ថ្ងៃ ១៥កើត ខែពិសាខ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ គឺជាថ្ងៃមួយដែលពុទ្ធសាសនិកនៅទូទាំងសកលលោករួមទាំងកម្ពុជាផង នាំគ្នាប្រារព្ធពិធីបុណ្យពុទ្ធសាសនាដ៏សំខាន់មួយ គឺវិសាខបូជា។ ព្រះសង្ឃ និងមេបក្សប្រឆាំង លើកឡើងថា បុណ្យវិសាខបូជានេះ មានតម្លៃ និងគុណប្រយោជន៍ដ៏វិសេស ដែលរដ្ឋាភិបាល និងពលរដ្ឋខ្មែរ គួរចូលរួមលើកស្ទួយនិងប្រតិបត្តិឱ្យសាកសមជាប្រទេសដែលទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
វិសាខបូជា គឺជាពិធីបុណ្យមួយធំបំផុតក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗ បី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងនៅចំថ្ងៃ ១៥កើតពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។
ព្រះភិក្ខុសង្ឃមួយអង្គ គង់នៅវត្តឫស្សីសាញ់ ក្នុងរាជធានីភ្នំពេញ ព្រះតេជព្រះគុណ យិន រតនៈសុធាវី មានថេរដីកាថា វិសាខបូជានេះ មកពីពាក្យថា "វិសាខបុណ្ណមីបូជា" ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ ហើយនៅថ្ងៃនេះ ក៏ជាថ្ងៃឆ្លងពុទ្ធសករាជថ្មីផ្លូវការផងដែរ។ ព្រះតេជព្រះគុណបន្តថា បុណ្យវិសាខបូជា មានអត្ថន័យធំធេងមិនអាចកាត់ថ្លៃបាននោះទេ រហូតធ្វើឱ្យអង្គការសហប្រជាជាតិ សម្រេចដាក់បញ្ចូលជាទិវាបុណ្យអន្តរជាតិ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ហើយអនុញ្ញាតឲ្យប្រារព្ធពិធីបុណ្យនេះ នៅតាមការិយាល័យរបស់អង្គការសហប្រជាជាតិជុំវិញពិភពលោកទៀតផង។ ព្រះភិក្ខុអង្គនេះពន្យល់ថា មូលហេតុចម្បងដែលនាំឲ្យមានការទទួលស្គាល់ជាពិធីបុណ្យអន្តរជាតិនេះ ព្រោះពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ គឺអប់រំមនុស្សគ្រប់រូបឲ្យធ្វើអំពើល្អដោយកាយ វាចា ចិត្ត និងលះបង់ពើអាក្រក់ កុំបៀតបៀនគ្នាដោយកាយ វាចាចិត្ត ដើម្បីធ្វើឲ្យពិភពលោកទាំងមូលមានសុខសន្តិភាពពិតប្រាកដ៖ « ដាក់អាវុធចុះ ចាប់យកព្រះធម៌ ដាក់អាវុធចុះចាប់យកសន្តិភាពនៅលើពិភពលោក។ ព្រះអង្គយកតែទ្រឹស្តីអហិង្សាជាចម្បង ហើយបានអ្នកប្រាជ្ញជំនាន់ក្រោយ យកតែទ្រឹស្ដីព្រះពុទ្ធទេ ទៅអនុវត្តថា ខ្លួនជាអ្នករកឃើញ ដូចជាមហាត្មឹះ គន្ធី អី តាមពិតគាត់យកទ្រឹស្ដីរបស់ព្រះពុទ្ធតើ តែគាត់ យកទៅអនុវត្តខ្លួនឯងទៅ គេដាក់ឈ្មោះគាត់ទៅ តាមពិតទ្រឹស្ដីព្រះពុទ្ធមានហើយ » ។

ដោយសារប្រទេសកម្ពុជា កំពុងជួបវិបត្តិជំងឺកូវីដ-១៩ ដូច្នេះនៅឆ្នាំនេះ តាមវត្តអារាមនានា មិនមានការប្រារព្ធពិធីបុណ្យវិសាខបូជាអធិកអធមដូចរៀងរាល់ឆ្នាំនោះទេ។ ទោះជាយ៉ាងណាក្ដី ក្នុងឱកាសបុណ្យវិសាខបូជានេះ ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេបក្សប្រឆាំង លោក កឹម សុខា រួមទាំងប្រជាពលរដ្ឋ បានបង្ហោះសារផ្សេងៗ គ្នាពាក់ព័ន្ធនឹងពិធីបុណ្យពុទ្ធសាសនាមួយនេះ នៅលើហ្វេស៊បុក (Facebook) រៀងៗ ខ្លួន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះសារថា បុណ្យវិសាខបូជានេះ គឺជាពិធីពុទ្ធសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗ ទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រះពុទ្ធ ទ្រង់បានប្រសូត បានត្រាស់ដឹង និងបានចូលបរិនិព្វាន។ លោកបន្តថា អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។ ជាមួយគ្នានេះ លោកផ្ញើសារជូនពរប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរទាំង ៥ប្រការ។

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏ថ្លែងសារនៅក្នុងថ្ងៃវិសាខបូជានេះដែរ។ សាររបស់លោក កឹម សុខា ខុសពីសាររបស់លោក ហ៊ុន សែន ព្រោះលោក កឹម សុខា បានឆ្លៀតដាស់តឿនអ្នកនយោបាយ និងមេដឹកនាំឱ្យគោរព និងប្រតិបត្តិនូវព្រះធម៌ឱ្យខ្ជាប់ខ្ជួនក្នុងការរស់នៅ និងដឹកនាំប្រទេស។ លោកលើកឡើងថា ការប្រារព្ធពិធីបុណ្យវិសាខបូជានេះ គឺមិនមែនគ្រាន់តែឲ្យមនុស្សលោកចងចាំថា គឺជាថ្ងៃមួយដែលព្រះសម្មាសម្ពុទ្ធ ប្រសូត ត្រាស់ដឹង និងចូលព្រះនិព្វាននោះទេ។ លោកបន្តថា អ្វីដែលសំខាន់បំផុតនោះ ប្រជាពលរដ្ឋខ្មែរដែលអះអាងថា ជាអ្នកកាន់ព្រះពុទ្ធសាសនា ជាពិសេស ជាអ្នកនយោបាយ ជាអ្នកដឹកនាំប្រទេស ដែលសម្រេចគាំទ្រឲ្យមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាថា «ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ» ត្រូវមានកាតព្វកិច្ចគោរព និងប្រតិបត្តិឲ្យបានត្រឹមត្រូវនូវព្រះធម៌នៃព្រះពុទ្ធសាសនា ពោលគឺមិនត្រឹមតែធ្វើពិធីសម្ដែងរូបភាពខាងក្រៅនោះទេ គឺត្រូវប្រតិបត្តិទាំងកាយ វាចា និងចិត្ត។ លោកលើកឧទាហរណ៍ថា ការប្រកាន់ខ្ជាប់នូវទសពិតរាជធម៌ គឺត្រូវមានអហិង្សាទាំងសកម្មភាពផ្លូវកាយ ទាំងសម្ដី ទាំងចិត្តពិតផង។ ចំពោះព្រហ្មវិហារធម៌ ត្រូវមានមេត្តា ករុណា ក្តីស្រឡាញ់ អាណិត មិនមែនចំពោះតែក្រុមគ្រួសារ បក្សពួក ឬជាការសម្ដែង ដើម្បីប្តូរនឹងផលប្រយោជន៍ខ្លួននោះទេ ហើយឧបេក្ខា គឺការតាំងចិត្តកណ្ដាល មិនមែនកណ្ដាលតែសម្ដីនោះទេ គឺដោយយុត្តិធម៌។
មេបក្សប្រឆាំងដែលត្រូវបានរបបក្រុងភ្នំពេញ ចាប់ឃុំខ្លួន និងបំបិទសិទ្ធិធ្វើនយោបាយ រូបនេះ អំពាវនាវឲ្យយកទិវាដ៏វិសេសវិសាល គឺថ្ងៃវិសាខបូជានេះ ត្រួតពិនិត្យការប្រព្រឹត្តរៀងៗ ខ្លួនឡើងវិញ និងគោរពប្រតិបត្តិឲ្យប្រពៃឡើងទាំងអស់គ្នា កុំឲ្យធ្លាក់ចូលក្នុងរណ្ដៅអវិជ្ជា ដូចជា លោភៈ ទោសៈ មោហៈ ជាដើម។ ជាចុងក្រោយ ក្រៅពីផ្ញើសារជូនពរដល់ពលរដ្ឋ លោក កឹម សុខា ក៏អំពាវនាវដល់ប្រទេសអ្នកមាន សូមឱ្យជួយដល់ប្រជាពលរដ្ឋខ្មែរទាំងផ្នែកសុខភាព និងជីវភាពក្នុងគ្រាលំបាកនេះផងដែរ។

ព្រះតេជព្រះគុណ យិន រតនៈសុធាវី សង្កេតឃើញថា ប្រជាពលរដ្ឋ មន្ត្រីរាជការ អ្នកនយោបាយ និងថ្នាក់ដឹកនាំមួយចំនួន នៅមិនទាន់ឈ្វេងយល់ពីខ្លឹមសារសំខាន់ៗ នៃពិធីបុណ្យវិសាខបូជាឲ្យបានច្បាស់លាស់ និងមិនទាន់បានគោរពប្រតិបត្តិឱ្យបានត្រឹមត្រូវនៅឡើយទេ។ ព្រះតេជព្រះគុណ បញ្ជាក់ថា ការផ្ញើសារជូនពរគ្នា ឬនិយាយល្អតែនៅលើបបូរមាត់ គ្មានប្រយោជន៍អ្វីឡើយ ប្រសិនបើម្នាក់ៗ នៅតែបន្តសាងអំពើអាក្រក់ ប្រាស់ចាកពីពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ៖ « ព្រះអង្គទ្រង់សម្ដែងថា នត្ថិ សន្តិ បរំ សុខំ ប្រែថា ពុំមានសេចក្ដីសុខដទៃ ក្រៅពីសេចក្ដីស្ងប់នេះ គឺសំដៅទៅលើអ្នកនយោបាយគ្រប់ និន្នាការទាំងអស់នៅក្នុងសង្គមកម្ពុជាយើង ដូចនៅលើពិភពលោក ចេះចាប់ដៃគ្នា ចេះអត់ឱន ចេះស្រឡាញ់គ្នាដោយភាតរភាព ចេះចែករំលែកគ្នា នេះទើបបានល្អប្រសើរ » ។
ស្រដៀងគ្នានេះ អ្នកវិភាគនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ បង្ហោះសារនៅលើទំព័រ ហ្វេសប៊ុក (Facebook) របស់លោកថា ប្រសិនបើមានការបដិបត្តិ អនុវត្ត និងធ្វើតាមធម៌របស់ព្រះពុទ្ធទាំងឡាយច្រើនជាងការរៀបចំពិធីបុណ្យ នឹងជួយឲ្យមនុស្សឲ្យចេះសហការគ្នា ឲ្យមានចិត្តគំនិតល្អ វាចាល្អ និងកាយវិការល្អ។ លោកជឿថា មនុស្សបែបនេះនឹងមានទំនាក់ទំនងល្អរវាងគ្នា និងគ្នា រស់នៅសុខសន្តិភាពជាមួយគ្នា សហការរួបរួមគ្នាសាមគ្គីគ្នា ដើម្បីកសាងសុភមង្គលសម្រាប់ម្នាក់ៗ និងសម្រាប់ទាំងអស់គ្នាជាសង្គម។ អ្នកវិភាគចាស់វស្សារូបនេះបន្តថា ដូចដែលឃើញជាក់ស្ដែងមនុស្សមានចិត្តគំនិតអាក្រក់ សំដីសំដៅអាក្រក់ និងប្រព្រឹត្តអំពើអាក្រក់ មិនអាចមានទំនាក់ទំនងល្អរវាងគ្នា និងគ្នា មិនអាចរស់នៅក្នុងសុខសន្តិភាពជាមួយគ្នា មិនអាចសហការរួបរួមគ្នា និងមិនអាចសាមគ្គីគ្នាបានទេ តែខិតខំកសាងសុភមង្គល ឬសេចក្ដីសុខសម្រាប់តែខ្លួនឯងម្នាក់ៗ ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
