តំណាងអយ្យការនៃសាលាដំបូងខេត្តបន្ទាយមានជ័យ កោះហៅសកម្មជនគណបក្សសង្គ្រោះជាតិនៅក្រុងប៉ោយប៉ែតម្នាក់ទៀត ឱ្យចូលបំភ្លឺតុលាការនៅថ្ងៃទី៤ ខែកក្កដាខាងមុខ ដោយចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ មន្ត្រីសង្គមស៊ីវិលធ្វើការងារផ្នែកការពារសិទ្ធិ ចាត់ទុកដីកាកោះនេះថា ជារឿងនយោបាយ និងជាការអនុវត្តច្បាប់ស្ដង់ដារ២។
សកម្មជនគណបក្សសង្គ្រោះជាតិសង្កាត់បោយប៉ែត ក្រុងប៉ោយប៉ែត លោក ខាន់ ឡៃ ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២២ មិថុនាថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលមេភូមិចាន់គិរីបានប្រគល់ដីកាឱ្យលោកកាលពីព្រឹកថ្ងៃដដែលនេះ ព្រោះមិនបានធ្វើខុសដូចការចោទប្រកាន់របស់តំណាងអយ្យកានៃសាលាដំបូងខេត្តបន្ទាយមានជ័យនោះទេ។ ទោះជាយ៉ាងណាសកម្មជនបក្សប្រឆាំងរូបនេះ អះអាងថា លោកនឹងចូលបំភ្លឺតុលាការតាមការកំណត់ ដើម្បីចង់ដឹងជុំវិញពីការចោទប្រកាន់នេះ៖ «តុលាការដាក់មកហ្នឹង គឺប៉ូលិសអ្នកប្ដឹងថា ខ្ញុំប្រព្រឹត្តបទល្មើសជាអាទិ៍ គេដាក់មកអីចឹង តែខ្ញុំអត់ដែលដឹងថា រឿងអ្វីខ្ញុំអត់យល់។ ខ្ញុំសង្ស័យថា ចោទប្រកាន់ពាក់ព័ន្ធរឿងនយោបាយទេ ព្រោះខ្ញុំចូលរួមហូបនំបញ្ចុកក្នុងកម្មវិធីឡើងផ្ទះបង្កក់កូនកន្លងមក » ។
លោកបន្តថា ការកោះហៅនេះដោយសារលោកចូលរួមហូបនំបញ្ចុកជាមួយសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៤លើកនៅតាមបណ្ដាស្រុកក្នុងខេត្តបន្ទាយមានជ័យ ដែលបានគាំទ្រលោក សម រង្ស៊ី វិលចូលស្រុកវិញ កាលពីថ្ងៃទី៨ និងទី៩ ខែមិថុនា កន្លងទៅ។
អាស៊ីសេរីមិនអាចទាក់ទងតំណាងអយ្យកានៃសាលាដំបូងខេត្តបន្ទាយមានជ័យ លោក សុក កែវបណ្ឌិត ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២២ មិថុនា ដោយទូរស័ព្ទពុំមានអ្នកទទួល។
តំណាងអយ្យកានៃសាលាដំបូងខេត្តបន្ទាយមានជ័យ លោក សុក កែវបណ្ឌិត នៅថ្ងៃទី៦ មិថុនា បានកោះហៅ លោក ខាន់ ឡៃ អាយុ ៤៥ឆ្នាំ រស់នៅភូមិចាន់គិរី ចូលបំភ្លឺតុលាការនៅព្រឹកថ្ងៃទី៤ ខែកក្កដាខាងមុខ ដើម្បីសាកសួរអំពីដំណើររឿង ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងធ្វើឱ្យបានជំនឿលើសេចក្ដីសម្រេចរបស់តុលាការ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិ អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើងថា មន្ត្រីតុលាការអនុវត្តច្បាប់ស្ដង់ដារ២ ទៅលើបញ្ហានេះដោយបានកោះហៅតែមន្ត្រីគណបក្សប្រឆាំងទៅសាកសួរដោយគ្រាន់តែពួកគាត់បានចូលរួមហូបនំបញ្ចុក ចំណែកមន្ត្រីគណក្សកាន់អំណាចមានពិធីហូបនំបញ្ចុកដូចគ្នា តែតុលាការមិនបានការកោះហៅទៅសាកសួរនោះទេ។លោកបន្តថា ការធ្វើបែបនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិសេរីភាពក្នុងការជួបជុំរបស់ពលរដ្ឋ និងជាការគំរាមកំហែងដល់សកម្មជនគណបក្សប្រឆាំងឱ្យមានការភ័យខ្លាច៖ «ប៉ុន្តែការគាំទ្រការអីទាំងអស់នឹង បើប្រទេសគោរពច្បាប់ត្រឹមត្រូវមានសេរីភាពទាំងអស់គ្នា គឺវាថាអត់ត្រូវមានការចោទប្រកាន់ទេ ព្រោះថាវាអត់មានធ្មេញសម្រាប់ខាំធ្វើឱ្យស្រកៀត្រចៀកទេ ហើយគ្រាន់តែជាសេរីភាពបញ្ចេញមតិទេ ព្រោះប្រទេសប្រជាធិបេត្យគេអនុញ្ញាតិឱ្យមនុស្សថាមនុស្សនិយាយឱ្យបានច្រើន ដើម្បីឱ្យមានការកែការអីឱ្យបានច្រើន មិនមែនចេះតែឱ្យមនុស្សធ្វើអ្វីតាមតែអំពើចិត្តទៅ ហើយយើងចេះតែនាំហៃអើរហូតទេ យើងត្រូវនិយាយត្រូវថាទៅដើម្បីឱ្យមនុស្សនឹងចេះកែខ្លួនកុំចេះតែធ្វើអាក្រក់ៗបន្តទៀត » ។
គិតត្រឹមថ្ងៃទី២២ មិថុនា នៅខេត្តបន្ទាយមានជ័យ មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ២នាក់ហើយ ដែលតុលាការកោះហៅទៅសាកសួរក្រោមបទចោទប្រកាន់តែមួយ រួមមានប្រធានគណបក្សសង្គ្រោះជាតិស្រុកមង្គលបូរីលោក ទូត វាសនា ត្រូវបានកោះហៅចូលបំភ្លឺនៅព្រឹកថ្ងៃទី១០ កក្កដា និងលោក ខាន់ ឡៃ ចូលបំភ្លឺនៅព្រឹកថ្ងៃទី៤ ខែកក្កដា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
