ពលរដ្ឋ​ស្វាយរៀង​ថា អាជ្ញាធរ​បោះតម្រុយ​បង្គោល​ព្រំដែន​ចូល​ដីស្រែ​ពលរដ្ឋ​ច្រើន​ហិកតារ

ដោយ អាស៊ីសេរី
2017.09.28
​បង្គោល​ព្រំដែន​លេខ១៩៨ ​ចន្ទ្រា ​ស្វាយរៀង ២០១៧ ៦២២ រូបភាព​បង្គោល​ព្រំដែន​លេខ១៩៨ នៅ​ស្រុក​ចន្ទ្រា ខែត្រ​ស្វាយរៀង កាល​ពី​ថ្ងៃទី២៣ ខែ​កញ្ញា ឆ្នាំ​២០១៧។
Photo Provided

ពលរដ្ឋ​រស់នៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខែត្រ​ស្វាយរៀង​ចាត់​ទុក​ការ​បោះ​តម្រុយ​ព្រំដែន​លេខ ១៩៨ និង ១៩៩ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ចូល​ដី​ខ្មែរ​រាប់រយ​ហិកតារ ដែល​ភាគច្រើន​ជា​ដីស្រែ​ពលរដ្ឋ​នៅ​តំបន់​នោះ។ អ្នកភូមិ​មួយ​ចំនួន​ដែល​បាត់បង់​ដីស្រែ ហាក់​ខ្លាចរអា​ក្នុង​ការ​ប្ដឹង​ករណី​នេះ​ទៅ​អាជ្ញាធរ​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយ ព្រោះ​បារម្ភ​ខ្លាច​អាជ្ញាធរ​ចោទ​ថា ជា​មនុស្ស​របស់​គណបក្ស​ប្រឆាំង។

តម្រុយ​ព្រំដែន​លេខ ១៩៨ និង​១៩៩​ថ្មី ដែល​ទើប​បោះ​កាលពី​សប្ដាហ៍​មុន ឋិត​នៅ​ភូមិ​គោក​តែក ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខែត្រ​ស្វាយរៀង​បាន​ក្លាយ​ជា​បញ្ហា​ក្ដៅ​គគុក របស់​ពលរដ្ឋ​ច្រើន​គ្រួសារ​រស់នៅ​តំបន់​នោះ ដែល​ពួកគាត់​ចាត់ទុកថា តម្រុយ​ព្រំដែន​នោះ រំកិល​ចូល​ដី​ខ្មែរ​រាប់រយ​ហិកតារ តាម​បណ្ដោយ​ព្រំដែន​ច្រើន​គីឡូម៉ែត្រ ត្បិត​បង្គោល​ព្រំដែន​ចាស់​គឺ​ឋិត​នៅ​ឆ្ងាយ​ពី​បង្គោល​ព្រំដែន​បច្ចុប្បន្ន។

ពលរដ្ឋ​រស់នៅ​ឃុំ​ចន្ទ្រា​ថ្លែង​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃទី២៨ កញ្ញា ថា ការ​បោះ​តម្រុយ​ព្រំដែន​កាលពី​ថ្ងៃ​ទី២៣ កញ្ញា​កន្លងទៅ​ថ្មីៗ​នេះ គឺ​មិន​មាន​តម្លាភាព​នោះ​ទេ ពោល​បាន​ខិតចូល​ដីស្រែ​ចម្ការ​ពលរដ្ឋ​ច្រើន​គ្រួសារ។ លោក​ថា ក្រៅពី​អាជ្ញាធរ​ប្រទេស​ទាំងពីរ បោះ​បង្គោល​ចូល​ដី​ខ្មែរ​ក្ដី អាជ្ញាធរ​វៀតណាម បាន​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​សកម្មភាព​ជីក​កាយ​ដី នៅ​តំបន់​ជាប់​ខ្សែបន្ទាត់​ព្រំដែន​នោះ​ទេ ដោយ​អះអាង​ថា ជា​តំបន់​ហាមឃាត់ ឬ​តំបន់​ស។ លោក​អះអាង​ថា ដីស្រែ​របស់​អ្នកភូមិ​ខ្លះ​មាន​ទំហំ ២​ហិកតារ រហូតដល់ ៥​ហិកតារ បាន​កាន់កាប់ និង​អាស្រ័យ​ផល​ជា​បន្តបន្ទាប់ តាំងពី​ឆ្នាំ​១៩៧៩​មក៖ «បើ​និយាយ​បោះ​ចូល​គឺ​មិន​តិច​គ្រួសារ​ទេ​ច្រើន​ណាស់ ប៉ះពាល់​ដី​ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ព្រំដែន​ច្រើន​ដែរ។ អា​ហ្នឹង​វា​ចូល​រាប់រយ​ហិកតារ ខ្សែ​ក្រវាត់​ព្រំដែន​គិត​ជា​គីឡូម៉ែត្រ ប្រហែល​ចូល​១០​គីឡូ​ដី​ជាង»

បុរស​ដដែល​បន្ត​ថា នៅ​ឃុំ​ចន្ទ្រា នៅ​ចំណុច​ចំពុះ​ទារ អាជ្ញាធរ​វៀតណាម ធ្លាប់​បាន​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន​ពុះ​យក​ដី​ខ្មែរ​ជាង ៥០០​ហិកតារ កាលពី​ឆ្នាំ២០១៥ ដែល​ឋិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ១៩៦ និង ១៩៧។ លោក​ថា ដី​ខ្មែរ​របូត​ចូល​ទៅ​វៀតណាម​នេះ អាជ្ញាធរ​កម្ពុជា​ហាក់​ធ្វើ​មិន​ដឹង​មិន​ឮ បើ​ទោះ​បី​ជា​ពលរដ្ឋ​ខ្មែរ​ប្ដឹង​ផ្ដល់​រឿង​ក្ដី​៖ «ខ្ញុំ​យល់​ឃើញ​ថា មិន​មាន​តម្លាភាព​រវាង​ខ្សែបន្ទាត់​ព្រំដែន​រវាង ប្រទេស​ហ្នឹង​ប្រទេស​ដែល​នៅ​ជាប់​ខាង​គ្នា បើ​និយាយ​ពី​ការ​សោកស្ដាយ​វា​ហួស​នឹង​និយាយ»

ជំទប់​ទី ២ ឃុំ​ចន្ទ្រា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ឃុត ថៃហេង ទទួល​ស្គាល់​ថា ការ​បោះ​តម្រុយ​ព្រំដែន​នៅ​តំបន់​នោះ​អាច​មាន​ភាព​មិន​ប្រក្រតី ខណៈ​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ​ហាក់​ប្រញាប់ប្រញាល់​បោះ​យ៉ាង​លឿន ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ចម្រូងចម្រាស​រឿង​វិបត្តិ​នយោបាយ​។ លោក​ថា អាជ្ញាធរ​កម្ពុជា និង​នគរបាល​ការពារ​ព្រំដែន បាន​លាក់បាំង​ព័ត៌មាន​ស្ដីពី​ការ​បោះ​តម្រុយ​ព្រំដែន​នៅ​តំបន់​នោះ ព្រោះ​អាជ្ញាធរ​បាន​រារាំង​លោក និង​ពលរដ្ឋ​មួយ​ចំនួន​មិន​ឲ្យ​ចុះទៅ​តំបន់​នោះ ក្រោម​ហេតុផល​ការពារ​សុវត្ថិភាព៖ «ពលរដ្ឋ​ក៏​មិន​សុខចិត្ត​ដែរ​ចំណុច​អស់ហ្នឹង ខាង​ខ្ញុំ​ក៏​មិន​សុខចិត្ត​ដែរ តែ​រឿង​កិច្ចការ​អស់ហ្នឹង ខ្ញុំ​និយាយ​ថ្នាក់​ឃុំ និង​ថ្នាក់​ស្រុក​ដែរ​គេ​ថា គេ​មាន​គណៈកម្មការ​គេ​ដោះស្រាយ​ហើយ មិនបាច់​លោក​ឯង​លូក​ដៃ​រញ៉េរញ៉ៃ»

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​ស្វាយរៀង លោក ម៉ៅ វិបុល ឲ្យ​ដឹង​ថា ការ​បោះ​តម្រុយ​ព្រំដែន​គួរ​តែ​មាន​ការ​ចូលរួម​គ្រប់​ភាគី ទាំង​ពលរដ្ឋ រដ្ឋាភិបាល សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង​ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ ក៏​ប៉ុន្តែ​បែរជា​អាជ្ញាធរ​រារាំង និង​ហាមឃាត់​អាជ្ញាធរ​ឃុំ​មកពី​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ចុះទៅ​តំបន់​នោះ​ទៅវិញ៖ «បើ​យើង​នៅតែ​បិទបាំង​មានន័យថា បញ្ហា​នៅតែ​មន្ទិល​សង្ស័យ​រហូត។ ក្នុង​នាម​ខ្ញុំ​ពលរដ្ឋ ក៏​ដូចជា​គណបក្សប្រឆាំង​សំណូមពរ​ថា រដ្ឋាភិបាល​មានការ​សហការ​ទាំងអស់​គ្នា​ទៅ ដើម្បី​បំបាត់​មន្ទិល​ទាំងអស់​គ្នា កុំ​ឲ្យ​ដោល​អ្នកនេះ​អ្នកនោះ»

កិច្ចប្រជុំ​លើក​ទី​៩ ស្ដីពី​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​រវាង​បណ្ដា​ខែត្រ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា បាន​វាយ​តម្លៃ​ថា ការកំណត់​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំងពីរ​រហូតមកដល់​បច្ចុប្បន្ន​នេះ សម្រេច​បាន​ប្រមាណ ៨៤ភាគរយ។ ភាគី​ទាំងពីរ​ក៏​ប្រកាស​ថា នឹង​ខិតខំ​គ្រប់គ្រង​ព្រំដែន​ត្រឹមត្រូវ​តាម​សន្ធិសញ្ញា និង​ការព្រមព្រៀង​ស្ដីពី​ព្រំដែន​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា។ ក្នុង​ករណី​មាន​ហេតុការណ៍ និង​បាតុភាព​អ្វីមួយ​កើតឡើង​នៅ​តំបន់​ព្រំដែន បណ្ដា​ខែត្រ​ជាប់​ព្រំដែន​ត្រូវ​ពិភាក្សា​គ្នា និង​សហការ​ដោះស្រាយ​ភ្លាម ដោយ​មិន​ទុក​ឲ្យ​បញ្ហា​រីក​រាលដាល​បង្ក​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង ប្រពៃណី​ល្អ​រវាង​ប្រទេស​ទាំងពីរ និង​បង្ក​ការ​រាំងស្ទះ​ដល់​ការងារ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​ឡើយ ដោយ​ឈរ​លើ​ស្មារតី​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក និង​សន្តិវិធី។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា លោក សន ជ័យ ផ្ដល់​ទស្សនៈ​ថា អាជ្ញាធរ​រដ្ឋាភិបាល គួរ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​ជា​មុន​សិន មុន​នឹង​បន្ត​បោះ​បង្គោល និង​បោះតម្រុយ ព្រំដែន​ជៀសវាង​មានការ​ប្ដឹង​ផ្ដល់​រឿង​នេះ​កាន់តែ​វែងឆ្ងាយ​។ លោក​ថា បើ​ការ​បោះ​តម្រុយ​ព្រំដែន​មាន​ភាព​ចម្រូង​ចម្រាស់​ជាមួយ​ពលរដ្ឋ និង​បិទបាំង​ព័ត៌មាន​មិន​ឲ្យ​សាធារណជន​ដឹង​ឮ លោក​ចាត់ទុកថា ករណី​នេះ​នឹង​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ​រវាង​ពលរដ្ឋ និង​រដ្ឋាភិបាល​។ លោក​ថា ការ​បោះ​តម្រុយ​ព្រំដែន អាជ្ញាធរ​មិន​គួរ​ប្រញាប់​ពេក​ទេ បើ​ការ​បោះ​នោះ​នាំ​ឲ្យ​ខាត​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ៖ «សម្រាប់​ខ្ញុំ​យល់ថា នៅ​ពេល​ដែល​មាន​ព័ត៌មាន លេចឮ​ពី​ការ​មិន​ពេញចិត្ត​របស់​ពលរដ្ឋ​ទៅលើ​សកម្មភាព​ការងារ​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​រដ្ឋាភិបាល រដ្ឋាភិបាល​គួរតែ​ស្ទុះស្ទា ទៅ​ពិនិត្យ​មើល និង​ឆ្លើយតប»

យ៉ាងណា ពលរដ្ឋ មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង យល់​ថា ការ​បោះ​បង្គោល​ព្រំដែន និង​តម្រុយ​ព្រំដែន​កម្ពុជា កំពុង​នៅ​មាន​ភាព​ចម្រូងចម្រាស​ច្រើន ដោយសារ​ពុំ​ទាន់​មាន​ឯកភាព​ជាតិ​ផ្ទៃក្នុង ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បន្ត​ទទួលរង​នូវ​ការរិះគន់ និង​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ ដោយសារ​មិន​មាន​តម្លាភាព និង​ចោទ​ថា បាត់បង់​ដី ដោយ​បង្គោល​ខិត​ចូល​មក​ក្នុង​ដី​ខ្មែរ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។