កម្ពុជា-ឡាវ​ ព្រមព្រៀង​គ្នា​ជា​បណ្ដោះអាសន្ន​ដក​កងទ័ព​ចេញ​ពី​តំបន់​មាន​ជម្លោះ

0:00 / 0:00

ប្រទេស​កម្ពុជា​ និង​ប្រទេស​ឡាវ ព្រមព្រៀង​គ្នា​ដក​កងទ័ព​ចេញ​ពី​តំបន់​មាន​ជម្លោះ​ជា​បណ្តោះអាសន្ន​ក្រោយ​ពី​ទាហាន​ការ​ពារ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា ដើម្បី​ដោះ​ស្រាយ​ភាព​តាន​តឹង​នៅ​តាម​ព្រំ​ប្រទល់​នៅ​ថ្ងៃ​ទី​២៦ សីហា។

លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ​មិន​បាន​បញ្ជាក់​ថាតើ​ភាគី​កម្ពុជា និង​ឡាវ​ ដក​កងទ័ព​ចេញ​ពី​ទី​តាំង​មាន​ជម្លោះ​ចម្ងាយ​ប៉ុន្មាន​គីឡូ​ម៉ែត្រ​នោះ​ទេ។ តែ​លោក​អះអាង​ថា ទាំង​ភាគី​សងខាង​បាន​ព្រមព្រៀង​គ្នា​ជា​បណ្តោះអាសន្ន​រួច​ហើយ​ថា នឹង​ដក​កងទ័ព​ចេញ​ពី​តំបន់​មាន​ជម្លោះ​តែ​រៀងៗ ខ្លួន។

លោក​បញ្ជាក់ថា​ បើទោះ​បីជាកម្ពុជា​បាន​ដក​កងទ័ព​ហើយ​ក្តី​ក៏​កងទ័ព​កម្ពុជា​បោះ​ទីតាំង​នៅមិន​ឆ្ងាយ​ពី​ទី​តាំង​មាន​ជម្លោះ​ដែរ៖ « ឈរ​ជើង​នៅ​ហ្នឹង​ទេ »

កងទ័ព​កម្ពុជា​ខាង​ភាគី​ឡាវ និង​ភាគី​កម្ពុជា នៅ​ថ្ងៃ​ទី២៦សីហា​ម្សិលមិញ ​បាន​ជួប​ចរចា​ក្រោយ​ពី​មាន​ភាព​តាន​តឹង​ស្ថិត​នៅ​តំបន់​ទន្លេ​ល្ពៅ​ ក្នុង​ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះ​វិហារ​ និង​ខេត្ត​ចំប៉ាសាក់​ប្រទេស​ឡាវ ​កាល​ពី​ចុង​សប្ដាហ៍​មុន​ ដែល​ភាគី​ទាំង​ពីរ​អះអាង​ថាជា​ទឹក​ដីរបស់​ខ្លួន​តែ​រៀងៗ ខ្លួន។

ការ​ប្រឈម​មុខ​គ្នា​នេះ​បាន​ធ្វើ​ឲ្យ​ភាគី​កម្ពុជា​ត្រៀម​លក្ខណៈ​ជម្លៀស​ប្រជាជន​ពីរ​ឃុំ ចេញ​ពី​លំនៅឋាន ក្នុង​ករណី​មាន​ការ​ផ្ទុះ​អាវុធ​ណា​មួយ​កើត​ឡើង​ជា​យថាហេតុ។ ក៍ប៉ុន្តែ​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារជាតិ​លោក​ ទៀ បាញ់ ​ប្រាប់​អាស៊ីសេរីថា​ ជម្លោះ​នេះ​បាន​ដោះ​ស្រាយ​ហើយ​ មិន​មាន​ការ​ផ្ទុះ​អាវុធ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។