ក្រសួង​ការបរទេស​ថា វៀតណាម​មិន​ទាន់​រើ​តង់ ២៨​ទីតាំង​ចេញ​ពី​តំបន់​មិន​ទាន់​ឯកភាព​ព្រំដែន​ខេត្ត​កណ្ដាល

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​ប្រាប់​ថា វៀតណាម​មិនទាន់​រើ​តង់​២៨​កន្លែង ចេញពី​តំបន់​ព្រំដែន នៅ​ស្រុក​កោះធំ និង​ស្រុក​លើកដែក ក្នុង​ខេត្ត​កណ្ដាល តាម​កំណត់​ទូត​របស់​ភាគី​កម្ពុជា​នៅឡើយ​ទេ​។ អ្នកឃ្លាំមើល​ព្រំដែន ជំរុញ​រដ្ឋាភិបាល ប្ដឹង​ករណី​នេះ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ និង​ម្ចាស់​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

មន្ត្រី​នាំ​ពាក្យ​ក្រសួងការបរទេស លោក កុយ គួង ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២២ ឧសភា ថា កម្ពុជា មិន​ទាន់​មាន​វិធានការ​ផ្សេង​នៅឡើយ​ទេ ដោយ​នៅ​រង់ចាំ​ការ​ឆ្លើយ​តប កំណត់​ទូត​របស់​វៀតណាម​សិន។ លោក បញ្ជាក់​ថា ក្រសួង​បាន​ផ្ញើ​កំណត់​ទូត ទៅ​វៀតណាម កាលពី​ថ្ងៃ​ទី​១៣ ឧសភា គឺ​តំណាល​គ្នា នឹង​ខេត្ត អាន​យ៉ាង (An Giang) របស់​វៀតណាម បាន​ផ្ញើ​លិខិត​មក​អាជ្ញាធរ​ខេត្ត​កណ្ដាល ពន្យល់​ថា ការ​បោះ​តង់ ដើម្បី​ទប់ស្កាត់​កូវីដ១៩ (Covid-19) ខ្លាច​ពលរដ្ឋ​ទាំង​២​ប្រទេស​ឆ្លងកាត់​ច្រក​របៀង ខណៈ​ច្រក​អន្តរជាតិ បិទ​ជា​ផ្លូវការ។

លោក កុយ គួង ប្រាប់​ថា ក្នុង​លិខិត​នោះ អាជ្ញាធរ​ខេត្ត​អានយ៉ាង បញ្ជាក់​ថា នឹង​រុះរើ​តង់ ហើយ​ដក​កងកម្លាំង​ចេញ​វិញ នៅ​ពេល​សភាពការណ៍​ជំងឺ​កូវីដ-១៩ ស្ងប់ស្ងាត់​។ ប៉ុន្តែ​តាំងពី​ពេល​នោះ​មក អាជ្ញាធរ​វៀតណាម​ដក​តង់​ចេញ​តែ​៣​ទេ នៅសល់​២៨​កន្លែង​ទៀត។ លោក កុយ គួង ប្រាប់​ថា តាំងពី​ថ្ងៃ​ទី​១៣ ឧសភា មក លោក​មិនទាន់​ទទួល​បាន​របាយការណ៍​ពី​អាជ្ញាធរ​ខេត្ត​កណ្ដាល​ថា ខាង​វៀតណាម រុះរើ​តង់ ចេញ​ថែមទៀត ឬក៏​អត់​នោះ​ទេ។

ទោះ​យ៉ាងណា លោក កុយ គួង ប្រាប់​ថា អាជ្ញាធរ​ខេត្ត​កណ្ដាល និង​អាជ្ញាធរ​ខេត្ត​អានយ៉ាង ទាក់ទង​គ្នា​ប្រចាំ។ ចំណែក​នៅ​កម្រិត​ជាតិ​វិញ លោក​ថា ខាង​ក្រសួងការបរទេស បាន​ផ្ញើ​កំណត់​ទូត ប្រាប់​រដ្ឋាភិបាល​ប្រទេស​វៀតណាម ថា ការ​បោះ​តង់ ទាំង ៣១​ទីតាំងនៅ​តំបន់​មិនទាន់​ឯកភាព​ព្រំដែន​គ្នា នៃ​ស្រុក​កោះធំ និង​ស្រុក​លើកដែក​នោះ គឺជា​ការរំលោភ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​នានា ស្ដីពី​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។

ក្នុង​កំណត់​ទូត​កាលពី​ថ្ងៃ​ទី​១៣ ឧសភា គឺ កម្ពុជា ស្នើ​ឱ្យ​វៀតណាម រុះរើ​តង់​ទាំងអស់​ចេញ ហើយ​រក្សាទុក​សភាព​ដើម និង​ស្នើសុំ​ឱ្យ​វៀតណាម ចាត់វិធានការ កុំ​ឱ្យ​កើតមាន​សភាពការណ៍​បែបនេះ​ទៀត នៅ​ពេល​អនាគត ក្នុង​ពេលដែល​ប្រទេស​ទាំងពីរ មិន​ទាន់​ឯកភាព​ជាក់លាក់ បោះ​បង្គោល​ព្រំដែន នៅ​តំបន់​នោះ៖ «ខាង​វៀតណាម គេ​បាន​បញ្ជាក់​ហើយ​ថា ដាក់​ (​ កម្លាំង​ )​ ដើម្បី​ទប់ស្កាត់​អ្នក​ឆ្លងដែន​ខុសច្បាប់​។ ប៉ុន្តែ យើង​គិត​ថា ការ​ទប់​នេះ បើសិនជា​ធ្វើ​នៅ​លើ​កន្លែង ដែល​មាន​ការ​បញ្ជាក់​ព្រំដែន​ច្បាស់លាស់ ហើយ​បោះតង់ ដែល​ជា​ទីតាំង នៅ​ក្នុង​អធិបតេយ្យភាព​របស់​គាត់ (​ វៀតណាម​ ) ក៏ យើង​មិន​ជា​ធ្វើ​កំណត់​ទូត​តវ៉ា​ដែរ​។ ប៉ុន្តែ​គាត់​ទប់ស្កាត់​ការ​ឆ្លង​ដែន ការ​រីក​រាលដាល​ជំងឺ​កូវីដ ក៏ប៉ុន្តែ​កាលណា គាត់​ដាក់​នៅ​លើ​តំបន់​ដែល​មិនទាន់​កំណត់​ព្រំដែន​ច្បាស់លាស់ យើង​ត្រូវ​ធ្វើ​កំណត់​ទូត​តវ៉ា​ហើយ»។

កាល​ពី​ថ្ងៃ​ទី​២៦ មេសា ហ្វេសប៊ុក (facebook) ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ចុះផ្សាយ​ថា យោធា​វៀតណាម បាន​បោះតង់ និង​ចង​អង្រឹង​ចំនួន​៩​កន្លែង ជាប់​ផ្លូវ​ដើរ​តាម​បន្ទាត់​ព្រំដែន​របស់​កម្ពុជា នៅ​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ​។ តង់​នីមួយៗ មាន​យោធា​វៀតណាម ពី​៥ ទៅ ៦​នាក់ ដាក់​ទង់ជាតិ​វៀតណាម មាន​ឧបករណ៍​វាស់​កម្ដៅ​រក​ជំងឺ​កូវីដ​-១៩ មាន​គ្រែ មាន​កៅអី និង​មាន​អង្រឹង​។ យោធា​វៀតណាម ទាំងនោះ មាន​ប្រដាប់​ដោយ​កាំភ្លើងខ្លី​ទៀត​ផង​។ តំបន់ ដែល​កងទ័ព​វៀតណាម​បោះតង់​នោះ មាន​ប្រជាជន​ខ្មែរ​រស់នៅ​ដាច់ៗ​ពី​គ្នា ពី​ភូមិ​មួយ ទៅ​ភូមិ​ទៀត សំបូរ​ព្រៃ​ល្បោះ និង​ជា​ប្រភេទ​ដីចម្ការ​ដាំ​ដំណាំ​របស់​អ្នកភូមិ។

ទោះជា​យ៉ាងណា អាជ្ញាធរ​ខេត្ត​កណ្ដាល មិន​បាន​បង្ហាញ​ថា មាន​ករណី​វៀតណាម ដាក់​តង់ និង​ទ័ព ក្នុង​តំបន់​មិនទាន់​ឯកភាព​គ្នា ក្រៅពី​នៅ​ស្រុក​កោះធំ​នោះ​ឡើយ​។

អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី៩ ឧសភា ថា តង់ និង​យោធា វៀតណាម បាន​រើចេញ ពី​តំបន់​កៀក​ព្រំដែន​ស្រុក​កោះធំ អស់ហើយ ដោយ​ទៅ​តាំងនៅ​ចម្ងាយ​១០០​ម៉ែត្រ ទៅ​២០០​ម៉ែត្រ​វិញ​។ ប៉ុន្តែ អាជ្ញាធរ​មូលដ្ឋាន នៅតែ​បន្ត​ហាមឃាត់ ពលរដ្ឋ​ឃ្លាំមើល​ព្រំដែន ចុះ​ទៅ​ពិនិត្យ​ដល់​ទី​តាំង​វៀតណាម បោះតង់ ដោយ​ប្រាប់​ថា ខ្លាច​វៀតណាម​ចាប់ខ្លួន។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​រឿង​នេះ​បន្ថែម​ពី​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ និង​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក ឈឿន សុចិត្ត បាន​ទេ នៅ​ថ្ងៃ​ទី​២២ ឧសភា។

អនុប្រធាន​ក្រុមការងារ​យុវជន​១០០​រាត្រី លោក មាន ព្រហ្មមុនី អះអាង​ថា វៀតណាម មិនទាន់​រើ​តង់ និង​ដកទ័ព​ចេញពី​តំបន់​ព្រំដែន​ស្រុក​កោះធំ​នោះ​ទេ​។ លោក​យល់ថា មូលហេតុ​របស់​វៀតណាម​ថា ទប់ស្កាត់​ជំងឺ​កូវីដ-១៩ គឺជា​លេស ចង់​ឈ្លានពាន​កម្ពុជា។

អ្នកឃ្លាំមើល​ព្រំដែន​រូប​នេះ ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធ្វើ​កំណត់​ទូត​ទាន់ពេលវេលា​។ តែ​យ៉ាងណា លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ (La Haye) និង​ម្ចាស់​ហត្ថលេខី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ក្នុង​ករណី​រដ្ឋាភិបាល​កម្ពុជា ធ្វើ​កំណត់​ទូត​ម្ដង ជា​ពីរ​ដង ហើយ​មិន​ជោគជ័យ៖ «ខ្ញុំ​ចង់​និយាយ​ថា យើង​ចង់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ប្ដឹង​ទៅ​ប្រទេស​ម្ចាស់​ហត្ថលេខី​ទៅ បើ​យួន​នៅតែ​គឃ្លើន ជ្រៀតជ្រែក រំលោភ បំពាន អធិបតេយ្យភាព​របស់​កម្ពុជា បូរណភាព​ទឹកដី​កម្ពុជា យើង​ប្ដឹង»។

រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម បាន​ឯកភាព​គ្នា បោះប​ង្គោល​ព្រំដែន បាន​ប្រមាណ​៨៤​ភាគរយ ស្មើនឹង​៣១៤​បង្គោល នៃ​ព្រំដែន​គោក ដែល​មាន​ប្រវែង​ជាង​១​ពាន់ (១.២៧០)​គីឡូម៉ែត្រ។

ទោះជា​យ៉ាងណា គណបក្សប្រឆាំង និង​អ្នកឃ្លាំមើល​ព្រំដែន រិះគន់​ថា ការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម កន្លង​មក គ្មាន​តម្លាភាព ដោយ​កម្ពុជា​ចាញ់​ប្រៀប​ប្រទេស​វៀតណាម និង​ធ្វើ​ឱ្យ​បាត់បង់​ដីស្រែ​របស់​ពលរដ្ឋ​ខ្មែរ ព្រោះ​ការ​បោះ​បង្គោល​កន្លង​មក ធ្វើ​ឡើង​តាម​ការ​ចង្អុល​របស់​វៀតណាម ហើយ​គ្មាន​ការចូលរួម​ឃ្លាំមើល​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​ពី​សហគមន៍​អន្តរជាតិ។

ក្រុម​អ្នកឃ្លាំមើល​ព្រំដែន ផ្ដល់​យោបល់​ឱ្យ​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម ដោយ​ស្មើមុខ​គ្នា ធានា​កុំ​ឱ្យ​មានការ​បាត់បង់​ដី​ពលរដ្ឋ​ទៅ​ខាង​វៀតណាម ហើយ​ត្រូវ​ពុះ​ឱ្យ​ចំពាក់​កណ្ដាល​ទន្លេ ស្ទឹង ព្រែក និង​បឹង ដើម្បី​ឱ្យ​ពលរដ្ឋ​ទាំងពីរ​ប្រទេស មាន​សិទ្ធិ​ប្រើប្រាស់​ទឹក តាម​បណ្ដោយ​ព្រំដែន​ដូចគ្នា៕