សកម្មជនព្រំដែនគាំទ្រចំណាត់ការកម្ពុជា ដែលជួបមន្ត្រីការទូតវៀតណាមនិយាយគ្នាពីការរុះរើតង់យោធាចេញពីតំបន់ព្រំដែន ដែលមិនទាន់ឯកភាពគ្នា នាព្រំដែនខេត្តកណ្ដាល ប៉ុន្តែមិនសង្ឃឹមទាំងស្រុងទេថា ភាគីវៀតណាមនឹងរើតង់ចេញនោះ។
អនុប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ និងជាសមាជិកក្រុមការងារ ១០០រាត្រី លោក មាន ព្រហ្មមុនី ថ្លែងថា លោកសាទរចំពោះឥរិយាបថនេះ។ ទន្ទឹមនឹងគ្នានេះក្រុមការងាររបស់លោកក៏ដូចជាពលរដ្ឋនឹងបន្តតាមដានទៀត ហើយបើមិនបានលទ្ធផលជាវិជ្ជមានទេនោះ ពួកលោកនឹងជំរុញឲ្យចាត់វិធានការផ្លូវច្បាប់អន្តរជាតិបន្តទេរហូតមានដំណោះស្រាយ៖ « តាមពិតវៀតណាមគាត់ធ្វើនេះមើលងាយកម្ពុជាពេកបើវៀតណាមអត់រើទេ សុំឲ្យមានវិធានការជាក់លាក់រហូតដល់ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ទៅប្រទេសម្ចាស់ហត្ថលេខីជាពិសេសប្រទេសមហាអំណាចទាំង៥ ជាពិសេសយើងចង់ឲ្យការបោះបង្គោលព្រំដែនមានតម្លាភាពឲ្យមានអន្តរជាតិចូលរួមមានបារាំង មានអង្គការសហប្រជាជាតិអី។ ប៉ុន្តែខាងភាគីយួនត្រូវរើចេញឲ្យអស់បើមិនរើសុំឲ្យខាងរដ្ឋាភិបាលខ្មែរនេះចាត់វិធានការឲ្យខ្លាំងក្លាជាងហ្នឹង សង្ឃឹមថាវៀតណាមនិយាយស្ដាប់គ្នាបានក្នុងនាមប្រទេសជិតខាង មិនគឃ្លើនបន្តទៅទៀត»។
ការលើកឡើងនេះ បន្ទាប់ពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការបោះតង់របស់វៀតណាមនៅតំបន់ព្រំដែនក្នុងខេត្តកណ្ដាល ជាប់នឹងខេត្ត អាន យ៉ាង ប្រទេសវៀតណាម ឲ្យដឹងថា រដ្ឋលេខាធិការក្រសួងការបរទេស អ្នកស្រី អ៊ាត សោភា កាលពីថ្ងៃទី១ ខែមិថុនា បានជួបជាមួយអគ្គរដ្ឋទូតវៀតណាម លោក វូ ក្វាងមិញ (Vu Quang Minh) ស្នើឲ្យរុះរើតង់យោធាទាំងនោះឲ្យបានឆាប់។
កាលពីថ្ងៃទី១៣ ខែឧសភា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានធ្វើកំណត់ទូតតវ៉ាអំពីការបោះតង់របស់វៀតណាមចំនួន ៣១កន្លែង នៅជាប់ព្រំដែនស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល លើតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នា ដោយស្នើឲ្យភាគីវៀតណាមរុះរើតង់ទាំងនោះចេញ និងបញ្ឈប់សកម្មភាពនានា ដើម្បីរក្សាស្ថានភាពដើមមិនកែប្រែនៅក្នុងតំបន់នេះ។
ប៉ុន្តែនៅថ្ងៃទី២៨ ខែឧសភា ក្រសួងការបរទេសវៀតណាម បានធ្វើកំណត់ទូតឆ្លើយតបកម្ពុជាថា ការបោះតង់នៅតាមព្រំដែនដោយខេត្ត អាន យ៉ាង នេះ គឺជាវិធានបណ្ដោះអាសន្នចាំបាច់ ដើម្បីទប់ស្កាត់ការធ្វើដំណើរឆ្លងកាត់ព្រំដែនអំឡុងនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩ ហើយការបោះតង់ទាំងនោះមិនមានផលប៉ះពាល់ ដល់ការខណ្ឌសីមា និងបោះបង្គោលព្រំដែន លើតំបន់ព្រំដែនរវាងប្រទេសទាំងពីរទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។