ប៉ូលិស​ខេត្ត​បាត់ដំបង​ចាប់​ផ្ដើម​គំរាម​ពលរដ្ឋ​មិន​ឱ្យ​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ

0:00 / 0:00

មេ​ប៉ូលិស​ខេត្ត​បាត់ដំបង​ចាប់​ផ្ដើម​គំរាម​កំហែង​ប្រជាពលរដ្ឋ​មិន​ឱ្យ​ទៅ​ទទួល​ប្រធាន​ស្ដីទី គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ។ ស្នងការ​នគរ​បាល​ខេត្ត​បាត់ដំបង​ អះអាង​ថា ការ​ទៅ​ចូលរួម​ពិធី​ទាំង​ឡាយ​ជា​មួយ​មេ​បក្ស​ប្រឆាំង​រួប​នេះ​ ជា​ទង្វើ​ខុស​ច្បាប់។ ក៏ប៉ុន្តែ ​ពលរដ្ឋ​មួយ​ចំនួន​លើក​ឡើង​ថា ទោះ​បី​ជា​មាន​ការ​បំភិតបំភ័យ​ពី​មេ​ប៉ូលិស​​យ៉ាង​នេះ​ក្ដី​ ក៏​ពួកគេ​នៅ​តែ​បន្ត​ទៅ​ទទួល​លោក សម រង្ស៊ី ដោយ​មិន​មាន​ការ​រួញរា​ឡើយ។

ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​លោក​ អ៊ុច សុខុន​ ថ្លែង​ថា​ ការ​ចូល​រួម​ក្នុង​សកម្មភាព​ណាមួយ​ពាក់ព័ន្ធ​នឹង​លោក​សម​រង្សី​ គឺ​ជា​អំពើ​ខុសច្បាប់​។ លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​កុំ​ត្រចៀក​ស្រាល​ទៅ​ចូលរួម​តាម​ការ​ញុះញង់​ បញ្ចុះ​បញ្ចូល​ពី​ក្រុម​បក្ស​ប្រឆាំង​ ដើម្បី​ទៅ​ទទួល​លោក​ សម​ រង្សី​ ដោយ​លោក​ថា នេះ​គឺ​ជា​សកម្មភាព​ល្មើស​ច្បាប់ ​ពី​ព្រោះ​សម​ រង្សី​ គឺ​ជា​ទណ្ឌិត​ដែល​មាន​ដីកា​ចាប់​ខ្លួន​ពី​តុលាការ។ លោក​បញ្ជាក់​ទៀត​ថា​ ប្រសិន​បើ​លោក​សម រង្ស៊ី​ ចូល​មក​ដល់​កម្ពុជា​កងកម្លាំង​នគរបាល​ជាតិ​ នឹង​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​រូប​នេះ​ភ្លាម​​ ដោយ​គ្មាន​ការ​រាថយ​ឡើយ។ លោក​ អ៊ុច សុខុន​ ថ្លែង​បែប​នេះ​ នៅ​ក្នុង​​ពិធី​បុណ្យ​ឆ្លង​ចេតិយ​នៅ​វត្ត​សុវណ្ណគីរី​តាស្តា ​​ក្នុង​ភូមិ​វាលវង់ ឃុំ​តា​ស្តា ស្រុក​សំពៅលូន ខេត្ត​បាត់​ដំបង កាល​ពី​ថ្ងៃ​ទី២ កញ្ញា​កន្លង​ទៅ។

សារ​គំរាម​របស់​មេ​ប៉ូលិស​ខេត្ត​បាត់​ដំបូង​នេះ គឺ​ជា​ការ​បន្ទរ​តាម​ក្រុម​មេ​ដឹក​នាំ​កំពូល​នៃ​របប​ក្រុង​ភ្នំពេញ។ ថ្មីៗនេះ​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​គំរាមកំហែង​បែប​ចំអក​ឡកឡឺយ​​ រឿង​​ជាប់​គុក​ច្រវាក់​ដាក់​លោក​ សម រង្ស៊ី ប្រសិន​បើ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ហ៊ាន​វិល​ចូល​ស្រុក​វិញ​​នៅ​ពេល​ខាង​មុខ​មែន​នោះ។ រីឯ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង វិញ​ ក៏​បាន​ព្រមាន​ប្រជាពលរដ្ឋ​របស់​ខ្លួន​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ មិន​ឱ្យ​ពួកគេ​នាំ​គ្នា​ទៅ​ចូល​រួម​ធ្វើ​បាតុកម្ម​ផ្ដួល​រំលំ​របប​ដឹក​នាំ​សព្វ​ថ្ងៃ​នោះ​ឡើយ។ ស្រដៀង​គ្នា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក​ ទៀ បាញ់ ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ កុំ​ឱ្យ​ចាញ់បោក​ក្រុម​បក្ស​ប្រឆាំង​ទៅ​ចូលរួម​ផ្ដួល​រំលំ​របប​លោក​ដែរ។ ​

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ​ ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង​អះអាង​ថា ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ទៅ​ចូល​រួម​ទទួល​លោក​ សម រង្ស៊ី វិល​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ។

ប្រជាពលរដ្ឋ​នៅ​សង្កាត់​អូរចារ​ក្រុង​បាត់ដំបង​ម្នាក់ លោក​ រុន ចន្ទី ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​៣​កញ្ញា​ថា ការ​លើក​របស់​លោក​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​នេះ គ្រាន់​តែ​ជា​ការ​គំរាមកំហែង​បំភិតបំភ័យ​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យ​ខ្លាច ដើម្បី​កុំ​ឱ្យ​ពួក​គេ​ហ៊ាន​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​ប៉ុណ្ណោះ។លោក​បញ្ជាក់​ថា បើ​ទោះ​បី​ជា​មាន​ការ​បំភិតបំភ័យ​យ៉ាង​​នេះ​ក្ដី ក៏​មិន​អាច​រារាំង​​ពួកគាត់​បាន​ដែរ ពី​ព្រោះ​ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​ចង់​ឱ្យ​ប្រទេស​មាន​​ប្រជាធិបតេយ្យ​ពេញលេញ។​​លោក​សង្ឃឹម​ថា ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី នឹង​អាច​ជួយ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើង​វិញ​បាន៖ «ព្រោះ​ខ្ញុំ​គិត​ថា​អ្វី​ក៏​ដោយ​បើ​យើង​មិន​លះបង់​ ដែល​យើង​មិន​ហ៊ាន​ខ្ញុំ​ជឿ​ថា​ការ​ប្ដូរ​ផ្លាស់​ក៏​មិន​អាច​កើត​មាន​ដែរ​។អីចឹង​បើ​យើង​គ្រប់​គ្នា​ពុះពារ​មិន​ខ្លាច​ យើង​គ្រាន់​តែ​ធ្វើ​អី​ទៅ​តាម​ច្បាប់​មិន​ទៅ​រំលោភ​បំពាន​ជន​ណា​ គឺ​យើង​គ្រាន់​តែ​ទៅ​ទទួល​ហើយ​ខុស​ច្បាប់​ក៏​ខុស​ទៅ​ចុះ​។ប៉ុន្តែ​ខ្ញុំ​គិត​ថា​មិន​ដល់​ថ្នាក់​មាន​ទោស​ទណ្ឌ​នោះ​ទេ​ ព្រោះ​ខ្ញុំ​គិត​ថា​ចលនា​នៃ​ការ​ទៅ​គាំទ្រ​លោក​ សម រង្ស៊ី នេះ​គឺ​ច្រើន​ហើយ​គុក​ស្រុក​ខ្មែរ​មិន​អាច​ដាក់​អស់​ទេ​បើ​សិន​មាន​ការ​ចាប់​ចង​មែន​នោះ »

ចំណែក​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង​ឯណោះ​វិញ លោក ឆម ហ៊ ថ្លែង​ថា ប្រជាពលរដ្ឋ​ដែល​ស្រលាញ់​ប្រជាធិបតេយ្យ​នៅ​ស្រុក​របស់​លោក ​មិន​ចាប់​អារម្មណ៍​នឹង​ការ​គំរាមកំហែង​របស់​មេ​ប៉ូលិស​ខេត្ត​បាត់ដំបង​នោះ​ទេ ព្រោះ​ពួកគាត់​យល់​ថា ​ការ​ទៅ​ទទួល​លោក​ សម រង្ស៊ី​ ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ គឺ​មិន​មាន​អ្វី​ខុស​ច្បាប់​ឡើយ៖ «អីចឹង​នៅ​ពេល​ដែល​គាត់​មក​នៅ​ពេល​ខាង​មុខ​ គឺ​ខ្ញុំ​នឹង​ទៅ​ទទួល​ហើយ​ ខ្ញុំ​​អត់​មាន​បារម្ភ​ភ័យ​ខ្លាច​ទេ។ ខ្ញុំ​ទៅ​ទទួល​លោក​ សម រង្ស៊ី​ ដោយសារ​ចង់​ឱ្យ​វិល​ចូល​ស្រុក​ ដើម្បី​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ ពីព្រោះ​កម្លាំង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​វា​ច្រើន​មែន​ទែន​។អីចឹង​ចង់​ឱ្យ​បាន​គាត់​មក​វិញ​ ដើម្បី​គាត់​ធ្វើ​តាម​ពលរដ្ឋ​ចង់​បាន​ គឺ​ការ​បោះឆ្នោត​ឡើង​វិញ​ ព្រោះ​ពលរដ្ឋ​ចង់​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​របប​ដឹក​នាំ »

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង​លោក​ យិន ម៉េងលី​ មាន​ប្រសាសន៍​ថា​ ការ​ឈឺឆ្អាល​រឿង​​កិច្ចការ​នយោបាយ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ ស្របច្បាប់ ដែល​មាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ លោក​កត់​សម្គាល់​ថា ប្រជាពលរដ្ឋ​ភាគច្រើន​យល់​ច្បាប់​ និង​ស្ថានការណ៍​នយោបាយ​របស់​កម្ពុជា ដូច្នេះ​លោក​ជឿជាក់​ថា​ពួកគេ​នឹង​ការ​គំរាម​កំហែង​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​បន្ត​បន្ទាប់​នោះ​ឡើយ៖ «ខ្ញុំ​មើល​ឃើញ​ថា​ អាជ្ញាធរ​ក៏​ដូច​ជា​រដ្ឋាភិបាល​ដែរ គឺ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ ចំពោះ​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ថា​ លោក​នឹង​វិល​ចូល​ស្រុក​ចូល​អី​ហ្នឹង​ ព្រោះ​លោក​ដូច​ជា​គ្រប់គ្រង​ប្រជាពលរដ្ឋ​អត់​បាន​ទេ​ គឺ​មិន​អាច​ដឹង​ទឹក​ចិត្ត​របស់​ពលរដ្ឋ​ទេ។ ការ​មិន​អាច​ដឹង​ទឹក​ចិត្ត​របស់​ពលរដ្ឋ​នេះ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មាន​ការ​ភ័យ​ព្រួយ អីចឹង​រដ្ឋាភិបាល​តែង​ប្រើប្រាស់​គ្រប់​វិធីសាស្ត្រ ដើម្បី​លួងលោម​ផង​មាន​ការ​គំរាម​កំហែង​ផង ដើម្បី​កុំ​ពលរដ្ឋ​ទៅ​ទទួល​លោក​ សម រង្ស៊ី »

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​ស្នើ​ឱ្យ​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច​ និង​ គណបក្ស​ប្រឆាំង​ គិត​ពី​ប្រយោជន៍​ជាតិ​ជា​ធំ​​ ហើយ​នាំ​គ្នា​ងាក​មក​រក​តុ​ចរចា​ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ប្រសើរ​ជាង​ការ​ឈ្លោះ​ទាស់ទែង​គ្នា​នាំ​ឱ្យ​ខូច​ដល់​សេដ្ឋកិច្ច​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។