លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) គឺជាបេក្ខជនឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដែលនឹងត្រូវចូលមកបន្តតំណែងជំនួសឱ្យលោក វីល្លៀម ហៃដ៍ (William Heidt) ដែលបានបញ្ចប់អាណត្តិរបស់លោកកាលពីចុងឆ្នាំ២០១៨ កន្លងទៅ។ បច្ចុប្បន្ន ព្រឹទ្ធសភាសហរដ្ឋអាមេរិកកំពុងដំណើរការនីតិវិធីនៃការតែងតាំង និងស្បថ ដើម្បីអនុញ្ញាតឱ្យលោកចូលកាន់តំណែងជាផ្លូវការក្នុងនាមជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅកម្ពុជាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីតំណែងនេះត្រូវទុកឱ្យនៅទំនេរអស់រយៈពេលជាងកន្លះឆ្នាំមក។ តើលោក ប៉ាទ្រីក ម័រហ្វី មានប្រវត្តិការងារយ៉ាងដូចម្ដេចខ្លះ និងថាតើលោកមានចក្ខុវិស័យយ៉ាងដូចម្ដេចដែរ ជុំវិញបញ្ហាវិបត្តិប្រជាធិបតេយ្យនៅកម្ពុជា និងទំនាក់ទំនងជារួមរវាងសហរដ្ឋអាមេរិក និងកម្ពុជា?
លោក ប៉ាទ្រីក ម័រហ្វី បច្ចុប្បន្នជាឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍។ ក្នុងនាមជាសមាជិកជាន់ខ្ពស់អាជីពផ្នែកកិច្ចការបរទេស លោកបានបម្រើការងារជាអនុប្រធានបេសកកម្ម និងជាភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ និងប្រចាំប្រទេសប្រទេសឡឺសូតូ (Lesotho) ពីឆ្នាំ ២០០៦ ដល់ឆ្នាំ២០០៨ ។
លោកធ្លាប់បម្រើការងារជាតំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសមីយ៉ាន់ម៉ា ឬភូមា ជានាយក ឬនាយករងនៃការិយាល័យអាស៊ីអាគ្នេយ៍ដីគោក ជាទីប្រឹក្សានយោបាយសម្រាប់ក្រុមការងារប្រទេសហៃទី និងជាមន្ត្រីទទួលបន្ទុកកិច្ចការប្រទេសភូមា និងឡាវ។ ចាប់តាំងពីលោកបានចូលបម្រើការងារឱ្យក្រសួងការបរទេសសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៩២ មក លោកបានបំពេញបេសកកម្មការងារការទូតនៅប្រទេសភូមា ចិន អ៊ីរ៉ាក់ ហ្គីណេ និងម៉ាលី។ លោក ប៉ាទ្រីក ម័រហ្វី ក៏ធ្លាប់ចូលរួមបម្រើការងារស្ម័គ្រចិត្តឱ្យភ្នាក់ងារអ្នកស្ម័គ្រចិត្តអាមេរិក Peace Corps នៅប្រទេសកាមេរ៉ូន។ លោកបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ Johns Hopkins University (SAIS) ពីមហាវិទ្យាល័យ National War College និងសញ្ញាប័ត្របរិញ្ញាបត្រពីសាកលវិទ្យាល័យ Vermont។ លោកក៏ធ្លាប់បានសិក្សានៅវិទ្យាស្ថានអឺរ៉ុប នៅទីក្រុងនីស (Nice) នៃប្រទេសបារាំងផងដែរ។
នៅមុនពេលលោកចូលបម្រើការងារឱ្យសេវាកម្មកិច្ចការបរទេស លោក ប៉ាទ្រីក ម័រហ្វី គឺជាអ្នកសេដ្ឋកិច្ចមួយរូបប្រចាំអង្គការ World Wildlife Fund និងជាអ្នកវិភាគគោលនយោបាយឱ្យស្ថាប័នឈ្មោះក្រុមប្រឹក្សាអភិវឌ្ឍន៍ក្រៅប្រទេស (Overseas Development Council)។ ក្រៅពីភាសាអង់គ្លេសដែលជាភាសាកំណើត លោកចេះនិយាយភាសាបារាំង អេស្បាញ ចិន និងភូមា។
អ្នកនាំពាក្យការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិកកាលពីថ្ងៃទី១៧ មិថុនា ថា បច្ចុប្បន្ន ក្រសួងការបរទេសអាមេរិកកំពុងធ្វើការជាមួយព្រឹទ្ធសភាអាមេរិក ជុំវិញដំណើរការតែងតាំងលោក ជាឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា។ ប្រសិនបើលោកត្រូវបានតែងតាំង និងស្បថចូលកាន់តំណែងជាផ្លូវការមែននោះ នោះលោកនឹងក្លាយជាឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកទី១៧ ប្រចាំក្រុងភ្នំពេញ ជំនួសឱ្យឯកអគ្គរដ្ឋទូតចាស់ លោក វីល្លៀម ហៃដ៍ (William Heidt) ដែលបានចប់អាណត្តិកាលពីចុងឆ្នាំ ២០១៨ កន្លងទៅ។
សារព័ត៌មានអនឡាញផ្សាយជាភាសាអង់គ្លេសឈ្មោះ Asia Times ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង រាយការណ៍កាលពីថ្ងៃទី១៤ មិថុនា ថា ផ្អែកតាមប្រភពមួយចំនួនមិនបញ្ចេញឈ្មោះ លោក ប៉ាទ្រីក ម័រហ្វី អាចនឹងត្រូវស្បថចូលកាន់តំណែងផ្លូវការជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ សារព័ត៌មានដដែលនេះរាយការណ៍ថា យ៉ាងយូរបំផុតត្រឹមដើមខែកក្កដាខាងមុខនេះ លោក ប៉ាទ្រីក ម័រហ្វី អាចនឹងឡើងចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ។
សារព័ត៌មានដដែលនេះសរសេរថា ការពន្លឿនដំណើរការតែងតាំងឯកអគ្គរដ្ឋទូតអាមេរិកថ្មីនេះគឺជាការបញ្ជាក់អំពីតួនាទីសំខាន់របស់ទីក្រុងវ៉ាស៊ីនតុនចំពោះបញ្ហានៅកម្ពុជា ដែលបច្ចុប្បន្ននេះកំពុងតែរងសម្ពាធពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដោយសារជំហានដើរធាក់ថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សារព័ត៌មាននេះ សរសេរថា លោក ប៉ាទ្រីក ម័រហ្វី ជាអ្នកការទូតជើងចាស់អាមេរិកាំងមួយរូបដែលដើរតាមបន្ទាត់ប្រជាធិបតេយ្យយ៉ាងតឹងរ៉ឹង។
ដំណើរការតែងតាំងលោកឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកនេះធ្វើឡើងស្របពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាកំពុងស្ថិតនៅក្នុងភាពល្អក់កករ ក្រោយរបបក្រុងភ្នំពេញបានរម្លាយប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយចោទសហរដ្ឋអាមេរិកថា ជាមេខ្លោងបដិវត្តពណ៌នៅកម្ពុជាដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ ការឡើងកាន់តំណែងរបស់លោកនេះ ក៏ធ្វើឡើងស្របពេលដែលសមាជិកសភានិងព្រឹទ្ធសភាអាមេរិកកំពុងនាំគ្នាស្នើច្បាប់ដាក់ទណ្ឌកម្មរបបក្រុងភ្នំពេញតាមរយៈការបង្កកទ្រព្យសម្បត្តិការរឹតត្បិតទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់នៃរបបនេះ និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬហៅថា GSP របស់ខ្លួន។ បញ្ហាប្រឈមមួយទៀតនោះ គឺសហរដ្ឋអាមេរិក ពុំដែលប្រកាសទទួលស្គាល់ជាផ្លូវការនូវព្រឹត្តិការណ៍បោះឆ្នោតនៅកម្ពុជា ដោយចាត់ទុកថា ការបោះឆ្នោតនេះគ្មានភាពសេរី គ្មានភាពត្រឹមត្រូវ និងគ្មានភាពគួរឱ្យទុកចិត្តបាននោះទេ។
ក្នុងសវនាការសួរដេញដោលផ្ទាល់មាត់ដោយគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិកដែលជាផ្នែកមួយនៃនីតិវិធីតែងតាំងលោកជាឯកអគ្គរដ្ឋទូតថ្មីនេះកាលពីថ្ងៃទី៤ ធ្នូ ឆ្នាំ ២០១៨ កន្លងទៅ លោក ប៉ាទ្រីក ម័រហ្វី បង្ហាញជំហរចង់ឃើញសហរដ្ឋអាមេរិកពង្រីកការដាក់ទណ្ឌកម្មជាក់លាក់បន្ថែមទៀតមកលើក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ដើម្បីដាក់សម្ពាធមកលើរបបក្រុងភ្នំពេញឱ្យងាកមកស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ។ លោកក៏ចង់ឃើញរបបក្រុងភ្នំពេញ បើកឱ្យដំណើរការឡើងវិញ និងពង្រីកលំហសង្គមស៊ីវិល និងប្រព័ន្ធផ្សាយឯករាជ្យនៅកម្ពុជារួមមានវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុអាស៊ីសេរី (RFA) និងកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
