ចំរើន ជា​ដើម។​ គេហទំព័រ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ​ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី១៦ វិច្ឆិកា​ថា មូលហេតុ​ដែល​តាម​ចាប់ គឺ​ដោយសារ​សកម្មជន​ទាំង​នោះ​ជា​ឧក្រិដ្ឋជន ​ដែល​មាន​ដីកា​ចាប់​ខ្លួន​របស់​តុលាការ។

ការ​តាម​ចាប់​ខ្លួន​បន្ទាប់​ពី​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី១៦ វិច្ឆិកា បាន​ប្រកាស​បន្ត​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង​ ១៨នាក់​នោះ។ លោក ហ៊ុន សែន បញ្ជាក់​ថា​ ជន​ទាំង​នោះ​មាន​ទោស​ធ្ងន់ធ្ងរ ដោយសារ​ពួកគេ​ជា​​​មេ​ក្លោង​នៃ​គម្រោង​​រដ្ឋប្រហារ​ផ្ដួល​រំលំ​របប​លោក​៖ «អ្នក​ដែល​រត់​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​ ប៉ុន្តែ​មាន​មនុស្ស ១៨នាក់​មិន​ត្រូវ​បាន​លើកលែង​ទេ ដីកា​ចាប់​ខ្លួន​នៅ​បន្ត គឺ​មេខ្លោង ១៨នាក់ អត់​រួច​ខ្លួន​ទេ​ ហើយ​អ្នក​ណា​បន្ត អ្នក​ណា​ចូល​រួម ត្រូវ​ចាប់​ខ្លួន​ទៀត​ បើ​សិន​អ្នក​ឯង​ធ្វើ​សកម្មភាព​ដូច​កន្លង​ទៅ។ ហើយ​អ្នក​មិន​ទាន់​បាន​កាត់​ទោស​នេះ ក៏​ត្រូវ​តែ​ប្រយ័ត្នប្រយែង​កុំ​ធ្វើ​សកម្មភាព​ឱ្យ​សោះ បើ​ធ្វើ​សកម្មភាព គឺ​នឹង​ត្រូវ​ប្រមូល​ត្រឡប់​មក​វិញ»

ទាក់ទង​នឹង​បញ្ហា​នេះ​អ្នក​វិភាគ​នយោបាយ​ បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា ​ការ​ប្រកាស​តាម​ចាប់​​មន្ត្រី​បក្ស​ប្រឆាំង​​របស់​លោក ហ៊ុន សែន ​ជា​ថ្មី​នេះ​ ដើម្បី​កម្ចាត់​ដល់​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​ដែល​គាំទ្រ​បន្ត​លោក​ សម រង្ស៊ី​ កុំ​​ឱ្យ​ប្រឆាំង​នឹង​របប​ក្រុង​ភ្នំពេញ​បន្ត​ទៀត។ ទោះ​ជា​យ៉ាង​ណា​លោក​បន្ថែម​ថា ​ការ​ធ្វើ​បែប​នេះ​​ដោយសារ​តែ​​ ហ៊ុន សែន បារម្ភ​ខ្លាច​សកម្មជន​គណបក្ស​ប្រឆាំង ដែល​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ជា​បន្ត​បន្ទាប់​នោះ នាំ​គ្នា​ទៅ​គាំទ្រ​បក្ស​ប្រឆាំង​ ហើយ​ធ្វើ​ឱ្យ​គណបក្ស​នេះ​មាន​កម្លាំង​ធ្វើ​នយោបាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ឡើង​វិញ៖ «ដូច្នេះ​ក្នុង​កាល​ទេស​អីចឹង​គាត់​ត្រូវ​តឹង ព្រោះ​បើ​បណ្ដោយ​គឺ​ត្រូវ​បន្ត​ទៅ​ទៀត គឺ​ខ្ញុំ​ឃើញ​អីចឹង។ កាត់​ដោះលែង​កន្លង​មក​អី​ហ្នឹង​គឺ​គ្រាន់​គាត់​មាន​ចង គ្រាន់​តែ​នៅ​ក្រៅ​ឃុំ​ទេ ប៉ុន្តែ​បទ​ចោទ​ប្រកាន់​នៅ​ដដែល រួច​កាល​ណា​មាន​ផល​រមាស​អី​ធ្វើ​ឱ្យ​មិន​សប្បាយ​ចិត្ត​គាត់​រឹត​បន្តឹង​មក​វិញ ហើយ​គំរាមកំហែង​ចាប់​ឃុំ​អីចឹង ព្រោះ​តុលាការ​ឥឡូវ​នេះ​ស្ថិត​នៅ​លើ​កណ្ដាប់​ដៃ​គាត់​ទៅ​ហើយ»

ទោះ​ជា​យ៉ាង​ណា​លោក បណ្ឌិត ឡៅ ម៉ុងហៃ គត់​សំគាល់​ថា​ បញ្ជា​របស់​លោក​ ហ៊ុន សែន​ មាន​ប្រសិទ្ធភាព​ម្ដង​នេះ ​កើត​ឡើង​ដោយសារ​តែ​ប្រពន្ធ​តុលាការ​នៅ​ស្រុក​ខ្មែរ​មិន​ឯករាជ​ ដែល​ស្ថិត​ក្រោម​សម្ពាធ​ពី​អ្នក​នយោបាយ។ ​ថ្មីៗ នេះ លោក ហ៊ុន សែន បាន​ប្រកាស​ឱ្យ​ក្រសួង​យុត្តិធម៌​​ដោះ​លែង​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​អស់​ ដែល​តុលាការ​ចាប់​ខ្លួន​ពាក់ព័ន្ធ​រឿង​នយោបាយ គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ ក្រោយ​ពី​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ប្រកាស​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង មាន​សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់ ត្រូវ​បាន​ដោះលែង​ជា​បន្តបន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។